អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) នៅថ្ងៃពុធនេះបានប្រកាសទាត់ចោលការលើកឡើងពីចេតនារបស់អង្គការសហប្រជាជាតិក្នុងការបោះបង់សំណុំរឿង០០៣ចោលដោយឈប់ចាត់ការតទៅទៀត។ ការបដិសេធនេះធ្វើឡើងស្របពេលដែលបណ្ដាញផ្សព្វផ្សាយបានស្រង់ប្រភពនានាដែលបារម្ភថា សំណុំរឿង០០៣និងសំណុំរឿង០០៤ដែលមានភាពចម្រូងចម្រាសយ៉ាងខ្លាំងផ្នែកនយោបាយនោះទំនងជានឹងត្រូវបោះបង់ចោលក្នុងពេលខាងមុខ។
នៅក្នុងសេចក្ដីថ្លែងការណ៍ពីទីក្រុងញូវយ៉ក ចែកចាយដល់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះ អ្នកនាំពាក្យបញ្ជាក់ថា សំណុំរឿង០០៣ កំពុងតែស្ថិតក្នុងដំណាក់កាលនីតិវិធីអន្ដរកាលនៅឡើយហើយសហចៅក្រមស៊ើបអង្កេតមិនអាចផ្ដល់ហេតុផលឬការបកស្រាយណាមួយជាសាធារណៈបានទេ។
កាលពីថ្ងៃទី២៩ខែមេសា សហចៅក្រមស៊ើបអង្កេតបានប្រកាសថា ខ្លួនបានបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ រួចរាល់ហើយ។ ការស៊ើបអង្កេតដែលគេដឹងថា ធ្វើឡើងដោយភាគីអង្គការសហប្រជាជាតិជាឯកតោភាគីតែប៉ុណ្ណោះរីឯភាគីកម្ពុជាបានជំទាស់មិនសហការ។
សេចក្តីពិស្តារនៅក្នុងសំណុំរឿង ដែលរដ្ឋាភិបាលខ្មែរជំទាស់នេះមិនត្រូវបានគេដឹងនោះទេ។ ការបិទខ្ទប់ព័ត៌មានទាំងនេះដែលធ្វើឲ្យមានការរិះគន់កក្រើកឡើង ជាពិសេសការរិះគន់ពីការបង្កឲ្យមានភាពប្រថុយប្រថានសម្រាប់ជនរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនិងកង្វល់អំពីសំណុំរឿងនេះនឹងត្រូវផុតរលត់ដោយស្ងាត់ស្ងៀម។
លោកអាន់ឌ្រូ ខេលី សហព្រះរាជអាជ្ញាបរទេស បានស្នើឲ្យមានការស៊ើបអង្កេតបន្ថែមដោយឆ្លៀតបង្ហើបនូវព័ត៌មានសំខាន់ៗមួយចំនួនទាក់ទងនឹងឧក្រិដ្ឋកម្មនិងតំបន់នៃអំពើឧក្រិដ្ឋកម្ម ដែលលោកអះអាងថា មានសារៈសំខាន់សម្រាប់ជនរងគ្រោះ។ ក៏ប៉ុន្ដែសហចៅក្រមស៊ើបអង្កេតបានដាក់បញ្ជាឲ្យលោកដកនូវព័ត៌មានទាំងនោះចេញវិញ ដោយចាត់ទុកថាគឺជាការរំលោភលើភាពសម្ងាត់ក្នុងការស៊ើបអង្កេត។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានធ្លាក់មកចំពេលដែលសម្ពាធកាន់តែខ្លាំងលើសហចៅក្រមស៊ើបអង្កេតអន្ដរជាតិទាក់ទងនឹងសំណុំរឿងបន្ថែមជាពិសេសសំណុំរឿង០០៣។
អ្នកនាំពាក្យដដែលបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា អង្គការសហប្រជាជាតិមិនបានប្រាប់ដល់សហចៅក្រមស៊ើបអង្កេតអន្ដរជាតិឲ្យបោះបង់ចោលសំណុំរឿង០០៣នោះទេ។
ជាងនេះទៅទៀតអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបញ្ជាក់ថាសហចៅក្រមស៊ើបអង្កេតនឹងចេញដីកាដំណោះស្រាយឬដីកាបញ្ជូនរឿងទៅជំនុំជម្រះក្នុងករណី០០៣នេះ។ ដីកានោះនឹងកំណត់បញ្ជូនជនសង្ស័យនីមួយៗទៅកាត់ទោសឬត្រូវលើកលែងការចោទប្រកាន់ចំពោះពួកគេ។
លោកស្រី គ្លែ ដាហ៊្វី អ្នកឃ្លាំមើលដំណើការសាលាក្តីខ្មែរក្រហមរបស់អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី (OSJI) ទទួលស្គាល់ថា ការលើកឡើងរបស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិពិតជាមានការត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ផ្ទុយទៅវិញលោកស្រីចាត់ទុកថា នេះគ្រាន់តែជាសេចក្ដីថ្លែងដើម្បីព្យាយាមការពារខ្លួនខាងភាគីអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
លោកស្រី គ្លែ ដាហ៊្វី បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិធ្វើមិនដឹងមិនឮចំពោះភស្តុតាងជាច្រើន ដែលបង្ហាញថា សហចៅក្រមស៊ើបអង្កេតមានចេតនាបោះបង់ចោលសំណុំរឿង០០៣នេះ។
«ប្រសិនបើអ្នកគ្រាន់តែតាមដានការរីកចម្រើនចុងក្រោយ វាបង្ហាញច្បាស់ថា ក្រុមចៅក្រមមានចេតនាបោះបង់ចោលសំណុំរឿង០០៣នេះ។ ហេតុផលគឺថា ពួកគាត់មិនទាំងបានសម្ភាសជនសង្ស័យ ពួកគាត់មិនទាំងបានចាត់ឲ្យមានក្រុមប្រឹក្សាសម្រាប់អង្កេតជនសង្ស័យទាំងនេះផងទេ។ ដូច្នេះតើពួកគាត់អាចត្រឡប់ទៅធ្វើការចោទប្រកាន់ជនសង្ស័យភ្លាមៗបានយ៉ាងដូចម្ដេច?»
កាលពីថ្ងៃអង្គារអង្គការ OSJI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួន ដោយលើកឡើងពីចំណោទនៃការជ្រៀតជ្រែកនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿង០០៣ និង០០៤។
អ្នកនាំពាក្យរបស់លោកបាន គី មូន នៅថ្ងៃនេះ បានបញ្ជាក់ថា ចៅក្រមនិងសហព្រះរាជអាជ្ញាត្រូវតែទទួលបាននូវការអនុញ្ញាតឲ្យបំពេញការងារដោយឯករាជ្យពីការជ្រៀតជ្រែកពីរាជរដ្ឋាភិបាលកម្ពុជា ការជ្រៀតជ្រែកពីអង្គការសហប្រជាជាតិ ពីប្រទេសផ្តល់ជំនួយនិងឯករាជ្យពីការជ្រៀតជ្រែករបស់សង្គមស៊ីវិលផងដែរ៕