ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​លឺ ឡាយ​ស្រេង​ ត្រូវ​បាន​កាត់​ទោស​ពី​បទ​បរិហារកេរ្តិ៍​លោក​ ​ហ៊ុន សែន​ និង​ប្រមាថ​ព្រះ​ជេស្តា​ព្រះ​មហាក្សត្រ


រូបឯកសារ៖ លោក​ ​លឺ ឡាយស្រេង​ ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​មកពី​គណ​បក្ស​រាជា​និយម​​​ហ៊្វុន ស៊ិនប៉ិច។
រូបឯកសារ៖ លោក​ ​លឺ ឡាយស្រេង​ ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​មកពី​គណ​បក្ស​រាជា​និយម​​​ហ៊្វុន ស៊ិនប៉ិច។

ក្រៅ​ពី​បណ្ដឹង​របស់​លោក​ ​ហ៊ុន សែន​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និង​​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ ​ក៏​បាន​​​ប្ដឹង​លោក​ ​លឺ ឡាយស្រេង​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ដូចគ្នា​ផង​​ដែរ។​

ចៅក្រម​តុលាការ​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​សម្រេច​ឲ្យ​លោក​ ​លឺ ឡាយស្រេង​ ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​មកពី​គណ​បក្ស​រាជា​និយម​ហ៊្វុន ស៊ិនប៉ិច​ ​ចាញ់​ក្ដី​ ​និង​សង​ជំងឺ​ចិត្ត​ទៅ​លោក​ ​ហ៊ុន សែន​ ​ចំនួន៥០០​លាន​រៀល​ ​ពី​បទ​ប្រមាថព្រះមហាក្សត្រ​ ​និង​បរិហារកេរ្តិ៍​លោក​ ​ហ៊ុន សែន​ ​ជា​សាធារណៈ។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យសាលា​ដំបូង​រាជធានី​ភ្នំពេញ។​

លោក​ ​អ៊ី រិន្ទ​ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ចៅក្រម​ជំនុំ​ជម្រះ​តុលាការរាជធានី​ភ្នំពេញ ​បាន​បើក​សវនាការ​លើ​បណ្ដឹង​របស់មេធាវី​តំណាងលោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​បាន​ប្ដឹង​លោក​ ​លឺ ឡាយស្រេង​ ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ប្រមាថ​ព្រះ​មហាក្សត្រ។​

លោកបន្ថែម​ថា​ ​ក្រោយ​បញ្ចប់​ការ​ជំនុំ​ជម្រះ​ ​តុលាការ​បាន​ប្រកាស​សាល​ក្រម​សម្រេច​ឲ្យ​លោក​ ​លឺ ឡាយ​ស្រេង​ ចាញ់​ក្ដី​ ​ដោយ​ត្រូវ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​ ​ហ៊ុន សែន ចំនួន​៥០០​លាន​រៀល (ប្រហែល​១​សែន​២​ម៉ឺន​៥ពាន់​ដុល្លារ​អាមេរិក)​ ​និង​បង់​ពិន័យ​ចូល​ថវិកា​រដ្ឋ​ចំនួន​៨​លាន​រៀល​ (ប្រហែល​២​ពាន់​ដុល្លារ​អាមេរិក)។​

លោក​ អ៊ី រិន្ទ​ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា៖

«សម្រេច​ពិន័យ​ប្រាក់​ចូល​ជា​ថវិកា​ជាតិ​៨​លាន​រៀល ហើយ​និង​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀល ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ មើល​មាត្រា​៣០៥។ ហើយ​នៅប្រកាស​សាលក្រម​ហ្នឹង​ ក៏​មាន​អនុវត្ត​តាម​មាត្រា​៣១០​ផង​ដែរ ដែល​មានការ​ចុះ​ផ្សាយ​ជា​សាធារណៈ»។​

ការ​សម្រេច​របស់​តុលាការ​នៅ​ព្រឹក​នេះ​ ​ធ្វើ​ឡើង​ទៅ​តាម​បណ្ដឹង​របស់​លោក​ ​គី តិច​ ​មេធាវី​តំណាង​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ដែល​បាន​ប្ដឹងស្នើ​ឲ្យ​តុលាការផ្ដន្ទាទោស​លោក​ ​លឺ ឡាយស្រេង​ ​តាម​ច្បាប់​ ​និង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀលដល់​ដើម​បណ្ដឹង។​

ក្រៅ​ពី​បណ្ដឹង​របស់​លោក​ ​ហ៊ុន សែន​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និងគណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ ​ក៏​បាន​ប្ដឹង​លោក​ ​លឺ ឡាយស្រេង​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ដូចគ្នា​ផងដែរ។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​លឺ ឡាយស្រេង​ ​ដែល​កំពុង​គេច​ខ្លួន​ទៅរស់នៅ​សហរដ្ឋ​អាមេរិក​បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ការ​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​លោក​ ​លឺ ឡាយស្រេង​ ​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពេល​លោក​ ​ហ៊ុន សែន​ ​ដ៏​មាន​ឥទ្ធិពល​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​នា​នា​ ​ដោយ​ផ្អែក​ទៅ​លើ​ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ឯកជន​របស់​លោក​ ​លឺ ឡាយស្រេង​ ​ដែល​ត្រូវ​បាន​គេបង្ហោះលើ​បណ្ដាញ​អ៊ីនធឺណិត ​កាល​ពី​ខែ​តុលា​ ​កន្លង​ទៅ។​

សំឡេង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទឯកជន​របស់​អតីត​ឧប​នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​ ​ត្រូវ​បាន​គេ​លួច​ថត​ ​ហើយ​បង្ហោះ​ជា​សាធារណៈ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ «សីហា»។​ ​ក្នុង​ខ្សែ​អាត់​សំឡេង​នោះ ​លោក​ ​លឺ ឡាយស្រេង​ ​បាន​លើក​ឡើង​ពី​គម្រោង​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ត្រៀម​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ប្រឈម​នឹង​ការ​រំលាយ​នាពេលនោះ​ ​និង​ថា​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ឲ្យ​លុយ​ទៅ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ម្នាក់​២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

លោក​ ​លឺ ឡាយស្រេង នា​ពេល​នោះ ​ក៏​បាន​ហៅ​ព្រះ​បាទ​នរោត្តម​សីហមុនី​ ​ថាជា​ ​«មាន់​គ្រៀវ» ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ផង​ដែរ។​ ​

​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ «សីហា»​ ​គឺ​ជា​ទំព័រ​ហ្វេសប៊ុក​ ​ដែល​តែង​បង្ហោះ​រាល់​ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទឯកជន​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក។​ ​រាល់​ការ​បង្ហោះ​សំឡេង​សន្ទនា​ក្នុង​ទំព័រ​ហ្វេសប៊ុក​នោះ​ ​ត្រូវ​បាន​អង្គភាព​សារព័ត៌មាន​ហ្វ្រេសញូវ​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ តែង​យក​ទៅ​ផ្សព្វផ្សាយ​បន្ត។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវច្បាប់​ណាមួយ​ប្រឆាំង​នឹង​ការ​លួច​ថត​សំឡេង​ទូរស័ព្ទ​ឯកជន​ ​និង​ការ​បង្ហោះ​ជា​សាធារណៈ​នៅ​ឡើយ​នោះ​ទេ​ ​បើ​ទោះ​ជា​កម្ពុជា​មាន​ច្បាប់​រួច​យ៉ាង​ណា​ក៏​ដោយ។​

យោង​តាម​មាត្រា​៣០១​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​អំពើ​ស្ដាប់​ ​ឬ​ថត​សម្ដី​ដែល​និយាយ​ជា​ឯកជន​ ​ឬ​ជា​ការ​សម្ងាត់​ ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​នោះ​ ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ ​ទៅ​១​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល​ទៅ​២​សែន​រៀល។​

អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ ​ការ​លួច​ថត​សំឡេង​ឯកជន​ភាព​ ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ភស្តុតាង​នោះ​ទេ​ ​ចំណែក​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ ក៏​មិន​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នោះ​ដែរ៕

XS
SM
MD
LG