រដ្ឋាភិបាលកម្ពុជាបានសាទរក្រុមហ៊ុនបច្ចេកវិទ្យា Meta ចំពោះសេចក្តីសម្រេចកាលពីចុងខែសីហាដែលបានច្រានចោលសេចក្តីណែនាំពីសំណាក់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុននេះក្នុងការព្យួរគណនីហ្វេសប៊ុក (Facebook) របស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។
យ៉ាងណាក្តី ភាគីដទៃទៀតមិនបានបង្ហាញអារម្មណ៍សាទរដូចគ្នានេះនោះទេ ចំពោះសេចក្តីសម្រេចលើករណីខាងលើ ទាក់ទងវីដេអូដែលបង្ហាញពី លោក ហ៊ុន សែន ធ្វើការគំរាមកំហែងអំពើហិង្សាលើគូប្រជែងនយោបាយរបស់លោក។
ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ស្របជាមួយនឹងអង្គការការពារសិទ្ធិមនុស្ស និងក្រុមអ្នកជំនាញផ្នែកសន្តិសុខឌីជីថល បានបង្ហាញការមិនពេញចិត្តចំពោះសេចក្តីសម្រេចនេះនៅក្នុងបទសម្ភាសន៍ និងសារឆ្លើយឆ្លងតាមអ៊ីមែលជាមួយវីអូអេកាលពីខែកញ្ញា។
លោក Michael McConnel សហប្រធានក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ បានលើកឡើងនៅក្នុងសារអ៊ីមែលក្នុងន័យដើមថា៖ «វាជារឿងលំបាកក្នុងការប្រមើរមើលពីករណីច្បាស់ក្រឡែតជាងនេះដែលមេដឹកនាំនយោបាយម្នាក់បានប្រើប្រាស់បណ្តាញសង្គមដើម្បីសម្លុតគំរាមកំហែង»។
លោកបានកត់សម្គាល់ថា វីដេអូពាក់ព័ន្ធនឹង លោក ហ៊ុន សែន ជាផ្នែកមួយនៃ «និន្នាការអាកប្បកិរិយាគួរឱ្យព្រួយបារម្ភពីសំណាក់រដ្ឋាភិបាលកម្ពុជា» ដែលប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយរឹតត្បិតផ្នែកនយោបាយ និងជាអ្វីដែលអង្គការ Freedom House ពណ៌នាថាជា «អំណាចផ្តាច់ការតាមប្រព័ន្ធឌីជីថល»។
លោក McConnell ដែលជាសាស្ត្រាចារ្យផ្នែកច្បាប់ប្រចាំសាកលវិទ្យាល័យ Stanford នៅសហរដ្ឋអាមេរិក បានបន្ថែមក្នុងន័យដើមថា៖ «សេចក្តីសម្រេចរបស់យើងបានដាក់ចេញជាសេចក្តីណែនាំច្បាស់លាស់មួយទៅកាន់ក្រុមហ៊ុន Meta ដើម្បីបង្ខាំងបុគ្គលសាធារណៈពីការកេងចំណេញពីបណ្តាញសង្គមដើម្បីបំផុសអំពើហិង្សា។ ភាពអសកម្មរបស់ក្រុមហ៊ុន Meta គឺជា ការបរាជ័យមួយក្នុងការធានាថា បណ្តាញសង្គមរបស់ខ្លួនមិនរួមចំណែកក្នុងការបំពានទាំងនេះ»។
កាលពីថ្ងៃទី២៩ ខែមិថុនា ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ដែលជាក្រុមអ្នកជំនាញមានឈ្មោះជាសាកលមួយ ទទួលបន្ទុកផ្តល់ការណែនាំដែលមិនចាំបាច់ត្រូវប្រតិបត្តិតាម លើចំណោទគោលនយោបាយពិបាកៗនានារបស់ក្រុមហ៊ុននេះ បានបញ្ចេញរបាយការណ៍មួយណែនាំឱ្យមានការព្យួរគណនីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការផ្លាស់ប្តូរគោលនយោបាយបន្ថែមជាបន្តបន្ទាប់។
ការឆ្លើយតបពីរដ្ឋាភិបាល លោក ហ៊ុន សែន កើតមានយ៉ាងឆាប់រហ័ស។
សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យបានរងបម្រាមភ្លាមៗមិនឱ្យចូលមកកម្ពុជា ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបិទគណនីផ្ទាល់ខ្លួនរបស់លោក និងបានលើកឡើងថា លោកប្រហែលបិទបណ្តាញសង្គមហ្វេសប៊ុកទាំងស្រុងនៅកម្ពុជា។
វីអូអេបានទាក់ទាងទៅកាន់សមាជិកប្រាំបួននាក់នៃក្រុមប្រឹក្សាភិបាលត្រួតពិនិត្យសម្រាប់ការអធិប្បាយជុំវិញរឿងនេះ។ អ្នកឆ្លើយតបបានបង្វែរសំណួរទៅកាន់ការិយាល័យទំនាក់ទំនងសាធារណៈរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ដែលបានផ្តល់ជាសេចក្តីថ្លែងការណ៍របស់លោក McConnell។
នៅក្នុងចន្លោះពេលប៉ុន្មានខែរវាងការណែនាំរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ក្រុមហ៊ុន Meta លោក ហ៊ុន សែន បានផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោក ដែលឥឡូវនេះជានាយករដ្ឋមន្ត្រីគឺ លោក ហ៊ុន ម៉ាណែត។ ការផ្ទេរអំណាចនេះត្រូវបានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា ដែលគណបក្សកាន់អំណាចគឺ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងងាយស្រួល ខណៈគណបក្សប្រឆាំងធំជាងគេបានរងបម្រាមមិនឱ្យចូលរួមឈរឈ្មោះបោះឆ្នោត។ ប៉ុន្តែការចាកចេញរបស់ លោក ហ៊ុន សែន ពីបណ្តាញសង្គមហ្វេសប៊ុកគឺមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយគណនីហ្វេសប៊ុករបស់លោកមានភាពសកម្មឡើងវិញនៅពាក់កណ្តាលខែកក្កដា។
វីដេអូដែលជាប់ពាក់ព័ន្ធគឺជាសុន្ទរកថាមួយកាលពីខែមករា នៅពេលលោក ហ៊ុន សែន គំរាមវាយដំ គូប្រជែង និងបញ្ចូនក្រុមជើងកាងទៅកាន់ផ្ទះរបស់ពួកគេ។ លោក ហ៊ុន សែន ដែលបានធ្វើជានាយករដ្ឋមន្រ្តីអស់រយៈពេលប្រមាណ ៣៨ឆ្នាំ រហូតមកទល់ខែសីហាឆ្នាំនេះ បាននិយាយថា៖ «មានជម្រើសពីរ។ មួយគឺ ប្រើប្រាស់មធ្យោបាយផ្លូវច្បាប់ និងមួយទៀតគឺ ប្រើប្រាស់ដំបង»។
ដំបូងឡើយ ក្រុមហ៊ុន Meta បដិសេធមិនដកចេញវីដេអូជាការឆ្លើយតបនឹងបណ្តឹងនោះទេ ប៉ុន្តែទីបំផុតបានយល់ស្របតាមសេចក្តីណែនាំរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្នុងការដកចេញវីដេអូនោះ។ ប៉ុន្តែសម្រាប់សេចក្តីណែនាំ ៥ ទៅ ៦ ចំណុចបន្ថែមទៀត ក្រុមហ៊ុន Meta បដិសេធមិនធ្វើតាម ឬនិយាយថា កំពុងស្ថិតក្រោមការពិចារណា។
ចំណោទពាក់ព័ន្ធនឹងការព្យួរគណនីបានជំរុញឱ្យមានជាការតស៊ូមតិដ៏សំខាន់មួយ ដោយឆ្លុះបញ្ចាំងពីភាពតានតឹងរវាងអ្វីដែលជាព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសុវត្ថិភាពជារួមនៅក្នុងបរិយាកាសនយោបាយរឹតត្បិត។
នៅក្នុងការបកស្រាយពីសេចក្តីសម្រេចក្នុងការមិនបិទគណនីហ្វេសប៊ុករបស់ លោក ហ៊ុន សែន ក្រុមហ៊ុន Meta បាននិយាយថា ករណីនេះមិនបានបំពេញតាមបទដ្ឋាន «កំណត់ជាវិបត្តិ» នោះទេ ដោយសារតែកម្រិតអំពើហិង្សានយោបាយ និងការរឹតត្បិតនាពេលនោះមិនមានលើសពីលក្ខខណ្ឌ «កម្រិតមូលដ្ឋាន» នៅកម្ពុជា។
ក្រុមហ៊ុន Meta ក៏បានច្រានចោលសេចក្តីណែនាំឱ្យបញ្ជាក់ពីរចនាសម្ព័ន្ធសាធារណៈរបស់ខ្លួនក្នុងការរឹតត្បិតគណនីបុគ្គលសាធារណៈ ដើម្បីរ៉ាប់រងសម្រាប់សង្គមដែលឃើញមានការកើតមានអំពើហិង្សានយោបាយជាបន្តបន្ទាប់ ក្រៅពីហេតុការណ៍តាមពេលដូចជា កុប្បកម្មកាលពីថ្ងៃទី៦ ខែមករា ដែលនាំឱ្យមានការព្យួរគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីឆ្នាំ២០២១។
ក្រុមហ៊ុន Meta បានបកស្រាយនៅក្នុងការឆ្លើយតបរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហាថា៖ «ការប្រើប្រាស់ក្បួនច្បាប់នៅក្នុងកាលៈទេសៈទាំងនោះអាចនាំឱ្យមានការផ្អាកមិនមានពេលកំណត់មកលើគណនីរបស់បុគ្គលសាធារណៈ ដែល (ក្រៅពីបញ្ហាសមធម៌) អាចបង្កការប៉ះពាល់មកលើលទ្ធភាពរបស់បុគ្គលរូបនោះក្នុងការទទួលបានព័ត៌មានពីនិងអំពីមេដឹកនាំរបស់ពួកគេ និងដើម្បីបញ្ចេញមតិរបស់ខ្លួនដោយប្រើប្រាស់បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta»។
ក្រុមអ្នកជំនាញផ្នែកច្បាប់និងអ្នកគាំពារសិទ្ធិមនុស្សបានរិះគន់សេចក្តីសម្រេចនិងការបកស្រាយរបស់ក្រុមហ៊ុន Meta ដោយអះអាងថា ក្រុមហ៊ុននេះបានខកខាននៅក្នុងការពិនិត្យលើតួនាទីរបស់បណ្តាញសង្គមរបស់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សានយោបាយដែលកើតមាន ហើយហាក់ដូចជា ផ្តល់អាទិភាពលើផលប្រយោជន៍ផ្នែកធុរកិច្ចរបស់ខ្លួនជាជាងគុណតម្លៃផ្សេងៗដូចជា លទ្ធិប្រជាធិបតេយ្យ សុវត្ថិភាពសាធារណៈ និងការបញ្ចេញមតិជាសាធារណៈបែបអហិង្សា។
អ្នកស្រី Golda Benjamin អ្នកធ្វើយុទ្ធនាការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់អង្គការគាំពារសិទ្ធិតាមប្រព័ន្ធឌីជីថល Access Now បានថ្លែងប្រាប់វីអូអេក្នុងសម្តីដើមថា៖ «បណ្តាញសង្គមនានាគួរតែយល់ថា ខ្លួនជាកន្លែងបំផុសបំផុលជាបន្តបន្ទាប់នៃមាតិកាប្រភេទនេះ ក៏ដូចជា ការរីកសាយភាយនៃមាតិកាប្រភេទនេះ ពីព្រោះតែប្រភពនៃមាតិកា ដែលកាន់តែដាក់សម្ពាធ និងរឹតត្បិតលំហស៊ីវិលបន្ថែម»។
អ្នកស្រី Benjamin បាននិយាយថា ក្រុមហ៊ុន Meta «យល់ដឹងយ៉ាងច្បាស់» ពីផលប៉ះពាល់ដែលបណ្តាញសង្គមរបស់ខ្លួនមាននៅតាមបណ្តាប្រទេសដូចជា កម្ពុជា ប៉ុន្តែបានបដិសេធជាប្រចាំលើគោលនយោបាយ ដែលបង្កើនគណនេយ្យភាពរបស់ខ្លួនចំពោះអំពើហិង្សានយោបាយ ឬការបំពានសិទ្ធិមនុស្សក្នុងទម្រង់ដទៃទៀតនៅតាមសង្គមទាំងនោះ។
ដោយសំដៅទៅក្រុមហ៊ុន Meta អ្នកស្រីបានលើកឡើងថា៖ «ដូច្នេះនៅពេលពួកគេនិយាយអំពីអំណាចសេដ្ឋកិច្ច ពួកគេអាចប្រសិទ្ធឈ្មោះ ហើយពង្រីកខ្លួន ឬថែមទាំងបំផ្លើសផងដែរ ប៉ុន្តែនៅពេលពាក់ព័ន្ធនឹងការទទួលខុសត្រូវ និងការប៉ះប៉ូវចំពោះផលប៉ះពាល់ដែលពួកគេបានបង្កឡើង ពួកគេបែរជារាថយទៅវិញ»។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាបានចាត់ចំណាត់ការផ្លូវច្បាប់ និងដាក់ពន្ធនាគារលើអ្នករិះគន់មួយចំនួន ដែលសកម្មនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានបញ្ចេញមតិនយោបាយ។ ចំណាត់ការផ្លូវច្បាប់នេះជារឿយៗស្ថិតក្រោមបរិបទច្បាប់ «ញុះញង់» ដែលក្រុមអ្នកអង្កេតការណ៍និយាយថា ត្រូវបានបំពាន ដើម្បីរឹតត្បិតការបញ្ចេញមតិរបស់ពលរដ្ឋ ដែលពួកគេមិនចង់ឮ។ អ្នករិះគន់បើកចំហក៏តែងរងការវាយប្រហារលើរាងកាយជាប្រចាំផងដែរ។ ខណៈការផ្សារភ្ជាប់ផ្ទាល់រវាងភាសារបស់រដ្ឋាភិបាល និងអំពើហិង្សាកម្រនឹងត្រូវបានបញ្ជាក់ជាភស្តុតាង ក្រុមអ្នករិះគន់និយាយថា សារទៅកាន់សាធារណជននៅកម្ពុជាគឺ មានច្បាស់។
នាពេលថ្មីៗនេះ អ្នករិះគន់រដ្ឋាភិបាលមួយរូប ដែលមានភាពសកម្មលើបណ្តាញសង្គម បានរងការវាយដំយ៉ាងដំណំ តែប៉ុន្មានម៉ោង បន្ទាប់ពីលោកបានរិះគន់រដ្ឋមន្ត្រីកសិកម្ម។ ពីមុនមក លោកធ្លាប់បានជាប់ពន្ធនាគារអស់ពេលជាច្រើនខែ បន្ទាប់ពីប្រៀបធៀបដោយចំអកការបិទខ្ទប់ប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាទៅនឹងជម្រុកមាន់។
គណៈកម្មការនៃក្រុមអ្នកជំនាញច្បាប់អន្តរជាតិ (International Commission of Jurists) ធ្លាប់បានរិះគន់ជាយូរមកហើយចំពោះការបៀតបៀនតាមប្រព័ន្ធផ្លូវច្បាប់ និងក្រៅប្រព័ន្ធផ្លូវច្បាប់របស់រដ្ឋាភិបាលកម្ពុជាទៅលើគូប្រជែង ក៏ដូចជា ការបំពានសិទ្ធិមនុស្សទូលំទូលាយជាងនេះ។ លោក Daron Tan ទីប្រឹក្សាផ្នែកផ្លូវច្បាប់នៃគណៈកម្មការនេះប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា សេចក្តីសម្រេចរបស់ក្រុមហ៊ុន Meta មកលើគណនីបណ្តាញសង្គមរបស់លោក ហ៊ុន សែន ពោរពេញដោយភាព «គួរឱ្យចោទសួរ»។
លោកបានបន្តថា ក្រុមហ៊ុន Meta មិនត្រឹមតែមិនបានបិទគណនីរបស់លោក ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននេះថែមទាំងមិនបានធ្វើអ្វីទាល់តែសោះដើម្បីដាក់ពិន័យលើមេដឹកនាំកម្ពុជាដ៏យូរអង្វែងរូបនេះ ក្រៅពីដកចេញវីដេអូដែលបង្ហាញការបំពាន។
លោក Daron Tan និយាយថា៖ «ខ្ញុំគិតថា នេះបង្ហាញជាសារប្រកបដោយគ្រោះថ្នាក់មួយថា លោក ហ៊ុន សែន អាចធ្វើអ្វីតាមតែលោកចង់ ត្រឹមត្រូវទេ? លោកអាចនិយាយអ្វីដែលលោកចង់និយាយ អាចធ្វើអ្វីតាមតែទំនើងចិត្ត ដោយមិនមានផលវិបាក។ ខ្ញុំគិតថា នេះជារឿងគួរឱ្យខ្វល់ខ្វាយបំផុតសម្រាប់ពួកយើងជុំវិញសេចក្តីសម្រេចរបស់ក្រុមហ៊ុន Meta»។
លោក Tan ក៏បានកត់សម្គាល់ពីគោលបំណងនៃការបកស្រាយប្រកបដោយភាពប្រុងប្រយ័ត្នរបស់ក្រុមហ៊ុន Meta ពីការដែលខ្លួនផ្តល់អាទិភាពចំពោះ «ការបញ្ចេញសំឡេងមតិ» និងសេរីភាពព័ត៌មានជាជាងការព្រួយបារម្ភពីអំពើហិង្សានយោបាយ។
លោកបានថ្លែងថា៖ «អ្វីដែលស្ថិតនៅក្នុងចិត្តមនុស្សភាគច្រើនគឺថា នៅទីបំផុត សេចក្តីសម្រេចនេះគឺផ្អែកលើ ការពិចារណាលើផ្នែកអាជីវកម្ម ពីព្រោះក្រុមហ៊ុន Meta មានការវិនិយោគសំខាន់នៅកម្ពុជា»។
លោក Tan បានបន្ថែមថា ស្របពេលលោក Trump ចាកចេញពីសេតវិមានកាលពីឆ្នាំ ២០២១ នៅពេលក្រុមហ៊ុន Meta បានធ្វើសម្រេចលើគណនីរបស់ប្រធានាធិបតីអាមេរិករូបនេះ លោក ហ៊ុន សែន បានផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោក ប៉ុន្តែលោកនៅតែមានឥទ្ធិពលខ្លាំងនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុន Meta ដឹងច្បាស់ពីផលវិបាកដែលអាចកើតមាន ប្រសិនបើខ្លួនបិទគណនីរបស់លោក ហ៊ុន សែន។
អ្នកស្រី Elina Noor អ្នកជំនាញផ្នែកសន្តិសុខអាស៊ីប្រចាំវិទ្យាស្ថាន Carnegie Endowment for International Peace បាននិយាយថា ក្រុមហ៊ុន Meta ប្រហែលឈានដល់ «សេចក្តីសន្និដ្ឋានផ្នែកនយោបាយសមហេតុផលមួយ» ដោយសារតែការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ។ ប៉ុន្តែអ្នកស្រីបានបន្ថែមថា ការណ៍នេះគឺខុសពីសេចក្តីណែនាំរបស់ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ខ្លួន ហើយជាលទ្ធផល វាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តលើសេចក្តីសម្រេចនេះ។
អ្នកស្រី Elina Noor និយាយថា៖ «ប្រហែលមានការពិចារណាលើផ្នែកធុរកិច្ចផងដែរ ដែលមានឥទ្ធិពលមកលើសេចក្តីសម្រេចរបស់ក្រុមហ៊ុន Meta ដោយសារតែតួនាទីចម្បងដែលបណ្តាញសង្គមហ្វេសប៊ុកមានក្នុងឆាកនយោបាយនៅកម្ពុជា។ ពិតណាស់ វាមិនបានជួយជ្រោមជ្រែងនោះទេ ដែលរដ្ឋាភិបាលកម្ពុជាបានអបអរសាទរក្រុមហ៊ុន Meta និងឱ្យតម្លៃលើសេចក្តីសម្រេចនេះ ក្រោយមក»។
អ្នកស្រីបានបន្តថា៖ «បញ្ហានេះទំនងនឹងនាំឱ្យមានជារឿងអាក្រក់សម្រាប់ក្រុមហ៊ុន Meta ដោយសារតែការគំរាមកំហែងអំពើហិង្សាអាចកើតមានជាការពិតយ៉ាងឆាប់រហ័ស ទៅដល់ចំណុចមួយដែលការព្យួរគណនីអាចយឺតពេលទៅហើយ»។
ក្រុមហ៊ុន Meta មិនបានឆ្លើយតបសំណើសុំការអធិប្បាយពីវីអូអេជុំវិញការរិះគន់នៅក្នុងសេចក្តីរាយការណ៍នេះនោះទេ។
លោក McConnell សហប្រធានក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ បាននិយាយថា ផលវិបាកពីសេចក្តីសម្រេចរបស់ក្រុមហ៊ុន Meta គឺមានក្រៅពីអ្នកដែលរងការប៉ះពាល់ដោយផ្ទាល់ពីការគំរាមកំហែងពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកថ្លែងថា៖ «នេះមិនមែនត្រឹមតែចំពោះស្ថានភាពនៅកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុន Meta មិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីរារាំងបុគ្គលដែលស្វះស្វែងកេងចំណេញពីបណ្តាញសង្គមរបស់ខ្លួននៅក្នុងបែបផែនស្រដៀងគ្នានេះ»។
លោកបានបន្តថា៖ «ដូចសេចក្តីសម្រេចរបស់យើងបានកត់សម្គាល់ ការខកខានក្នុងការដាក់កំហិតលើការប្រើប្រាស់សម្តីបំពាននៅក្នុងបរិយាកាសនយោបាយ ដែលលំហស៊ីវិលត្រូវបានធ្វើឱ្យរួមតូច និងស្ថិតក្រោមការគំរាមកំហែង មិនបានការពារការបញ្ចេញមតិនោះទេ។ វាបានបង្កជាផលវិបាកបញ្ច្រាសមកវិញ ដោយនាំឱ្យមានការគំរាមកំហែងច្រើនជាងមុន និងការបំបិទទស្សនៈទូលំទូលាយ»។
សូមអានការឆ្លើយតបទាំងស្រុងរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យចំពោះសំណួរវីអូអេជុំវិញករណីពាក់ព័ន្ធនឹងលោក ហ៊ុន សែន៖
នេះជាការឆ្លើយតបមកកាន់ VOA របស់ លោក Michael McConnell សហប្រធានក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta។
តើលោកយល់យ៉ាងណាចំពោះហេតុផលរបស់ក្រុមហ៊ុន Meta ក្នុងការសម្រេចផ្ទុយពីសេចក្តីណែនាំឱ្យព្យួរគណនីរបស់លោក ហ៊ុន សែន?
ពិតណាស់ យើងមានក្តីសោមនស្សដែលក្រុមហ៊ុន Meta បានសម្របជាមួយនឹងសេចក្តីសម្រេចរបស់យើងនៅក្នុងការដកចេញនូវការបង្ហោះជាវីដេអូ ដែលលោក ហ៊ុន សែន គំរាមកំហែងវាយប្រហារលើគូប្រជែងនយោបាយនឹង «ដំបង» និងការវាយប្រហារពីសំណាក់ក្រុមអ្នកគាំទ្ររូបលោក។ ប៉ុន្តែយើងមានការខកចិត្ត ដែលក្រុមហ៊ុនមិនបានទទួលយកសេចក្តីណែនាំបន្ថែមរបស់យើងនៅក្នុងការព្យួរគណនីរបស់លោក។
ជារឿងលំបាកក្នុងការស្រមៃឃើញករណីច្បាស់ក្រឡែតជាងនេះដែលមេដឹកនាំនយោបាយប្រើប្រាស់បណ្តាញសង្គមដើម្បីសម្លុតគំរាមកំហែង។ ក្រុមប្រឹក្សាភិបាលបានផ្អែកលើជំនាញពីអង្គការសង្គមស៊ីវិល ដែលបានបញ្ជាក់លម្អិតពីនិន្នាការអាកប្បកិរិយាគួរឱ្យព្រួយបារម្ភពីសំណាក់រដ្ឋាភិបាលកម្ពុជា។ អង្គការ Freedom House បានពណ៌នាអាកប្បកិរិយានេះជា «អំណាចផ្តាច់ការតាមប្រព័ន្ធឌីជីថល » ដែលការប្រើប្រាស់ និងការត្រួតពិនិត្យលើបណ្តាញសង្គមដោយរដ្ឋាភិបាល ត្រូវបានប្រើដើម្បីរឹតត្បិត និងគំរាមកំហែងគណបក្សប្រឆាំង។
សេចក្តីសម្រេចរបស់យើងបានដាក់ចេញជាសេចក្តីណែនាំច្បាស់មួយទៅកាន់ក្រុមហ៊ុន Meta ដើម្បីរារាំងបុគ្គលសាធារណៈដែលកេងចំណេញពីបណ្តាញសង្គមដើម្បីបំផុសអំពើហិង្សា។ ភាពអសកម្មរបស់ក្រុមហ៊ុន Meta គឺជា ការខកខានក្នុងការធានាថា បណ្តាញសង្គមរបស់ខ្លួនមិនបានរួមចំណែកទៅលើការបង្កការប៉ះពាល់ទាំងនេះ។ យើងសូមរក្សាជំហរស្របតាមសេចក្តីណែនាំរបស់យើង និងជំរុញឱ្យក្រុមហ៊ុន Meta ចាត់វិធានការប្រកបដោយផ្លែផ្កាដើម្បីរារាំងការប្រើប្រាស់មិនសមស្របដូចនេះ។
តើលោកយល់យ៉ាងណាចំពោះហេតុផលរបស់ក្រុមហ៊ុន Meta ក្នុងការសម្រេចប្រឆាំងនឹងសេចក្តីណែនាំដើម្បីបញ្ជាក់ ឬផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ឱ្យយថ្លឹងថ្លែង«បរិបទដែលពលរដ្ឋស្ថិតនៅក្រោមការគំរាមកំហែងសងសឹកជាបន្តបន្ទាប់ពីរដ្ឋាភិបាលរបស់ខ្លួន»?
ការលើកឡើងថា គោលនយោបាយរបស់ក្រុមហ៊ុន Meta ពាក់ព័ន្ធជាមួយនឹងមេដឹកនាំនយោបាយគួរតែត្រូវបានប្រើប្រាស់នៅក្រោមកាលៈទេសៈកំណត់ជាក់លាក់លម្អិតនោះ បានបង្កជាមន្ទិលមកលើគោលបំណងនៃគោលនយោបាយនេះ ក៏ដូចជា សមត្ថភាពការពារប្រឆាំងនឹងការបំពានផ្សេងៗ។ ដោយសារប្រវត្តិប្រព្រឹត្តការបំពានសិទ្ធិមនុស្សរបស់ លោក ហ៊ុន សែន វាច្បាស់ណាស់ថា ក្រុមហ៊ុន Meta មិនអាចរង់ចាំឱ្យមានការគំរាមកំហែង ដើម្បីចាត់វិធានការនោះទេ ហើយនៅក្នុងករណីនេះ ក៏មានសេចក្តីណែនាំដើម្បីផ្អែកមូលដ្ឋានលើផងដែរ។
នៅក្នុងបរិបទទូលំទូលាយជាងនេះ ជាលទ្ធផលនៃការណែនាំរបស់ក្រុមប្រឹក្សាភិបាល បន្ទាប់ពីការពិនិត្យលើការព្យួរគណនីរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្រុមហ៊ុន Meta បានធ្វើការផ្លាស់ប្តូរសំខាន់ៗដូចជា ដាក់ចេញជាគោលនយោបាយដោះស្រាយវិបត្តិប្រកបដោយភាពលម្អិតនៅក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់ និងបង្ហាញរចនាសម្ព័ន្ធច្បាស់ជាងមុនពីរបៀបដែលខ្លួននឹងរឹតត្បិតគណនីបុគ្គលសាធារណៈអំឡុងពេលមានភាពចលាចលសង្គម។ នេះគឺជា ជំហានល្អដំបូងនៅលើក្រដាស ប៉ុន្តែការមិនមានឆន្ទៈប្រើប្រាស់ចំណាត់ការទាំងនេះសម្រាប់បរិបទដូចនេះ បានបង្កជាចំណោទធ្ងន់ធ្ងរ។ ក្រុមហ៊ុនត្រូវតែសម្របសម្រួលពិនិត្យលើបរិយាកាសនយោបាយ ដែលពលរដ្ឋបន្តស្ថិតនៅក្រោមការគំរាមកំហែងអំពើហិង្សាពីសំណាក់រដ្ឋាភិបាលរបស់ពួកគេ។
តើសេចក្តីសម្រេចរបស់ក្រុមហ៊ុន Meta ក្នុងករណី លោក ហ៊ុន សែន នេះ នឹងបង្កើតជាគំរូអ្វីទាក់ទងបញ្ហាអាកប្បកិរិយាសមរម្យសម្រាប់មេដឹកនាំនយោបាយនៅលើបណ្តាវេទិកាបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta?
សេចក្តីសម្រេចរបស់ក្រុមហ៊ុន Meta បង្ហាញជាសារដ៏ខុសមួយទៅកាន់មេដឹកនាំនយោបាយ ដែលបំពានច្បាប់ថា ពួកគេនឹងមិនរ៉ាប់រងចំពោះទង្វើរបស់ខ្លួននោះទេ។ នេះមិនត្រឹមតែជាស្ថានភាពនៅកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុន Meta មិនបានធ្វើគ្រប់គ្រាន់ដើម្បីបង្អាក់បុគ្គលដទៃទៀត ដែលព្យាយាមកេងចំណេងពីបណ្តាញសង្គមរបស់ក្រុមហ៊ុនក្នុងបែបផែនស្រដៀងគ្នានេះ។
តើលោកគិតថា ប្រជាជនកម្ពុជាស្ថិតក្រោមការគំរាមកំហែងខ្លាំងជាងមុនទេនាពេលអនាគត ពីព្រោះក្រុមហ៊ុន Meta បានបដិសេធមិនគោរពតាមសេចក្តីណែនាំរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ?
យើងមិនស្ថិតក្នុងគោលជំហរណាមួយក្នុងការព្យាករណ៍នោះទេ ប៉ុន្តែសេចក្តីសម្រេចរបស់យើងគឺច្បាស់ថា ក្រុមហ៊ុន Meta ត្រូវតែធ្វើអ្វីច្រើនជាងនេះ ដើម្បីការពារមាតិកាដែលបង្កការប៉ះពាល់ នៅក្នុងបរិបទដែលពលរដ្ឋស្ថិតក្រោមការបន្តគំរាមកំហែងអំពើហិង្សាសងសឹកពីរដ្ឋាភិបាលរបស់ពួកគេ។ ដូចសេចក្តីសម្រេចរបស់យើងបានកត់សម្គាល់ ការខកខាននៅក្នុងការដាក់កំហិតលើសម្តីបំពានយ៉ាងច្បាស់នៅក្នុងបរិយាកាសនយោបាយ ជាទីដែលលំហស៊ីវិលត្រូវបានធ្វើឱ្យរួមតូច និងស្ថិតក្រោមការគំរាមកំហែងរួចទៅហើយ មិនបានការពារការបញ្ចេញមតិនោះទេ។ វាអាចមានផលវិបាកបញ្ច្រាសទៅវិញ ដោយនាំឱ្យមានការបំពានបន្ថែម និងការបំបិទការបញ្ចេញមតិទូលំទូលាយជាងនេះ។
យើងនឹងបន្តជំរុញឱ្យក្រុមហ៊ុន Meta ធ្វើការការពារសិទ្ធិមនុស្សឱ្យបានប្រសើរជាងមុន និងធានាថា បណ្តាញសង្គមរបស់ខ្លួនមិនបង្កការប៉ះពាល់ដល់សុចរិតភាពលទ្ធិប្រជាធិបតេយ្យនោះទេ។ នេះជាហេតុផលមួយដែលយើងចាត់អាទិភាពលើការផ្តោតរបស់យើងនៅក្នុងការរួមបញ្ចូលការការពារការបោះឆ្នោតនិងលំហស៊ីវិល។ ជារឿងសំខាន់នៅក្នុងការជំរុញឱ្យមានការរ៉ាប់រងគណនេយ្យភាពចំពោះរាល់ភាគីណាមួយដែលបង្កការប៉ះពាល់ដល់លំហស៊ីវិល ឬស្វះស្វែងបំផុសអំពើហិង្សា ហើយក្នុងនោះរួមមាន មេដឹកនាំនយោបាយផងដែរ៕