ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ


រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា OHCHR នៅ​ទីក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ដំណើរទស្សនកិច្ច​មក​កម្ពុជា​របស់​ រ៉ូណា​ ស្មីត​ កើត​មាន​ឡើង​ ​ក្រោយ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​បួនរូប​របស់​ស​មាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ និង​មន្ត្រីជាន់​ខ្ពស់​មួយរូបនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ គ.ជ.ប។​

អ្នកស្រី​ រ៉ូណា ស្មីត ​( Rhona Smith)​ អ្នក​រាយ​ការណ៍​ពិសេស​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្សប្រចាំ​កម្ពុជា​ ​នឹង​មកបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ។​ មន្ត្រី​នាំពាក្យរបស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ី​ មិន​ទាន់អាច​បញ្ជាក់​បាន​អំពី​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤​របស់​អ្នកស្រី​នោះ​ទេ​ តែ​អ្នក​ឃ្លំាមើល​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​និយាយ​ថា​ ​ទសន្សកិច្ច​របស់​អ្នកស្រី​ស្មីត​ មាន​សារៈសំខាន់​ដល់​ការ​ពង្រឹង​ការ​គោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

មន្ត្រី​នាំពាក្យរបស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុងតំបន់​អាស៊ី​ ​បាន​បញ្ជាក់​នា​ថ្ងៃ​ចន្ទ​នេះ​ថា អ្នកស្រី​ រ៉ូណា ស្មីត ​( Rhona Smith)​ អ្នក​រាយ​ការណ៍​ពិសេស​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ នៅ​សប្តាហ៍​ក្រោយ​នេះ។​

ដំណើរទស្សនកិច្ច​មក​កម្ពុជា​របស់​ រ៉ូណា​ ស្មីត​ កើត​មាន​ឡើង​ ​ក្រោយ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​បួនរូប​របស់​ស​មាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ និង​មន្ត្រីជាន់​ខ្ពស់​មួយរូបនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ គ.ជ.ប។​ ​

មន្ត្រីនាំពាក្យរបស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុងតំបន់​អាស៊ី ​ដែល​មាន​ទីស្នាក់​ការ​នៅ​ទីក្រុងបាង​កង​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បានប​ញ្ជាក់​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​ចន្ទនេះ​ថា​ ​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​នឹង​មក​បំពេញ​នៅ​កម្ពុជា​ តែ​លោក​មិន​អាចបញ្ជាក់​ពី​គោល​បំណង​ ​និង​រយៈ​ពេល​នៃការ​បំពេញ​ទស្សនកិច្ច​នេះ​ទេ។​ ទោះ​ជា​យ៉ាង​ណា​ លោក​ថា​ អ្នកស្រី​ ​រ៉ូណា ស្មីត​ នឹង​ធ្វើ​សនិ្ន​សីទព័ត៌មាន​ នៅ​ពេល​បញ្ចប់​ទស្សនកិច្ច​របស់​អ្នកស្រី​ដូច​រាល់​ដង។​

​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​(ការិយាល័យ OHCHR)​ប្រចាំ​កម្ពុជា​ក៏​មិន​ទាន់​បញ្ជាក់​អំពី​គោល​បំណង​នៃ​ទស្សនកិច្ច​របស់​អ្នកស្រី​រ៉ូណា​ ​ស្មីត​ផងដែរ​ មក​ដល់​ល្ងាចថ្ងៃ​ចន្ទនេះ។​

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ផ្លូវការ​នៃ​ការ​មក​ធ្វើ​ទស្សនកិច្ច​របស់​អ្នក​ស្រី​ ​ស្មីត​ ​នៅ​កម្ពុជា​នោះ​ទេ​ តែ​ពួក​គេ​ថា​ អ្នករាយការណ៍​រូប​នេះ​ នឹង​ពិនិត្យ​បញ្ហា​ប្រឈម​នានា​ ទាក់ទិន​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ សិទ្ធិដីធ្លី និងការ​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ​ជាដើម​និង​ក្រោយ​ពេល​ដែល​វិសោធនកម្ម​លើក​ទីពីរ​នៃ​ច្បាប់ស្តីពី​គណបក្ស​នយោបាយ​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី​លោក​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​និង​អនុ​ប្រធាន​បក្សកាន់​អំណាច។​

លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ លីកាដូ​បាន ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​ថា​ ការ​មកទស្សនកិច្ច​នៅកម្ពុជា​ របស់​អ្នកស្រី​ ស្មីត​ គឺជាផ្នែកមួយនៃ​បេស​ក​កម្ម​ការងារ​របស់​អ្នកស្រី​ ដែលត្រូវ​រាយការណ៍​ពីបច្ចុប្បន្ននៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហ​ប្រជាជាតិ។​ ​លោក​មាន​សុទិដ្ឋិនិយម​ថា​ អ្នកស្រី​ស្មីត​ នឹង​មិន​រំលង​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ដែល​ស្ថិត​នៅ​ជារឿងរស៊ើបដល់​រដ្ឋាភិបាល​ប្រទេសនេះ។​

​លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ៖​

«ទី១​ លោក​ពិនិត្យ​ឡើងវិញ​ទៅលើ បញ្ហា​អ្វីដែល​លោក​បាន​ផ្តល់​ ឬ​ក៏ធ្វើ​របាយការណ៍​ ឬក៏ផ្តល់​ជា​អនុសាសន៍​ កាល​ពី​លោក​ស្រី​ អញ្ជើញ​មក​ ពីលើក​មុន​ហ្នឹង​។ ​ហើយ​លោក​នឹង​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​បន្តទៅទៀត​ ហើយ​ខ្ញុំជឿថា​ បច្ចុប្បន្ននេះ​ [អ្នកស្រី] អាចនឹង​ពិនិត្យ​មើលទៅលើ​ស្ថានភាព​នៃ​សិទ្ធិសេរីភាព​ ក្នុងការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ សិទ្ធិ​ ​បញ្ហា​ដីធ្លី​ និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​មួយចំនួន​ទៀត​ ក៏ដូចជា​ស្ថានភាព​នយោបាយ​នៅក្នុងប្រទេសកម្ពុជា​ផងដែរ​បាទ»។​

លោក​ ​សំ ចាន់គា​ ​អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ថ្លែង​ប្រាប់​ VOA ​ថា​ ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​កំពុងបន្តធ្លាក់​ចុះ ដែល​ជំរុញ​ឲ្យមន្ត្រី​របស់​គណៈកម្មការ​ឧត្តម​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ​ជាច្រើនមកអង្កេត​ការណ៍​នៅកម្ពុជា។​ លោក​មាន​ប្រសាសន៍ថា​ អ្នក​ស្រី​ ស្មីត​នឹង​ពិនិត្យ​រឿង​ជាច្រើន​ ពាក់​ព័ន្ធនឹងការរំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ និង​ក្រុមអង្គការ​ស៊ីវិល​នៅ​កម្ពុជា។​

លោក​ ​សំ ចាន់គា​ ​អ្នកនាំពាក្យសមាគសិទ្ធិមនុស្ស​អាដហុក៖​

«រឿង​ច្រើន​ណាស់ រឿង​ទាំងលើការងារ​ លើអង្គការក្រៅរដ្ឋាភិបាល​ទាំង​ការ​ធ្វើ​ទារុណកម្ម​ផ្សេងៗនៅ​តាម​ពន្ធនាគារ​ ហើយ​និង​កិច្ចការ​ ការរំលោទ​សិទ្ធិដីធ្លី​របស់​ជន​ជាតិ​ដើមភាគតិច​ ក៏ដូច​ជា​ ប្រជា​ពល​រដ្ឋ​ស្លួតត្រង់​ ហ្នឹង​គឺ​ជា​រៀបវារៈដែល​ត្រូវ​អ្នកស្រី​មកពិនិត្យដែរ»។​

​អ្នក​នាំពាក្យ​សមាគមអាដហុក​រូប​នេះ​ឲ្យ​ដឹង​បន្ថែម​ អ្នកស្រី​ ​ស្មីត​ ​ទំនង​ជា​នឹង​មាន​ផលវិបាក​ច្រើន​ក្នុង​ការ​ជួប​ជាមួយមន្ត្រីរដ្ឋាភិបាល​កម្ពុជា​ ​ខណៈ​ដែល​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ព្យាយាមព្រងើយ​កន្តើយ​ដាក់​អង្គការ​សហប្រជាជាតិ​ និង​បាន​ចោទ​អង្គការ​សាកល​នេះ​ថា​ បាន​រំលោភ​អធិបតេយ្យ​ភាព​ឬ​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា។​

​ក្នុង​ដំណើរ​ទស្សកិច្ច​លើក​ទី៣​ ​រយៈពេល​ ​១០ថ្ងៃ​នៅ​កម្ពុជា​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៦​ ​អ្នកស្រី​ ​រ៉ូណា ស្មីត​ (Rhona Smith)​ ​លើក​ឡើង​ថា ​ការ​មិន​ចុះ​សម្រុង​នៅ​ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ធំៗ​ទាំង​ពីរគឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្រ្គោះ​ជាតិ​ ​ហើយ​និង​ភាព​មិន​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ​អ្នកស្រី​ ​ស្មីត​ ​ក៏​មិន​សប្បាយ​ចិត្តចំពោះ​ការណ៍​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​រាយការណ៍អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឲ្យ​បានត្រឹម​ត្រូវ ​ដែល​ជា​កាតព្វកិច្ច​មួយ​នៃ​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិមនុស្ស៕​

XS
SM
MD
LG