លោក Zeid Ra'ad al-Hussein ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងតែជំរុញឲ្យសហរដ្ឋអាមេរិកចាត់វិធានការត្រួតពិនិត្យការប្រើប្រាស់កាំភ្លើងកាន់តែតឹងរ៉ឹងជាងមុន ដោយនិយាយថាការប្រើប្រាស់កាំភ្លើងដោយងាយស្រួល ធ្វើឲ្យមានភាពខុសគ្នាតិចតួចប៉ុណ្ណោះរវាងគោលបំណងនិងសកម្មភាពធ្វើឃាតកម្ម ដែលបណ្តាលឲ្យមានការសម្លាប់ជីវិតមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ លោក Zeid បានរិះគន់ចំពោះអ្វីដែលលោកហៅថា ជាការឃោសនាដែលមិនមានភាពទទួលខុសត្រូវក្នុងការគាំទ្រដល់ការប្រើប្រាស់កាំភ្លើង ហើយលោកក៏បានចោទជាសំណួរថា តើមានការបាញ់សម្លាប់រង្គាលក្នុងប្រទេសប៉ុន្មានដងទៀតនឹងកើតឡើងដែលយើងត្រូវជួបប្រទះ មុនពេលដែលតំណាងរាស្ត្រចាត់វិធានការដោះស្រាយបញ្ហានេះ។
លោក Zeid បានមានប្រសាសន៍យ៉ាងដូច្នេះថា «សង្គម ជាពិសេសសហគមន៍និងក្រុមភាគតិចដែលងាយរងគ្រោះបំផុតហើយកំពុងតែប្រឈមនឹងការរើសអើងយ៉ាងទូលំទូលាយ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងចំពោះភាពបរាជ័យក្នុងការប្រឆាំងនឹងពួកអ្នកបញ្ចុះបញ្ចូល និងក្នុងការចាត់វិធានការចាំបាច់នានាដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួនពីអំពើហិង្សាដោយកាំភ្លើង។»
មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមានអត្រាអ្នកប្រើប្រាស់កាំភ្លើងនិងអត្រាបាញ់សម្លាប់ខ្ពស់បំផុតនៅក្នុងពិភពលោក។ សិទ្ធិក្នុងការប្រើប្រាស់កាំភ្លើងគឺស្របទៅតាមរដ្ឋធម្មនុញ្ញនៅក្នុងប្រទេស ប៉ុន្តែការដាក់កំហិតមួយចំនួន ដូចជាការត្រួតពិនិត្យប្រវត្តិរូបជាមុន គួរតែធ្វើឡើងមុនពេលអនុញ្ញាតឲ្យទិញកាំភ្លើង។
លោក Zeid បានចោទសួរថា «ហេតុអ្វីបានជាជនស៊ីវិលមិនថានៅកន្លែងណា អាចប្រើប្រាស់កាំភ្លើងឬអាវុធដ៏មានអានុភាពផ្សេងៗ ដែលត្រូវបានផលិតឡើងដើម្បីសម្លាប់មនុស្សជាច្រើននាក់?»៕