ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​​សង្កត់​ធ្ងន់​ពី​ទំហំ​នៃ​វិស័យ​ជួញដូរ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​បទល្មើស​អនឡាញ​នៅ​កម្ពុជា


រូបឯកសារ៖ យុវជន​ម៉ាឡេស៊ី​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​អ្នក​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ បានមក​ដល់​អាកាសយានដ្ឋាន​ Kuala Lumpur ក្នុង​ក្រុង Sepang កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២។
រូបឯកសារ៖ យុវជន​ម៉ាឡេស៊ី​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​អ្នក​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ បានមក​ដល់​អាកាសយានដ្ឋាន​ Kuala Lumpur ក្នុង​ក្រុង Sepang កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២។

អង្គការ​សហប្រជាជាតិ​បាន​សង្កត់ធ្ងន់​លើ​វិស័យ​ជួញដូរ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើសតាមប្រព័ន្ធ​អនឡាញ​ ដែល​បាន​រីក​ដុះដាល​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗនេះ ដោយ​ប៉ាន់​ប្រមាណ​ថា សកម្មភាព​ឧក្រិដ្ឋកម្មជួញដូរ​មនុស្ស​នេះ​បាន​បណ្តាល​ឱ្យ​មាន​ជនរងគ្រោះរហូត​ដល់​ប្រមាណ ១០០.០០០​នាក់​ គ្រាន់​តែ​នៅ​កម្ពុជា​មួយ។

នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ហៅ​ថា​ scam ​នៅ​ក្នុង​តំបន់ ការិយាល័យ​ឧត្តមស្នងការ​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ស្វះស្វែងផ្សព្វផ្សាយ​បញ្ហា​បណ្តាញក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិតនេះ​ថា​ជា​ការ​គំរាមកំហែង​សិទ្ធិ​មនុស្ស​អន្តរជាតិបន្ទាន់​មួយ ដែល​ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្តទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល​និង​អង្គការ​គាំពារ​សិទ្ធិ​លើ​សាកលលោក។

របាយការណ៍​អះអាង​ថា ពីព្រោះ​មនុស្ស​ដែល​ត្រូវ​បាន​ជួញដូរ​ឱ្យ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ដោយ​ប្រើប្រាស់​អ៊ីនធឺណិត​និង​បណ្តាញ​សង្គម​ជា​មធ្យោបាយ​ ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក​ប្រាក់​ពី​ជនរងគ្រោះដែល​មិន​ដឹង​ខ្លួន​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត ជា​រឿយៗ ពួកគេ​ត្រូវ​បាន​ចាត់ទុក​ទាំង​នៅ​ប្រទេស​កំណើត​និង​នៅ​ប្រទេស​ដែល​ពួក​គេ​ស្ថិត​នៅ​នោះ​ថា​ បាន​ឃុបឃិត​ជាមួយបណ្តាញក្រុម​ឧក្រិដ្ឋជន​ផងដែរ។ ប៉ុន្តែ​របាយការណ៍​ជំរុញ​ឱ្យ​ក្រុម​មន្រ្តី​ចាត់ទុក​ពួកគេ​ជា ជនរងគ្រោះ​ផងដែរ។

របាយការណ៍​អង្គការសហប្រជាជាតិ​រៀបរាប់​ថា៖ «មនុស្ស​ដែល​ត្រូវ​បាន​ជួញដូរ​ឱ្យ​ប្រព្រឹត្ត​បទល្មើស​តាម​អ៊ីនធឺណិត​ប្រឈម​នឹង​ការ​គំរាមកំហែង​សិទ្ធិ​រស់រាន សេរីភាព និង​សន្តិសុខ​បុគ្គល។ ពួកគេ​ត្រូវ​រង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​ដាក់​យ៉ាង​ឃោរឃៅ ហិង្សា និង​អមនុស្សធម៌ ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ អំពើ​ហិង្សា​ផ្លូវភេទ​ ការ​បង្ខំ​ឱ្យ​ធ្វើការ និង​ការ​កេងប្រវ័ញ្ច​ពលកម្ម​ ក៏ដូចជា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្សក្នុង​ទម្រង់​ដទៃ​ទៀត»។

​រដ្ឋាភិបាល​នាយករដ្ឋមន្រ្តីលោក​ ហ៊ុន ម៉ាណែត បាន​ធ្វើការ​ការពារភ្លាមៗប្រឆាំង​នឹង​របាយការណ៍​ខាង​លើ​នេះ ដោយ​បន្ទាប​ទំហំ​បញ្ហា។ ទាំង​របាយការណ៍​និង​អ្នក​ជំនាញ​លើ​បញ្ហា​នេះ​និយាយ​ថា កម្ពុជា​មិនទាន់​បង្ហាញ​ការ​ប្តេជ្ញា​ណា​មួយ​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ និង​បង្រ្កាប​បណ្តាញក្រុម​ជួញដូរ​មនុស្ស​នោះ​ទេ។

ជនជាតិចិនមួយក្រុមត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីស ដោយសង្ស័យថាបានដំណើរការបណ្តាញបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត ដែលចាប់ជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន នៅឯអគារនៃសួនឧស្សាហកម្ម Kara ក្នុង Batam ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូណេស៊ី។
ជនជាតិចិនមួយក្រុមត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីស ដោយសង្ស័យថាបានដំណើរការបណ្តាញបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត ដែលចាប់ជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន នៅឯអគារនៃសួនឧស្សាហកម្ម Kara ក្នុង Batam ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូណេស៊ី។

យោង​តាម​របាយការណ៍​ ហេតុផល​មួយ​គឺ​ថា មន្រ្តី​និង​អ្នក​មាន​អំណាច​នៅ​កម្ពុជាប្រហែល​ជា​បែងចែក​ផលចំណេញ​យ៉ាង​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ មាន​ការ​ប៉ាន់​ប្រមាណ​ថា កន្លែង​ឆបោក​ដែល​មាន​ប្រតិបត្តិការ​នៅតំបន់​អាស៊ីអាគ្នេយ៍បាន​ផ្តល់​ជា​ប្រាក់​ចំណូល​រាប់ពាន់​លាន​ដុល្លារ។

របាយការណ៍​ ដែល​ផ្តោត​លើ​ការ​ជួញដូរ​នៅ​មីយ៉ាន់ម៉ា​និង​ឡាវ និង​កន្លែង​ឆបោក​ដែល​កំពុង​ដំណើរការ​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នេះ​ លើកឡើង​ថា៖ «អំពើ​ពុករលួយ​បានធ្វើ​ឱ្យ​ប៉ះពាល់​គណនេយ្យភាព និង​គំរាមកំហែង​នីតិរដ្ឋ។ ជា​រឿយៗ អំពើ​ពុករលួយ​កើតឡើង​នៅ​មុន​ពេល​មាន​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស ធ្វើ​ឱ្យ​ផលវិបាក​អាក្រក់​ជាង​មុន និង​ជា​ឧបសគ្គ​ចំពោះ​ការ​ទទួល​បាន​យុត្តិធម៌ និង​សំណង»។

របាយការណ៍​បាន​បន្ត​ថា៖ «របាយការណ៍​នានា​បាន​បង្ហាញ​ថា មាន​កង្វះ​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​អះអាង​អំពី​ការ​ឃុបឃិត​រវាង​ក្រុម​ឧក្រិដ្ឋជន​ពី​ក្រោយ​ប្រតិបត្តិការ​ឆបោក និង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល អ្នក​នយោបាយ អាជ្ញាធរ​ពង្រឹង​ច្បាប់​ និង​អ្នកជំនួញ​មាន​ឥទ្ធិពល»។

សារព័ត៌មាន Al Jazeera ដែល​បាន​បញ្ចេញ​របាយការណ៍​ព័ត៌មាន​ស៊ើបអង្កេត​មិន​ធ្លាប់​មាន​ពី​មុន​មួយ​ពី​ «ទាសករ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត» នៅ​កម្ពុជា កាល​ពី​ឆ្នាំ ២០២២ បាន​រក​ឃើញ​ថា អ្នក​ជំនួញ​ ដែល​ជា​ម្ចាស់​អគារ​ដែល​មាន​ប្រតិបត្តិការ​ឆបោក មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​នឹង​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​បាន​ផ្ទេរ​អំណាច​ដល់​កូនប្រុស​របស់​លោក បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា។

របាយការណ៍ដដែល​បាន​ពណ៌នា​ពី​ការណ៍​ដែល​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ជំរុញ​ការ​កើនឡើងប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។ ពលរដ្ឋ​វ័យក្មេង​មួយ​ចំនួន​នៅ​ក្នុង​តំបន់ពេល​នោះ​ជួប​ការ​លំបាក​ខ្លាំងក្នុង​ការ​ស្វែង​រក​ការងារ ហើយ​បាន​ក្លាយ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​នាំចូល​ឱ្យ​ធ្វើ​ការងារ​ក្លែងក្លាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ខណៈ​មនុស្ស​ជុំវិញ​ពិភពលោក​ពេល​នោះតែង​មាន​ភាព​អផ្សុក និង​ចំណាយ​ពេល​រាប់ម៉ោង​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​លើ​ទូរសព្ទ កុំព្យូទ័រ ឬ​ឧបករណ៍​ដទៃ​ទៀត។

​របាយការណ៍​បកស្រាយ​ថា វិបត្តិ​ជំងឺ​កូវីដ១៩ បាន​បង្ខំ​ឱ្យ​កាស៊ីណូ​ទូទាំង​ទ្វីប​អាស៊ី​បិទទ្វារ ដោយ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ចិន​ស្វែងរក​ឱកាស​អាជីវកម្ម​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ជា​រឿយៗ​ខុសច្បាប់ និង​នៅ​តាម​បណ្តាប្រទេសដែល​មានច្បាប់​មិន​តឹងរ៉ឹង និង​ហានិភ័យ​រង​ការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​មាន​កម្រិត ដូចជា កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ។

របាយការណ៍​និយាយ​ថា៖ «ដោយ​ប្រឈមស្ថានភាព​ប្រតិបត្តិការ​ថ្មី ក្រុម​ឧក្រិដ្ឋជនផ្តោត​គោលដៅទាក់ទាញ​អ្នក​ធ្វើការ​ចំណាកស្រុក ដែល​ជាប់​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នេះ ហើយ​បាន​បាត់បង់​ការងារ​ដោយសារ​ការ​បិទ​ព្រំដែន​និង​អាជីវកម្ម ឱ្យ​មក​ធ្វើការ​នៅ​កន្លែង​ឆបោក»។

ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​យុទ្ធនាការ​គំហុក​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ កាល​ពី​ខែ​សីហា ឆ្នាំ​២០២២។

រូបឯកសារ៖ របងលួសបន្លានៅខាងក្រៅបរិវេណឧទ្យាន Great Wall Park ដែលអាជ្ញាធរកម្ពុជាថា ពួកគេបានរកឃើញភស្តុតាងនៃការជួញដូរមនុស្ស ការចាប់ពង្រត់ និងការធ្វើទារុណកម្ម អំឡុងពេលការវាយឆ្មក់លើបរិវេណដែលសង្ស័យថាជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងក្រុងឆ្នេរសមុទ្រព្រះសីហនុ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។
រូបឯកសារ៖ របងលួសបន្លានៅខាងក្រៅបរិវេណឧទ្យាន Great Wall Park ដែលអាជ្ញាធរកម្ពុជាថា ពួកគេបានរកឃើញភស្តុតាងនៃការជួញដូរមនុស្ស ការចាប់ពង្រត់ និងការធ្វើទារុណកម្ម អំឡុងពេលការវាយឆ្មក់លើបរិវេណដែលសង្ស័យថាជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងក្រុងឆ្នេរសមុទ្រព្រះសីហនុ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។

អ្នកស្រី​ ជូ ប៊ុនអេង បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​រៀបចំ​ការ​ប្រជុំ​មួយរវាង​ក្រុម​អ្នក​ជំនាញ​ដើម្បីបញ្ជាក់​ពី​ចំនួន​ប៉ាន់​ប្រមាណ​ប្រាកដប្រជា​ជាង​មុន ហើយបញ្ជូន​របាយការណ៍​ត្រឡប់​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​វិញ។

បញ្ហា​ការ​ជួញដូរ​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវ​បាន​លើកឡើង​អំឡុង​ពេល​កិច្ចប្រជុំ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​កញ្ញា​រវាង​នាយករដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin និង​លោក ហ៊ុន​ ម៉ាណែត។ សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​មួយ​ ពី​សំណាក់​ក្រសួង​ការបរទេស​ថៃ​បាន​លើកឡើង​ថា មេដឹកនាំទាំង​ពីរ​បាន​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​មួយ​ចំនួន​ រួម​មាន ​កិច្ចប្រតិបត្តិការ​ជា​រួម​ដើម្បី​ «បង្រ្កាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។

លោក Jason Tower នាយក​ប្រចាំ​ប្រទេស​ភូមា​នៃ​អង្គការ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក (United States Institute of Peace) ដែល​តាមដាន​ការ​ជួញដូរ​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​ បាន​និយាយ​ថា លោក​មាន​មន្ទិល​ខ្លះ​ចំពោះ​ចំនួន​មនុស្ស ១០០.០០០​នាក់​ត្រូវ​បាន​ជួញដូរ​ឱ្យ​ធ្វើការដោយ​បង្ខំ​នៅ​ក្នុង​បណ្តាញក្រុម​ឆបោកនៅ​កម្ពុជា។ ប៉ុន្តែ​លោក​លើកឡើង​ថា តួលេខ​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​សរុប​នៃ​អ្នក​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

យ៉ាង​ណា​ក្តី លោក Tower បាន​និយាយ​ថា៖ «ការ​ច្រានចោល​ដ៏​ខ្លាំងក្លា» ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​របាយការណ៍​ខាង​លើ​គឺ​ជា «រឿង​អកុសល» ទាំង​សម្រាប់​ក្រុម​គាំពារ​សិទ្ធិ​ និង​បណ្តា​ប្រទេស​អាស៊ី​ដទៃ​ទៀត​ ដែល​ចង់​បាន​ការ​ការពារ​ប្រសើរ​ជាង​មុន​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​នៅ​កម្ពុជា ក៏ដូចជា ​ការ​ប្តេជ្ញា​ប្រសើរ​ជាង​មុន​ ដើម្បី​ដោះលែង​អ្នក​រង​ការជាប់​ឃុំ​ដោយ​ក្រុមឧក្រិដ្ឋជន​ជួញដូរ​មនុស្ស។

លោក Tower បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ គឺ​នៅ​មាន​ជនរងគ្រោះ​ច្រើន ហើយ​អាជ្ញាធរ​នៅ​តាម​បណ្តា​ប្រទេស​ជិត​ខាង​កំពុង​បន្ត​ដាក់​សម្ពាធ​មក​លើ​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ ដែល​ពួកគេ​ព្យាយាម​ជួយ​សង្រ្គោះ និង​ថា មាន​ការ​អូសបន្លាយ​ពេល​ និង​ថា អ្វីៗ​នៅ​មិន​ទាន់​សភាពការណ៍​គ្រប់គ្រាន់​នោះ​ទេ»។

លោក​បាន​បន្ត​ថា៖ «ដូច្នេះ​អ្នកដឹង​ហើយ​ថា បញ្ហា​ច្បាស់​មិន​ទៅ​ណា​នោះ​ទេ ហើយ​ខ្ញុំ​គិត​ថា កិច្ចការ​ច្រើន​ទៀត​អាច​ត្រូវធ្វើ​ឡើង ដើម្បី​បង្ហាញជា​សារ​សំខាន់​មួយ​ថា គឺ​មិន​មាន​ការ​ទ្រាំទ្រ​ណាមួយ​នោះ​ទេ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ខ្ញុំ​គិត​ថា យើង​មិន​ទាន់​ឈាន​ដល់​កម្រិត​ជោគជ័យ​នោះ​ទេ»។

របាយការណ៍​អង្គការ​សហប្រជាជាតិ​លើកឡើង​ថា​ មក​ទល់​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លែង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវ​បាន​រាយការណ៍​ថា កំពុង​មាន​ដំណើរការ​នៅ​តាម​បណ្តា​ខេត្ត​និង​ក្រុងយ៉ាង​ហោច​ណាស់​ចំនួន​ប្រាំបី​នៅ​កម្ពុជា​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ពោធិ៍សាត់ ខេត្ត​កោះកុង ក្រុង​បាវិត ខេត្ត​ព្រះសីហនុ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ស្វាយរៀង។

របាយការណ៍​បាន​កំណត់​ឈ្មោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ ដែល​ត្រូវ​បាន​ជឿ​ថា​ផ្តល់​ទីតាំង​សម្រាប់​កន្លែង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​មាន​ដូចជា​ តំបន់​សេដ្ឋកិច្ច​ពិសេស​តារាសាគរ និង​តំបន់​សេដ្ឋកិច្ច​ពិសេស Henge Thmorda។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ចម្បង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តារាសាគរ​គឺ​ ក្រុមហ៊ុន Union Development Group ដែល​ស្ថិត​ក្រោមការ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។ តំបន់​សេដ្ឋកិច្ច​ពិសេស Henge Thmorda ដែល​តែង​ត្រូវ​បាន​ហៅ​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស MDS Thmor Da ដែល​ពី​មុន​មក​ ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ការ​ជួញដូរ​មនុស្ស​ និង​ស្ថិត​ក្រោម​កម្មសិទ្ធិ​របស់​លោក​ឧកញ្ញ៉ា​ ទ្រី ភាព។

លោក Jacob Sims នាយកប្រចាំ​តំបន់​នៃ​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​និយាយ​ថា អង្គការ​បាន​ឃើញ​មាន​ការ​បោះជំហាន​ទៅ​មុខ «​គួរ​ឱ្យ​កត់សម្គាល់» ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ជួញដូរឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​បាន​លើកឡើង​ថា ​នៅ​ក្នុង​ចំណោម​សញ្ញា​បង្ហាញ​ពី​ការ​បោះជំហាន​ទៅ​មុខ​គឺ​ ការ​បើក​ឱ្យ​មាន​លេខ​ទូរសព្ទ​ទំនាក់ទំនង​ជា​បន្ទាន់​ ដើម្បី​ជួយ​ជនរងគ្រោះ​ដែល​ស្វែង​រក​ជំនួយ ហើយ​ធ្វើ​កិច្ចប្រឹងប្រែង​ប្រសើរ​ជាង​មុន ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ។ ហើយ​កន្លែង​ជំរំ​ឧក្រិដ្ឋកម្ម​តាមប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ខេត្ត​ព្រះសីហនុ និង​ក្រុង​ភ្នំពេញ​ ត្រូវ​បាន​បង្រ្កាប នៅ​ក្នុង​កម្រិត​មួយ។

​លោក Jacob Sims បាន​ថ្លែង​ថា៖ «ប៉ុន្តែ​ក៏​មាន​ភស្តុតាង​សំខាន់​បង្ហាញ​ថា ទីតាំង​ទាំង​នេះ​ត្រូវ​បាន​រើ​ផ្លាស់​ទៅ​កាន់តំបន់​ថ្មី​នៅ​កម្ពុជា​ផងដែរ»។

លោក​បន្ត​ថា៖ «នៅ​កម្រិត​ខ្ពស់ ការ​ទទួលខុសត្រូវ​ពី​សំណាក់​ម្ចាស់​ទី​តាំង និង​មេ​ក្លោង​ក្រុម​ឧក្រិដ្ឋជន​គឺ​ជា​ កត្តា​សំខាន់។ ទីតាំង​មួយ​ប្រហែល​បិទទ្វារ ប៉ុន្តែ​ទីតាំង​មួយ​ទៀត​ទំនង​នឹង​បើក​ទ្វារ ដរាប​ណា​ហានិភ័យ​ចំពោះ​ប្រតិបត្តិការ​ និង​ការ​សម្របសម្រួល​លើ​ផ្នែក​ឧក្រិដ្ឋកម្ម​នេះ​នៅមាន​ទាប»។

លោក Sims បាន​លើកឡើង​ថា លោក​គិត​ថា តួលេខ​ជនរងគ្រោះ ១០០.០០០​នាក់ «ហាក់​ដូចជា​ គួរ​ឱ្យ​ជឿជាក់​បាន» ដោយសារ​របាយការណ៍​សាធារណៈ សក្ខីកម្ម​ពី​សាក្សី និង​ទំហំ​នៃ​វិស័យ​ល្បែង​អនឡាញ​ដ៏​ទូលំទូលាយ»។

រូបឯកសារ៖ មន្ត្រីប៉ូលីសមកពីការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មកោះតៃវ៉ាន់ ស្វែងរកសាកសពជនសង្ស័យពីរនាក់ ដែលត្រូវបាននិរទេសពីទីក្រុងបាងកក ហើយត្រូវបានគេជឿថា ជាប់ពាក់ព័ន្ធនឹងករណីឆបោកនៅកម្ពុជា នៅពេលពួកគេមកដល់អាកាសយានដ្ឋានអន្តរជាតិ Taoyuan ក្នុងកោះតៃវ៉ាន់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ មន្ត្រីប៉ូលីសមកពីការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មកោះតៃវ៉ាន់ ស្វែងរកសាកសពជនសង្ស័យពីរនាក់ ដែលត្រូវបាននិរទេសពីទីក្រុងបាងកក ហើយត្រូវបានគេជឿថា ជាប់ពាក់ព័ន្ធនឹងករណីឆបោកនៅកម្ពុជា នៅពេលពួកគេមកដល់អាកាសយានដ្ឋានអន្តរជាតិ Taoyuan ក្នុងកោះតៃវ៉ាន់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

លោក Tower បាន​កត់សម្គាល់់​ថា ក៏​មាន​ការ​កើនឡើង​នូវ​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​មក​លើ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះផង​ដែរ។ ចិន​បាន​ពង្រឹង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ព្រមាន​ដល់​ពលរដ្ឋ​អំពី​ហានិភ័យ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បាននាំ​ឱ្យ​មានជា​ការ​ផ្តល់​ដំបូន្មាន​ព្រមាន​ហានិភ័យចំពោះ​ការធ្វើ​ដំណើរ​ជា​ដើម និង​ថែមទាំង​មាន​ភាពយន្ត​ល្បីឈ្មោះ​មួយ​អំពី​ជនជាតិ​ចិន​ដែល​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាមរយៈ​ការ​សន្យា​ផ្តល់​ប្រាក់​ខែ​ខ្ពស់​ផងដែរ។

​លោក Sims បាន​និយាយ​ថា៖ «ផ្នែក​នៃ​យុទ្ធសាស្ត្រនេះ​គឺ ​គ្រាន់​តែបន្លាច​ជនជាតិ​ចិន ដើម្បីកុំ​ឱ្យ​អ្នកណា​ម្នាក់​ចង់​ទៅ​តំបន់​អាស៊ីអាគ្នេយ៍​តែ​ប៉ុណ្ណោះ»។

​ការណ៍​នេះ​បាន​បង្ក​ការ​គំរាមកំហែង​យ៉ាង​ខ្លាំងដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​ផ្តោត​ភាគច្រើន​លើ​អ្នក​ទេសចរណ៍​ចិន ខណៈ​មិនទាន់​បាន​ងើបរើ​ពេញលេញ​ចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ​នៅ​ឡើយ។

លោក Tower បាន​និយាយ​ថា ​បណ្តា​ប្រទេស​បស្ចិមលោក​ក៏​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ផងដែរ ដូចជា សហរដ្ឋអាមេរិក ដែល​បាន​ខាតបង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​សារ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ដូចជា​មាន​ពលរដ្ឋ​ត្រូវ​បាន​នាំ​ចូល​ឱ្យ​ធ្វើការ​ឱ្យ​ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ទាំង​លោក Sims និង​លោក Tower សង្ឃឹម​ថា របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​នឹង​ជំរុញ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង​ជាង​មុន និងនាំ​យក​ធនធាន​ផ្សេងៗ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ក្រុម​ជួញដូរ​មនុស្ស។

លោក Tower បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការ​ដាក់​បញ្ចូល​ការ​ផ្តោត​លើ​សិទ្ធិ​មនុស្ស​នឹង​នាំ​ឱ្យ​បណ្តា​ប្រទេស​លោក​ខាង​លិច​កាន់​តែ​ច្រើន​ងាក​មក​មើល​បញ្ហា​នេះ។ ហើយ​ខ្ញុំគិត​ថា ការណ៍​នេះ​នឹង​ផ្តល់ផ្នែក​មួយ​បន្ថែម​ទៀតទៅ​ដល់​ការ​ឆ្លើយតប»៕

រាយការណ៍​បន្ថែម​ពី​រាជធានី​ភ្នំពេញ​ ដោយ​លោក ស៊ឹម ចាន់​សំណាង

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG