ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​បំភិតបំភ័យ​អ្នក​​ប្រឆាំង​ ​និង​សង្គម​ស៊ីវិល​


រូបឯកសារ៖ ក្រុម​អាជ្ញាធរមាន​សមត្ថកិច្ច​នៅ​ព្រឹកថ្ងៃច័ន្ទ ទី​០៥​ ខែ​កញ្ញា ឆ្នាំ​២០១៦​ ដាក់របាំងសន្តិសុខរារាំងខណៈពេល​ដែល​ការ​ត្រៀម​ដង្ហែរញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់តាមស្ថានទូតនានា​ប្រចាំ​នៅកម្ពុជា។​ (ឡេង ឡែន/VOA)

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ​លោកស្រី​​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​បទដ្ឋាន​អន្តរជាតិ​ស្តីពី​ការ​ជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌ ​ក្នុង​អំឡុង​ពេល​នីតិវិធី​រឿង​ក្តី​ព្រហ្ម​ទណ្ឌ ​រាប់​ទាំង​ការ​ធានា​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌។​

ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ព្រួយបារម្ភ​ពី​ការ​បំភិត​បំភ័យ​គណបក្ស​ប្រឆាំង ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល​ និង​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​កម្ពុជា ​ខណៈ​មានការ​ការ​គំរាម​កំហែង​ពួកគេ​ដោយកម្លាំង​សមត្ថកិច្ច​ និង​តុលាការ​កាន់​តែ​ច្រើន​ឡើង។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៦ ​ខែ​កញ្ញា​ ​ឆ្នាំ២០១៦នេះ លោកស្រី Ravina Shamda Sani ​អ្នកនាំពាក្យ​ឧត្តម​ស្នង​ការ​អ.ស.ប.ផ្នែក​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បង្ក​បរិយាកាស​នយោបាយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៨​ខាង​មុខ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ​លោកស្រីបាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​បទដ្ឋាន​អន្តរជាតិ​ស្តីពី​ការ​ជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌ ​ក្នុង​អំឡុង​ពេល​នីតិវិធី​រឿង​ក្តី​ព្រហ្ម​ទណ្ឌ ​រាប់​ទាំង​ការ​ធានា​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌។​

លោកស្រី​បញ្ជាក់​ថា៖​

«យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​បរិយាកាស​នៃ​ការ​បំភិត​បំភ័យ​កាន់​តែ​ខ្លាំង​ឡើងៗ​ដល់​អ្នក​នយោបាយ ​អ្នកគាំទ្រគណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល ​និង​អ្នក​ធ្វើ​បាតុកម្ម​ដោយសន្តិវិធី​ក្នុង​ប្រទេស​កម្ពុជា»។​

អ្នកនាំ​ពាក្យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប.​រូប​នោះ​ក៏បាន​លើក​ឡើង​អំពី​ការ​បារម្ភ​ក្រោយ​មាន​ការ​ចល័ត​កម្លាំង​ទ័ព​នៅ​ជិតស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​ ការ​ប្តេជ្ញា​របស់​មន្ត្រី​ជាន់ខ្ពស់​កងកម្លាំង​ប្រដាប់​អាវុធ​ការពារ​គណបក្ស​កាន់​អំណាច​ និង​ការ​បិទផ្លូវ​មិន​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ហែ​ញត្តិ​ដាក់​នៅ​តាម​ស្ថានទូត​នានា។ ​លោកស្រី​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចោទ​ប្រកាន់​លោកកឹម សុខា ​និង​សមាជិក​គណបក្ស​ប្រឆាំង​ ព្រមទាំង​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជា​បន្តបន្ទាប់​ផង​ដែរ។​

លោកផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ មាន​ប្រសាសន៍​ថា ​ការ​លើក​ឡើង​របស់​អ្នកនាំ​ពាក្យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្សអ.ស.ប.គឺមិន​ត្រឹមត្រូវ ​និង​ខ្វះ​ភាព​សុច្ចរិត។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្វី​ដែល​គាត់​លើកឡើង​គឺ​ខ្វះ​ភាព​សុច្ចរិត ​ត្រង់​កន្លែងគាត់​អត់​បាន​លើក​ឡើង​អំពី​អង្គហេតុ។ ​ហេតុ​ដូចម្តេច​បានអ្នក​ទាំង​អស់​ហ្នឹង​មាន​បញ្ហា​ជាមួយ​តុលាការ។​ គាត់ត្រូវ​តែមាន​សេចក្តី​ក្លាហាន​ក្នុង​ការផ្តល់​សេវា​កម្ម​សម្រាប់​ប្រជា​ពលរដ្ឋកម្ពុជា​ គឺ​គាត់​មិនមែន​នៅ​ក្នុង​គណបក្ស​ដែល​ប្រឆាំង​ ឬគាត់​មិនមែន​ជាក្រុម​ប្រឆាំង​ជាមួយ​រាជ​រដ្ឋាភិបាល​ទេ។​ គាត់​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល»។​

ការ​លើកឡើងរបស់​អ្នក​នាំពាក្យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប.​នេះ​កើត​ឡើង​ក្រោយ​ពី​មានការ​ហោះ​ហើរ​ឧត្ថម្ភាគចក្រ​ជា​ច្រើន​គ្រឿង ​និង​ការចល័ត​ទ័ព​ជើង​គោក ​ជើង​ទឹក ​ក្បែរ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ ​កាលពី​ថ្ងទី​៣១ ​ខែ​សីហា​កន្លង​ទៅ។​

ចំណែក​នៅថ្ងៃ​ទី៥​ ខែ​កញ្ញា ​សមត្ថកិច្ច​បិទ​ផ្លូវ​ក្បែរ​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ម៉ោង​ជាង​១១​ព្រឹក​ រារាំង​គម្រោង​ហែញត្តិរបស់​គណបក្ស​ប្រឆាំង​ ដើម្បី​ដាក់នៅតាម​ស្ថានទូត​របស់​ប្រទេស​ហត្ថលេខី​សន្ធិ​សញ្ញា​ទី​ក្រុង​ប៉ារីស​ សុំ​ឲ្យ​ជួយ​ការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា៕​

XS
SM
MD
LG