ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង់ក្លាដែស​ច្រានចោល​ការ​អះអាង​របស់​មីយ៉ាន់ម៉ា​ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា


លោក Asaduzzaman Khan (រូប​ស្តាំ​ទី២) ស្វាគមន៍​លោក​រដ្ឋមន្ត្រី​លំនៅដ្ឋាន​មីយ៉ាន់ម៉ា Kyaw Swe (រូប​ឆ្វេង​ទី២) នៅ​ក្នុង​ក្រុង​ដាក្កា ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

រដ្ឋាភិបាល​បង់ក្លាដែស​បាន​ច្រានចោល​ការ​អះអាង​របស់​មីយ៉ាន់ម៉ា​ដែល​ថា មីយ៉ាន់ម៉ា​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មួយ​គ្រួសារ​ដំបូង​បង្អស់។

លោក Abul Kalam គណៈកម្មាធិការ​ផ្តល់ជំនួយ​និង​មាតុភូមិនិវត្តន៍​បង់ក្លាដែស​បាន​និយាយ​ថា ក្រុមគ្រួសារ​រ៉ូហ៊ីងយ៉ា​នោះ​មិនដែល​បាន​ឆ្លង​ព្រំប្រទល់​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​នោះ​ទេ។

លោក Kalam បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​អាទិត្យ​ថា «មិន​អាច​ជា​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ឃោសនា​ទៅ​វិញ​ទេ»។​

លោក Asaduzzaman Khan រដ្ឋមន្ត្រី​លំនៅដ្ឋាន​បង់ក្លាដែស​បាន​ថ្លែង​ថា ការ​ប្រកាស​របស់​មីយ៉ាន់ម៉ា​គ្មាន​អ្វី​ទេ គឺ​គ្រាន់​តែ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ​ប៉ុណ្ណោះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា ចំណាត់ការ​នេះ​បាន​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​បញ្ហា​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​នឹង​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​នៅ​មិន​ទាន់​ដោះស្រាយ​នៅឡើយ។

មីយ៉ាន់ម៉ា​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មួយ​គ្រួសារ​ដែល​មាន​សមាជិក​ប្រាំ​នាក់​បាន​បញ្ចប់​ដំណើរការ​ធ្វើ​មាតុភូមិនិវត្តន៍​ហើយ ហើយ​ឥឡូវ​នេះ​កំពុង​តែ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​ជាមួយ​នឹង​សាច់ញាតិ​នៅ​ក្នុង​ក្រុង Maungdaw ក្បែរ​ព្រំប្រទល់​រវាង​មីយ៉ាន់ម៉ា​និង​បង់ក្លាដែស៕

XS
SM
MD
LG