ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពីការចាប់​ផ្តើម​យឺតយ៉ាវ ស.រ.អា​​កំពុង​សម្រេច​​គោលដៅ​តាំងលំនៅថ្មី​របស់​ជនភៀស​ខ្លួនស៊ីរី


គ្រួសារជនជាតិស៊ីរី​មួយ​ ដែល​ទទួលបានសិទ្ធិជ្រកកោន​នៅ​ស.រ.អា ថតសែលហ្វី (selfie) ជាមួយ​គ្នា។
គ្រួសារជនជាតិស៊ីរី​មួយ​ ដែល​ទទួលបានសិទ្ធិជ្រកកោន​នៅ​ស.រ.អា ថតសែលហ្វី (selfie) ជាមួយ​គ្នា។

បន្ទាប់ពី​ការទទួល​ជនភៀសខ្លួន​ស៊ីរី​កាន់តែ​កើនឡើង ​ក្នុង​រយៈពេល​បី​ខែ​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក ​កំពុងតែ​សម្រេច​ឲ្យ​​បាន​នូវ​គោលដៅ​របស់​រដ្ឋបាល​លោក​អូបាម៉ា ក្នុង​ការស្វាគមន៍​ប្រជាជន​ស៊ីរី ​១០.០០០ នាក់​នៅ​ចុង​ខែ​កញ្ញា​នេះ។

សហរដ្ឋអាមេរិក គឺជាប្រទេសធំ​បំផុត​នៅ​លើពិភពលោក​ ​ដែល​ទទួលជន​ភៀស​ខ្លួន​ មក​តាំង​លំនៅថ្មី​ក្នុង​នាម​ជា​ប្រទេស​ទី​បី ហើយ​ជនភៀសខ្លួន ​៦០.៩២១ នាក់ ​បាន​មកដល់​តាំង​ពីខែ​តុលា​ឆ្នាំ​មុន​។

កាលពីឆ្នាំមុន​ លោក Kerry​ បានប្រកាស​ថា រដ្ឋបាល​លោក​ប្រធានាធិបតី​បាន​បង្កើន​កម្រិត​ចំនួន​ជនភៀស​ខ្លួន​សរុប ដែលត្រូវ​បាន អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សហរដ្ឋអាមេរិក​ ក្នុង​ឆ្នាំ​សារពើពន្ធពី​ ៧០.០០០ ដល់​ ៨៥.០០០ នាក់។ ចំនួនកម្រិត​ជន​ភៀសខ្លួន​សរុប​ ដែល​លោកប្រធានាធិបតី​រៀបចំ​ទៅ​តាម​អនុសាសន៍​របស់​ក្រសួង​ការបរទេស​ ​នឹង​កើន​ឡើងដល់​ ១០០.០០០ នាក់​នៅឆ្នាំ​ខាង​មុខនេះ។

ប៉ុន្តែ​ការកើនឡើង​នៃ​ការ​ជនភៀស​ខ្លួនស៊ីរី ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​នៅ​តែ​មិន​អាច​បំពេញ​គ្រប់​ចន្លោះ​ប្រហោង​នៃ​បញ្ហា​ជនភៀសខ្លួនឡើយ។ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ (UNHCR) បាន​ប៉ាន់​ប្រមាណ​ថា ​ជនជាតិស៊ីរី ​៤,៨ លាន ​បានរត់​ភៀសខ្លួន​ទៅប្រទេសតួកគី ​លីបង់ ​ហ្ស៊កដានី​ ​អេហ្ស៊ីប ​និង​អ៊ីរ៉ាក់។ ហើយ ​៦,៦ លាន​នាក់​ផ្សេង​ទៀត ​បាន​បាត់បង់​ទី​លំនៅ ​ក្នុង​ប្រទេសស៊ីរី។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​ជនភៀសខ្លួនទាំងនោះ ​ចាំបាច់​ត្រូវ​សុំការជ្រក​កោន​ក្នុងប្រទេស​ទីបី​ឡើយ។ ជនភៀស​ខ្លួនមាន​សិទ្ធិទទួល​បាន​ការតាំងលំនៅថ្មី​ក្នុង​ប្រទេសទីបី​ នៅ​ពេល​ដែល​ពួកគេ​មិន​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ ​ឬ​តាំង​ទីលំនៅជា​អចិន្ត្រៃយ៏​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​ជា​កន្លែង​ដំបូង​ពួកគេ​បាន​ស្វែង​រកសិទ្ធិ​ជ្រក​កោន​ ហើយ​ជា​ធម្មតា ​ជនជាតិស៊ីរី តែង​ទៅ​ប្រទេស​ជិត​ខាងដូចជា​ប្រទេស​ហ៊្សកដានី​។

នៅ​ដើម​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី ​ដែល​បាន​ចាប់​ផ្តើម​នៅឆ្នាំ២០១១ ​សហរដ្ឋអាមេរិក​ទទួល​យក​ជនភៀស​ខ្លួន​ស៊ីរី ​តែ​ប៉ុន្មាននាក់ប៉ុណ្ណោះ​ ​ក្នុង​មួយ​ឆ្នាំ​ ខណៈ​ដែល​ប្រទេស​ជិត​ខាងដូចជា​ លីបង់ ហ្ស៊កដានី ​និងតួកគី ​បាន​ទទួល​យក​មនុស្សរាប់លាន​នាក់​ ដែល​ភៀស​ខ្លួន​ចេញ​ពី​ជម្លោះ​ផ្ទៃក្នុង ​និង​ការកើន​ឡើង​នៃ​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ពួក​រដ្ឋ​ឥស្លាម​នៅ​ទូទាំង​ប្រទេស។ ការអំពាវ​នាវ​របស់រដ្ឋបាលលោក​អូបាម៉ា​ ឲ្យ​ទទួល​យក​ជនភៀស​ខ្លួន​ស៊ីរី​បន្ថែម​ទៀត ​ទទួល​បាន​ប្រតិកម្ម​រហ័សពី ​អភិបាល​រដ្ឋ​នានា​មក​ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ហើយ​អង្គនីតិបញ្ញត្តិ​តាម​រដ្ឋ​មួយ​ចំនួន បាន​ណែនាំ​សេចក្តី​ព្រាង​ច្បាប់ដើម្បីទប់ស្កាត់​កា​រតាំងទីលំនៅ​ថ្មី​របស់​ជនភៀស​ខ្លួន​មួយចំនួន​ឬទាំងអស់​ ក្នុង​ព្រំដែន​របស់​រដ្ឋ​ទាំង​នោះ​។ ក្រុម​ដែល​ប្រឆាំង​នឹងការ​បង្កើន​ចំនួន​ជនភៀសខ្លួនជនជាតិ​ស៊ីរី បានប្រកែក​ថា ការ​ត្រួត​ពិនិត្យ​សន្តិសុខ​ជនភៀសខ្លួន​ គឺមិនគ្រប់គ្រាន់​ ដែល​ជាការចោទប្រកាន់​ច្រាន​ចោល​រដ្ឋបាល​លោក​អូបាម៉ា។

ការស្ទង់មតិ ​Associated Press-GfK ដែលបានធ្វើឡើង​នៅ​ដើម​ខែ​កក្កដា ​បាន​បង្ហាញ​ថា ​៦៩ ​ភាគរយ​នៃគណបក្ស​សាធារណ​រដ្ឋ បាននិយាយ​ថា ​ពួកគេ​គាំទ្រ​ការហាមឃាត់​ជាបណ្តោះអាសន្ន​នៅ​លើជនអន្តោប្រវេសន៍​មូស្លីម​។ ជារួម​ ជនជាតិ​អាមេរិក៥២ ភាគរយ ធៀប​នឹង ៤៥ ភាគរយ​បាន​ជំទាស់​នឹង​ការ​ហាម​ឃាត់​បែបនេះ​។

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​ខែ​កញ្ញា ​ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន និង​ជន​ចំណាកស្រុក ​ក្នុង​នោះរួមមាន​ទាំង​ជនជាតិ​ស៊ីរី ​ជិតមួយ​លាននាក់ ​ដែលកំពុង​ស្វែងរក​សិទ្ធិជ្រកកោន​នៅ​អឺរ៉ុប៕

ប្រែ​សម្រួល​ដោយ ឆាយ គីមហ៊ង

XS
SM
MD
LG