ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ចង់ឲ្យ​មានការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្មី


បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

លោកស្រី រ៉ូណា ស្មីត ​បាន​ផ្តល់​យោបល់ឲ្យ​កម្ពុជា​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ថ្មី​មួយ ក្រោយ​ពី​មាន​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ការ​លើកឡើង​នេះ។ ប៉ុន្តែ​មន្ត្រី​ផ្លូវ​ការ​របស់​រដ្ឋា​ភិបាល​អះអាង​ថា​ យោបល់​នេះ​មិន​អាច​អនុវត្ត​ទៅ​រួច​នោះ​ទេ។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​សិទ្ធិ​មនុស្សនៅ​កម្ពុជាបាន​ផ្តល់​យោបល់​ឲ្យ​កម្ពុជា​ធ្វើ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្មី​មួយ​«​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ដកហូត​សិទ្ធិ​បោះ​ឆ្នោតនៅ​ថ្នាក់​មូលដ្ឋាន»។

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​និយាយ​ជាមួយ​អ្នកកាសែត​នៅ​ឯ​ក្រសួង​យុត្តិធម៌​ កាលពី​ថ្ងៃទី​២ ខែឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​និយាយ​ជាមួយ​អ្នកកាសែត​នៅ​ឯ​ក្រសួង​យុត្តិធម៌​ កាលពី​ថ្ងៃទី​២ ខែឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ក្នុង​របាយការណ៍​ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ប៉ុន្មាន​ម៉ោង​មុន​ឡើង​ថ្លែង​ការណ៍​អំពី​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤២នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ លោកស្រី រ៉ូណា ស្មីត (Rhona Smith) ផ្តល់​អនុសាសន៍​ថា​ ការ​បោះឆ្នោត​ថ្មី​នៅ​ថ្នាក់​មូលដ្ឋាន«​គឺជា​ការ​គោរព​សិទ្ធិ​អ្នក​បោះឆ្នោត​និង​សិទ្ធិ​ដែល​ត្រូវ​គេ​បោះ​ឆ្នោត​ឲ្យ»​និង​គឺជា​ការ​ធានា​ដល់កា​បញ្ចេញ​មតិ​ដោយ​សេរី​នៃ​ឆន្ទៈ​អ្នក​បោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​មាន​សក្តានុពល​ត្រូវ​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧​បន្ទាប់​ពី​ប្រជាប្រិយ​ភាព​និង​ការ​គាំទ្រ​គណបក្ស​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​កើន​ឡើង​ដែល​អាច​ជា​ការ​គំរាម​កំហែង​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

តំណែង​មេឃុំ ចៅ​សង្កាត់​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​៥០០០​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ដកហូត​និង​ប្រគល់ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជាឬ​ឲ្យ​ទៅ​មេឃុំ​និង​ចៅ​សង្កាត់​ឬ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ណា​ដែល​ដែល​សុខ​ចិត្ត​ចាក​ចេញ​ពី​គណបក្ស​ប្រឆាំង​ដើរ​ចូល​គណបក្ស​កាន់​អំណាច​វិញ។

លោកស្រី Rhona Smith បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិច​ ឬ​អ៊ីម៉ែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា «ខ្ញុំ​នៅ​តែ​មាន​កង្វល់​ថា ពលរដ្ឋដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​នៅ​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​បាន​បាត់បង់​សិទ្ធិ​របស់​ពួកគេ»​។

លោក​ស្រីគូ​ស​បញ្ជាក់​ថា​ សំឡេង​ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ ដោយសារ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៅ​ឆ្នាំ២០១៧។ ម្យ៉ាងវិញ​ទៀត​អាសនៈ​ដែល​គណបក្ស​សង្រ្គោះជាតិ​បាន​ឈ្នះត្រូវ​បាន​ចែកចាយ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​ទៀត ជាពិសេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​បុគ្គល​ដែល​ជំនួស​មន្រ្តី​ថ្នាក់​មូលដ្ឋាន​ពី​គណបក្ស​សង្រ្គោះជាតិ​ ​មិនមែន​ជា​មន្ត្រី​ដែល​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​អំឡុងពេល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​នោះ​ទេ។

ទោះជា​យ៉ាង​ណាក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ លោក​ស្រី ​រ៉ូណា ស្មីត​ ​បាននិយាយ​យោង​ទៅ​ដល់​ការ​ឆក់​យក​អាសនៈ​និង​តួនាទី​របស់​មេឃុំ​និង​ចៅសង្កាត់​រួម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ​ ​ក្រោយ​ពីការ​រំលាយ​គណបក្ស​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ដោយ​លោក​ស្រី​មិន​បញ្ជាក់​ចំៗ​ពេក។

អ្ន​ក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ដដែល​លើកឡើង​ថា​អ្នក​បោះឆ្នោត​ចំនួន​៤២​ភាគរយ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​សំឡេង​នេះ​នៅ​តែ​ត្រូវ​ទាត់​ចោល​និង​មិន​មាន​ដំណោះ​ស្រាយ។

ទោះ​ជា​យ៉ាង​ណា លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌បាន​ប្រាប់​វីអូអេ​ថា ការ​បោះ​ឆ្នោត​ថ្មី​ណា​មួយ​ក្នុង​ពេល​នេះ​គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទេ។

លោក​បានថ្លែង​ថា៖ «ឲ្យ​បោះឆ្នោត​ឡើងវិញ​ប្រគល់​អាសនៈ​អី​ហ្នឹង វា​មិន​អាច​ទៅ​រួច​ ដោយសារ​ការ​បែងចែក​អាសនៈ​ទាំងអស់​នោះ​ គឺ​កើតឡើង​ដោយសារ​តែ​លទ្ធផល​នៃ​ការ​រំលាយ​គណបក្ស​តាម​អំណាច​សាលដីកា​របស់​តុលាការ។ អញ្ចឹង​អានេះ គឺ​ជា​ការ​អនុវត្ត​តាម​អំណាច​សាល​ដីកា​របស់​តុលាការ​ ដែល​តែង​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ចាត់ចែង​បែងចែក​អាសនៈ​ផ្អែក​លើ​បញ្ញត្តិ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​»។

ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី២០១៧បង្ហាញ​ថា គណ​បក្ស​ប្រជាជន​កម្ពុជាទទួល​បាន​អាសនៈ​មេឃុំ​-ចៅសង្កាត់​ ​ចំនួន​១១៥៨។​ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈមេឃុំ-​ចៅសង្កាត់​ជិត​៥០០​នៅ​ទូទាំង​ប្រទេស។​

លោក អំ សំអាតនាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ គាំទ្រ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​នោះ​ដែរ។ លោក​គិត​ថា​ការ​បោះ​ឆ្នោត​ថ្មី​នេះ​នឹង​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និ​ង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ដែរ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានា​ដល់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ក្រោយ​ពី​រក​ឃើញ​ថា​បញ្ហា​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រឈម​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​លោកស្រី រ៉ូណា ស្មីត ក៏​បាន​លើក​ពី​ចំណុច​វិជ្ជមាន​មួយ​ចំនួន​របស់​កម្ពុជាផង​ដែរក្នុង​របាយការណ៍​របស់​ខ្លួន​ ដូចជា​ការ​ជជែក​វែកញែក​ដោយ​បើកចំហ​តាម​បណ្តាញ​សារព័ត៌មាន​ផ្សេងៗ តម្លាភាព​ថវិកា​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​តាមរយៈ​ការ​បញ្ចេញ​របាយការណ៍​សង្ខេប​ថវិកា​ប្រចាំ​ឆ្នាំ ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ការ​ប្តេជ្ញារបស់​រដ្ឋាភិបាល​មិន​ទុក​ប្រជាជន​ណា​ម្នាក់​ចោល ជាដើម៕​

XS
SM
MD
LG