ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ស្នើ​​រក​ជំនួយ​បន្ទាន់​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​រងគ្រោះ​ដោយ​ភាព​អត់ឃ្លាន​​និង​កូវីដ​នៅ​ម៉ាដាហ្គាស្កា


រូបឯកសារ៖ ស្ត្រីម្នាក់ដែលមានកូន ១៨នាក់ កំពុងកាន់ចានដាក់ម្ហូបអាហារ ក្នុងភូមិ Ankilimarovahatsy ប្រទេសម៉ាដាហ្គាស្កា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

អង្គការ​សហប្រជាជាតិ​បានអំពាវនាវ​រក​ជំនួយបន្ទាន់ ​៧៦​ លាន​ដុល្លារ ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​សង្គ្រោះ​ជីវិត​សម្រាប់​មនុស្ស​ច្រើន​ជាង ​១​ លាន​នាក់ ​ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា ដែល​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ភាព​អត់ឃ្លាន​ បង្ក​ដោយ​គ្រោះ​រាំង​ស្ងួត និង​ផល​ប៉ះពាល់​ដែល​កំពុង​កើន​ឡើង​ ដោយ​ជំងឺ​កូវីដ១៩។​

គ្រោះ​រាំង​ស្ងួត​រយៈ​ពេល​បីឆ្នាំ​ជាប់ៗ​គ្នា បូក​ផ្សំ​នឹង​ជំងឺ​រាតត្បាត​កូវីដ១៩ កំពុង​បណ្តាលឲ្យ​មាន​ភាព​អត់​ឃ្លាន​មួយ ​និង​វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា។ ការ​ច្រូត​កាត់​តាម​រដូវកាល​ក្នុង​តំបន់ Grand Sud របស់​ប្រទេស​ត្រូវ​បានបំផ្លាញ​ ដោយ​សារ​គ្រោះរាំង​ស្ងួត​ម្តង​ហើយ​ម្តងទៀត​ ក្នុង​រយៈពេល​ ១០ ឆ្នាំ​ចុងក្រោយ។

ការិយាល័យ​សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា OCHA​ កំពុង​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​ជា​បន្ទាន់ ដើម្បី​ជួយ​មនុស្ស​ ១,១ លាននាក់ ​ដែល​កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិត​យ៉ាង​ខ្លាំង។ អ្នក​នាំពាក្យ​របស់ OCHA លោក Jens Laerke ​និយាយ​ថា​ពួកគេ​កំពុង​ប្រឈម​នឹង​តម្រូវការ​ចាំបាច់​និង​ធំធេង​នូវម្ហូប​អាហារ អាហារូបត្ថម្ភ​ ទឹក អនាម័យ និង​ការ​ថែទាំ​វេជ្ជសាស្ត្រ។​

លោក Jens Laerke ​ថ្លែង​ថា៖ «ការ​វិភាគ​សន្តិសុខ​ស្បៀង​អាហារ​កាល​ពី​ខែ​មុន គឺ​ខែ​ធ្នូ ក៏​បង្ហាញ​អំពី​ការ​ព្យាករណ៍​ដ៏​គួរ​ឱ្យ​បារម្ភ​មួយ​ថា​ កុមារ​អាយុ​ក្រោម​៥ឆ្នាំ​ច្រើន​ជាង​ ១៣៥,០០០​ នាក់ រងគ្រោះ​ពី​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ក្នុង​ខែ​ខាង​មុខ​ក្នុង​តំបន់ Grand Sud។»​

លោក Laerke និយាយ​ថា​ជំងឺ​រាតត្បាត​កូវីដ១៩ ក៏​បាន​ប៉ះ​ពាល់​ដល់​ផ្នែក​ធំ​មួយ​របស់ប្រទេស​ និង​បង្ក​ឲ្យ​មនុស្ស​ជាច្រើន​ពិបាក​រស់រាន​មាន​ជីវិត។ លោក​និយាយ​ថា​ មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នៅ​ភាគ​ខាង​ត្បូង​ខ្វះខាត​អាហារ​ខ្លាំង។​

លោក​និយាយ​ថា​ ការ​បិទ​ដំណើរការ​ប្រទេស​ដោយ​សារ​ជំងឺ​កូវីដ១៩ បាន​បំផ្លាញ​យន្តការ​ដែល​ប្រជាជនធ្លាប់​បាន​ពឹង​ផ្អែក​ ដើម្បីឱ្យ​ឆ្លង​ផុតរដូវកាល​ដែល​មិន​សូវ​បាន​ផល ពី​ខែ​វិច្ឆិកា​ដល់​មីនា។ នេះ​ជា​រយៈកាល​ក្នុង​មួយឆ្នាំ​ ដែល​ខ្វះខាត​អាហារ​ខ្លាំង។

តាម​ទម្លាប់ ប្រជាជន​តែងធ្វើ​ចំណាកស្រុក​ទៅ​ទីក្រុង​នានា​ដើម្បីស្វែង​រក​ការងារ​ធ្វើ​អំឡុង​រដូវ​ដែល​មិន​សូវ​បាន​ផល។ លោក Laerke និយាយ​ថា ​ពួកគេ​នឹង​ផ្ញើ​ចំណូល​របស់​ពួកគេ​មក​ផ្ទះ​ដើម្បី​ទ្រទ្រង់​គ្រួសារ​ក្នុង​រដូវ​កាល​លំបាក។​

លោក Laerke ​ពន្យល់​ថា៖ «ដោយ​មានជំងឺកូវីដ១៩​ រាតត្បាតយន្តការ​ដោះស្រាយ​បែប​នេះ មិន​មាន​ទៀត​ឡើយ​ដោយសារប្រជាជន​មិន​អាច​ផ្លាស់​ទី​ ហើយ​មិន​មាន​ការងារ​ឡើយ។ ដូច្នេះ​ ក្រៅ​ពី​ការ​ប៉ះពាល់​សុខភាព​ដោយ​ផ្ទាល់ ផល​ប៉ះពាល់​បន្ទាប់​គឺ​[វិបត្តិ​កូវីដ]​បាន​ដក​វិធី​កន្លង​មក​របស់​ប្រជាជន​ ក្នុង​ការ​ទប់ទល់​នឹង​វិបត្តិ​នានា​បែប​នេះ និង​ធ្វើ​ឱ្យ​លទ្ធភាព​នេះ​លែង​មាន»។

បើ​សិន​ជា​ទទួល​បាន​មូលនិធិ​ដូច​ការ​អំពាវនាវ​អង្គការ​សហប្រជាជាតិ​ នឹង​មាន​ថវិកា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សន្តិសុខ​ស្បៀង​អាហារ​សម្រាប់​មនុស្ស​ច្រើន​ជាង​មួយ​លាន​នាក់ ​និង​ផ្តល់​ទឹក​ស្អាតនិង​សេវា​ថែទាំ​សុខភាព​សម្រាប់​មនុស្ស​រាប់​សែននាក់​ ក៏​ដូចជា​ការ​គាំទ្រ​អាហារូបត្ថម្ភ​សង្គ្រោះ​ជីវិត​សម្រាប់​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ ៣០០.០០០ ​នាក់៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ​ម្លិះ

XS
SM
MD
LG