ក្រុមការងារនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានធ្វើទស្សនកិច្ចនៅក្នុងប្រទេសបង់ក្លាដែស បានសន្យានៅថ្ងៃអាទិត្យនេះថា នឹងប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន Rohingaya រាប់សែននាក់ ដែលបានគេចចេញពីអំពើហិង្សាដែលដឹកនាំដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីការទូតដែលបានធ្វើទស្សនកិច្ចទៅកាន់ជំរំដែលជនភៀសខ្លួន Rohingya ប្រហែល ៧ សែននាក់ស្នាក់នៅបណ្ដោះអាសន្នតាមបណ្ដោយព្រំដែន បាននិយាយថា ដំណើរទស្សនកិច្ចរបស់ពួកគេគឺជាឱកាសមួយដើម្បីទៅមើលស្ថានការណ៍នេះផ្ទាល់នឹងភ្នែក។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Dmitry Polyansky បាននិយាយថា លោក និងក្រុមរបស់លោកនឹងមិនធ្វើព្រងើយកន្តើយចំពោះស្ថានការណ៍នេះទេ ក្រោយពីពួកគេបានមើលឃើញដោយផ្ទាល់ភ្នែកមក ទោះបីជាលោកបានរំឭកថានឹងមិនមានដំណោះស្រាយងាយស្រួលសម្រាប់បញ្ហានេះក៏ដោយ។
លោក Dmitry Polyansky បានថ្លែងនៅឯសន្និសីទសារព័ត៌មានមួយនៅជំរំ Kutupalong នៃក្រុង Cox's Bazar យ៉ាងដូច្នេះថា៖ «វាចាំបាច់ខ្លាំងណាស់ក្នុងការមកមើលស្ថានការណ៍នេះដោយផ្ទាល់ភ្នែកនៅក្នុងប្រទេសបង់ក្លាដែស និងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែ យើងមិនមានដំណោះស្រាយបែបមន្តអាគមណាមួយដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះបានទេ»។
ក្រុមការងារនេះនឹងបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃរបស់ពួកគេទៅកាន់ប្រទេសបង់ក្លាដែសនៅថ្ងៃចន្ទស្អែកនេះ ដែលនៅពេលនោះ ពួកគេនឹងចាកចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីការទូតនៃក្រុមការងារនេះមានអ្នកតំណាងមកពីសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនោះគឺប្រទេសចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក រួមទាំងអ្នកតំណាងមកពីសមាជិកមិនមែនអចិន្ត្រៃយ៍ចំនួន ១០ ប្រទេសផ្សេងទៀត៕