ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​របស់​អ.ស.ប.​ព្រមាន​ថាមីយ៉ាន់ម៉ា​​អាច​នឹង​ព្យាយាម​បណ្តេញ​ពួក​រ៉ូហ៊ីងយ៉ាចេញ​ពី​ប្រទេស


រូបឯកសារ៖ ក្មេងៗ​កំពុង​រាវ​រក​វត្ថុ​មាន​តម្លៃ​ក្នុង​ផេះ​ក្រោយ​ពេល​ទី​ជម្រក​នៅ​ជំរំ​របស់​ជន​មូស្លិមរ៉ូហ៊ីងយ៉ា ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​ខេត្ត​ Rakhine កាល​ពីថ្ងៃទី​៣ ខែ​មីនា។
រូបឯកសារ៖ ក្មេងៗ​កំពុង​រាវ​រក​វត្ថុ​មាន​តម្លៃ​ក្នុង​ផេះ​ក្រោយ​ពេល​ទី​ជម្រក​នៅ​ជំរំ​របស់​ជន​មូស្លិមរ៉ូហ៊ីងយ៉ា ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​ខេត្ត​ Rakhine កាល​ពីថ្ងៃទី​៣ ខែ​មីនា។

របាយ​ការណ៍​ថ្មី​មួយ​ដែល​គេ​ដាក់​បង្ហាញ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រទេស​មីយ៉ាន់ម៉ា ​ថា​មាន​ការ​រើស​អើង​ជា​ប្រព័ន្ធ និង​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​យូរ​មក​ហើយ​ទៅ​លើ​ពួក​ជន​អំបូរ​រ៉ូហ៊ីងយ៉ា ​ខណៈ​ដែលអ្នក​តំណាង​របស់​រដ្ឋាភិបាល​ម្នាក់​កំពុង​អំពាវ​នាវឲ្យ​សហគមន៍​អន្តរជាតិ ​គាំ​ទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។

​អ្នក​ស៊ើប​អង្កេត​ពិសេសអំពី​ស្ថានការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា លោក​ស្រី ​Yanghee Lee ​ទទួល​ស្គាល់​ថា​ រដ្ឋាភិបាល​ថ្មី​ទើប​តែ​ឡើង​កាន់​អំណាច​តែ​មួយ​ឆ្នាំប៉ុណ្ណោះ​ ប៉ុន្តែ​លោកស្រី​បាន​កត់​សម្គាល់​ថា ​មាន​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ច្រើន​លើស​លប់ ដែលត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់។

លោកស្រី Lee ​បានថ្លែង​ថា ការ​សង​សឹកលើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​ការ​គាប​សង្កត់​លើ​សំឡេង​ប្រឆាំង តាម​រយៈ​ការ​ចាប់​ខ្លួន​និង​ការ​ចាប់​ដាក់​គុក​ គឺ​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ធំ​មួយ។

ការ​វាយ​តម្លៃ​របស់​លោកស្រី​ Lee ដែល​បាន​ធ្វើ​ឡើង​ក្រោយ​របាយការណ៏​មួយ​ទៀត ​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ ​ដែល​បាន​កត់​ត្រា​សកម្មភាព​ហិង្សា​របស់​កង​កម្លាំង​សន្តិសុខនៃប្រទេស​មីយ៉ាន់​ម៉ា ដែល​កើត​ឡើង​ដោយ​សារ​មាន​ការ​សម្លាប់​មន្ត្រី​ប៉ូលិស៩​នាក់​កាល​ពី​ខែ​តុលា ដោយ​ក្រុម​បុរស​ប្រដាប់​អាវុធ​ដែលបាន​វាយ​ប្រហារ​លើ​ទី​តាំង​ប៉ូលិស​យាម​ព្រំដែន​៣​កន្លែង ក្នុង​ខេត្ត​ Rakhine៕

XS
SM
MD
LG