ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ជួយ​ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ឱ្យ​ប្រុង​ប្រៀប​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩


រថយន្ត​ពេទ្យ​ចំនួន​៥​ដែល​បរិច្ចាគ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អ៊ីបូឡា​ចត​នៅ​ខាង​ក្រៅ​បន្ទាប់​ពី​កម្មវិធី​មួយ​ដែល​ចូលរួម​ដោយ​លោក​ប្រធានាធិបតី​សៀរ៉ាឡេអូន Ernest Bai Koroma នៅ​ក្នុង​ក្រុង Freetown ប្រទេស​សៀរ៉ាឡេអូន កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤។

ជំនួយ​ស.រ.អា.​រាប់​រយ​លាន​ដុល្លារ​ត្រូវបាន​​ផ្ទេរ​ទៅ​ឱ្យ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​ដើម្បី​កសាង​មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​ ផ្តល់​ឡាន​ពេទ្យ​  ប្រដាប់​ជួយ​ដក​ដង្ហើម​ ម៉ាស់​និង​ការ​ផ្គត់​ផ្គង់​​បុគ្គលិក​ថែម​ទៀត​ផង។​

នៅ​ពេល​ដែល​ទ្វីប​ អាហ្វ្រិក ​ប្រុង​ប្រៀប​សម្រាប់​អ្វី​ដែល​ពួក​អ្នក​ជំនាញ​និយាយ​ថា​ ​ការ​រាត​ត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​នោះ​រដ្ឋាភិបាល​ស.រ.អា.​ខិតខំ​ព្យាយាម​រក​វិធី​ផ្តល់​ជំនួយ​ដល់​ប្រទេស​ទាំង​នេះ។​ជំនួយ​ទាំង​នេះ​មាន​រួម​បញ្ចូល​ធន​ធាន​សម្រាប់​កិច្ច​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​ដែល​មាន​រួច​ស្រេច​ហើយ​ដូច​ជា​មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​ និង​ឧបករណ៍​ពេទ្យ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​

លោក ​Clarke Cooper ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​នៃ​ការិយាល័យ​កិច្ចការ​នយោបាយ​និង​យោធា​បាន​និយាយ​ថា៖​ «មាន​ការ​ផ្តល់​ឧបករណ៍​ពេទ្យ​ និង​ការ​ហ្វឹក​ហ្វឺន​រួច​ស្រេច​ហើយ​ដល់​ប្រទេស​នានា​ដូច​ជា​ប្រទេស​ហ្កាណា​ប្រទេស​រវ៉ាន់ដា​ប្រទេស​សេណេហ្គាល់​ និង​ប្រទេស​អ៊ូហ្គាន់ដា​សម្រាប់​ការ​ចូល​រួម​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​អន្តរជាតិ... ហើយ​អ្វី​ដែល​យើង​បាន​វាយ​តម្លៃ​គឺ​ថា​នៅ​ពេល​ណា​មាន​ភាព​តឹង​តែង ​ ​យើង​មាន​អ្នក​ដែល​បាន​ទទួល​ការ​ហ្វឹកហ្វឺន​ហើយ​ជាស្រេច​នៅ​នឹង​កន្លែង​នោះ​ផ្ទាល់​តែម្តង​ ជា​ពិសេស​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ។​ យើង​ចង់​បង្កើន​សមត្ថភាព​ទាំង​នេះ។​ យើង​ក៏​ចង់​រំឭក​ដល់​ពួក​ប្រទេស​ជា​ដៃ​គូ​របស់​យើង​ ដូចជា​ប្រទេស​ហ្គាណា​ប្រទេស​រវ៉ាន់ដា​ ប្រទេស​សេណេហ្គាល់​ និង​ប្រទេស​អ៊ូហ្គាន់ដា​ជាដើម​ថា ​ យើង​ជា​មិត្ត​ពិត​ប្រាកដ​មួយ​ចាំ​ជួយ​នៅ​ពេល​មាន​វិបត្តិ។ ​ហើយ​យើង​មាន​មោទកភាព​ជា​ប្រទេស​ទី​មួយ​ដែល​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក»។​

លោក ​ClarkeCooper ​កត់​សម្គាល់​ថា​ នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ស.រ.អា.​ផ្ទេរ​សម្ភារៈ​ផ្គត់​ផ្គង់​ខាង​ការ​ថែ​រក្សា​សន្តិភាព​ទៅ​ជា​សម្ភារៈ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស។​ កាល​ពី​ឆ្នាំ​២០១៤​ ស.រ.អា.​បាន​ធ្វើ​ការ​ឆ្លើយ​តប​ដូច​គ្នា​នេះ​ដែរ​នៅ​ពេល​មាន​ការ​រាតត្បាត​ជំងឺ​អ៊ីបូឡា​ នៅ​ក្នុង​ផ្នែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក។​

លោក​ Cooper​ បាន​មាន​ប្រសាសន៍​ទៀត​ថា៖​ «ប្រសិន​បើ​គេ​ក្រឡេក​មើល​អតីត​កាល​ នៅ​ពេល​មាន​វិបត្តិ​ជំងឺ​អ៊ីបូឡា​កាល​ពី​ឆ្នាំ​២០១៤​នោះ ពេល​នោះ​ក្រសួង​ការ​បរទេស​ និង​ក្រសួង​ការពារ​ជាតិ​ស.រ.អា.​បាន​អនុវត្ត​វិធានការ​សម្រប​តាម​សភាព​ការណ៍ដូចជា​ផ្តល់​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន​ ឡានពេទ្យ​ គ្រឿង​ឧបករណ៍​ព្រមទាំង​កញ្ចប់​សម្ភារៈ​ការ​ហ្វឹក​ហ្វឺន​ដែល​មាន​នៅ​នឹង​កន្លែង​ដែល​រង​ផល​ប៉ះពាល់។​ហើយ​ជា​ការណ៍​ពិត​ការ​ចាត់​ចែង​ទាំង​នោះ​ជា​គម្រូ​មួយ​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ឆ្នាំ​២០២០។​ ដូច្នេះ​៦​ឆ្នាំ​ក្រោយ​មក យើង​អាច​ពិនិត្យ​មើល​បទពិសោធន៍​ដែល​យើង​ប្រើ​ធនធាន​ និង​សម្ភារៈ​ដែល​មាន​នៅ​នឹង​កន្លែង​ជា​ស្រេច​ឬ​ដែល​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ផ្នែក​ខាង​លិច​និង​ប៉ែក​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក​កាល​ណោះ។ ​ដូច្នេះ​វិធានការ​កាល​ពី​ឆ្នាំ​២០១៤​ពិត​ជា​គម្រូ​មួយ​សម្រាប់​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ពេល​នេះ»។​

បន្ថែម​ពីលើ​នេះ​ ស.រ.អា.​បាន​ផ្តល់​ជំនួយ​ទ្វេភាគី​មាន​ទឹក​ប្រាក់​ជិត​២៧០​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសកូរ៉ូណាដោយ​មាន​រួម​បញ្ចូល​ប្រាក់​ជាង​៣០​លាន​ដុល្លារ​សម្រាប់​ប្រទេស​នីហ្សេរីយ៉ា​ ប្រាក់​ជាង​២៦​លាន​ដុល្លារ​សម្រាប់​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ កុងហ្គោ ប្រាក់​ជាង​២៣​លាន​ដុល្លារ​សម្រាប់​ប្រទេស​អេត្យូពី​ និង​ប្រាក់​ជិត​២២​លាន​ដុល្លារ​សម្រាប់​ប្រទេស​ស៊ូដង់​ខាងត្បូង។​

នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​មាន​វិបត្តិ​វីរុស​កូរ៉ូណា​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ទ្វីប​ អាហ្វ្រិក រដ្ឋាភិបាល​ស.រ.អា.​បាន​ផ្តល់​ម៉ាស់​ជិត​៧​សែន​៣​ម៉ឺន​ដល់​ពួក​ពេទ្យ​និង​ប្រដាប់​ជួយ​ដក​ដង្ហើម​ប្រមាណ​១ពាន់​គ្រឿង​ផង​ដែរ។​

នៅ​ពេល​ VOA ​សួរ​លោក​ Clarke Cooper​ ថា​ តើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​នេះ​មាន​ទាក់​ទិន​នឹង​ការ​ថែរក្សា​សន្តិភាព​នៅ​ក្នុង​ទ្វីប​នេះ​ដែល​មាន​អសន្តិសុខ​ឬ​ទេ? ​លោក​បាន​មាន​ប្រសាសន៍​ថា ​«មាន​ច្រើន​ជាង​អ្នកស្រី​គិត​ទៅ​ទៀត។​ លោក​បាន​ថ្លែង​បន្ថែម​ថា៖​ «នេះ​មិន​មែន​ជា​ការងារ​នៃ​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​ធម្មតា​ទេ។​ វា​ជា​ផ្នែក​មួយ​នៃ​វិនិយោគ​ទូលំទូលាយ​ក្នុង​រយៈ​ពេល​យូរ​ក្នុង​វិស័យ​នីមួយៗ។​ យើង​ប្រាកដ​ជា​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា ​ដៃ​គូ​របស់​យើង​មាន​សមត្ថភាព​មិន​មែន​គ្រាន់​តែ​សម្រាប់​អធិបតេយ្យភាព​ និង​កិច្ច​ការពារ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ក៏​ប៉ុន្តែ​ដើម្បី​រក្សា​សមត្ថភាព​របស់​ប្រទេស​ទាំង​នោះ​ក្នុង​ឋានៈ​ជា​ដៃ​គូ​ជាមួយ​យើង​ក្នុង​វិស័យ​សន្តិសុខ​ផង​ដែរ។​ អ្វី​ដែល​យើង​កំពុង​ធ្វើ​នេះ​ផ្តល់​ផល​ចំណេញ​ក្នុង​រយៈ​ពេល​យូរ​សម្រាប់​យើង​ទាំង​អស់​គ្នា។​ ខ្ញុំ​ចង់​និយាយ​ថា ជា​ឧទាហរណ៍​យើង​ចាត់​ទុក​ថាវីរុស​ដូច​ជា​ភេរវកម្ម​ដែរ​គឺ​វា​មិន​ស្គាល់​ព្រំដែន​ទេ។​ វា​មិន​គោរព​ព្រំដែនភូមិសាស្ត្រ​នយោបាយ​ទេ។​ ដូច្នេះវីរុស​អាច​ឆ្លង​ដល់​មនុស្ស​គ្រប់គ្នាហើយ​វា​មិន​អត់​ឱន​ឱ្យ​នរណា​ឡើយ។​ ដូច្នេះ​ការ​អនុវត្ត​ជា​ថ្មី​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន អនុញ្ញាត​ឱ្យ​យើង​ធ្វើ​សកម្មភាព​ទាំង​នេះ​ទៀត មិនមែន​គ្រាន់តែ​រក្សា​សមត្ថភាព​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​យើង​ក៏​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​នៅ​ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ»។

លោក ​Clarke Cooper ​បាន​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​មិន​មែន​ជា​ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ទេ វិធាន​ការ​ទាំង​នេះ​មិន​សូវ​មាន​សារៈ​សំខាន់​ទេ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​និង​នៅ​ទូទាំង​ពិភពលោក៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG