ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​កំពុង​ងាក​ទៅ​រក​ស្ថានភាព​មុន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ដែល​ពលរដ្ឋ​គ្មាន​សិទ្ធិ​សេរីភាព​


រូប​ឯកសារ៖ ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្ដដា​ ឆ្នាំ ២០១៦​នេះ។​ សពអ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី​ ត្រូវ​​យក​ទៅ​បូជា​នៅ​ឯស្រុក​កំណើត​របស់​លោក​នៅ​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។ លោក​ កែម​ ឡី​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី១០​ ខែ​កក្កដា​កន្លងទៅ​នេះ។ ​(ឡេង ឡែន/VOA)

នៅ​មុន​ឆ្នាំ​១៩៩៣​ ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​តាម​លទ្ធិ​កុម្មុយនិស្ត​ ដែល​ពុំ​បាន​ផ្តល់​សិទ្ធិ​ពល​រដ្ឋ​ក្នុង​ការ​និយាយ​ប្រឆាំង​គោល​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ដ៏​ឆ្អិន​ឆ្អៅ​នោះ​ទេ។​

សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​នៅ​ប្រទេស​កម្ពុជា​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំង​អំពីការ​គាបសង្កត់​សិទ្ធិ​សេរី​ភាព​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ការ​សម្ដែង​មតិ​ដោយ​អហិង្សា​ តែ​ត្រូវ​អាជ្ញាធរចាប់​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់។​

ពួក​គេ​និយាយ​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​វិល​រក​ស្ថានភាព​មុន​ឆ្នាំ​ ១៩៩៣​ ប្រសិន​បើ​អំពើ​ចាប់​ឃុំ​ខ្លួន​នេះ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​នោះ។​ ពួកគេ​បញ្ជាក់​បន្ថែម​ទៀត​ថា​ កម្ពុជា​ក៏​អាច​នឹង​វិល​ទៅ​រក​របប​នយោបាយ​ចាស់​របស់​ប្រទេស​ភូមា​ ឬ មីយ៉ាន់ម៉ា​ ដែល​ធ្លាប់​គ្រប់​គ្រង​ដោយ​ក្រុម​យោធា។​

ក្តី​បារម្ភ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គមនេះកើត​មាន​ឡើង​ នៅ​ស្រប​ពេល​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​មានគោលដៅទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ចោទ​ចំនួន​ប្រាំរូប​ ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​របស់សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ និង​ការ​ទាមទារយុត្តិធម៌​ជូន​លោក​ ​កែម ឡី​ អ្នក​វិភាគ​នយោបាយដ៏​សំខាន់​របស់​កម្ពុជា​ ដែល​ត្រូវ​ខ្មាន់​ភ្លើង​បាញ់​ស្លាប់​កណ្តាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដាកន្លង​ទៅ​ជាដើម។​

ក្រុម​អ្នក​រៀប​ចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទពណ៌ខ្មៅ​ យ៉ាង​ហោច​ណាស់​ប្រាំមួយ​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទី​តាំងដាច់​ដោយឡែក​ពី​គ្នា​ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ។​ លោក​ស្រី ​ទេព​ វន្នី ជ័យ​លាភី​រង្វាន់​ស្ត្រីជា​អ្នក​ដឹក​នាំរបស់​អង្គការ​ Vital Voices​ និង​ជា​សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់​ ក៏​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ដែរ។​

អ្នកស្រី​ ទេព វន្នី តំណាង​សហគមន៍​បឹង​កក់​ថ្លែង​នៅ​ក្នុងយុទ្ធនាការ​«​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​»​នៅ​ថ្ងៃ​ច័ន្ទ ទី​០១ ខែ​សីហា​ ឆ្នាំ​២០១៦​ ដើម្បី​គោរពវិញ្ញាណក្ខន្ធ​សព​អ្នក​វិភាគ​ការអភិវឌ្ឍន៍​សង្គម​លោក ​កែម​ ឡី​ ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​ និង​ឲ្យ​មាន​ការ​ដោះលែង​មន្រ្តី​សិទ្ធិមនុស្ស​ចំនួន​បួន​រូប និង​មន្រ្តី​ គ.ជ.ប មួយរូប​ដែល​ជាប់​ពន្ធនាគារ​តាំង​ពី​ដើម​ខែ​ឧសភា​កន្លង​មក​។ (ឡេង​ឡែន/VOA)
អ្នកស្រី​ ទេព វន្នី តំណាង​សហគមន៍​បឹង​កក់​ថ្លែង​នៅ​ក្នុងយុទ្ធនាការ​«​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​»​នៅ​ថ្ងៃ​ច័ន្ទ ទី​០១ ខែ​សីហា​ ឆ្នាំ​២០១៦​ ដើម្បី​គោរពវិញ្ញាណក្ខន្ធ​សព​អ្នក​វិភាគ​ការអភិវឌ្ឍន៍​សង្គម​លោក ​កែម​ ឡី​ ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​ និង​ឲ្យ​មាន​ការ​ដោះលែង​មន្រ្តី​សិទ្ធិមនុស្ស​ចំនួន​បួន​រូប និង​មន្រ្តី​ គ.ជ.ប មួយរូប​ដែល​ជាប់​ពន្ធនាគារ​តាំង​ពី​ដើម​ខែ​ឧសភា​កន្លង​មក​។ (ឡេង​ឡែន/VOA)

លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​ VOA​ កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ​សកម្មភាព​យាយី​លើ​អ្នក​ប្រឆាំងអំពើ​អយុត្តិធម៌​សង្គម ​អាច​នឹង​ទាញ​កម្ពុជា​ឲ្យ​ដើរ​ថយ​ក្រោយ​ត្រឡប់​ទៅ​របប​គ្រប់គ្រង​មុន​ឆ្នាំ​១៩៩៣​ ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​មិន​បញ្ឈប់​សកម្ម​ភាព​នេះ​ទេ។​

«ទៅ​អនាគត​ វា​អាច​ឈាន​ចូល​ទៅ​ដល់​ប្រទេស​កម្ពុជា​យើង​វិល​ទៅ​រក​របប​មុន​ឆ្នាំ​១៩៩៣​ ឡើង​វិញ​ បើ​សិន​ជា​នៅ​តែ​មិន​មាន​ការ​ផ្តល់​សិទ្ធិ​សេរីភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​គ្រប់​គ្រាន់​ ​ពង្រឹង​នីតិ​រដ្ឋ​ក៏​ដូច​ជា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ បាទ»។​

លោក​ អំ សំអាត​ ប្រធានការងារបច្ចេកទេសស៊ើប​អង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ
លោក​ អំ សំអាត​ ប្រធានការងារបច្ចេកទេសស៊ើប​អង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ

លោក​ថ្លែង​បន្ត​ថា​ រដ្ឋាភិបាល​មិន​អាច​រក្សា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ ដោយ​មិន​ស្តាប់​ការ​ផ្តល់​យោបល់​ពី​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ ដែល​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​យាយី​ការ​អនុវត្ត​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ ដែល​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​នោះ។​

លោក​បញ្ជាក់​ទៀត​ថា​ រាជរដ្ឋាភិបាល​មិន​អាច​មក​គាបសង្កត់​ប្រជា​ពលរដ្ឋ​របស់ខ្លួន​តាម​រយៈ​ការ​បណ្ដោយ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ក្រុម​ជំទាស់ ​ដោយសារ​តែ​មាន​ការជួយ​ជ្រោមជ្រែង​ខ្លាំងក្លា​ពី​ប្រទេស​ចិន​ ទាំង​វិស័យ​សេដ្ឋកិច្ច​ និង​យោធានោះ​ទេ។ ​លោក​មាន​ប្រសាសន៍​ថា​ ប្រទេស​ដែល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បាន​រក្សា​ការ​ឃ្លាំ​មើល​ទង្វើ​របស់​រដ្ឋាភិបាល​ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៀត​សោតក៏​មិន​ព្រម​បោះ​បង់​សិទ្ធិ​របស់​ពួក​គេ​ដែរ។​

«លោក​បណ្ឌិត​កែម​ ឡី​ ​យើង​ឃើញ​ហើយ​ ប្រជា​ពលរដ្ឋ​ជិត​២​លាន​នាក់​ដែល​ងើប​ឡើង​នេះ​មិនមែន​ជា​ការ​ចូលរួម​ទេ​ ក៏​ជា​ការ​បង្ហាញ​ក្នុង​ការ​ទាម​ទារ​រក​ភាព​យុត្តិធម៌ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង​ផង​ដែរ​បាទ»។​

នៅ​មុន​ឆ្នាំ​១៩៩៣​ ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​តាម​លទ្ធិ​កុម្មុយនិស្ត​ ដែល​ពុំ​បាន​ផ្តល់​សិទ្ធិ​ពល​រដ្ឋ​ក្នុង​ការ​និយាយ​ប្រឆាំង​គោល​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ដ៏​ឆ្អិន​ឆ្អៅ​នោះ​ទេ។​ ​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ​គឺ​មាន​ដែន​កំណត់​ និង​មិន​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ជជែក​រឿង​នយោបាយ​នោះ​ឡើយ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​
លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​

លោក មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ​យល់​ថា​ ​កម្ពុជា​អាច​នឹង​វិល​ទៅ​រក​របប​យោធា​ ក្នុង​កាលៈទេសៈ​ដែល​ការ​ចាប់​ឃុំខ្លួន​នេះ​នៅ​តែ​បន្ត​ និង​ក្នុង​ពេល​ដែល​សំឡេងគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាធ្លាក់​ចុះ​ ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

«អាហ្នឹង​វា​ វានឹងចេញ​ទៅ​ច្រក​ហ្នឹង​ហើយ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​ពិចារណា​ឡើង​វិញ​ ព្រោះ​អី​កាលណា​ ឧបមា​ថា​ ថ្ងៃ​ច័ន្ទ​ហ្នឹង​ចាប់​ពីរបី​ ​ដល់​ពេល​ថ្ងៃ​ច័ន្ទ​ក្រោយ​ បើ​មាន​ទៀត​ចាប់​ពីរ​ បីទៀត​ បាទ។ ​ដល់​យូរៗ​ទៅ​ វា​ទៅ​ជា​ការ​ចាប់​អ្នក​អាវ​ខ្មៅ​ហ្នឹង​ ​វា​ចាប់​រាល់​អាទិត្យ ហើយ​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ក៏​ចាប់​ហ្នឹង​បែប​មើល​ដែរ​ ថា​តើ​ចាប់​ពេល​ហ្នឹង​ តើ​ថ្ងៃ​ច័ន្ទ​ក្រោយ ស្រក​ស្រុតទៀត​ដែរ​ឬ​អត់?»​

លោក​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា​ សកម្មភាព​ឃាត់​ខ្លួន ​និង​ការ​ប្រឹង​ប្រែង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ហើយ​ថា​ នយោបាយ​កម្ពុជា​សព្វថ្ងៃ​បាន​មក​ដល់​ផ្លូវទាល់​មួយ ដែល​ជំរុញឲ្យ​រដ្ឋាភិបាល​មិន​អាច​រក​ដំណោះ​ស្រាយ​ដល់​វិបត្តិ​សង្គម​សព្វ​ថ្ងៃ​បាន​ មានតែ​ការ​ចាប់​ចង​ និង​ឃុំ​ខ្លួន​តែ​ប៉ុណ្ណោះ។

«យើង​មើល​ទៅ​វា​ហាក់​ដូច​ជា​នយោបាយ​ខ្មែរ​យើង​នេះ​ វា​ដល់​កន្លែង​មួយ​ គឺ​យើង​ទាល់​ច្រក​ក៏​ថា​ បាន​ដែរ​ បើ​តាម​ទស្សនៈ​របស់​ខ្ញុំ។​ ​ទាល់​ច្រកត្រង់​ថា​ មិន​មាន​ដំណោះ​ស្រាយ​អី​ក្រៅ​ពី​រឿង​គំរាមកំហែង​ ហើយ​និង​ចាប់​ខ្លួន។​ ការ​តវ៉ា​ទាំង​ឡាយ​លែង​មាន​ប្រសិទ្ធ​ភាព​ លែង​មានការ​ចូល​មក​ដោះ​ស្រាយ​ ហើយ​វា​ទៅ​ជា​រឿង​ហ្នឹង​គឺ​ជា​រឿង​ឲ្យ​តែ​ធ្វើ​អី​ដែល​មិន​សូវ​សម​ គេ​ចាប់​ ហើយ​ចាប់​យក​ទៅ​ដាក់​គុក​អី​អញ្ចឹងទៅ​ ដល់​ពេល​អញ្ចឹងទៅ​ រដ្ឋាភិបាល​ហ្នឹង​ហើយជា​អ្នក​ដែល​ត្រូវ​ខូច​ឈ្មោះ​ ដែល​ត្រូវ​ទទួល​រង​នូវ​ការ​រិះគន់​ពី​អន្តរជាតិ»។​

នៅ​មុន​ការ​ឃាត់​ខ្លួន​កាល​ពីថ្ងៃ​ច័ន្ទ ​លោកស្រី​ ទេព វន្នី​ បាន​ប្រាប់​ VOA ​ថា​ ក្រុម​តស៊ូ​មតិ​របស់​លោក​ស្រី​មាន​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដែរ​ តែ​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាលអាក្រក់​ខ្លាំង​ពេក​ ក្រុម​អ្នកស្រី​ក៏​បន្ត​ការ​តវ៉ា​ទាំង​ដឹង​ថា រាល់​សកម្មភាព​របស់​ក្រុម​អ្នកស្រី​ត្រូវ​គេ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​នោះ។​

លោក​ស្រី​និយាយ​ថា៖​

«រាល់​ថ្ងៃ​ហ្នឹង​យើង​ចង់​និយាយ​ថា​អញ្ចេះ​ គេ​ចង់​ឲ្យ​យើង គេ​វាស់​ម៉ែត្រ​ឲ្យ​យើង​ដើរ។​ ហើយ​គេ​ក៏​គេ​ឲ្យ ​សេរីភាព​យើង​សម្រេច​លើ​គេ​ ក្នុង​កា​រ​ដក​ដង្ហើម​របស់​យើង​ដែរ​ គេ​ចង់ឲ្យ​យើង​ដើរសេរីភាព​ ដើរ​បានប៉ុណ្ណា​ ប៉ុណ្ណឹង។​ គេ​ចង់​ឲ្យ​យើង​ដក​ដង្ហើម​បាន​រយៈ​ពេល​ប៉ុន្មាន​ ​គឺ​ប៉ុណ្ណឹងគឺ​សម្រេច​លើ​គេ​អី​អញ្ចឹងច៎ា»។​

ក៏​ប៉ុន្តែ​ លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ថា​ រដ្ឋាភិបាល​មិន​បាន​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែងមតិ​នោះ​ទេ​ តែ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នោះ​គឺ​ការ​អនុវត្ត​ច្បាប់។​ លោក​អះអាង​ថា​ ការ​អនុវត្ត​ច្បាប់​នេះមិន​អាច​ធ្វើឲ្យខូច​មុខ​មាត់​រដ្ឋាភិបាល​នោះ​ទេ។​

«យើង​មាន​ច្បាប់​ទម្លាប់​របស់​យើង។​ យើង​អនុវត្ត​ច្បាប់​យើង។​ ខូច​មុខ​ ខូចមាត់​អី! ចង់​ឲ្យ​មុខ​មាត់​ល្អ​ម៉េច​ បើ​សិន​មុខ​មាត់​ល្អ​ខាង​ក្រៅ​ តែ​នៅ​ខាង​ក្នុងជួប​សង្គ្រាម​ផ្ទៃ​ក្នុង​ម៉េច​ទៅ?​ ឧទាហរណ៍​គណបក្ស​ប្រឆាំង​ គេ​ចង់​ឲ្យ​មាន​ការស្អី​ ដែល​ហៅ​ថា​ បដិវត្តន៍​ពណ៌​អី​អញ្ចឹង ហើយ​បែកបែក​ផ្ទៃ​ក្នុង។ វា​មិន​ល្អ​ទេ។​ សុខចិត្ត​ឲ្យ​ប្រទេស​សន្តិភាព​អញ្ចឹងទៅ​ ហើយ​នរណា​ថា​អីថា​ទៅ! ​ សេដ្ឋកិច្ច​ដើរ​រីកចម្រើន​អី​អញ្ចឹងទៅ​ហ្នឹង។​ ប៉ុន្តែ​វា​មាន​ប៉ះពាល់​អី​ទៅ​ដល់​មុខមាត់? ​សំខាន់​ក្រពះ​យើង»។​

នៅ​ក្នុង​ទិដ្ឋភាព​រក្សា​អំណាច​វិញ​ លោក អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​នៅ​មាន​ជំនឿ​ថា​ រដ្ឋាភិបាល​នៅ​តែ​មាន​ការ​បារម្ភ​ជ្រុល​ហួសហេតុ​អំពី​ការ​ផ្ទុះ​ឡើង​នូវ​បដិវត្តន៍​ ហើយ​ក៏​សម្រេច​ចិត្ត​តាម​ប្រមាញ់​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ។​

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក​និយាយ​ថា​ ការ​តាម​ចាប់​ឃុំ​ខ្លួន​នេះ​ ក៏​មិន​ចំណេញ​ដល់​រដ្ឋាភិបាល​ផង​ដែរ​ ហើយ​ទង្វើ​នេះ​ក៏​កំពុងស្ថិត​ក្នុង​ក្រសែភ្នែក​របស់​យុវជន​ ដែល​បច្ចុប្បន្ន​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល មិន​ដូច​កម្ពុជា​កាល​ពី​អតីត​កាល​នោះ​ទេ។​

«ខ្ញុំ​មើល​ថា​ ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ជា​មូលហេតុ ដោយសារ​អញ្ចឹងទៅ​ ការ​ព្រួយ​បារម្ភ​ជ្រុល​ គាត់​ទៅ​ធ្វើ​ប្រតិកម្ម​បែប​ការ​គាបសង្កត់​ ឬ​មួយ​ក៏​ការ​ចាប់​ខ្លួន គឺ​ធ្វើ​ឲ្យ​ខាត​មុខមាត់​កម្ពុជា​ ខាត​ទៅ​លើ​ ខ្ញុំ​មើល​ទៅ ​ខាត​ទៅ​លើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ហើយ​មាន​ការ​រិះគន់​ ជាពិសេស​ប្រជា​ពលរដ្ឋ​ ជាពិសេស​គឺ​ក្មេងៗ​ ​ធ្វើ​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ច្រើន​ ហើយ​ដោយសារ​អញ្ចឹងហើយ​ ខ្ញុំ​មិន​ឃើញ​ចំណេញ​អីសម្រាប់​គណបក្ស​កាន់​អំណាច​នោះ​ទេ​ បាទ»។​

ថ្វី​ត្បិត​តែ​មាន​ការ​លើក​ឡើង​នានា​អំពី​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ដោយការ​បង្ក្រាប​សកម្មជន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នៅ​រាជធានី​ភ្នំពេញក៏ដោយ​ ​ក៏​លោកមាន ចាន់យ៉ាដា​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​នេះ​បន្ត​ទៀត​ទេ។

ឆ្លើយ​ទៅ​នឹង​សំណួររបស់​ VOA ថា ​តើ​អាជ្ញាធរ​នឹង​បន្តចាប់​ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​នា​ថ្ងៃ​ច័ន្ទ​ក្រោយ​នេះ​ដែរ​ឬទេ​ លោកមាន ចាន់យ៉ាដា ​មាន​ប្រសាសន៍​ថា៖​

«ហ្នឹង​មិន​មែន​ជា​រឿង​ចាប់​បន្ត​ទេ​ អា​នេះ​ជា​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល​ ហើយ​បងប្អូន​ដដែលៗ​ហ្នឹង​នៅតែ​ចចេះធ្វើ​នូវ​ការ​ងារ​ហ្នឹង។​ យើង​គ្រាន់​តែ​ជា​ការ​អនុវត្ត​វិធាន​ការ​រដ្ឋបាល​ និង​វិធាន​ការ​ច្បាប់​តែ​ប៉ុណ្ណោះ​ ដើម្បី​ថែរក្សា​សន្តិសុខ​ ស្ថិរភាព​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ ក៏​ដូច​ជា​នៅ​ក្នុង​ទូទាំង​ប្រទេស»។​

នៅ​ក្នុង​ការ​គ្រប់​គ្រង​តាម​បែប​យោធា​ដែល​ធ្លាប់​កើត​មាន​នៅ​ប្រទេស​ភូមា​ ហើយដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​ថៃ​ ​ ការ​ជួបជុំ​សម្តែង​មតិ​ប្រឆាំងនឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ហាម​ឃាត់​ ឬ​ចាប់​ខ្លួន​អ្នក​ធ្វើ​ចលនា​បាតុកម្ម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​សង្គម​ស៊ីវិល​ដែល​បំពេញ​ការងារ​ក្នុង​ប្រទេស​ទាំង​នោះ។​

​ក្រុម​អ្នកវិភាគ​នយោបាយ​កម្ពុជា​និយាយ​ថា ​កម្ពុជា​នឹង​មិន​វិលទៅ​របប​នយោបាយ​គ្រប់​គ្រង​ដោយ​យោធា​នោះ​ទេ ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​ហ៊ាន​ទទួល​ស្គាល់​ការណ៍​ពិត​នៃ​លទ្ធផល​បោះឆ្នោត​នា​ឆ្នាំ​២០១៨៕​

XS
SM
MD
LG