ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​រដ្ឋមន្ត្រី​ព័រទុយហ្គាល់​អាច​នឹង​ក្លាយ​ជា​អគ្គលេខាធិការ​អ.ស.ប.​នៅ​អាណត្តិ​បន្ទាប់


លោក Antonio Guterres ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥។
លោក Antonio Guterres ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​សម្រេច​រើស​បេក្ខជន​ចុង​ក្រោយ​មួយ​រូប​ដើម្បី​កាន់​តំណែង​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នា​អាណត្តិ​បន្ទាប់។

លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​ព័រទុយហ្គាល់ Antonio Guterresដែល​ជា​អ្នក​នយោបាយ និង​អ្នក​ការ​ទូត​ជើង​ចាស់​មួយ​រូប ត្រូវ​បាន​ជ្រើសរើស​ឲ្យ​សំឡេង​ភាគ​ច្រើន​លើសលប់​ក្នុង​ចំណោម​សមាជិក​ទាំង ១៥ រូប របស់​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ។

លោក Guterres ដែល​មាន​អាយុ ៦៧ ឆ្នាំ ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ព័រទុយហ្គាល់​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០០២ មុន​ពេល​លោក​ធ្វើ​ជា​ប្រធាន​ឧត្ដម​ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន UNHCR ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៥។

លោក Guterres បាន​ប្រាប់ VOA នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដែល​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​ធ្វើ​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា លោក​ចង់​ធ្វើ​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដោយសារ​តែ​លោក​ចង់ «បង្កើត​លក្ខខណ្ឌ​ឲ្យ​មាន​ដំណោះស្រាយ» សម្រាប់​បញ្ហា​ប្រឈម​របស់​សាកលលោក។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សម្រេច​ជា​ឯកច្ឆន្ទ​ដែល​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ការ​ឧទ្ទេសនាម​លោក Guterres ទៅ​ឲ្យ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ដែល​មាន​សមាជិក​ចំនួន ១៩៣ ប្រទេស​ធ្វើ​សេចក្ដី​សម្រេច​ជ្រើសរើស​លោក​ជា​ចុង​ក្រោយ។

លោក Antonio Guterres នឹង​ចូល​កាន់​តំណែង​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បន្ត​ពី​លោក Ban Ki Moon នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ ២០១៧៕

XS
SM
MD
LG