ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. បារម្ភ​យ៉ាងខ្លាំង​អំពី​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ ទិដ្ឋភាពទូទៅ​មួយ​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។
រូបឯកសារ៖ ទិដ្ឋភាពទូទៅ​មួយ​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ បាន​បង្ហាញ​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​ ​កាលពី​ថ្ងៃពុធ​អំពី​ចលាចល​នាពេលថ្មីៗ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​បាន​អំពាវនាវ​ឱ្យ​«បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់»​ និង​ឱ្យ​ប្រឹងប្រែង​ធានា​ថា​ ជន​ស៊ីវិល​មិន​មាន​គ្រោះ​ថ្នាក់។ នេះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញផ្សាយ​ខណៈ​មាន​របាយ​ការណ៍​អំពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ដ៏​ធំ​នៅ​ក្នុង​រដ្ឋ​ Rakhine ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ បាន​ព្រមាន​ថា​ «សភាព​ការណ៍​ថ្មីៗ​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ ជាពិសេស​សម្រាប់​ការ​វិល​ត្រឡប់​ដោយ​ស្ម័គ្រចិត្ត ​សុវត្ថិភាព ​សេចក្តី​ថ្លៃថ្នូរ​ និង​និរន្តរភាព​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ​និង​ជនភៀស​ខ្លួន​ក្នុង​ស្រុក»។​

អ្នក​នាំពាក្យ​ក្រុម​ឧទ្ទាម ​បាន​រាយ​ការណ៍​អំពី​ការ​ប៉ះទង្គិច​គ្នា​រំលោភ​បទ​ឈប់បាញ់​ដែល​បាន​រក្សា​សន្តិភាព​នៅក្នុង​តំបន់​ភាគខាងលិច​តាំង​ពី​មាន​រដ្ឋ​ប្រហារ​ដោយ​របប​យោធា​កាលពី​ខែ​កុម្ភៈ។ ​ប្រទេសនេះ​ មាន​ចលាចល​ចាប់តាំង​ពី​ខែកុម្ភៈ ដោយ​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​អ្នក​ប្រឆាំង​ និង​ការ​ប្រយុទ្ធ​គ្នា​នៅតាម​ព្រំដែន​កើនឡើង​ពាក់ព័ន្ធ​នឹង​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច។​

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.​ ក៏បាន​អំពាវនាវ​ឱ្យ​មាន​«ការផ្តល់ ​និង​ចែក​ចាយ​វ៉ាក់សាំង​កូវីដ១៩ដោយ​សមធម៌ ​សុវត្ថិភាព ​និង​គ្មាន​ការរារាំង​ជំនួយ​មនុស្សធម៌​ដល់​មនុស្ស​ទាំងអស់​ដែល​ត្រូវ​ការ​ជំនួយ»។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា ​«ពួកគេ​បាន​គូស​បញ្ជាក់​ថា ​ទាំងអស់​គ្នា​គួរតែ​អាច​ទទួល​បាន​វ៉ាក់សាំង​ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការគាំទ្រ​ជា​អន្តរជាតិ​កាន់តែច្រើនក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ និង​ពន្លឿន​ការ​ចែកចាយ»។​

ប៉ុន្មាន​ថ្ងៃបន្ទាប់​ពី​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ ​រដ្ឋាភិបាល​យោធា​ បាន​អះអាង​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​បទ​ឈប់បាញ់​ជាមួយ​កងទ័ព Arakan​ ដែល​បាន​ប្រយុទ្ធ​យ៉ាង​បង្ហូរឈាម​ដើម្បី​ស្វ័យភាពជនជាតិ​ភាគតិច​ Rakhine ​នៅ​រដ្ឋ​ Rakhine។​

បទ​ឈប់​បាញ់​នេះ​ អនុញ្ញាត​ឱ្យ​ទាហាន​យោធា​ប្រយុទ្ធ​នឹង​ «កងកម្លាំង​ស្វ័យ​ការពារ»​ក្នុង​ស្រុក​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​ប្រទេស​ ប្រឆាំង​នឹង​យោធា។ ​អ្នក​នាំពាក្យ​កងទ័ព Arakan ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP​ កាលពី​ថ្ងៃពុធ​ថា​ ការ​ប៉ះទង្គិច​គ្នា​បានផ្ទុះ​ឡើង​ បន្ទាប់​ពី​«យោធា​មីយ៉ាន់ម៉ា​បាន​ចូលទៅក្នុង​តំបន់​នោះ។​ ព័ត៌មាន​លម្អិត​អំពី​ជន​រងគ្រោះ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG