សកម្មជនមួយក្រុមនៃបណ្តាញដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្វើបាតុកម្មនៅថ្ងៃពុធនេះនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីកម្ពុជាចំនួនបួនរូប។
រដ្ឋមន្ត្រីទាំងបួនរូបដែលរួមមានលោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិដ្ឋាននិងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
មន្ត្រីរដ្ឋាភិបាលទាំងបួនបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ២៥ខែកញ្ញានេះ ដើម្បីសិក្សាអំពីការគ្រប់គ្រងរដ្ឋបាលសាធារណៈនិងដើម្បីពង្រឹងកិច្ចសហការទ្វេភាគីនៃប្រទេសទាំងពីរ។
ក្រុមសកម្មជននឹងត្រូវធ្វើការតវ៉ារយៈពេលពីរថ្ងៃ គឺនៅថ្ងៃនេះនិងនៅថ្ងៃព្រហស្បតិ៍ស្អែកដើម្បីបង្ហាញពីកង្វល់របស់ខ្លួនអំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់បណ្តាញដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅក្នុងទីក្រុងប៊ែឡាំង ដែល VOA ទទួលបាននៅថ្ងៃនេះ សរសេរថាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅកម្ពុជា «កំពុងប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង» ហើយសេចក្តីប្រកាសព័ត៌មានដដែលទទូចឲ្យរដ្ឋាភិបាលអាល្លឺម៉ង់យកពីបញ្ហាទាំងនេះមកពិភាក្សាជាមួយភាគីកម្ពុជាអំឡុងពេលជួបប្រជុំជាមួយក្រុមរដ្ឋមន្ត្រីកម្ពុជា។
ប្រទេសកម្ពុជាត្រូវបានស្តីបន្ទោសដោយសហគមន៍អន្តរជាតិចំពោះការធ្វើឲ្យធ្លាក់ចុះផ្នែកគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្រោយពីការរំលាយគណបក្សប្រឆាំងដ៏មានសក្តានុពលគឺ គណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧និងការរឹតត្បិតលើសកម្មជននយោបាយនិងសកម្មជនសិទ្ធិមនុស្ស។
អ្នកស្រី ទឹង គិមឡាន សមាជិកម្នាក់ក្នុងបណ្តាញដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅទីក្រុងប៊ែឡាំង បានប្រាប់ VOA តាមទូរស័ព្ទកាលពីរសៀលថ្ងៃពុធនេះថា ក្រុមប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអាល្លឺម៉ង់មិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយបាតុកម្មនេះគឺដើម្បីបង្កើនការចាប់អារម្មណ៍របស់អាល្លឺម៉ង់មកលើកម្ពុជា និងបញ្ហាដែលកំពុងកើតមាន ដោយសារតែការយកចិត្តទុកដាក់ពីប្រទេសនេះនៅមានតិចតួច។
«និយាយឲ្យខ្លីទៅគឺយើងចង់ឲ្យពួកគាត់ចាប់អារម្មណ៍មកលើប្រទេសខ្មែរយើងវិញ ហើយជាពិសេសឲ្យយល់ថាបញ្ហានៅស្រុកខ្មែរ ជាពិសេសការគោរពសិទ្ធមនុស្សអីហ្នឹងគឺវាធ្លាក់ចុះមែនទែន ដែលរដ្ឋាភិបាលអាល្លឺម៉ង់គាត់ត្រូវតែជំរុញឲ្យរដ្ឋាភិបាលខ្មែរងាកមករកវិញធ្វើឲ្យវាប្រសើរឡើងវិញ»។
អ្នកស្រីអះអាងថាពលរដ្ឋខ្មែររាប់សិបនាក់នឹងធ្វើការតវ៉ានៅពីមុខក្រសួងសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធ(BMZ) និងក្រសួងការបរទេសអាល្លឺម៉ង់ក្នុងទីក្រុងប៊ែឡាំង ជាទីដែលរដ្ឋមន្ត្រីខ្មែរមកពីក្រសួងទាំងបួននឹងចូលពិភាក្សាជាមួយភាគីអាល្លឺម៉ង់ ក្នុងរយៈពេលពីរថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់ពួកគេ។
ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលលោកផៃ ស៊ីផាន នៅល្ងាចថ្ងៃពុធនេះយល់ថាបាតុកម្មនេះនឹងមិនប៉ះពាល់អ្វីដល់ទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយលោក ស ខេង នោះទេ។
«នោះគឺសិទ្ធិនៃការបញ្ចេញយោបល់មិនមានជាឧបសគ្គអ្វីក្នុងការធ្វើទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេងនោះទេ»។
ជាមួយគ្នានេះ អ្នកស្រីទឹង គិមឡាន សមាជិកម្នាក់ក្នុងបណ្តាញដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងធ្វើបាតុកម្មទទួលស្គាល់ថាប្រជាពលរដ្ឋកម្ពុជារស់នៅប្រទេសអាល្លឺម៉ង់មានប្រមាណជាង៩០០ នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចតួចនៅឡើយ។ ប៉ុន្តែសកម្មជនរូបនេះជឿថាការតវ៉ារបស់ក្រុមប្រជាពលរដ្ឋនៅពេលនេះនឹងផ្តល់ជាគំនិតសម្រាប់ឲ្យរដ្ឋាភិបាលទីក្រុងប៊ែឡាំងពិចារណាបន្ថែមទៀត៕