អ.ស.បបានចេញសេចក្តីរាយការណ៍នៅថ្ងៃពុធនេះ ដែលនិយាយថា ប្រទេសស្រីលង្កាមិនអាចពឹងផ្អែកលើប្រព័ន្ធយុត្តិធម៌របស់ខ្លួនបានទេ ហើយប្រទេសនេះគួរប្រើតុលាការពិសេសជំនួសវិញ ដើម្បីឲ្យមានការទទួលខុសត្រូវប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ដែលបានកើតមានឡើងអំឡុងសង្គ្រាមស៊ីវិលរយៈពេល២៦ឆ្នាំនៅប្រទេសនេះ។
អនុសាសន៍របស់អ.ស.បនេះធ្វើឡើងជាផ្នែកមួយនៃរបាយការណ៍អំពីអ្វីដែលការិយាល័យសិទ្ធិមនុស្សរបស់អ.ស.បនិយាយថា អាចជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិអំឡុងពេលមានជម្លោះរវាងកម្លាំងរដ្ឋាភិបាល និងក្រុមបះបោរដែលទាមទារឯករាជ្យជាតិសម្រាប់ជនជាតិភាគតិច Tamil។ ការប្រយុទ្ធគ្នានោះបានសម្លាប់មនុស្ស១០.០០០នាក់ នេះបើតាមការវាយតម្លៃដែលត្រូវបានទទួលស្គាល់ជាទូទៅ។ របាយការណ៍នោះនិយាយថា ប្រទេសស្រីលង្កាគួរតែប្រើមធ្យោបាយដែលប្រទេសផ្សេងៗបានប្រើ ដូចជាចៅក្រមអង្កេតអន្តរជាតិ រដ្ឋអាជ្ញាអង្កេតអន្តរជាតិ មេធាវីអង្កេតអន្តរជាតិ និងអ្នកស៊ើបអង្កេតអន្តរជាតិ។
លោក Zeid Ra'ad Al Hussein ប្រធានគណៈកម្មការសិទ្ធិអ.ស.បបាននិយាយថា ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងប្រទេសសុទ្ធសាធនឹងមិនផ្តល់ឱកាសក្នុងការលុបបំបាត់ការសង្ស័យរបស់ពលរដ្ឋអំពីបញ្ហារកយុត្តិធម៌ សម្រាប់ប្រឆាំងនឹងអំពើរំលោភបំពានច្រើនទសវត្សរ៍ អំពើខុសឆ្គង និងការបំពានការសន្យានោះទេ។ របាយការណ៍នេះបានកោតសរសើររដ្ឋាភិបាលថ្មីរបស់ប្រទេសស្រីលង្កាក្នុងការតាំងចិត្តធ្វើឲ្យមានតម្លាភាព តែរបាយការណ៍នេះក៏បាននិយាយលម្អិតអំពីឧបសគ្គជាច្រើន ដូចជាកង្វះប្រព័ន្ធគួរទុកចិត្តបានសម្រាប់ការពារជនរងគ្រោះ និងសាក្សី៕