ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បង្កើន​ចំណាត់​ការ​ប្រឆាំង​អ្នក​បញ្ចេញ​មតិ​រិះគន់​តាម​ហ្វេសប៊ុក


រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

ប្រទេស​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដោយ​បញ្ចូល​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​រិះគន់​ព្រះមហាក្សត្រ។ ក្រោយ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ពលរដ្ឋ​យ៉ាង​តិច​៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ក្រោម​ច្បាប់​មួយ​នេះ តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។

អ្នកស្រី កុល សាត ​បាន​បាត់​ប្តី​របស់​អ្នកស្រី ឈ្មោះ គង់ ម៉ាស់ ពេញ​មួយ​ថ្ងៃ។ អ្នកស្រី​បាន​ព្យាយាម​ហៅ​ទូរស័ព្ទ​ទៅ​អ្នក​ស្គាល់​ប្តី​របស់​អ្នកស្រី តែ​មិន​ដឹង​ដំណឹង​នោះ​ទេ។

អ្នកស្រី សាត អាយុ​៣៥​ឆ្នាំ ដែល​ជា​កម្មការិនី​រោងចក្រកាត់​ដេរ​មួយ​នៅ​ភ្នំពេញ បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ផ្ទះ​ជួល​ថា ម្តាយ​ក្មេក​របស់​អ្នកស្រី​បាន​ហៅ​ទូរស័ព្ទ​មក​ប្រាប់​នាពេល​ព្រឹក​ថ្ងៃ​បន្ទាប់​ថា លោក គង់ ម៉ាស់ ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​កំពុង​សួរ​ចម្លើយ​នៅ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

អ្នកស្រី​មាន​ប្រសាសន៍​ថា ប្តី​អ្នកស្រី​បាន​ប្រាប់​ថា មិត្តភ័ក្តិ​ហៅ​ទៅ​ពិសារ​កាហ្វេ​នៅ​ភោជនីយដ្ឋាន​មួយ​ជិត​ទូត​រុស្ស៊ី ​កន្លែង​ដែល​លោក គង់ ម៉ាស់ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ម៉ោង​ប្រមាណ​៩និង​៣០នាទី​ព្រឹក កាល​ពី​ថ្ងៃ​ទី​១៦ ​ខែមករា ​ឆ្នាំ២០១៩។

អ្នកស្រី កុល សាត បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ «ពេល​ខ្ញុំ​ទៅ​ផ្សារ គាត់​ថា​មិត្តភ័ក្តិ​ហៅ​ញាំ​កាហ្វេ​នៅ​ជិត​អ៊ីអន។ ដល់​ខ្ញុំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​តេ​មក​គាត់ អត់​ចូល​រហូត។ ទាល់​ស្អែក​ឡើង។ ហើយ​ល្ងាច​ហ្នឹង យប់​ហ្នឹង ខ្ញុំ​តេ​សួរ​មិត្ត​ភ័ក្តិ​គាត់​ទាំង​អស់ អត់​មាន​នរណា​ដឹង​ទេ‍»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «អញ្ចឹង​ខ្ញុំ​ចេះ​តែ​បាត់​គាត់ ទាល់​តែ​ស្អែក​បាន​ម្តាយ​ខ្ញុំ​តេ​មក​ប្រាប់​ខ្ញុំ​វិញ ហើយ​ខ្ញុំ​អត់​ដឹង​ទេ ទាល់តែ​ម្តាយ​គាត់​តេ​មក​ប្រាប់​ខ្ញុំ​វិញ។ អញ្ចឹង​បាន​ខ្ញុំ​ដឹង​ថា​គេ​ចាប់​គាត់»។

បើ​តាម​អ្នកស្រី សាត លោក ម៉ាស់ ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​ការ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​កាល​ពី​កន្លង​ទៅ។ អ្នកស្រី​បញ្ជាក់​ថា ការ​រិះគន់​នោះ គឺ​ទាក់ទង​នឹង​បញ្ហា​ការ​ព្រមាន​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «គាត់​រិះគន់​ពី​រឿង​ EBA [Everything but Arms] គេ​ផ្តាច់​ពន្ធ​ ដូច​ថា​គេ​ផ្តាច់​ពន្ធ​រឿង​EBA។ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង គេ​ចាប់​គាត់»។ រឿង​ផ្សេង​ទៀត ខ្ញុំ​អត់​សូវ​ដឹង ជា​រឿង​របស់​គាត់»។

សារ​បង្ហោះ​ចុងក្រោយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក គង់ ម៉ាស់ កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៩។ នៅថ្ងៃ​ដដែល លោក គង់ ម៉ាស់ ត្រូវបាន​ចាប់ខ្លួន នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុន ណារិន/VOA)
សារ​បង្ហោះ​ចុងក្រោយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក គង់ ម៉ាស់ កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៩។ នៅថ្ងៃ​ដដែល លោក គង់ ម៉ាស់ ត្រូវបាន​ចាប់ខ្លួន នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុន ណារិន/VOA)

អ្នកស្រី​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​ប្តី​របស់​អ្នកស្រី គឺ​មិន​ត្រូវ​នោះ​ទេ ហើយ​ប៉ះពាល់​សិទ្ធិ​របស់​លោក។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ នេះ​គ្រាន់​តែ​លក្ខណៈ​គាត់​រិះគន់ ដើម្បី​ស្ថាបនា ទីមួយ។ ទីពីរ​ដូច​ថា​គាត់​ជា​ប្រជាជន​ធម្មតា​អញ្ចឹង គាត់​មាន​សិទ្ធិបង្ហោះ​សារ ជា​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​គាត់ បញ្ចេញ​មតិ​រិះគន់​ដើម្បី​ស្ថាបនា។ អញ្ចឹង​ខ្ញុំ​គិត​ថា​ប្រហែល​ជា​មិន​ខុស​ទេ»។

ការ​ចាប់​ខ្លួន​លោក គង់ ម៉ាស់ អាយុ​៣៣​ឆ្នាំ គឺ​ជា​ករណី​ចុង​ក្រោយ​មួយ​នៃ​ការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក។ កាល​ពី​ឆ្នាំ​២០១៥ មាន​ករណី​មួយ ដែល​និស្សិត​សាកល​វិទ្យាល័យ​ម្នាក់ ឈ្មោះ គង់ រ៉ៃយ៉ា ​ត្រូវ​បាន​ចាប់​ខ្លួន ទាក់ទង​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​អំពី​បដិវត្តន៍​ពណ៌។ លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​កន្លះ កាល​នោះ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ យុវជន​ម្នាក់ ឈ្មោះ យិន ហេង ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» ក្រោយ​បង្ហោះ​វីដេអូ​តាម​ហ្វេសប៊ុក ដោយ​បាន​ប្រើ​សារ​ជេរ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ។

ចំណែក​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្រ្តី​ម្នាក់​ ឈ្មោះ សំ សុខា ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ ដោយសារ​ការ​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​អ្នកស្រី​បាន​ចោល​ស្បែក​ជើង​ទៅ​លើ​បដា​មួយ​នៅ​តាម​ផ្លូវ ដែល​មាន​រូប​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។ អ្នកស្រី​ត្រូវ​បាន​ចោទ​ពី​បទ «ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»។ អ្នកស្រី​ក៏​បាន​ប្រើ​សារ​ថា«អា​នេះ​វា​តាម​បំផ្លាញ​ជាតិ​ដល់​ហ្នឹង​ទៀត​អាហ្នឹង»។

ចំណែក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ បុរសម្នាក់ ឈ្មោះ រុំ ចំរើន ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ ដោយសារ​ការ​ប្រើ​សារ​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។
យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។


ចោទ​ប្រកាន់​ពី​បទ​ប្រមាថ និង​ការ​ញុះញង់

អ្នក​ប្រើ​ហ្វេសប៊ុក​ជា​ច្រើន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ និង​ញុះញង់​ដែល​អាច​ជាប់​ពន្ធ​នាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ។

មេធាវី​របស់​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​កូនក្តី​របស់​លោក គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ ពីព្រោះ​ភស្តុតាង​ដែល​មាន គឺ​ជា​សារ​ដែល​បង្ហោះ​រិះគន់​រដ្ឋាភិបាល គាំទ្រ​យុទ្ធនាការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៨ និង​ការ​បង្ហាញ​ជំហរ​គាំទ្រ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ឲ្យ​ចូល​ស្រុក​វិញ។ លោក​មេធាវី​បញ្ជាក់​ថា ជន​រង​គ្រោះ គឺ​ជា​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។

លោក សំ សុគង់ ​មាន​ប្រសាសន៍​ថា៖ «តុលាការ​បាន​ប្រើ​សិទ្ធិ​ក្នុង​ការ​ចោទ​ប្រកាន់ គឺ​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់ ហើយ​និង​បទ​ប្រមាថ​ហ្នឹង ជាពិសេស​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​បង្ហោះ​តាម​ហ្វេសប៊ុក។ ខ្ញុំ​គិត​ថា ការ​ដែល​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ក៏​ដូច​ជា​ការ​ប្រមាថតាម​រយៈ​ប្រព័ន្ធ​ហ្វេសប៊ុកហ្នឹង នោះ​ជា​ការ​ចោទ​ប្រកាន់​មិន​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ទេ គឺ​ការ​ធ្វើ​នេះ​វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង»។

បើ​តាម​សារ​នៅ​លើ​ហ្វេសប៊ុក ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ ​VOA លោក គង់ ម៉ាស់ បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​ តែង​តែ​គិត​ពី​អំណាច ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កសិករ​បាន​ជួប​ប្រទះ ដូច​ជា​ការ​ធ្លាក់​ចុះ​តម្លៃ​ទីផ្សារ​របស់​ផលិតផល​កសិកម្ម។

លោក​មេធាវី​បញ្ជាក់​ថា តុលាការ​តែង​តែ​សម្រេច​តាម​សំណុំ​រឿង​របស់​អាជ្ញាធរ និង​ចោទ​ប្រកាន់​លើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​អាជ្ញាធរ​ឬ​ក៏​រដ្ឋាភិបាល​ គាត់​ខឹង ហើយ​គាត់​កសាង​សំណុំ​រឿង​មក​តុលាការ។ មួយ​រយ​ភាគរយ គឺ​តុលាការ​ត្រូវ​តែ​ចាត់​ការ​តាម​បណ្តឹង​របស់​អាជ្ញាធរ គ្មាន​អី​ច្បាប់​ជា​សំអាង​ទេ»។

ប្រទេស​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដោយ​បញ្ចូល​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​រិះគន់​ព្រះមហាក្សត្រ។ ក្រោយ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ពលរដ្ឋ​យ៉ាង​តិច​៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ក្រោម​ច្បាប់​មួយ​នេះ តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក លី សុផាណា អ្នកនាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

រូបឯកសារ៖ អ្នក​ស្រី​ សំ សុខា ដែល​បាន​គប់​ស្បែក​ជើង​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជាមាន​រូប​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សេន កំពុង​ស្ថិត​នៅ​កន្លែងប៉ូលិសបន្ទាប់​ពី​ត្រូវ​បាន​ចាប់​និង​បញ្ជូន​ខ្លួន​ពី​ប្រទេស​ថៃ។
រូបឯកសារ៖ អ្នក​ស្រី​ សំ សុខា ដែល​បាន​គប់​ស្បែក​ជើង​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជាមាន​រូប​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សេន កំពុង​ស្ថិត​នៅ​កន្លែងប៉ូលិសបន្ទាប់​ពី​ត្រូវ​បាន​ចាប់​និង​បញ្ជូន​ខ្លួន​ពី​ប្រទេស​ថៃ។


បំបិទ​សំឡេង​ប្រឆាំង​នៅ​កម្ពុជា

ការ​រឹត​ត្បិត​ទៅ​លើ​សេរីភាព​អ៊ិនធឺណិត ក៏​បាន​កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​មាន​សំឡេង​គាំទ្រ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មេដឹកនាំ​អតីត​បក្ស​ប្រឆាំង ​គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល តាមរយៈ​ការ​សមគំនិត​ជាមួយ​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ខែ​កញ្ញា ដូច​គ្នា កាសែត​ល្បី​ឈ្មោះ The Cambodia Daily ក៏​ត្រូវ​បង្ខំ​ឲ្យ​បិទ ដោយសារ​បញ្ហា​រឿង​ពន្ធដារ។ បន្ទាប់​មក វិទ្យុ​អាស៊ី​សេរី ក៏​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ​ផង​ដែរ ដោយសារ​បញ្ហា​ពន្ធ​ដូចគ្នា។ នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​២​នាក់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់ថា​ផ្តល់​ព័ត៌មាន​សម្ងាត់​ឲ្យ​បរទេស។

បន្ទាប់​មក​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល។ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង សកម្មភាព និង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អតីត​មន្រ្តី​បក្ស​ប្រឆាំង ជា​ពិសេស​អ្នក​នៅ​ក្នុង​ប្រទេស និង​ថ្នាក់​ក្រោម ត្រូវ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​មាន​ជំនាញ។

បន្ថែម​ពី​នេះ​ទៅ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្យាយាម​គ្រប់គ្រង​ប្រព័ន្ធ​អ៊ិនធឺណិត ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ប្រើប្រាស់ ដើម្បី​ប្រយោជន៍​អំឡុង​ពេល​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ដែល​ទាក់ទាញ​យុវជន​ជា​ច្រើន​នាក់។

លោក ហ៊ុន សែន បាន​ក្លាយ​ជា​មេដឹកនាំ​មួយ​ក្នុង​ចំណោម​មេដឹកនាំ​ក្នុង​ពិភព​លោក ដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្នុង​ការ​បង្ហោះ​សារ​នយោបាយ ឬ​សកម្មភាព​របស់​លោក។ ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន មាន​អ្នក​ចុច​ Likes​រហូត​ទៅ​ដល់​ជាង​១១​លាន​នាក់ ខណៈ​ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ថា​បាន​ប្រើប្រាស់​លុយ​ទិញ​ចំនួនLikes។

កាល​ពី​ដើម​ខែ​មីនា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​ លោក​មិន​មាន​បំណង​បិទ​ហ្វេសប៊ុក​នៅ​កម្ពុជា​នោះ​ទេ ហើយ​លោក​នឹង​ប្រើប្រាស់​វា ដើម្បី​ទាក់ទង​ជាមួយ​ប្រជាជន។ លោក​ក៏​បាន​បញ្ជា​ឲ្យ​ធ្វើច្បាប់​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ិន​ធឺណិត​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ជា​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់ រឿង​អី​ដែល​ខ្ញុំ​ទៅ​បិទ​ហ្វេសប៊ុក។ ហើយ​ក្នុង​ប្រទេស​មួយ​ចំនួន កំពុង​តែ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អ៊ិនធឺណិត»។

លោក មាស ប៉ូ អនុ​រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង មាន​ប្រសាសន៍​ថា ក្រសួង​កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ តែ​មិន​ទាន់​អាច​កំណត់​ពេល​វេលា​បញ្ចប់​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ច្បាប់​នេះ​នឹង​មិន​រឹត​ត្បិត​សេរីភាព​លើ​ប្រព័ន្ធ​អ៊ិន​ធឺណិត​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា៖ «អូន​ដឹង​ស្រាប់​ហើយ​ប្រទេស​នេះ​មាន​ច្បាប់ មាន​រដ្ឋធម្មនុញ្ញ មាន​ចែង​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​អីៗ​ហ្នឹង។ មតិ​របស់​យើង​យើង​ចេះ​តែ​បញ្ចេញ​ប៉ះពាល់​សិទ្ធិ​អ្នក​ដទៃ ក៏​មិន​អាច​ទៅ​រួច​ដែរ តែ​បើ​ឲ្យ​យើង​រឹតត្បិត គ្មាន​រឹតត្បិត​អី​ទេ តែ​ការ​ប្រើប្រាស់​សុំ​កុំ​ឲ្យ​ប៉ះពាល់​អ្នក​ដទៃ»។

បើ​តាម​លោក មាស ប៉ូ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា មាន​ទៅ​ដល់​ជិត​៧​លាន​នាក់​រហូត​មក​ដល់​ពេល​នេះ។ ចំនួន​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត មាន​ទៅ​ដល់​១៣,៦​លាន​នាក់ គឺ​ស្មើ​ប្រមាណ​៨២​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ប្រមាណ​១៦​លាន​នាក់ នៅ​ក្នុង​ប្រទេស។ នេះ​បើ​តាម​លោក មាស ប៉ូ។

រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)
រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)


សេរីភាព​បញ្ចេញ​មតិ និង ប្រមាថ ញុះញង់

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ស្នើ​ឲ្យ​មាន​ការ​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​សេរីភាព​បញ្ចេញ​មតិ ការ​ប្រមាថ និង​ការ​ញុះញង់។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ខ្ញុំ​ជឿ​ថា​អ្នក​និយាយ​ថា​សេរីភាព​បញ្ចេញ​មតិ បើ​គេ​ជេរ​ម្រាយ​គាត់ គាត់​ថា​អាហ្នឹង​សេរីភាព​បញ្ចេញ​មតិ​ដែរ​អត់​ទេ។ បើ​គេ​ចង់​សម្លាប់​គាត់​អាហ្នឹង​សេរីភាព​បញ្ចេញ​មតិ​ដែរ​ទេ? ដូច្នេះ​យើង​ឈរ​នៅ​កណ្តាល​ជុំ​គ្នា មើល​ពី​និយម​ន័យនៅ​ក្នុង​ច្បាប់​ទៅ»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ដូច្នេះ​សេរីភាព​នៃ​ការ​បញ្ចេញ​យោបល់ វា​ខុស​ប្លែក​ពី​ការ​ប្រមាថ ហើយ​និង​ការ​ញុះញង់ឲ្យ​ទៅ​សម្លាប់​នាយក​រដ្ឋមន្រ្តី អាហ្នឹង​វា​មិន​អាច​ទទួល​យក​បាន​ទេ»។

កាល​ពីខែ​កុម្ភៈ លោក ផៃ ស៊ីផាន ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​លោក​ថា​បាន​បង្ហោះ​សារ​ជា​ការ​ផ្តល់​យោបល់​លើ​ហ្វេសប៊ុក​របស់​លោក ដែល​ក្នុង​សារ​នោះ មាន​ការ​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​រាប់​ពាន់​នាក់ នៅ​ក្នុង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​ លោក​កំពុង​ឲ្យ​មេធាវី​សិក្សា​ប្តឹង​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ទាក់ទង​នឹង​ការ​បង្ហោះ​សារ​ដែល​លោក​ថា​បាន​ប្រមាថ​ជីវិត​របស់​លោក។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​កំពុង​ឲ្យ​មេធាវី​របស់​ខ្ញុំ​សិក្សា។ សិក្សា​ដាក់​ពាក្យ​ប្តឹង​ហើយ។ ក្នុង​ប្រទេស​ អញ​រឹប​អូស​យក​ទាំង​អស់​ហ្នឹង។ ឥឡូវ​ហ្នឹង គឺ​ថាមាន​ជាង​៣០​ដែល​អ្ហែង​បង្ហោះ​ប្រមាថ​ជីវិត​អញ»។


ការ​បារម្ភ​របស់​សង្គមស៊ីវិល

មន្រ្តី​ជាន់​ខ្ពស់់​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ត្រូវ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ។

លោក​បាន​ប្រាប់​ VOAថា ៖ «បច្ចុប្បន្ន​យើង​ឃើញ​ថាបញ្ហា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ តាម​ប្រព័ន្ធ​អនឡាញ អ៊ិនធឺណិត និង​ប្រព័ន្ធ​បណ្តាញ​សង្គម​នេះ បើ​យើង​មើល​ទៅ​មាន​ការ​ត្រួតពិនិត្យ​យ៉ាង​ដិត​ដល់​ពី​សំណាក់​អាជ្ញាធរ​ដែល​មាន​ជំនាញ»។ លោក​បញ្ជាក់​បន្ថែម​ថា៖ «យើង​និយាយ​អំពី​សិទ្ធិ​សេរីភាព ខ្ញុំ​មិន​ជឿ​ថា​អាជ្ញាធរ​មិន​យល់​ទេ​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង ក៏​ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ វា​អាស្រ័យ​ទៅ​លើការ​បក​ស្រាយ​ទៅ​វិញ​ទេ!»។

លោក​ អំ សំអាត ក៏​បាន​អំពាវនាវ​ឲ្យ​បុគ្គល​សាធារណៈ ថ្នាក់​ដឹកនាំ គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​ការ​រិះគន់​ណាមួយ ព្រោះ​ថ្នាក់​ដឹកនាំ​មិន​ប្រាកដ​ថា​មានមនុស្ស​ទាំង​អស់​ស្រឡាញ់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «អានេះ​វា​ស្រ័យទៅ​លើ​កម្រិត​នៃ​ការ​យល់​ដឹង ហើយ​និង​កម្រិត​នៃ​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​របស់​អ្នក​ដឹកនាំ​មួយៗ​ទេ»។

មន្រ្តី​សិទ្ធិ​មនុស្ស លោក អំ សំអាត មាន​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ិនធឺណិត​ នឹង​អាច​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​បំបិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

រូបឯកសារ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិក​ថា លោកស្រី​កំពុង​តាម​ដាន​ករណី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទៅ​លើ​ការ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ិន​ធឺណិត។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ការ​កម្រិត​ណាមួយ​ត្រូវ​តែ​មាន​ការ​កំណត់​ត្រឹមត្រូវ​តាម​ច្បាប់ និង​ពិត​ជា​ចាំបាច់ ស្រប​តាម​ច្បាប់​អន្តរ​ជាតិ។ ខ្ញុំ​ធ្លាប់​បាន​បង្ហាញ​ក្តី​បារម្ភ​កាល​ពី​មុនៗ​មក​ថា មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​កម្រិត​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា»។

លោកស្រី ​រ៉ូណា ស្មីត មាន​ប្រសាសន៍​ថា លោកស្រី​សង្ឃឹម​ថា ច្បាប់​មួយ​នេះ នឹង​ស្រប​តាម​ច្បាប់​អន្តរជាតិ ហើយ​ធានា​សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។

មេធាវី​របស់​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​កូន​ក្តី​របស់​លោក​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

ភរិយា​របស់​លោក គង់ ម៉ាស់ គឺ​អ្នកស្រី កុល សាត ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្តី​កាល​ពី​ថ្ងៃ​អង្គារ មាន​ប្រសាសន៍​ថា ប្តី​របស់​អ្នកស្រី​បាន​ស្រក​ទម្ងន់​ខ្លាំង ឡើង​សម្ពាធ​ឈាម និង​ស្លេក​ស្លាំង។

អ្នកស្រី​បញ្ជាក់​ថា៖ «គាត់​គួរ​ត្រូវ​បាន​ដោះ​លែង​ឥឡូវ​នេះ»៕

XS
SM
MD
LG