ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជំនួយ​ម៉ាឡេស៊ី​សម្រាប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីយ៉ា​បាន​មក​ដល់​កំពង់ផែ​នៅ​ទីក្រុង​រ៉ង់ហ្គូន


បាតុករ​មីយ៉ាន់ម៉ា​កាន់​បដា​នៅ​ខាង​ក្រៅ​ផែ Thilawa ដែល​នាវា​ម៉ាឡេស៊ី​ដឹក​ជំនួយ​មនុស្សធម៌​សម្រាប់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។

នាវា​មួយ​គ្រឿង​របស់​ម៉ាឡេស៊ី​ដែល​ដឹក​ជំនួយ​មនុស្សធម៌​ចំនួន​២៥៣៥​តោន សម្រាប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​បាន​មក​ដល់​កំពុង​ផែ​នៅ​ទីក្រុង​រ៉ង់ហ្គូន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​ការ​មក​ដល់​របស់​នាវា​នេះ ចំណែក​ឯ​ព្រះសង្ឃ​ពុទ្ធ​សាសនា​រាប់​សិប​នាក់​បាន​ធ្វើ​បាតុកម្ម​តវ៉ា​បដិសេធ​ថា ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ាមិន​មាន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។

​នាវា​ដែល​បាន​ដឹកជញ្ជូន​ស្បៀងអាហារ​ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នានា ដែល​មាន​តម្លៃ​ប្រមាណ​១លាន​១​សែន​ដុល្លារ បាន​មក​ដល់​ក្រោយ​ពី​មាន​យុទ្ធនាការ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ Rakhine ដែលសមាជិក​ជនជាតិ​ភាគតិច​នេះ​ភាគច្រើន​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ភាគច្រើន​មួយ​នេះ។

ជំនួយ​នេះ​បាន​មក​ដល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ការិយាល័យ​ឧត្តម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា (OHCHR) បាន​បញ្ចេញ​របាយការណ៍​មួយ ដែល​ចោទប្រកាន់​កងកម្លាំង​រដ្ឋាភិបាលមីយ៉ាន់ម៉ា​ចំពោះ​ការធ្វើ​យុទ្ធនាការ​រំលោភ​សេពសន្ថវៈ ធ្វើ​ទារុណកម្ម និង​ធ្វើ​ការ​សម្លាប់​រង្គាល​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ព្រះសង្ឃ​ពុទ្ធ​សាសនា​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ក្រៅ​កំពង់ផែ​នោះ។ ព្រះសង្ឃ​ព្រះ​នាម Thuseitta នៃ​សហភាព​ព្រះសង្ឃ​មីយ៉ាន់ម៉ា​បាន​មាន​សង្ឃដីកា​ថា «យើង​ចង់​ឲ្យ​ពួកគេ​ដឹង​ថា គ្មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ទីនេះ​នោះ​ទេ»៕

XS
SM
MD
LG