ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា អ្នក​ធ្វើការ​ផ្នែក​មនុស្សធម៌​ប្រឈម​នឹង​អំពើ​ហិង្សា​ច្រើន​ជាង​មុន


រូបឯកសារ៖ កុមារ​ជនជាតិ​ស៊ីរី​នាំ​គ្នា​ឈរតម្រង់​ជួរ​ដើម្បី​ទទួល​យក​ស្បៀងអាហារ​ដែល​ចែកចាយ​ដោយ​មន្ត្រី​មនុស្សធម៌ នៅ​ព្រំប្រទល់​រវាង​ប្រទេស​ស៊ីរី​និង​ប្រទេស​តួកគី ថ្ងៃ​ទី ៧ ខែកុម្ភៈ ឆ្នាំ​២០១៨។
រូបឯកសារ៖ កុមារ​ជនជាតិ​ស៊ីរី​នាំ​គ្នា​ឈរតម្រង់​ជួរ​ដើម្បី​ទទួល​យក​ស្បៀងអាហារ​ដែល​ចែកចាយ​ដោយ​មន្ត្រី​មនុស្សធម៌ នៅ​ព្រំប្រទល់​រវាង​ប្រទេស​ស៊ីរី​និង​ប្រទេស​តួកគី ថ្ងៃ​ទី ៧ ខែកុម្ភៈ ឆ្នាំ​២០១៨។

អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា អ្នក​ធ្វើការ​ផ្នែក​មនុស្សធម៌​ប្រឈម​នឹង​អំពើ​ហិង្សា​ខ្លាំង​ដល់​កម្រិត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក នៅពេល​ពួកគេ​ហ៊ាន​ប្រថុយ​ជីវិត​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ជន​ស៊ីវិល​រាប់​លាន​នាក់​ដែល​ឋិត​ក្នុង​តំបន់​មាន​វិបត្តិ។ ទិវា​មនុស្សធម៌​ពិភពលោក​ក្នុង​ឆ្នាំ​នេះ​បាន​ផ្តល់​កិត្តិយស និង​ការ​គោរព​ដល់​វីរជន​រាប់ពាន់​នាក់​ទាំង​នេះ។

ទិវា​មនុស្សធម៌​ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​បរិវេណ​អាគារ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ ២០០៣ ដោយ​នៅ​ពេល​នោះ មនុស្ស ២២ នាក់​ត្រូវ​បាន​សម្លាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​លោក Sergio Vieiro de Mello ដែល​ជា​អ្នក​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​អ៊ីរ៉ាក់​ផង​ដែរ។

ចាប់​តាំងពី​ពេល​នោះ​មក អ្នក​ធ្វើការខាង​ផ្នែក​ជំនួយ​មនុស្សធម៌​ជិត ៥ ពាន់​នាក់​ត្រូវ​បាន​សម្លាប់ រង​របួស ឬ​ចាប់​ពង្រត់។ លោក Jens Laerke អ្នក​នាំ​ពាក្យ​នៃ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ បាន​ប្រាប់ VOA ថា អ្នក​ធ្វើការ​ផ្នែក​មនុស្សធម៌​ក្នុង​ឆ្នាំ ២០១៩ បាន​រង​ការ​វាយ​ប្រហារ​ជា​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​តំបន់​មាន​សង្គ្រាម​នៅ​ទូទាំង​ពិភពលោក។

លោក Jens Laerke និយាយ​ថា៖ «កាលពី​ឆ្នាំ​មុន មាន​អ្នក​ធ្វើការ​ផ្នែក​ជំនួយ​មនុស្សធម៌​សរុប​ចំនួន ៤៨៣ នាក់ ដែល​បាន​រង​ការវាយប្រហារ​នៅ​ពេល​បំពេញ​ការងារ។ ក្នុង​ចំណោម​នោះ ១២៥ នាក់​ត្រូវ​បាន​សម្លាប់ ចំនួន​ដូចគ្នា​នេះ​ដែរ​ត្រូវ​បាន​ចាប់​ពង្រត់ និង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របូស»។

អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ការ​វាយ​ប្រហារ​ភាគ​ច្រើន​បាន​កើត​មានឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​បន្ទាប់​មក​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ប្រទេស​អាហ្វហ្គានីស្ថាន និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។

លោក Jens Laerke និយាយ​ថា រាល់​ពេល​ដែល​អ្នក​ធ្វើការ​ខាង​ផ្នែក​ជំនួយ​មនុស្សធម៌​រង​ការ​វាយប្រហា វា​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​ប្រជាពលរដ្ឋ​ដែល​ពួកគេ​ខិតខំ​ជួយ។

លោក Jens Laerke ថ្លែង​ដូច្នេះ​ថា៖ «ភាគច្រើន​នៃ​អ្នក​ធ្វើការ​ផ្នែក​ជំនួយ​មនុស្សធម៌​នៅ​ជួរ​មុខ គឺ​ជា​ពលរដ្ឋ​នៃ​ប្រទេស​ដែល​ពួកគេ​ធ្វើ​ការ​ផ្ទាល់​តែ​ម្ដង ដែល​យើង​ហៅ​អ្នក​ទាំង​នោះ​ថា​ជា​វីរជន​ពិត​ប្រាកដ​នៃ​ទិវា​នេះ។ ជា​រឿយៗ ពួកគេ​ជា​សមាជិក​នៃ​សហគមន៍​ដែល​ពួកគេ​ជួយ។ អ្នក​ខ្លះ​គឺជា​ជន​ភៀសខ្លួន​ដែល​ជួយ​ជន​ភៀសខ្លួន​ដូចគ្នា ឬ​ក៏​ជួយ​ដល់​សហគមន៍​ដែល​ទទួល​ពួកគេ​ឱ្យ​ស្នាក់​អាស្រ័យ។ អ្នក​ខ្លះ​ទៀត​គឺជា​វេជ្ជបណ្ឌិត និង​គិលានុប្បដ្ឋាយិកា​ក្នុង​មូលដ្ឋាន​ដែល​ផ្តល់​សេវា​របស់​ពួកគេ​ដោយ​មិន​គិត​ថ្លៃ»។

លោក Jens Laerke បាន​បន្ថែម​ថា អ្នក​ខ្លះ​ទៀត​គឺ​ជា​អ្នក​ធ្វើការ​ផ្នែក​ជំនួយ​មនុស្សធម៌​អន្តរជាតិ ដែល​ធ្វើការ​ពី​កន្លែង​មាន​វិបត្តិ​មួយ​ទៅ​កន្លែង​មាន​វិបត្តិ​មួយ​ទៀត។

ទីភ្នាក់ងារ​មនុស្សធម៌​នានា​បាន​ព្រមាន​ថា ការ​ផ្តល់​ជំនួយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​កាន់តែ​មាន​គ្រោះថ្នាក់​ជាង​មុន​ដោយសារតែ​មាន​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​កត់ត្រា​អំពី​ឧបទ្ទវហេតុ​ហិង្សា ការ​យាយី ឬ​ការ​មើលងាយ​ជាង ៦០០ ករណី ដែល​កើតឡើង​លើ​បុគ្គលិក​ផ្នែក​សុខាភិបាល អ្នក​ជំងឺ និង​ហេដ្ឋារចនា​សម្ព័ន្ធ​សុខាភិបាល​ទាក់ទិន​នឹង​ករណី​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG