ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​​ហិង្សា​​នៅ​​រដ្ឋ​ Rakhine សាក​ល្បង​​ពី​​កម្រិត​​នៃ​​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក​ស្រី​អង់សាន ស៊ូជី


ស្រ្តី​មូស្លីម​ម្នាក់​កាន់​ពាក់​ស្រោម​មុខ​រូប​របស់​លោកស្រី​អង់សាន ស៊ូជី រដ្ឋ​មន្រ្តី​ការបរទេស​របស់​មីយ៉ាន់យ៉ា ក្នុង​ពេល​ប្រមូល​ផ្តុំ​តវ៉ា​មួយ​ប្រឆាំង​នឹង​ការ​កាត់​ទោស​ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា ប្រចាំ​ក្រុង​ហ្សការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ស្រ្តី​មូស្លីម​ម្នាក់​កាន់​ពាក់​ស្រោម​មុខ​រូប​របស់​លោកស្រី​អង់សាន ស៊ូជី រដ្ឋ​មន្រ្តី​ការបរទេស​របស់​មីយ៉ាន់យ៉ា ក្នុង​ពេល​ប្រមូល​ផ្តុំ​តវ៉ា​មួយ​ប្រឆាំង​នឹង​ការ​កាត់​ទោស​ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា ប្រចាំ​ក្រុង​ហ្សការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប់​តាំង​ពី​ពេល​ចូល​កាន់​តំណែង​កាល​ពី​ប្រាំ​បួន​ខែ​មុន មេដឹកនាំ​​​ប្រទេស​មីយ៉ាន់ម៉ា​ លោក​ស្រី អង់សាន ស៊ូជី​ បាន​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន​ ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់ ជួប​ជាមួយ​ប្រធានាធិបតី​ចិន និង​សហរដ្ឋ​អាមេរិក និង​បាន​គាំទ្រ​ការ​ដក​ចេញ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​យូរ​នោះ។

នៅ​ក្នុង​តួនាទីជា​រដ្ឋ​មន្ត្រី​ការបរទេស​ផង និង​ជា​ទីប្រឹក្សា​រដ្ឋ​ផង លោកស្រី​បាន​បំពេញ​ការ​សន្យា​ ដែល​បាន​លើក​ឡើង​កាលពី​ប៉ុន្មាន​ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​មុន។ លោក​ស្រី​បាន​សន្យា​ថា ប្រសិន​បើ​គណបក្ស​លោកស្រី​ឈ្នះ​ឆ្នោត​ លោក​ស្រី​នឹង​មាន​តំណែង​ «​ខ្ពស់​ជាង​ប្រធានាធិបតី​»ទៅ​ទៀត។ លោក​ស្រី​ត្រូវ​បាន​ហាមឃាត់​ពី​តំណែង​ប្រធានាធិបតី​នេះ ដោយសារ​តែ​កូន​ៗ​របស់​លោកស្រី​មាន​សញ្ជាតិ​ជា​ពលរដ្ឋ​អង់គ្លេស។ នៅ​ពេល​នោះ​ លោកស្រី​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី។

ប៉ុន្តែ​ វិបត្តិ​មនុស្សធម៌​ដែល​ចេះ​តែ​បន្ត​នៅ​ក្នុង​រដ្ឋ Rakhine របស់​មីយ៉ាន់ម៉ា​ ទំនង​បង្ហាញ​ថា​ លោក​ស្រី​មិន​មានអំណាច​លើ​យោធា​នោះ​ទេ ដោយ​មាន​ការ​ធ្វើ​តេស្ត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ទៅ​លើ​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោកស្រី ហើយ​អ្នក​ខ្លះ​យល់​ថា លោក​ស្រី​បរាជ័យ​លើ​រឿង​នេះ។

ការ​វាយប្រហារ

វិបត្តិ​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា នៅ​ពេល​ដែល​យោធា​របស់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​មូស្លីម​ បាន​វាយប្រហារ​ប៉ុស្តិ៍​យាម​ព្រំប្រទល់​ចំនួន​បី​កន្លែង​ នៅ​ក្នុង​ភាគ​ខាង​ជើង​នៃ​រដ្ឋ​នេះ ដោយ​បាន​សម្លាប់​ប៉ូលិស​ប្រាំបួន​នាក់។ កម្លាំង​ប្រដាប់​អាវុធ​បាន​សម្រុក​ចូល​ទឹកដី​ខេត្តនេះ​ និង​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​៥០០នាក់ ព្រម​ទាំងសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១០០នាក់។ ទាហាន​យ៉ាង​ហោច​ណាស់​ប្រាំ​មួយ​នាក់​បាន​ស្លាប់។

ចាប់​តាំង​ពី​ប្រតិបត្តិការ​នោះ​មក មាន​ការ​ចោទប្រកាន់​ជាច្រើន​អំពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត។​ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ជាង​១០០.០០០នាក់​ មិន​បាន​ទទួល​ជំនួយ​ជា​មូលដ្ឋាន​នោះ​ទេ ហើយ​ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមាណ ​២២.០០០នាក់ ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស ​ដែល​ជា​ប្រទេស​ជិត​ខាង។ ក្រៅ​ពី​នេះ កងកម្លាំង​សន្តិសុខ​ក៏​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​កម្ទេច​អាគារ​ប្រមាណ ​១.៥០០ អគារ។ នេះ​បើ​យោង​តាម​កិច្ច​សម្ភាសន៍​ និង​រូបភាព​ផ្កាយ​រណប​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។

រដ្ឋាភិបាល​បាន​បដិសេធ​យ៉ាង​ខ្លាំង​ក្លា​លើ​ការ​ចោទប្រកាន់​អំពី​ការ​រំលោភ​បំពាន​ផ្លូវភេទ និង​បាន​អះអាង​ថា​ ពលរដ្ឋ​បាន​ដុត​ផ្ទះ​ខ្លួន​ឯង ​ជា​ទង្វើ​នៃ​ការឃោសនា​ជម្លោះ​មួយ។ ប៉ុន្តែ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​វាយតម្លៃ​លើ​ការ​អះអាង​របស់​ភាគី​ទាំង​ពីរ។​

ស្ថិត​ក្នុង​ពេល​ចលាចល​នេះ សហគមន៍​អន្តរជាតិ​មិន​យល់​ពី​ការ​មិន​អន្តរាគមន៍​របស់​លោកស្រី​ អង់សាន ស៊ូជី។ លោកស្រី​មិន​បាន​ទៅ​កន្លែង​មាន​ជម្លោះ​ និង​បាន​និយាយ​តិចតួច​ពី​បញ្ហា​នេះ​ជា​សាធារណៈ។ អ្នក​រិះគន់​បាន​និយាយ​ថា អ្វី​ដែល​លោកស្រី​បាន​និយាយ​ គឺ​មិន​ដល់​ចំណុច​ធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ​នោះ​ទេ ហើយ​មន្ត្រី​របស់​អ.ស.ប.​ម្នាក់​បាន​អំពាវនាវ​ឲ្យ​លោកស្រី​ស្វែង​រក «សំឡេង​ខាង​ក្នុង​របស់​លោកស្រី»។

ការស្ដីបន្ទោស

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ Channel News Asia កាលពី​ថ្ងៃទី៨ ខែ​ធ្នូ លោកស្រី​បាន​ស្ដី​បន្ទោស​អ្នក​ផ្សេង។

លោកស្រី​បាន​និយាយ​ថា «ខ្ញុំ​អរគុណ​ណាស់​ ប្រសិនបើ​សហគមន៍​អន្តរជាតិ​អាច​ជួយ​យើង​ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព ព្រម​ទាំង​វឌ្ឍនភាព​ក្នុង​ការ​កសាង​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​ រវាង​សហគមន៍​ទាំង​ពីរ ​ជា​ជាង​ការ​ដុត​កំហឹង​ឲ្យ​កាន់​តែ​ខ្លាំង»។

វិធីសាស្ត្រ​ប្រុងប្រយ័ត្ន​របស់​លោកស្រី​ អង់សាន ស៊ូជី ចំពោះ​ស្ថានភាព​នៅ​ក្នុង​រដ្ឋ Rakhine ដែល​លោកស្រី​បាន​ហៅ​ថា «ងាយ​បាក់​បែក» និង​ «បញ្ហា​រសើប» នៅ​ក្នុង​បទសម្ភាសន៍​នោះ ​គឺ​អាច​យល់​បាន។

រដ្ឋ​នេះ ​មាន​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ជា​ច្រើន ហើយ​ភាព​តានតឹង​ជាមួយ​នឹង​សហគមន៍​មូស្លីម​របស់​រដ្ឋ​នេះ ​បាន​ផ្ទុះ​ឡើង​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ឬភូមា ជឿ​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា ​ជា​ជន​អន្តោប្រវេសន៍​មក​ពី​បង់ក្លាដែស​ ហើយ​ពាក្យ​ «រ៉ូហ៊ីងយ៉ា» ជា​ពាក្យ​កើត​ចេញ​ពី​នយោបាយ។ នៅ​ក្នុង​ឆ្នាំ២០១២ ការ​ប៉ះទង្គិច​គ្នា​ដោយសារ​សាសនា​នៅ​ក្នុង​រដ្ឋ Rakhine បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ និង​មនុស្ស​ជាង​១២០.០០០នាក់​ បាន​ទៅ​ជំរំ​ភៀស​ខ្លួន ជាកន្លែង​ដែល​មនុស្ស​ភាគ​ច្រើន​រស់​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។

ចាប់​តាំង​ពី​ពេល​លោក​ស្រី​កាន់​តំណែង លោកស្រី អង់សាន ស៊ូជី​ បាន​បង្កើត​គណៈកម្មាធិការ​មួយ​លើ​ការ​អភិវឌ្ឍ​នៅ​ក្នុង​រដ្ឋ Rakhine និង​គណៈកម្មការ​ប្រឹក្សា​សម្រាប់​រដ្ឋ Rakhine ដែល​លោក Kofi Annan អតីត​អគ្គលេខាធិការ​អសប​ធ្វើ​ជា​ប្រធាន។ ការ​វាយប្រហារ​នេះ​មិន​បាន​ជួយ​អ្វី​នោះ​ទេ។ អ្នក​តាម​ដាន​ស្ថានការ​ដែល​គាំទ្រ​លោកស្រី​យល់​ថា យោធា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កម្លាំង​សន្តិសុខ ហើយ​លោកស្រី​មាន​អំណាច​តិចតួច​ក្នុង​ការ​បញ្ជា​ពួកគេ។ ពួកគេ​ក៏​និយាយ​ថា លោកស្រី​មិន​មាន​ប្រជាប្រិយភាព​ទេ​នៅ​ក្នុង​រដ្ឋ Rakhine ដូច​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​នោះ​ទេ ដែល​នេះ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​បង្កើត​សម្ព័ន្ធ​នៅ​មូលដ្ឋាន។​

ប៉ុន្តែ​ ​យោង​តាម​លោក David Mathieson ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​សម្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​និយាយ​ថា​ ក្នុង​នាម​ជា​បុគ្គល​នយោបាយ​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​ផ្ដល់​អំណាច​យ៉ាង​ច្រើន​តាម​ការ​បោះឆ្នោត លោកស្រី​មាន​វិធី​ជាច្រើន​អាច​ប្រើប្រាស់​បាន​ និង​មាន​កាតព្វកិច្ច​ផ្នែក​សីលធម៌​ក្នុង​ការ​ធ្វើ​បែប​នេះ។ ។​

លោក​បាន​និយាយ​ថា​៖ «ហើយ​នៅ​ក្នុង​ករណី​នេះ លោកស្រី​កំពុង​ជ្រើសរើស​វិធី​មិន​និយាយ​ស្ដី​អំពី​មូលហេតុ​មិន​ល្អ​មួយ​ចំនួន​ នៅ​ពេល​ដែល​លោកស្រី​គួរ​ធ្វើ​នោះ​គឺ ​និយាយ​ថា៖ ទេ ទាំងនេះ​ជា​គោលការណ៍​ដែល​អនុវត្ត​សម្រាប់​មនុស្ស​គ្រប់​គ្នា​រស់​នៅ​ក្នុង​ប្រទេស​នេះ ហើយ​វា​ជា​ការ​រំលោភ​បំពាន​ដែល​យើង​តស៊ូ​ទប់ទល់​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ ខ្ញុំ​នឹង​មិន​បណ្ដោយ​ឲ្យ​វា​បន្ត​កើត​ឡើង​ដូច្នេះ​នោះ​ទេ។ ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែល​អ្នក​គិត​នោះ​ទេ។ នេះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ត្រូវ​និយាយ​អំពី​ជនជាតិ​ភាគ​តិច​ដែល​គ្មាន​រដ្ឋ​នេះ​ ហើយ​ត្រូវ​និយាយ​ថា របាយការណ៍​នៃ​ការ​រំលោភបំពាន​នោះ​គួរ​ត្រូវ​បាន​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នឹង​ត្រូវ​ទទួល​ការកាត់​ទោស»។

លោក Mathieson និយាយ​ថា លោកស្រី​គួរ​តែ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​ ឬ​ទៅ​កាន់​សារព័ត៌មាន​ ប្រចាំ​សប្ដាហ៍ ស្រដៀង​ទៅ​នឹង​អ្វី​ដែល​មេដឹកនាំ​មុន​ គឺ​លោក​ប្រធានាធិបតី Thein Sein បាន​ធ្វើ។ លោក​បាន​បន្ថែម​ថា លោកស្រី​គួរ​តែ​គ្រប់គ្រង​ព័ត៌មាន​សាធារណៈ​ឲ្យ​បាន​ល្អ​ជាង​មុន​ អំពី​ជម្លោះ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​រដ្ឋាភិបាល​ ដែល​លោក​និយាយ​ថា ព័ត៌មាន​ខ្លះ​ភ្ជាប់​នឹង​ការ​អុជអាល។

កង្វះ​ព័ត៌មាន

លោកMyat Thu ដែល​ជា​ប្រធាន​សាលា​វិទ្យាសាស្រ្ត​នយោបាយ​រ៉ង់ហ្គូន​និយាយ​ថា ខណៈ​ដែល​អ្នក​រិះគន់​លោកស្រី​អង់សាន ស៊ូជី​ ជាច្រើន​មិន​យល់​ពី​ភាព​ស្មុគស្មាញ​ពី​ជម្លោះ​នេះ ឬ​ការ​ពិត​ដែល​ថា​លោកស្រី​ត្រូវ​ធ្វើ​ ដើម្បី​រក្សា​ការ​គាំទ្រ​ ប្រជាប្រិយភាព​ ដែល​លោកស្រី​ត្រូវ​ការ​ ដើម្បី​ដឹកនាំ​អន្តរកាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា។ សកម្មភាព​របស់​លោកស្រី​មួយ​ចំនួន​នៅ​តែ​ធ្វើ​ឲ្យ​លោក​បាន​ការ​ភ័ន្ត​ច្រឡំ។

លោក​និយាយ​ថា «មាន​ពេល​មួយ​លោកស្រី​និយាយ​ថា សហគមន៍​អន្តរជាតិ​ធ្វើ​ការ​រិះគន់​ដោយ​មិន​យុត្តិធម៌​ ដោយ​ផ្អែក​លើ​ទិន្នន័យ​ ឬ​ព័ត៌មាន​ខុស។ ប៉ុន្តែ​នៅ​ពេល​តែ​មួយ លោកស្រី​មិន​បាន​និយាយ​អំពី​ការ​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​អាច​ចូល​ទៅ​ក្នុង​តំបន់​នោះ​ ដើម្បី​បង្ហាញ​ថា​ តើ​ការ​រិះគន់​នោះ​មិន​មាន​មូលដ្ឋាន ឬ​ក៏​ជា​អ្វី​ផ្សេង»។

អតីត​អ្នក​ទោស​នយោបាយ លោក Myat Thu បាន​ចោទ​ជា​សំណួរ​ថា​ ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​ជាក់​ស្ដែង​របស់​ប្រទេស​នេះ ដែល​ចំណាយ​ពេល​សរុប​១៥​ឆ្នាំ​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ជឿ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យោធា​រៀបរាប់​ប្រាប់​លោក​ស្រី បើ​តាម​ប្រវត្តិ​របស់​ពួកគេ ពួកគេ​តែង​តែ​ព្យាយាម​លាក់បាំង​ការ​ពិត​ពី​ជម្លោះ​ពី​មុន​ៗ​នោះ។

លោក​និយាយ​ថា «កន្លងមក សារព័ត៌មាន​របស់​រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​ស៊ើបអង្កេត​យោធា​ព្យាយាម​យក​ចំណេញ​ពី​ការ​មិន​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ចូល​ទៅ​តំបន់​មាន​ជម្លោះ និង​ព្យាយាម​បន្លំ​ព័ត៌មាន ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​នយោបាយ។​ ដូច្នេះ លោកស្រី​គួរ​តែ​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ចូល​ទៅ​តំបន់​នោះ ឬ​លោកស្រី​ត្រូវ​ចៀសវាង​និយាយ​ថា ការ​រិះ​គន់​ទាំងនោះ​គ្មាន​មូលដ្ឋាន​នោះ​ទេ»។

នៅ​តែ​មាន​ប្រជាប្រិយភាព

ការ​រិះគន់​លើ​វិធានការរបស់​លោកស្រី អង់សាន ស៊ូជី ឬ​ការ​មិន​ចាត់​វិធានការ​គ្រប់គ្រាន់​របស់​លោកស្រី ​ភាគច្រើន​ធ្វើ​ឡើង​ដោយ​សហគមន៍​អន្តរជាតិ។ នៅ​មីយ៉ាន់ម៉ា លោកស្រី​នៅ​តែ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន ហើយ​រដ្ឋាភិបាល​មិន​យល់​ស្រប​ទៅ​នឹង​ការ​រិះគន់​លើ​លោកស្រី​នោះ​ទេ។​

លោកស្រី Aye Aye Soe ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​និយាយ​ថា «ទី​មួយ ការ​រិះគន់​ពី​អន្តរជាតិ​ទាំង​អស់​មាន​លក្ខណៈ​លម្អៀង​ ហើយ​វា​មិន​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ជាក់​ស្ដែង​នៅ​ក្នុង​រដ្ឋ Rakhine។ យើង​កំពុង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ពួក​យើង ហើយ​យើង​នឹង​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ យើង​ត្រូវ​ការ​គំលាត[សេរីភាព]នយោបាយ​ និង​ពេលវេលា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។​

លោកស្រី​ក៏​បាន​ប្រឆាំង​នឹង​ការ​ដែល​យល់​ឃើញ​ថា លោកស្រី អង់សាន ស៊ូជី មិន​បាន​ថ្លែង​សុន្ទរកថា​គ្រប់គ្រាន់។

លោកស្រី​និយាយ​ថា​ «ខ្ញុំ​គិត​ថា លោកស្រី​បាន​និយាយ​ឥត​សំចៃ​ពី​បញ្ហា​នេះ​គ្រប់​ពេល​ទាំង​អស់ មិន​មែន​ត្រឹម​តែ​ក្នុង​ស្រុក​ទេ ប៉ុន្តែ​នៅ​គ្រប់​ពេល​ដែល​លោកស្រី​ទៅ​ក្រៅ​ប្រទេស​ ក្នុង​បទសម្ភាសន៍​នានា​ គំនិត​របស់​លោកស្រី​ជា​អ្វី​ដែល​កំពុង​តែ​ធ្វើ និង​ត្រូវ​ធ្វើ។ ខ្ញុំ​គិត​ថា មនុស្ស​ដែល​ពាក់ព័ន្ធ មិន​ថា​ពួកគេ​ជា​អ្នក​ណា​ទេ មិន​ព្រម​ស្ដាប់​ការ​និយាយ​របស់​លោកស្រី​ឡើយ»។

លោកស្រី Aye Aye Soe អះអាង​ថា​ លោកស្រី អង់សាន ស៊ូជី​ ដែល​បាន​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការបរទេស ​ជួប​ជាមួយ​នឹង​សម​ភាគី​អាស៊ាន​របស់​លោកស្រី​នៅ​ថ្ងៃទី១៩ ខែ​ធ្នូ នៅ​មីយ៉ាន់ម៉ា​ ដើម្បី​ពិភាក្សា​បញ្ហា​នៅ​ក្នុង​រដ្ឋ Rakhine ប៉ុន្តែ​និយាយ​ថា លោកស្រី​មិន​រំពឹង​ថា​ មាន​ការ​សម្រេច​ចិត្ត​ផ្លូវ​ការ​ណា​មួយ​នោះ​ទេ បន្ទាប់​ពី​កិច្ចប្រជុំ​នោះ។

លោកស្រី​និយាយ​ថា «វា​មិន​មែន​ជា​កិច្ចប្រជុំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​បញ្ចេញ​យោបល់​របស់​ពួកគេ មាន​ឱកាស​នាំ​យក​បញ្ហា​នានា​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដល់​រដ្ឋ​ផ្សេងៗ និង​ពី​អ្វីៗ​គ្រប់​យ៉ាង​ដែល​កំពុង​កើត​នៅ​ទីនេះ ទី​នោះ។ ដូច្នេះ​ វា​ជា​ឱកាស​របស់​ពួកគេ​ក្នុង​ការ​និយាយ​ដោយ​ចំហ​លើ​ប្រធានបទ​ផ្សេងៗ​ដែល​ជា​ក្ដី​កង្វល់​របស់​ពួកគេ»។

អាស៊ាន

ការ​បង្ក្រាប​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ធ្វើ​ឲ្យ​មាន​ការ​រង្គោះ​រង្គើ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​មាន​ស្ថិរភាព​ជា​ទូទៅ ដោយ​មាន​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​ Najib Razak បាន​បង្ហាញ​ជំហរ​គួរ​កត់​សម្គាល់​មួយ​ក្នុង​ខែ​នេះ ដោយ​បាន​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្ដុំ​មួយ​គាំទ្រ​ជនជាតិ​ភាគ​តិច​ម៉ូស្លីម និង​បាន​ហៅ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine ថា ​ជា​ «អំពើ​ប្រល័យ​ពូជសាសន៍»។ សុន្ទរកថា​របស់​លោក ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ​ ដោយ​ថា​ការរិះគន់​នោះ​គឺ​ជា​ការប៉ុនប៉ង​បង្វែរ​ការរិះគន់​ទៅ​លើ​រដ្ឋបាលរបស់​លោក​ ដែល​កំពុង​តែ​ដោះស្រាយ​រឿង​អាស្រូវ​អំពើ​ពុករលួយ​ និង​ការ​សន្យា​ផ្សេងៗ​ទៀត។

លោក Sithu Aung Myint ដែល​ជា​អ្នក​សរសេរ​វិចារណកថា​លើ​បញ្ហា​នយោបាយក្នុង​ស្រុក​ម្នាក់​ បាន​និយាយ​គាំទ្រពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស។ លោក​ថា លោកស្រី​អង់សាន ស៊ូជី ត្រូវ​បាន​ថ្កោលទោស​នៅ​ក្រៅ​ប្រទេស ហើយ​វា​មិន​ឆ្លុះ​បញ្ចាំង​ពី​រូបភាព​ទាំង​មូល​របស់​បញ្ហា​នេះ​នោះ​ទេ។

លោក​និយាយ​ថា «នេះ​គ្រាន់​តែ​ជា​គំនិត​របស់​មនុស្ស​មួយ​ចំនួន​ក្នុង​សហគមន៍​អន្តរជាតិ។ ពួកគេ​គ្រាន់​តែ​និយាយ​ដោយ​មិន​បាន​មើល​លើ​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ តាម​ពិត​ទៅ លោកស្រី​បាន​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ប្រុងប្រយ័ត្ន និង​វា​ទទួល​បាន​ផល​មែន។ លោកស្រី​ជួប​ប្រទះ​បញ្ហា​ជាច្រើន។ ប្រសិន​បើ​លោកស្រី​ធ្វើ​អ្វី​មួយ លោកស្រី​ត្រូវ​ប្រឈម​នឹង​ក្រុម​ភេរវជន សម្ពាធ​ពី​អន្តរជាតិ និង​ពី​យោធា​ផង​ដែរ។ មនុស្ស​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ គឺ​មិន​បាន​មើល​ឃើញ​ត្រង់​ចំណុច​នេះ​នោះ​ទេ។ តាម​ពិត​ទៅ លោកស្រី​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ»៕

ប្រែសម្រួល​ដោយ​ ប៊ុន​ ប៉េងហ៊ុយ

XS
SM
MD
LG