ប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអំពាវនាវនៅថ្ងៃចន្ទនេះឲ្យមានការបង្កើត «យន្តការ» ថ្មីមួយ ដែលមានកាតព្វកិច្ចរៀបចំការចោទប្រកាន់បទឧក្រិដ្ឋទាក់ទិននឹងអំពើឃោរឃៅដែលបានប្រព្រឹត្តិឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលមានការចោទប្រកាន់ថាមានអំពើប្រល័យពូជសាសន៍កើតឡើងចំពោះជាតិសាសន៍រ៉ូហ៊ីងយ៉ា។
នៅក្នុងសុន្ទរកថាដំបូងក្នុងនាមជាប្រធាននៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានស្នើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបង្កើត «យន្តការអន្តរជាតិឯករាជ្យមួយទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រមូល ចងក្រង រក្សា និងវិភាគភស្តុតាងនៃឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុតនានា ក្នុងគោលបំណងដើម្បីជំរុញឲ្យមានការកាត់ទោសដោយយុត្តិធម៌ និងឯករាជ្យឲ្យបានឆាប់រហ័សនៅក្នុងតុលាការជាតិ និងអន្តរជាតិ»។
លោកស្រីបាននិយាយថា៖ «ខ្ញុំជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តសេចក្ដីសម្រេចមួយ និងបញ្ជូនករណីនេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីទទួលបានការគាំទ្រ ដូច្នេះយន្តការដូចនេះអាចនឹងបង្កើតឡើងបាន»។
យន្តការស្រដៀងគ្នានេះធ្លាប់ត្រូវបានបង្កើតរួចមកហើយសម្រាប់បញ្ហាជម្លោះនៅក្នុងប្រទេសស៊ីរី។
កាលពីខែមុន បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយដោយសន្និដ្ឋានថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសនាយអគ្គសេនាធិការយោធាមីយ៉ាន់ម៉ា និងមេបញ្ជាការយោធាកំពូលៗ ៥ នាក់ទៀត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍ដែលធ្វើឡើងចំពោះជាតិសាសន៍រ៉ូហ៊ីងយ៉ា។
ជាតិសាសន៍រ៉ូហ៊ីងយ៉ាប្រហែល ៧ សែននាក់បានរត់គេចពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបើកយុទ្ធនាការបង្ក្រាបលើពួកបះបោរកាលពីខែសីហាឆ្នាំមុនមក៕