ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូពេទ្យ​ចិន​៧នាក់​ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្ពុជាអំពីការព្យាបាលជំងឺ​កូវីដ១៩


បុគ្គលិកប្រចាំអកាសយានដ្ឋានអន្តរជាតិភ្នំពេញម្នាក់កាន់ទង់ជាតិកម្ពុជា និងចិន ខណៈយន្តហោះដឹកក្រុមគ្រូពេទ្យចិន និងសម្ភារៈបរិក្ខាពេទ្យពីប្រទេសចិន បានមកដល់កម្ពុជា ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

នៅថ្ងៃច័ន្ទនេះ ក្រុមគ្រូពេទ្យជំនាញចិនចំនួន ៧នាក់ បានធ្វើដំណើរមកដល់កម្ពុជា ដោយនាំមកជាមួយនូវសម្ភារៈបរិក្ខាពេទ្យ ដើម្បីផ្តល់ការបណ្តុះបណ្តាលខាងផ្នែកវេជ្ជសាស្ត្រអំពីការព្យាបាលវីរុសកូរ៉ូណា ឬកូវីដ១៩ ដល់កម្ពុជា។ នេះបើយោងតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសរសេរលើទំព័រហ្វេសប៊ុក​ផ្លូវការរបស់លោក។

នៅកម្ពុជា ករណីឆ្លងវីរុសកូរ៉ូណា ដែលដំបូងផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន បានកើនឡើងខ្លាំងនៅក្នុងខែមីនានេះ ដែលករណីភាគច្រើនគឺកើតមានលើអ្នកដែលបានធ្វើដំណើរទៅក្រៅប្រទេស និងទេសចរបរទេសដែលបានមកដល់កម្ពុជា។ គិតត្រឹមថ្ងៃច័ន្ទនេះ ករណីឆ្លងសរុបមានចំនួន ៨៦នាក់ ក្នុងនោះមានពលរដ្ឋកម្ពុជា ចំនួន៣៥នាក់។

ក្រសួងសុខាភិបាលកម្ពុជាបន្តអះអាងថា នៅកម្ពុជាមិនទាន់មានករណីឆ្លងក្នុងសហគមន៍នៅឡើយទេ។ ស្របពេលជាមួយគ្នានោះ​ ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាទាំងអស់ រួបរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានការឆ្លងពីបុគ្គលដែលមានវីរុស ទៅកាន់បុគ្គលផ្សេងទៀត ដោយធ្វើតាមការណែនាំរបស់គ្រូពេទ្យអ្នកជំនាញ តាមរយៈ​ការរក្សាអនាម័យ ជាពិសេស​ការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​នឹង​សាប៊ូ និងជៀសវាងការប្រមូលផ្តុំមនុស្សច្រើនជាដើម។

ក្រៅពីប្រទេសកម្ពុជា រដ្ឋាភិបាលចិនក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញរបស់ខ្លួនទៅកាន់ប្រទេសមួយចំនួន ដូចជាអ៊ីតាលីជាដើម ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុង​ការព្យាបាលការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលមិនទាន់មានវ៉ាកសាំង ឬថ្នាំព្យាបាលផ្លូវការណាមួយនៅឡើយទេ។ ដោយឡែក ករណីឆ្លងថ្មីនៅប្រទេសចិនបានថយចុះគួរឲ្យកត់សម្គាល់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG