ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រជែង​សម្រាប់​តំណែង​អគ្គលេខាធិការអ.ស.ប​​នា​អាណត្តិ​បន្ទាប់​ចូល​ដល់​ដំណាក់កាល​ធ្វើ​ការ​សម្រេចចិត្ត


រូបឯកសារ៖ ផ្លាកសញ្ញា​អង្គការសហប្រជាជាតិ​ការិយាល័យ​របស់​អង្គការ​នេះ​នៅ​អំឡុងពេល​មហាសន្និបាត​លើក​ទី​៧១ នៅ​បូរី​ញូវយ៉ក សហរដ្ឋអាមេរិក។

ការ​ប្រកួតប្រជែង​សម្រាប់​តំណែង​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នា​អាណត្តិ​បន្ទាប់ បាន​ឈាន​ដល់​ដំណាក់កាល​ធ្វើ​ការ​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ ស្រប​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឈាន​ទៅ​កាន់​ដំណាក់កាល​បន្ទាប់​នៃ​ការ​បោះ​ឆ្នោត​រើស​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នេះ។

សមាជិក​ទាំង ១៥ ប្រទេស​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​កាតព្វកិច្ច​ឧទ្ទេសនាម​បេក្ខជន​មួយ​រូប​សម្រាប់​ទទួល​ការ​សម្រេច​គាំទ្រ​ពី​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​សមាជិក​ចំនួន ១៩៣ ប្រទេស។

ចាប់តាំង​ពី​ចុង​ខែ​កក្កដា​មក ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ក្រៅ​ផ្លូវការ និង​ក្នុង​លក្ខខ័ណ្ឌ​អនាមិក ចំនួន ៥ ជុំ រូច​មក​ហើយ ដើម្បី​ស្ទង់​មើល​អំពី​ចំណាប់​អារម្មណ៍​របស់​សមាជិក​នីមួយៗ​នៃ​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​បេក្ខជន​ចំនួន ១០ រូប ដែល​ប្រកួត​ប្រជែង​គ្នា​ដើម្បី​កាន់​តំណែង​ជា​អគ្គលេខាធិការ​បន្ទាប់។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទាំង ៥ ជុំ​នេះ អតីត​នាយក​រដ្ឋមន្ត្រី​ព័រទុយហ្គាល់​លោក Antonio Guterres អាយុ ៦៧ ឆ្នាំ បាន​នាំ​មុខ​គេ។ ប៉ុន្តែ ការ​នាំ​មុខ​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​ទាំង ៥ ជុំ នេះ​មិន​ទាន់​ធានា​បាន​នៅ​ឡើយ​ទេ​ថា​លោក​នឹង​ត្រូវ​គេ​ជ្រើសរើស​នោះ ទោះបីជា​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ នឹង​ក្លាយ​ជា​សញ្ញា​កំណត់​ថា​តើ​លោក​នឹង​ទទួល​បាន​ជោគជ័យ ឬ​ក៏​យ៉ាង​ណា​ក៏​ដោយ។

ប្រសិន​បើ​បេក្ខជន​រូប​ណា​មិន​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​សមាជិក​ណា​មួយ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដូចជា​ចក្រភព​អង់គ្លេស ចិន បារាំង រុស្ស៊ី ឬ​ក៏​សហរដ្ឋ​អាមេរិក នោះ​បេក្ខជន​នោះ​អាច​មិន​ទទួល​បាន​ជោគជ័យ។

នៅ​ពេល​ដែល​មាន​សញ្ញា​ច្បាស់​ថា បេក្ខជន​រូប​ណា​មួយ​ត្រូវ​បាន​គេ​គាំទ្រ​រួម​គ្នា នោះ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជា​ផ្លូវការ​សម្រេច​រើស​បេក្ខជន​រូប​នោះ ដើម្បី​ដាក់​បន្ត​ទៅ​ឲ្យ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​អនុម័ត​សម្រេច​ជ្រើសរើស៕

XS
SM
MD
LG