ទោះជាមានការរិះគន់ធ្ងន់ៗពីក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិចំពោះការចាប់ឃុំខ្លួនសកម្មជនក្នុងសហគមន៍បឹងកក់ចំនួនពីររូបយ៉ាងណាក្តី តុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនទាំងពីរនាក់នោះ ដោយមិនឲ្យមេធាវីមានពេលគ្រប់គ្រាន់ក្នុងការតស៊ូក្តី។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទនេះ បានសម្រេចផ្តន្ទាទោស អ្នកស្រីទេព វន្នី ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices និងអ្នកស្រីបូវ សោភា ពីបទ«ប្រមាថមន្ត្រីរាជការសាធារណៈ» ឲ្យជាប់ពន្ធនាគារចំនួន៦ថ្ងៃ ទាក់ទងនឹងការតវ៉ាអហិង្សាក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ រៀបចំឡើងកាលពីថ្ងៃច័ន្ទសប្តាហ៍មុន។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ និងសកម្មជនសិទ្ធិលំនៅដ្ឋាននៅក្នុងសហគមន៍បឹងកក់។
ការផ្តន្ទាទោសសកម្មជនសិទ្ធិលំនៅដ្ឋានទំាងពីរនាក់នេះកើតមានឡើង បន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ទាមទារឲ្យមានការដោះលែងសកម្មជនទាំងពីរនាក់នេះជាបន្ទាន់។
សេចក្តីថ្លែងការណ៍អង្គការការពារសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា បន្ទាប់ពីការពិភាក្សាប្រហែលជា១៨នាទី ក្រោយពីការជំនុំជម្រះរយៈពេលជាង៩០នាទី លោកពេជ្រ វិជ្ជាធម៌ ចៅក្រមជំនុំជម្រះបានសម្រេចប្តូរការចោទប្រកាន់ ដោយចោទអ្នកទាំងពីរពីបទប្រមាថមន្ត្រីរាជការសាធារណៈវិញ ដោយមិនមានការព្រៀងទុកជាមុន តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អង្គការការពារសិទ្ធិមនុស្សលីកាដូបានបន្តនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា បន្ទាប់ពីការធ្វើបទបង្ហាញការពារកូនក្តីជំទាស់នឹងការចោទប្រកាន់ពីបទញុះញង់ មេធាវីការពារមិនត្រូវបានផ្តល់ឱកាសដើម្បីការពារកូនក្តីជំទាស់នឹងបទប្រមាថមន្ត្រីរាជការសាធារណៈ ដែលចៅក្រមទើបបានផ្លាស់ប្តូរយកមកធ្វើការចោទប្រកាន់នោះទេ។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា នេះជាការរំលោភសិទ្ធិជនជាប់ចោទ ដែលចៅក្រមត្រូវតែផ្តល់ពេលវេលាគ្រប់គ្រាន់ និងភស្តុតាងទៅដល់មេធាវីដើម្បីឲ្យភាគីចុងចោទមានអាចរៀបចំការការពារកូនក្តី។
អ្នកស្រីស៊ា ណារ៉េត វ័យ៥៨ឆ្នាំ សកម្មជនសិទ្ធិលំនៅដ្ឋាននៅក្នុងសហគមន៍បឹងកក់ បានប្រាប់ VOA ថា ការផ្តន្ទាទោសនេះបានបង្ហាញការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីបន្ថែមថា ការផ្តន្ទាទោសនេះមិនអាចប្តូរជំហររបស់សកម្មជនក្នុងតំបន់បឹងកក់ប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនោះទេ។
«អត់រាដាច់ខាត គឺត្រូវតែធ្វើ បើអញ្ចឹងពួកយើងអត់មានទេសិទ្ធិសេរីភាពត្រូវគេបង្ក្រាបបាន»។
VOA មិនអាចទាក់ទងទាំងលោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងលោកពេជ្រ វិជ្ជាធម៌ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានទេ នៅរសៀលថ្ងៃច័ន្ទនេះបានទេ។
ការឃុំខ្លួនសកម្មជនទាំងពីរនាក់នេះក៏រងការរិះគន់ពីប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅក្នុងប្រទេសអូស្តា្រលីផងដែរ។ ក្រោយពីវេទិកាសាធារណៈមួយស្តីពីការស្លាប់របស់លោកកែម ឡី អ្នកវិភាគនយោបាយដ៏សំខាន់របស់កម្ពុជា លោកជា យូហន ប្រធានសមាគមខ្មែរនៅ Victoria នៅក្នុងប្រទេសអូស្ត្រាលី បានប្រាប់ VOA កាលពីថ្ងៃសៅរ៍ថា រាជរដ្ឋាភិបាលកម្ពុជាត្រូវបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្រមូលផ្តុំជួបជុំគ្នាតវ៉ាដោយអហិង្សា។
លោកនិយាយថា ការបន្តគាបសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការធ្វើចលនាតវ៉ាទាមទារយុត្តិធម៌ដោយអហិង្សានោះ នឹងមិនអាចអនុញ្ញាតឲ្យរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឋិតថេរបានយូរនោះទេ។ លោកអះអាងថា ការស្លៀកពាក់ពណ៌ខ្មៅរបស់ក្រុមសកម្មជនបឹងកក់មិនមែនជាចលនាបដិវត្តន៍ពណ៌ ដូចការចោទប្រកាន់របស់មន្ត្រីរដ្ឋាភិបាលរបស់លោកហ៊ុន សែនមួយចំនួននោះឡើយ។
«យើងត្រូវឲ្យដឹងថា ប្រទេសណាក៏ដោយគឺអាស្រ័យទៅលើប្រជាជន បើកាលណាប្រជាជន ស្រឡាញ់គឺរដ្ឋាភិបាលហ្នឹងអាចនៅបានយូរ។ ប៉ុន្តែបើប្រជាជនមិនស្រឡាញ់ទេ រដ្ឋាភិបាល ហ្នឹងមិនអាចនៅបានយូរទេ។ ដូច្នេះខ្ញុំយល់ឃើញថា លោកហ៊ុន សែន គួរតែមើល គួរតែមើលផងដែរ តើប្រជាជនខ្មែរហ្នឹង តើឥឡូវវាយ៉ាងម៉េច?»
រីឯលោកអៀ គឹមស្រង ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី បានហៅចលនាយុទ្ធនាការស្លៀកពាក់ខោអាវខ្មៅនេះថា ជាបដិវត្តន៍នៃការផ្លាស់ប្តូរចិត្តគំនិត មិនមែនចលនាបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលនោះទេ។
«ពាក្យថា បដិវត្តន៍ ពាក្យសម្តីតែងតែមានហើយ ក៏ប៉ុន្តែបើយោងនៅក្នុងបដិវត្តន៍សម្រាប់ធ្វើសង្គ្រាម ប្តូរផ្លាស់នៅក្នុងរបបអីមួយ វាមិនអាចទៅរួចទេ។ ក៏ប៉ុន្តែអានេះគ្រាន់តែជាមូលហេតុនៃការចោទប្រកាន់។ ចង់ចោទប្រកាន់ដាក់កំហុសលើគេ ចេះតែចោទទៅ។ តែវាមិនអាចទៅជាបដិវត្តន៍ប្តូរផ្លាស់ ធ្វើសកម្មភាព ដូចជារដ្ឋប្រហារ ដូចជាស្អីៗ វាមិនអាចទៅរួចទេ»។
អាជ្ញាធរខណ្ឌដូនពេញ កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា បានចាប់ខ្លួនសកម្មជនដីធ្លីយ៉ាងហោចណាស់ប្រាំមួយនាក់ តែមានមនុស្ស៤នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ លោកស្រី ទេព វន្នី និងអ្នកស្រីបូវ សោភា ស្ថិតក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួនទាំងអស់នោះ។ ស្រ្តីជនជាតិអេស្ប៉ាញម្នាក់ទៀតគឺនាងម៉ាហ្គា ប៊ូហូសា សេហ្គាដូ (Marga Bujosa Segado) ដែលចូលរួមឃ្លាំមើលការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក៏ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន រួចបណ្តេញចេញពីប្រទេសកម្ពុជាភ្លាមៗកាលពីសប្តាហ៍មុនផងដែរ។
អង្គការសិទ្ធិមនុស្ស Human Rights Watch និងអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន៦០ កាលពីសប្តាហ៍មុន បានស្នើសុំឲ្យទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនសិទ្ធិលំនៅដ្ឋានតំបន់បឹងកក់ចំនួនពីររូបគឺលោកស្រី ទេព វន្នី និងអ្នកស្រីបូវ សោភា នៅក្នុងសំណុំរឿងការធ្វើ«យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ» តាមបែបអហិង្សាហើយដែលរដ្ឋាភិបាលយល់ថា ជាចលនានៃការធ្វើបដិវត្តន៍។
នៅមុនការចាប់ឃុំខ្លួន លោកស្រីទេព វន្នី បានប្រាប់ VOA កាលពីថ្ងៃច័ន្ទសប្តាហ៍មុនថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមានគោលបំណងទាមទាររកយុត្តិធម៌ដល់ការដាក់ឃុំឃាំងមនុស្សប្រាំរូបដែលជាសកម្មជនសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងរកយុត្តិធម៌សម្រាប់លោកកែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់កណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា។
យុទ្ធនាការនេះក៏មានគោលបំណងស្វែងរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅទូទាំងប្រទេសកម្ពុជាផងដែរ។ ការធ្វើបដិវត្តន៍ពណ៌មិនមែនជាគោលបំណងនៃការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះទេ។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកនយោបាយគណបក្សប្រឆាំងមួយចំនួនបានបន្តស្លៀកពាក់ខោអាវខ្មៅដដែលនៅថ្ងៃច័ន្ទនេះ។ តែពួកគេមិនបានចេញមកប្រមូលផ្តុំគ្នាក្នុងទីសាធារណៈណាមួយនោះឡើយ៕