ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ​៖ ជន​ភៀសខ្លួន​ចំនួន​៣លាន​៧សែន​នាក់​មិន​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ


ក្មេងៗ​ភៀស​ខ្លួន​ស៊ីរី​ឈរ​ថត​រូប​មុន​ពេល​តារា Angelina Jolie ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ជំរំ​ភៀស​ខ្លួន Azraq សម្រាប់​ជន​ភៀស​ខ្លួន​ដោយសារ​សង្រ្គាម​ កាលពី​ថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០១៦។

ពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ពួកគេ ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ ឬ​អស្ថិរភាព​នយោបាយ កុមារ​ជាច្រើន​មិន​ត្រឹម​តែ​បាន​បាត់បង់​ផ្ទះ​សម្បែង​សម្រាប់​ជ្រកកោន​នោះ​ទេ ថែម​ទាំង​មិន​មាន​ឱកាស​បាន​ទទួល​ការ​អប់រំ​ទៀត​ផង។

បញ្ហា​នេះ​ជា​បញ្ហា​ចម្បង​មួយ​ដែល​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា កុមារ​ចំនួន​៣លាន​៧សែន​នាក់ មិន​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​នោះ​ទេ។

ស្ថានការណ៍​នោះ​នឹង​កាន់តែ​អាក្រក់​ថែម​ទៀត ពេល​ដែល​កុមារ​ទាំង​នោះ​ធំ​ពេញ​រូបរាង​ឡើង ដោយ​ក្នុង​នោះ ចំនួន​៥០ភាគរយ​នៃ​កុមារ​ដែល​មាន​អាយុ​ចូល​រៀន​ថ្នាក់​បឋមសិក្សា បាន​ធ្លាក់​ចុះ​រហូត​ដល់ ២២ភាគរយ​នៃ​កុមារ​ដែល​មាន​អាយុ​ចូល​រៀន​ថ្នាក់​អនុ​វិទ្យាល័យ។ យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ ជន​ភៀស​ខ្លួន​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ឱកាស​បាន​ចូល​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​នឹង​ចំនួន​និស្សិត​នៅ​ទូទាំង​ពិភពលោក​ទាំង​អស់​ចំនួន​៣៤ភាគរយ​ដែល​មាន​ឱកាស​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ។

លោក Filippo Grandi ប្រធាន​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន បាន​មាន​ប្រសាសន៍​ថា៖ «ការ​អប់រំ​សម្រាប់​ជន​ភៀស​ខ្លួន​ត្រូវ​បាន​គេ​មិន​យក​ចិត្ត​ទុក​ដាក់។ ការ​អប់រំ​នេះ​គឺ​ជា​ឱកាស​មួយ ក្នុង​ចំណោម​ឱកាស​មួយ​ចំនួន​តូច​ទៀត ដែល​យើង​ត្រូវ​ការ​ដើម្បី​កសាង​មនុស្ស​ជំនាន់​ថ្មី ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ​ជោគ​វាសនា​របស់​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​គេច​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ​នៅ​ទូទាំង​ពិភពលោក‍»។

ការ​ប្រឈម​ក្នុង​ការ​ផ្ដល់​ការ​អប់រំ​ដល់​ជន​ភៀសខ្លួន គឺ​រឹត​តែ​មាន​ការ​លំបាក​ខ្លាំង​ថែម​ទៀត ដោយសារ​តែ​ចំនួន​ជន​ភៀសខ្លួន​កាន់តែ​កើន​ឡើង និង​ដោយសារ​កង្វះ​ថវិកា​ចំបាច់៕

XS
SM
MD
LG