ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ថា​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ជា​ហេតុផល​នៃ​ការ​ផ្តើម​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ពីកម្ពុជា


រូបឯកសារ៖ លោកស្រី​ Cecilia Malmstrom រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ ​នៅ​ឯ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​ក្នុង​រដ្ឋធានី ព្រុចសែល កាល​ពី​ថ្ងៃ ​សុក្រ ទី១ ខែ មិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកស្រី​ Cecilia Malmstrom រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ ​នៅ​ឯ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​ក្នុង​រដ្ឋធានី ព្រុចសែល កាល​ពី​ថ្ងៃ ​សុក្រ ទី១ ខែ មិថុនា ឆ្នាំ២០១៨។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណៈ​កម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​បាន​ផ្តល់​ការ​ពន្យល់​ថា​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ជា​ហេតុផល​នៃ​ការ​ផ្តើម​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ចេញ​ពីកម្ពុជា។

អ្នកស្រី​ Cecilia Malmstrom​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប​ បាន​ផ្តល់​ការ​ពន្យល់​បន្ថែម​កាលពី​ពេល​ថ្មីៗ​នេះថា​ ការ​សម្រេច​ចាប់​ផ្តើម​ដំណើរការ​ដែល​អាចឈាន​ដល់​ការ​ព្យួរ​កម្ពុជាពី​ប្រព័ន្ធ​ឋាៈ​អនុគ្រោះ​ពន្ធ​ «រាល់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ» ​ឬ​ Everything But Arms​ (EBA)​ នោះ​ គឺ​ត្រូវ​បាន​ជំរុញ​ដោយការ​រំលោភ​ជា​ប្រព័ន្ធ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅលើ​គោល​ការណ៍​នានា​ ដែល​ត្រូវ​បាន​កំហិត​ឲ្យ​ធ្វើ​ទៅ​តាម​កតិកា​សញ្ញា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​ជា​ច្រើន។​ នេះ​បើ​យោង​តាម​លិខិត​របស់​អ្នកស្រី ​Malmstrom​ ដែល​ VOA ​បាន​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

ការ​ពន្យល់​របស់​អ្នកស្រី​ Malmstrom ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ចម្លើយ​ទៅ​នឹង​សំណួរ​បី​សំខាន់ៗ​របស់​សភា​សហ​ភាព​អឺរ៉ុប​ ​ដែល​បាន​ចោទ​សួរ​គណៈ​កម្មការ​អឺរ៉ុប​ អំពី​មូលហេតុ​នៃការ​ផ្តើម​ដំណើរការ​ដក​ហូត​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ។​

សភា​របស់​សហភាព​អឺរ៉ុប​បាន​ផ្តល់​សេចក្តី​អធិប្បាយ​ថា​ ​គណៈ​កម្មការ​អឺរ៉ុប​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​បាន​នូវ​ដំណោះ​ស្រាយ​ ដែល​មាន​លក្ខណៈ​យុត្តិធម៌​ និង​ត្រឹមត្រូវ​សម្រាប់​អ្នក​ប៉ះពាល់​ទាំង​ឡាយ​ ក្រោយ​ការ​ចេញ​សេចក្តី​សម្រេច​ ដែល​បើក​ផ្លូវ​ឲ្យ​ចាប់​ផ្តើម​ដំណើរការ​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​នេះ​បណ្តោះ​អាសន្ន​នោះ។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​សភា​សហភាព​អឺរ៉ុប​ អ្នកស្រី​ Malmstrom ក្នុង​នាម​ឲ្យ​គណៈ​កម្មការ​អឺរ៉ុបបាន​ផ្តល់​ការ​ពន្យល់​ថា៖​

«ការ​សម្រេច​ចាប់​ផ្តើម​ដំណើរការ​ដក​នេះ ផ្អែក​ទៅ​លើ​ហេតុផលដែល​មាន​គ្រប់​គ្រាន់​នៃ​ការ​រំលោភ​ជា​ប្រព័ន្ធ និង​យ៉ាង​ធ្ងន់ធ្ងរទៅ​លើ​គោល​ការណ៍​ទាំង​ឡាយ​ដែល​ត្រូវ​បាន​កំណត់ក្នុងកតិកា​សញ្ញា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​ជាច្រើន។​ ការ​រំលោភ​បំពាន​ទាំង​នេះសំដៅ​ដល់៖ ​ការ​រឹត​ត្បិត​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​នយោបាយ​ សកម្ម​ភាព​ដែល​មាន​លក្ខណៈ​រឹតត្បិត​ទៅ​លើ​សង្គម​ស៊ីវិល​ និង​សហជីព​ ហើយ​និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ​(ELCs) ​ជាពិសេស​នោះគឺការ​ផលិត​ស្ករ​ស»។​

អ្នកស្រី ​Cecilia Malmstrom​ ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប​ បាន​អធិប្បាយ​ទៀត​ថា​ ជម្លោះ​ដីធ្លី​ដែល​ផ្តើម​ចេញ​យ៉ាងជាក់​លាក់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​អំពៅ​បន្ត​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជាបាន​ចាត់​វិធាន​ការ​ដោះស្រាយ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ខ្លះៗ។ ក៏​ប៉ុន្តែមាន​ការ​ជឿនលឿន​តិចតូច​ណាស់ ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយ​ដល់​ទំនាស់​ដីធ្លី​ទាំងអស់​នោះ។

អ្នកស្រី​ Malmstrom ​បាន​ផ្តល់​សេចក្តី​ពន្យល់​យ៉ាង​ដូច្នេះ​ ដោយ​យោង​ទៅ​លើ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ចេញ​ផ្សាយ​កាលពី​ខែ​ សីហា ​ឆ្នាំ​ ២០១៨​ ដោយអ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​កត់​សម្គាល់​ឃើញ​ថា​ យន្តការ​ដោះ​ស្រាយ​ទំនាស់​បាន​បន្ត​ ដោយ​គ្មាន​តម្លាភាព​ ​និង​គ្មាន​ការ​ចូល​រួម​ ហើយ​ដោយ​ហេតុ​នោះ​ ក្នុង​ករណី​ជា​ច្រើន​ សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ខាង​ច្បាប់​ជា​មូលដ្ឋានមិន​ត្រូវ​បានគេ​អើពើ​នោះឡើយ។​

របាយ​ការណ៍​របស់​អ្នកស្រី ​រ៉ូណា ស្មីត​ (Rhona Smith) ​ដែល​បាន​ដាក់​ជូន​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​សីហា​ ឆ្នាំ​ ២០១៨ ​បានបង្ហាញ​ចំណុច​សំខាន់ៗ​នៃ​សេចក្តី​ត្រូវ​ការ​គោល​នយោបាយ​ដោះស្រាយ​ការ​តាំង​លំនៅ​ថ្មី​ ដែល​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះមាន​វិធានការ​ធានា​ការ​ផ្តល់​ជូន​សំណងសម្រាប់​ការ​ដក​ហូត​ដីធ្លី​ និង​ការ​គិតគូរ​ទៅ​ដល់​សេចក្តី​ត្រូវ​ការ​នៃ​ដំណើរ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ជាមួយ​សហគមន៍​ និង​តំណាង​របស់​ពួក​គេ​ ក៏ដូច​ជា​អង្គការ​សង្គម​ស៊ីវិល។​

របាយ​ការណ៍​របស់​អ្នកស្រី​ ស្មីត បាន​ពណ៌នា​ដល់ជម្លោះ​ជា​ច្រើន​ ដែល​មិន​ទាន់​ដោះ​ស្រាយ​រួចរាល់​ និង​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដាំ​អំពៅ​ក្នុង​ខេត្ត​ជាច្រើន ​រួមមានខេត្ត​កំពង់​ស្ពឺ​ ព្រះ​វិហារ​ កោះកុង​ និង​ឧត្តរមានជ័យ។ ​របាយ​ការណ៍ក៏​បាន​លើក​ឡើង​ពី​ហេតុ​ការណ៍​ ដែល​ក្រុម​សមាជិក​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​បានបើក​ការ​បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​ និង​បំផ្លាញ​របស់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ ក៏ដូច​ជា​ទីជម្រក​ជាច្រើន​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃទី​ ៨ ខែ​មីនា​ឆ្នាំ​ ២០១៨។​

VOA​ ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ កេត សោផាន់​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជាតែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

ការ​ផ្តល់​សេចក្តី​ពន្យល់​របស់​អ្នកស្រី ​Malmstrom​ អំពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុបផ្តើម​ដំណើរ​ការ​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA​ នេះកើត​មាន​ឡើង​ បន្ទាប់ពី​ប្រតិភូរបស់​សហភាព​អឺរ៉ុបដឹកនាំ​ដោយ​អ្នកស្រី ​Paola Pampaloni នាយិកា​គ្រប់​គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អគ្គ​នាយកដ្ឋាន​កិច្ច​ការ​បរទេស​របស់​គណៈ​កម្មការ​អឺរ៉ុប​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ក្រោម​ក្រប​ខ័ណ្ឌ​នៃ​កម្មវិធី​ EBA​ កាល​ពី​សបា្តហ៍​មុន។​

អ្នកស្រី ​Paola Pampaloni ​និង​ក្រុមប្រតិភូបាន​ពិភាក្សាក្រោម​ក្រប​ខណ្ឌ​ EBA ​នេះជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​របស់​កម្ពុជា​ រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។​

ក្រោយ​ការ​បញ្ចាប់​ទស្សនកិច្ច​របស់​ប្រតិភូ​នេះ​ សហភាព​អឺរ៉ុបបាន​ឲ្យ​ដឹង​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួន​ថា​ នឹងឃើញការវិវត្ត​ជាក់​លាក់​ និង​ប្រកប​ដោយ​ចីរភាព​នូវ​រាល់​ក្ដី​កង្វល់​ទាំង​អស់​ដែល​មាន​នៅ​ក្រោម​ក្របខណ្ឌ​នៃ​កម្មវិធី​ EBA។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​ក្រុម​មន្ត្រី​កម្ពុជា​ ដែល​ស្និទ្ធ​នឹង​បញ្ហា​ EBA​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចង់​បាន​របស់​ភាគី​សហគមន៍​អឺរ៉ុបទាក់​ទិន​ការ​ស្តារ​ឡើងវិញ​នៃ​ការ​គោរ​សិទ្ធិ​មនុស្ស​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ​នៅ​ក្នុង​សប្តាហ៍​នេះ។​

ទោះ​យ៉ាង​ណាក្តី​ មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពេល​មាន​វត្ត​មាន​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​សប្ដាហ៍​មុន​ថា​ កម្ពុជា​មិន​ស្លាប់​នោះ​ទេ ​បើ​អត់​ EBA​ ហើយ​កម្ពុជា​ក៏​មិន​អាច​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នោះ​ដែរ បើ​កម្ពុជា​នៅ​បន្ត​បាន​ EBA​ នោះ។​

ការ​អធិប្បាយ​របស់​លោក​ ហ៊ុន សែន​ ផ្ទុយ​ពី​ជំហរ​របស់​លោក​ ប្រាក់​ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ ដែល​បាន​ប្រាប់​អ្នកស្រី​ Paola Pampaloni ថា ​កម្ពុជា​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប​ ក្នុង​ការ​បើក​ដំណើរ​ការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា។ លោក​ថា​ ​សេចក្តី​សម្រេច​នោះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាក់​ស្តែង​ និង​វឌ្ឍនភាព​សំខាន់ៗ​ជាច្រើន​ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ឡើយ។​

លោក ប្រាក់​ សុខុន​ អះអាង​ថា​ EBA​ មាន​សារៈសំខាន់​ចំពោះ​សេដ្ឋ​កិច្ច​កម្ពុជា​ ជា​ពិសេស​បាន​ជួយ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​រោងចក្រ​ជាង​ ៦​សែន ​នាក់​ និង​អ្នក​អាស្រ័យ​ពឹង​ពាក់​លើ​ពួក​គេ​ប្រមាណ​ពីរ​លាន​នាក់​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG