អង្គការសហប្រជាជាតិត្រូវបានគេរំពឹងថានឹងតែងតាំងលោក Antonio Guterres អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ឲ្យធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះ។
លោក Peter Thompson ដែលជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា លោកសង្ឃឹមថា មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣ ប្រទេស នឹងសម្រេចជាឯកច្ឆន្ទចំពោះការតែងតាំងលោក Guterres ជាអគ្គលេខាធិការអង្គការសហប្រជាជាតិនាអាណត្តិបន្ទាប់ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឧទ្ទេសនាមរូបលោកកាលពីសប្ដាហ៍មុនរួចមក។
ប្រសិនបើបេក្ខភាពរបស់លោក Guterres ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិឯកភាព លោកនឹងត្រូវចូលកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ទាប់ពីលោក Ban Ki Moon ដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិបច្ចុប្បន្នចប់អាណត្តិនៅចុងឆ្នាំ ២០១៦ នេះ។ លោក Ban Ki Moon បានកាន់តំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិតាំងពីលោកត្រូវបានគេតែងតាំងនៅក្នុងឆ្នាំ ២០០៦ មក។
លោក Guterres ដែលមានវ័យ ៦៧ ឆ្នាំ ធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០២។ ហើយបន្ទាប់មក លោកបានធ្វើជាប្រធានឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥។
លោក Ban Ki Moon បាននិយាយថា លោក Guterres ជា «ជម្រើសដ៏ប្រសើរបំផុត» សម្រាប់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោក Guterres ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនទាំង ១៣ រូប ដែលប្រកួតប្រជែងគ្នាដើម្បីធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ៕