ដំណាលគ្នាដែលមន្ត្រីជាន់ខ្ពស់កម្ពុជាថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំមហាសន្និបាតអ.ស.ប.លើកទី៧១ កាលពីចុងខែកញ្ញានេះ មន្ត្រីនាំពាក្យរបស់លោកអគ្គលេខាធិការអ.ស.ប. បាន គីម៊ូន បានថ្លែងថា ប្រទេសកម្ពុជាបានចូលរួមក្នុងសកម្មភាពអន្តរជាតិមួយចំនួន ដែលអ.ស.បសម្តែងការពេញចិត្ត។
ក្រៅពីការបញ្ជូនកងទ័ពដោះមីនចូលទៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប.ក្នុងប្រទេសជាច្រើន ប្រទេសកម្ពុជាជាប្រទេសក្រីក្រមួយដែលទើបងើបចេញពីសង្គ្រាម ហើយកំពុងធ្វើការអភិវឌ្ឍន៍ប្រទេសខ្លួនផងនោះ បានចូលរួមអនុម័តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្រុងប៉ារីសលើបញ្ហាប្រែប្រួលអាកាសធាតុ និងសកម្មភាពផ្សេងៗទៀត។
លោកស្រី អ៊ៀរី កាណេកុ (Eri Kaneko) មន្ត្រីនាំពាក្យអ.ស.ប.ម្នាក់ បានថ្លែងប្រាប់ VOA ខេមរភាសានៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអ.ស.ប.ក្នុងទីក្រុងញូវយ៉កថា ការអភិវឌ្ឍន៍នៅកម្ពុជាដែលផ្តោតការយកចិត្តទុកដាក់ទៅលើការភ្ជាប់សន្តិភាពទៅនឹង ការអភិវឌ្ឍន៍នោះគឺជាគំរូមួយ។
«កម្ពុជាគឺជាប្រទេសគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ ការអភិវឌ្ឍន៍សហស្សវត្ស ហើយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ហើយយើងនៅឯអ.ស.ប.ពិតជាអរគុណ ចំពោះការគាំទ្ររបស់កម្ពុជាក្នុងកម្មវិធីនេះ។ ការបំពេញមុខងាររបស់កម្ពុជានេះគឺជាគំរូមួយដែលប្រទេសមួយអាចសម្រេចបានជោគជ័យនៅពេលប្រទេសនោះដាក់ការអភិវឌ្ឍន៍ជាចំណុចស្នូលនៃគោលបំណងរបស់ខ្លួន»។
លោកស្រីបានអះអាងថា ប្រទេសមួយមិនអាចមានការអភិវឌ្ឍន៍ដោយគ្មានសន្តិភាព ហើយក៏មិនអាចមានសន្តិភាពដោយគ្មានការអភិវឌ្ឍន៍បានដែរ។ លោកស្រីថ្លែងយ៉ាង ដូច្នេះទំនងជាយោងទៅលើសន្តិភាពក្នុងប្រទេសកម្ពុជាដែលកើតមានឡើងកាលពីឆ្នាំ១៩៩៩ និងកំណើនសេដ្ឋកិច្ចកម្ពុជាឡើងដល់៧ភាគរយ ជាប្រចាំតាមសន្ទស្សន៍សេដ្ឋកិច្ចដែលអង្គការហិរញ្ញវត្ថុពិភពលោកនានាបានទស្សន៍ទាយ និងកត់ត្រាជាច្រើនឆ្នាំជាប់ៗគ្នាកន្លងមក ក្រោយកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុងរវាងភាគីខ្មែរ។
នៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំមហាសន្និបាតអ.ស.ប.នោះដែរ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាតំណាងឲ្យប្រទេសកម្ពុជាបានថ្លែងពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកសាង ប្រទេសចេញពីអំពើប្រល័យពូជសាសន៍ ខ្មែរក្រហមហើយនឹងសង្គ្រាមរ៉ាំរ៉ៃជាច្រើន ទសវត្សរ៍។
លោកបានអះអាងថា កម្ពុជារងគ្រោះដោយសារសង្គ្រាមក្នុងទសវត្សរ៍១៩៧០ និងរបបប្រល័យពូជសាសន៍ ហើយធនធាន ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លិចបំផ្លាញសឹងតែអស់ដោយពុំបានចូលរួមជាមួយនឹងពិភពលោកទេរហូតទាល់តែឆ្នាំ២០០៦។ តែលោកថាកម្ពុជាបានធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនដល់ទៅ៧ភាគរយ បានកាត់បន្ថយភាពក្រីក្រ ចំនួន១ភាគរយជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៤មក។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែមថា កម្ពុជាបានបញ្ជូនកងទ័ពដោះមីន អ្នកបច្ចេកទេស និងគ្រូពេទ្យចំនួន ៩០០នាក់បច្ចុប្បន្ននេះ ក្នុងចំណោមជាង៣០០០នាក់ ទៅកាន់ប្រទេសជាច្រើនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលីជាដើម ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប.។
«ប៉ុន្តែចុងក្រោយនេះ ១០ឆ្នាំ ចាប់ពីឆ្នាំ២០០៦មក គឺយើងបានរួមចំណែកក្នុងបុព្វហេតុ សន្តិភាពតាមរយៈការបញ្ជូនកងទ័ពមួកខៀវរបស់យើងមកចូលរួមក្នុងបេសកកម្មរក្សា សន្តិភាពរបស់អ.ស.ប.។ ដំបូងបំផុតយើងបានបញ្ជូនក្រុមដោះមីន»។
ក្នុងសុន្ទរកថារបស់លោកជិត២០នាទីដដែល ហើយនឹងការធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA ផ្នែកខេមរភាសា លោកប្រាក់ សុខុន បានថ្លែងប្រាប់ពីការប្តេជ្ញារបស់កម្ពុជាក្នុងការចូលរួមជាមួយនឹងអន្តរជាតិក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ ដោយបញ្ជាក់ថា គណៈរដ្ឋមន្ត្រីកម្ពុជាទើបតែបានអនុម័តលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីដាក់ជូនសភាផ្តល់សច្ចាប័ន។ លោកបានបន្ទរថាការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប្រទេសនានារងគ្រោះដោយទឹកជំនន់ ក្តៅហួតហែងជាងពេលមុនៗ២អង្សារ ខ្វះទឹកប្រើប្រាស់ ភ្លៀងធ្លាក់មិនទៀងទាត់ ការប្រែប្រួលសន្តិសុខស្បៀងនិងគ្រោះមហន្តរាយផ្សេងៗទៀត។
«អញ្ចឹងហើយបានជាឆ្នាំកន្លងទៅនេះថ្នាក់ដឹកនាំពិភពលោកបានសម្រេចកិច្ចព្រម ព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលធាតុអាកាស ហើយប្រទេសកម្ពុជាក៏ជាប្រទេស ដែលបានចុះហត្ថលេខា ជាប្រទេសហត្ថលេខីមួយដែរនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ»។
រីឯលោកស្រី កាណេកុ បានថ្លែងទៀតថា ប្រទេសនានាលើពិភពលោករួមទាំងកម្ពុជាបានប្តេជ្ញាថា នឹងចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាក្តីបារម្ភរបស់ពិភពលោក ហើយថាការសន្យារបស់កម្ពុជាក្នុងការអនុម័តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនេះជារឿងដែលអាចជំរុញឲ្យកិច្ចព្រមព្រៀងនេះបានអនុវត្តឆាប់។
«ហើយយើងសូមអរគុណដល់សកម្មភាពរបស់កម្ពុជា។ យើងសង្ឃឹមថាកិច្ចព្រមព្រៀង ក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនេះ នឹងចូលជាធរមានដើម្បីអនុវត្ត នៅមុនដំណាច់ឆ្នាំ២០១៦នេះ»។
កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនេះនឹងចាប់ផ្តើមអនុវត្តភ្លាម នៅពេលដែលប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥ភាគរយចូលរួម។ តែសេចក្តីត្រូវការចាំបាច់នេះទើបតែបាន៤៨ភាគរយទេមកទល់នឹងបច្ចុប្បន្ននេះ។ អ.ស.ប.មានប្រទេសដល់ទៅ៦០ហើយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនេះ។
ពាក់ព័ន្ធនឹងបញ្ហានយោបាយផ្ទៃក្នុងកម្ពុជា លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានការពារ និងច្រានចោលការចោទប្រកាន់រឿងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការរំលោភសិទ្ធិមនុស្សលើក្រុមជំទាស់ ដោយចាត់ទុកថាជារឿងមិនយុត្តិធម៌នោះទេ សម្រាប់កម្ពុជាដោយសារថា បញ្ហាដែលកើតឡើងចំពោះមន្ត្រីនិងមេដឹកនាំគណបក្សប្រឆាំងគឺ លោក សម រង្ស៊ី និង លោក កឹម សុខា ជាបញ្ហាបុគ្គល មិនមែនជាបញ្ហាបក្សនយោបាយទេ។
«តែគណបក្សរបស់លោកទាំងពីរ គណបក្សសង្គ្រោះជាតិ មិនមានបញ្ហាអ្វីទាំងអស់ គឺគាត់នៅតែដំណើរការធម្មតា សមាជិកផ្សេងទៀតនៅក្នុងគណបក្សសង្គ្រោះជាតិ គឺនៅធ្វើសកម្មភាពធម្មតា ទៅណាមកណាអីធម្មតា មានសិទ្ធសេរីភាពពេញលេញធម្មតា។ អញ្ចឹងយើងអត់មានប៉ះពាល់ទៅដល់គណបក្សទេ ហើយមិនប៉ះពាល់ទៅដល់សមាជិកណាដែលមិនបានប្រព្រឹត្តខុស។ អញ្ចឹងយើងនិយាយតែសមាជិកណាដែលប្រព្រឹត្តខុស»។
តែលោកស្រី កាណេកុ អ្នកនាំពាក្យអ.ស.ប.បានអះអាងថា លោកអគ្គលេខាធិការអ.ស.ប. ឃ្លាំមើលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាយ៉ាងយកចិត្តទុកដាក់ ហើយទទូចឲ្យភាគីនានាបន្តការសន្ទនា។
«ដូចជាលោកអគ្គលេខាធិការបានបញ្ជាក់ ហើយនឹងបន្តបញ្ជាក់គឺថាលោកអគ្គលេខាធិការអ.ស.ប.សូមគាំទ្រចំពោះការពិភាក្សាថ្នាក់ជាតិ ដែលជាស្នូលនៃកិច្ចប្រឹងប្រែងទាំងឡាយ ដើម្បីដោះស្រាយបញ្ហាតាមរយៈមធ្យោបាយអហិង្សារាប់ទាំងជម្លោះនានាផង »។
ភាគីនយោបាយទាំងពីរទើបតែបានចាប់ផ្តើមចូលប្រជុំសភានិងពិភាក្សាគ្នាលើកិច្ចការច្បាប់ ដែលគេបកស្រាយថាជាការចាប់ផ្តើមស្តារឡើងវិញនូវរបបសេរីនិយម ពហុបក្ស បន្ទាប់ពីបានអាក់ខានជាច្រើនខែ ដោយសារគណបក្សនយោបាយទាំងពីរបានបង្កឲ្យ មានអរិភាព រវាងគ្នានិងគ្នាពាក់ព័ន្ធនឹងក្តីក្តាំនៅតុលាការលើមេដឹកនាំក្រុមជំទាស់និង ក្រុមសង្គមស៊ីវិល។
ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយក្នុងប្រទេសកម្ពុជាត្រូវអ្នកវិភាគខ្លះបានលើកទឹកចិត្តឲ្យបន្សល់ទុកមរតករបស់ខ្លួន ហើយដោះស្រាយបញ្ហាវិវាទនយោបាយ ដើម្បីភាពនឹងនរ ការវិលត្រឡប់ទៅរកស្ថានភាពនយោបាយធម្មតាវិញហើយនឹងដើម្បីការអភិវឌ្ឍន៍របស់ប្រទេសដែលទើបទទួលបានសន្តិភាពនិងបញ្ចប់សង្គ្រាមនេះ៕