ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ.ស.ប. សង្កត់​ពី​ភាពចាំបាច់​ដើម្បី​ផលិត​ម្ហូបអាហារ​មាន​សុខភាព​សម្រាប់​មនុស្ស​ទាំងអស់


អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterresថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង​សម័យ​ប្រជុំ​លើក​ទី៧៦ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

មនុស្ស​ជិត​ពាក់​កណ្តាល​ផែនដី​ មិន​អាច​មាន​ម្ហូប​អាហារ​ប្រកប​ដោយ​សុខភាព​ទេ។​ នេះ​បើ​តាម​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ព្រមាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​ម្ហូប​អាហារ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ស្វះស្វែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតកម្ម​ និង​ការ​កែច្នៃ​ម្ហូប​អាហារ​សាកល​លោក។​

នៅ​ខាង​ក្រៅ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ​ លោក​ Antonio Guterres ​អគ្គលេខាធិការ​អ.ស.ប.​ បាន​ប្រាប់​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​ស្តីពី​ប្រព័ន្ធ​ម្ហូប​អាហារ​ថា​ «ម្ហូប​អាហារ​ ជា​អាយុ​ជីវិត។​ ក៏ប៉ុន្តែ​នៅ​ក្នុង​ប្រទេសនានា ​នៅ​ក្នុង​សហគមន៍​ និងនៅ​តាមផ្ទះ​សម្បែង​នានា ​នៅ​គ្រប់​ច្រកល្ហក​នៅ​ក្នុង​ពិភពលោក​តម្រូវការ​ដ៏​សំខាន់​នេះ ​សិទ្ធិ​មនុស្ស​នេះ ​មិន​ទាន់​ត្រូវ​បាន​បំពេញ​តាម​តម្រូវការ​នៅ​ឡើយ​ទេ»។​

លោក​ Guterres ​បាន​ថ្លែង​ទៀត​ថា ​ មនុស្ស​ ៣ ​ពាន់ ​លាន​នាក់ ​មិន​អាច​មាន​ម្ហូប​អាហារ​ប្រកប​ដោយ​អាហារូបត្ថម្ភ​ទេ។​

លោក​បាន​និយាយ​ទៀត​ថា ​«ជា​រៀង​រាល់​ថ្ងៃ ​ មនុស្ស​រាប់​រយ​លាន​នាក់​ចូល​ដេកទាំងមាន​ការ​ស្រក​ឃ្លាន។ ​កូន​ក្មេង​កំពុង​អត់​បាយ ​ដាច់​ពោះ​ស្លាប់»។​

ជិត​១ភាគ៣​នៃ​ផលិត​ផល​ម្ហូប​អាហារ​ទាំងអស់​ត្រូវ​បាន​បាត់បង់​ ឬ​ខ្ជះខ្ជាយ​ ​ខណៈ​មនុស្ស​រាប់​លាន​នាក់​នៅ​ផ្នែក​នានា​នៃ​ប្រទេស​យ៉េម៉ែន​ និង​ប្រទេសអេត្យូពី​ដាច់​ពោះ​ និង​ស្រេក​ឃ្លាន។​

សន្និសីទ​កំពូល​នេះ ​មាន​គោល​បំណង​ពិនិត្យ​មើល​ផលិតផល​ម្ហូប​អាហារ​គ្រប់​ទិដ្ឋភាព​ដើម្បី​ធ្វើ​ឲ្យ​ម្ហូប​អាហារ​កាន់​តែល្អ​សម្រាប់​បរិស្ថាន​ មាន​សុវត្ថិភាព ​មាន​អាហារូបត្ថម្ភ ​និង​អ្នក​ស្រេក​ឃ្លាន​អាច​រក​បាន​សម្រាប់​បរិភោគ។ ​ សន្និសីទ​កំពូល​នេះ​ ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ជឿន​លឿន​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ចំនួន​១៧​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ក្នុង​នោះ​ គោល​នយោបាយ​«គ្មាន​ការ​អត់​ឃ្លាន»​ជា​អាទិភាព​កំពូល៕

លោក Chris Hannas នៃវីអូអេ រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។

XS
SM
MD
LG