ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ​លើ​ករណី​បំពុល​លោក Navalny


លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី ឈរ​នៅ​ខាង​ក្នុង​បន្ទប់​កញ្ចក់​សម្រាប់​​ជនជាប់ចោទ ក្នុង​អំឡុងពេល​នៃ​សវនាការ​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី ឈរ​នៅ​ខាង​ក្នុង​បន្ទប់​កញ្ចក់​សម្រាប់​​ជនជាប់ចោទ ក្នុង​អំឡុងពេល​នៃ​សវនាការ​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​អន្តរជាតិ​លើ​ករណី​បំពុល​មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី​លោកAlexei Navalny និង​បាន​បញ្ជាក់​ថា ភស្តុតាង​កន្លង​មក​បាន​បង្ហាញ​ថា មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី «ពិតជា​ទំនង​មាន​ការ​ពាក់ព័ន្ធ» នៅ​ក្នុង​រឿង​នេះ។

ការ​បំពុល​លោក Navalny នេះ គឺជា​ផ្នែក​មួយ​នៃ​និន្នាការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ការ​ប៉ុនប៉ង​សម្លាប់​អ្នក​រិះគន់​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​រុស្ស៊ី ដែល​មាន​ន័យ​ស្មើ​នឹង​ការ​បញ្ជូន «សារ​ព្រមាន» មួយ​ដើម្បី​កម្ទេច​ក្រុម​អ្នក​ប្រឆាំង។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី Agnes Callamard អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​អ្នកស្រី Irene Khan អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

លោក Navalny អាយុ ៤៤ ឆ្នាំ បាន​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​តំបន់ Siberia ប្រទេស​រុស្ស៊ី កាលពី​ខែ​សីហា ឆ្នាំ​មុន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​រកឃើញ​ភស្តុតាង​ថា លោក​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​បំពុល​ដែល​មាន​សារធាតុ Novichok។

ប្រទេស​រុស្សី​បាន​បដិសេធ​ថា ខ្លួន​គ្មាន​ការ​ពាក់ព័ន្ធ​ណា​មួយ​នៅ​ក្នុង​រឿង​នេះ​ទេ និង​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ឃើញ​មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា លោក Navalny ត្រូវ​បាន​គេ​បំពុល​នោះ​ឡើយ។

បន្ទាប់ពី​ព្យាបាល​អស់​រយៈពេល ៥ ខែ​ក្នុង​ប្រទេស​អាល្លឺម៉ង់​មក លោកNavalny បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​រុស្សី​វិញ​កាលពី​ខែ​មករា ហើយ​ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​ចាប់​ខ្លួន​លោក​ភ្លាមៗ និង​កាត់ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក៕

XS
SM
MD
LG