ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ចោទប្រកាន់​ចិន​ថា​ ព្យាយាម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​នៅ​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)

លោក Trump មិន​បាន​បង្ហាញ​ភស្តុតាង​ដើម្បី​គាំទ្រ​ដល់​ការ​ចោទប្រកាន់​នេះ​ទេ​ ហើយ​លោក​ក៏​មិន​បាន​បញ្ជាក់​ថា ​ការ​បោះឆ្នោត ​ដែល​ចិន​ដាក់​ជា​គោលដៅ​នោះ​ជា​ការ​បោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ក្នុង​ពេល​ខាងមុខ​ឬ​យ៉ាង​ណា​នោះទេ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ថ្ងៃអង្គារ​បាន​ចោទប្រកាន់​ប្រទេសចិន​ថា​បាន «ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ និង​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​» ដល់​ការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ និង​បាន​គំរាមកំហែង​សងសឹក​ផ្នែកសេដ្ឋកិច្ច​យ៉ាង​ខ្លាំង​នឹង​ឲ្យ​បាន​លឿន​បំផុត​ប្រឆាំង​នឹង​ប្រទេស​នៅ​តំបន់​អាស៊ីខាងកើត​ ហើយ​ប្រសិន​បើ​ចិន​ធ្វើ​ដូច្នេះ​នោះ​ វា​នឹង​ប៉ះពាល់​ដល់​អ្នក​ធ្វើការ​ជនជាតិ​អាមេរិកាំង។

លោក Trump មិន​បាន​បង្ហាញ​ភស្តុតាង​ដើម្បី​គាំទ្រ​ដល់​ការ​ចោទប្រកាន់​នេះ​ទេ​ ហើយ​លោក​ក៏​មិន​បាន​បញ្ជាក់​ថា ​ការ​បោះឆ្នោត ​ដែល​ចិន​ដាក់​ជា​គោលដៅ​នោះ​ជា​ការ​បោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ក្នុង​ពេល​ខាងមុខ​ឬ​យ៉ាង​ណា​នោះទេ។ ការ​ចោទ​ប្រកាន់​របស់​លោក Trumpបាន​ធ្វើ​ឡើង​មួយថ្ងៃ​ ក្រោយ​ពី​ប្រទេសចិន​សន្យា​ថា ​នឹង​ចាត់វិធានការ​ប្រឆាំង​នឹង​ផែនការ​លោក Trumpក្នុង​ការ​យក​ពន្ធគយ​បន្ថែម​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​២០០ពាន់លានដុល្លារ។

ការ​យក​ពន្ធគយ​ថ្មី​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី២៤ខែកញ្ញា​ខាងមុខ​នេះ​ នឹង​ចាប់​ផ្តើម​ពី១០ភាគរយ​ ហើយ​បន្ទាប់​មក​នឹង​ឡើងដ​ល់២៥ភាគរយ​ចាប់​ពី​ថ្ងៃទី១ខែមករា​ឆ្នាំ២០១៩។ ការ​យក​ពន្ធគយ​ថ្មី​នេះ​នឹង​ដាក់​ទៅលើ​ទំនិញ​រាប់ពាន់មុខ ​ដែល​រួមមាន​ គ្រឿង​អេឡិចត្រូនិក​ ម្ហូបអាហារ​ ឧបករណ៍​និង​ប្រដាប់ប្រដា​ប្រើប្រាស់​ក្នុង​ផ្ទះ​ជាដើម។ រដ្ឋបាលលោកTrump​ បាន​លើកលែង​ពន្ធគយ​លើ​ទំនិញ​ជាច្រើន​មុខ​ផ្សេងទៀត​ចេញ​ពី​ការ​កំណត់​ពន្ធគយ​ថ្មី​នេះ​ ដែល​រួមទាំង​នាឡិកាទំនើប​ ឧបករណ៍ប្រើប្រាស់​ Bluetooth​ និងកៅអី​សម្រាប់​ទារក​នៅក្នុង​រថយន្ត​ជាដើម។

រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម​ចិន​កាល​ពី​ថ្ងៃអង្គារ​បាន​ចេញ​សេចក្តីថ្លែងការ​ព្រមាន​ថា​ ខ្លួន​នឹង​ឆ្លើយតប​ទៅ​នឹង​ការ​កំណត់​យក​ពន្ធគយ​ថ្មី​របស់​សហរដ្ឋអាមេរិក​ ដើម្បី​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​នៅ​ទូទាំង​សកលលោក​។ រដ្ឋាភិបាល​ក្រុងប៉េកាំង​កាល​ពី​មុន​បាន​ផ្សព្វផ្សាយ​បញ្ជី​មុខ​ទំនិញ​របស់​សហរដ្ឋអាមេរិក​មាន​តម្លៃ​៦០ពាន់លានដុល្លារ​ ដែល​ប្រឈម​នឹង​ការ​សងសឹក​យក​ពន្ធគយ​ត្រឡប់​ទៅវិញ៕

XS
SM
MD
LG