ការកើនឡើងជាថ្មីយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ ទូទាំងពិភពលោក កំពុងបង្ខំឲ្យមេដឹកប្រទេសនានាពិចារណា ប្រើវិធានការបិទប្រទេសដើម្បីគ្រប់គ្រងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BBC កាលពីថ្ងៃសុក្រថា ការបិទប្រទេសទាំងមូលអាចជៀសវាងបាន ដោយលោកថាវិធានការជាក់លាក់តាមស្ថានភាពខុសគ្នាតាមមូលដ្ឋាននីមួយៗ នឹងមានប្រសិទ្ធភាព បើសិនវិធានការខុសៗគ្នាតាមមូលដ្ឋាននេះ ត្រូវបានអនុវត្តតឹងរ៉ឹង។
សេចក្ដីថ្លែងការណ៍របស់លោក Raab ធ្វើឡើងក្រោយមេដឹកនាំបារាំង និងអាល្លឺម៉ង់ ក្នុងសប្ដាហ៍នេះបានចេញច្បាប់បិទសកម្មភាពទូទាំងប្រទេស ដោយសារតែប្រទេសទាំងពីរនេះ មានការកើនឡើងជាថ្មីជារៀងរាល់ថ្ងៃនូវការឆ្លងជំងឺកូវីដ១៩។
ប្រទេសបារាំងនិងអាល្លឺម៉ង់ និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបផ្សេងទៀតកាន់តែច្រើន បានបង្ខំចិត្តចេញច្បាប់រឹតត្បិតការដើរហើរនេះ ដើម្បីទប់ទល់នឹងរលកទីពីរនៃជំងឺកូវីដ១៩ ដែលកំពុងវាយលុកខណ:ពេលរដូវត្រជាក់ឈានចូលមកដល់ នៅតំបន់អឌ្ឍគោលខាងជើង។
នៅក្នុងប្រទេសជប៉ុន រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃសុក្រថា ករណីជំងឺកូវីដ១៩ សរុបបានកើនដល់ ១០០.០០០ ករណី ក្នុងរយៈពេល ៩ ខែ បន្ទាប់ពីករណីឆ្លងដំបូងនៅក្នុងប្រទេសជប៉ុន ត្រូវបានរាយការណ៍នៅពាក់កណ្ដាលខែមករា។ ប្រទេសជប៉ុនមានអ្នកស្លាប់ ដោយសារជំងឺនេះជាង ១.៧០០ នាក់។
គិតត្រឹមថ្ងៃសុក្រ ទី៣០ ខែតុលា មានករណីឆ្លងជំងឺកូវីដ១៩ ទូទាំងពិភពលោក ប្រមាណជាង ៤៥ លានករណី រួមទាំងអ្នកស្លាប់ ១,១៨ លាននាក់។ ប្រទេសឥណ្ឌាមានករណីឆ្លងរហូតដល់ ៨ លានករណីហើយ ដែលនេះជាចំនួនករណីឆ្លងច្រើនបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងប្រមាណជិត ៩ លានករណី។
នៅពេលកិច្ចប្រឹងប្រែងផលិតវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបន្តមាន លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា រដ្ឋបាលលោកនឹងធានាថា ពលរដ្ឋគ្រប់រូបនៅក្នុងសហរដ្ឋអាមេរិក ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ៕