ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រង​ការ​រិះ​គន់​ និង​បង្កើន​ការ​ព្រួយ​បារម្ភ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង ចូលរួមពិធីបុណ្យឯករាជ្យជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ «ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាពអាសន្ន»​ ត្រូវ​បាន​ចែក​រំលែក​ជា​សាធារណៈកាល​ពី​ថ្ងៃ​អង្គារ​ ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​កើត​ឡើង​ជា​បន្ត​បន្ទាប់​ថា​ ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ​និង​គ្រប់គ្រង​អំណាច​បន្ថែម​ទៀត​របស់​គណបក្ស​កាន់​អំណាច​លើ​ប្រជា​ពលរដ្ឋ។​

សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​អនុម័ត​ជា​ប្រញាប់​ដោយ​គណៈ​រដ្ឋមន្រ្តី ​ដោយ​មិន​រង់​ចាំ​ការ​ពិភាក្សា​ច្រើន​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​ដែល​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​ពិនិត្យ​ពិភាក្សា។ ​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ក្នុង​ពី​អង្គការ​សង្គម​ស៊ីវិល ​និង​សាធារណជន​ដើម្បី​ចូលរួម​ផ្តល់​យោបល់​នោះ​ទេ។​

ការ​រៀបចំ​ច្បាប់​ថ្មី​ជា​បន្ទាន់​នេះ​កើត​ឡើង​ នៅ​ចំពេល​ដែល​កម្ពុជា​និង​បណ្ដា​ប្រជាជាតិ​នានា​ទូទាំង​ពិភព​លោក​កំពុង​តែ​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ COVID-19​ ហើយ​លោក​ហ៊ុនសែន​លើក​ឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​ខ្វះ​ឧបករណ៍​ផ្លូវ​ច្បាប់​ ដើម្បី​អនុវត្ត​មាត្រា​២២​នៃ​រដ្ឋ​ធម្មនុញ្ញ​ស្ដីពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ក្នុង​ករណី​ដែល​មាន​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ណា​មួយ។​

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​មាន​ប្រសាសន៍​ថា ​ វា​ជា​រឿង​ធម្មតា ដែល​ប្រទេស​មួយ​ត្រូវ​មាន​ខ្លឹមសារ​ច្បាប់​ទាក់​ទង​នឹង​ការដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​អាសន្ន។ ​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​អំពី​ការ​រៀបចំ​ផ្ដាច់​មុខ​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​តាក់​តែង​ខ្លឹមសារ​ច្បាប់​នេះ ​ដោយ​ខ្វះ​ការ​ចូលរួម​មតិ​ពី​សង្គម​ស៊ីវិល ​និង​សាធារណ​ជន។​

«ដើម្បី​ធានា​ថា ​ច្បាប់​នេះ​វា​មិន​មែន​ប្រើប្រាស់​តែ​សម្រាប់​ករណី ​COVID-19​ ណា៎​ អ៊ីចឹង​យើង​នៅ​តែ​យល់​ថា ​ភាព​ចាំបាច់​នៃ​ការ​ពិគ្រោះ​យោបល់​គឺ​គួរ​តែ​កើត​មាន​ច្រើន​ហើយ​ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​វេលា​នេះ ​អាណត្តិ​នេះ ​គឺ​ជា​អាណត្តិ​កម្ពុជា​មាន​សភា​ឯកបក្ស​ទៅ​ទៀត​ អ៊ីចឹង​គេ​ហៅ​ថា​ យើង​នៅ​តែ​ប្រមើ​មើល​ឃើញ​អំពី​ការ​បារម្ភ​ច្រើន​នៃ​ការ​អនុវត្ត​ច្បាប់​នេះ​ បើសិន​ជា​វា​ខ្វះ​ការ​ពិគ្រោះ​យោបល់»។​

បើ​តាម​រដ្ឋ​ធម្មនុញ្ញ ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា ការ​ប្រកាសដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​មហា​ក្សត្រ ​អម​ជាមួយ​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ​និង​ប្រធាន​រដ្ឋ​សភា ​និង​ប្រធានព្រឹទ្ធ​សភា។​ ប៉ុន្តែ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ​«ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​រាជ​ក្រឹត្យ»​តែ​ប៉ុណ្ណោះ។​

ជា​ធម្មតា ​នៅ​ពេល​ព្រះ​មហា​ក្សត្រ​អវត្ត​មាន​ក្នុង​ប្រទេស​ លោក ​សាយ ឈុំ ​ ប្រធាន​ព្រឹទ្ធ​សភា​និង​ជា​អនុ​ប្រធាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​ជំនួស។​

លោក​ ឡេង ប៉េងឡុង​ អគ្គ​លេខាធិការ​រដ្ឋសភា ​ឱ្យ​ដឹង​ថា​ រដ្ឋសភា​អាច​នឹង​បន្ត​នីតិ​វិធី​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​នៅ​ដំណាក់​កាល​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​មុន​នឹង​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​ពិនិត្យ​អនុម័ត។ ​លោក​មិន​រំពឹង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អាច​ឆ្លង​ផុត​រដ្ឋសភា​ទាន់​ក្នុង​សប្ដាហ៍​នេះ​ទេ។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ត្រូវ​អនុម័ត​ដោយ​ងាយ​ស្រួល ​និង​គ្មាន​ឧបសគ្គ​ដោយ​សារ​រដ្ឋសភា​និង​ព្រឹទ្ធ​សភា ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ​អាច​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ជាអាទិ៍​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​ ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​ គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ ដែល​គំរាម​កំហែង​ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស។​ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​អាច​ផ្ដល់​អំណាច​ពេញ​ទី​ឲ្យ​រដ្ឋាភិបាល ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដោយ​របប​អាជ្ញាសឹក​ ក្នុង​ករណី​ចាំបាច់។​

លោក​ Phil Robertson ​នាយក​រង​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​លើក​ឡើង​ថា​ ការ​តាក់​តែង​ច្បាប់​នេះ​ បង្ហាញ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​«មិន​ទាន់​ពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​ការ​គ្រប់​គ្រងទាំង​ស្រុង​[របស់​លោក]»​ ទៅ​លើ​គ្រប់​ស្ថាប័ន​នយោបាយ​កំពូលៗ​របស់​ជាតិ​នៅ​ឡើយ។​

លោក​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ថា៖ ​«ក្រឹត្យ​ច្បាប់​នេះ​ គឺ​ជាការ​វាយ​ប្រហារ​បង្ហើយ​ជីវិត​របប​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ពី​ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​បញ្ចប់​ទាំង​ស្រុង​និង​ជាចុង​ក្រោយ​លើ​រាល់​បណ្ដា​សេរីភាព​ផ្នែក​ពលរដ្ឋ​និង​សេរីភាព​នយោបាយ​ដែល​នៅ​សេស​សល់»។​

ច្បាប់​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទោស​ធ្ងន់​ទៅ​ដល់ ​១០​ឆ្នាំ ​ចំពោះ​ជន​ណា​ដែល​រារាំង​ដល់​កិច្ច​ប្រតិបត្តិការ​ពេល​ប្រទេស​ជាតិ​ស្ថិត​នៅក្នុង​ភាព​អាសន្ន​ កាល​បើ​អំពើ​នេះ​នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ​ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។​

កន្លង​ទៅ​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​ថា​«បាន​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​និង​សណ្តាប់​ធ្នាប់​សាធារណៈ»​និង​បាន​លើក​ឡើង​ជា​រឿយៗ​ អំពី​ការ​លូក​ដៃ​របស់​បរទេស​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​

លោក ​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​រស់​នៅ​ប្រទេស​បារាំង​ បាន​លើក​ឡើង​ថា ​ជំនួស​ការ​ប្រើប្រាស់​ធនធាន​តាក់តែង​ច្បាប់​នេះ​ រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​គួរតែ​ផ្ដោត​ជា​អាទិភាព​លើ​ចំណុច​ចំនួន​ពីរ​គឺ​ទីមួយ​ការពារ​ពលរដ្ឋ​ពី​ការ​ឆ្លង​ជំងឺ ​និង​ទីពីរ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ និង​មុខ​របរ​របស់​ពលរដ្ឋ។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ កាល​ពី​ថ្ងៃ​អង្គារ​ថា៖ ​«របប​លោក ​ហ៊ុន សែន ​នេះ​គឺ​អាច​យក​ជំងឺ​ COVID​ នេះ ​ដើម្បី​មក​គាប​សង្កត់​ប្រជាពល​រដ្ឋ​ទៅ​វិញ​ទេ ​មិន​ដោះ​ស្រាយ​ អាទិភាពចម្បង​ទាំង​ពីរ​ដែល​ខ្ញុំ​រៀបរាប់​ពី​ខាង​លើ​អម្បាញ់​មិញ​នេះ ​គឺ​មើល​រំលង​ តែបែរ​មក​ចាត់​វិធាន​ការ​រឿង​នយោបាយ​រឿង​ចាប់​ចង ​រឿង​បំបិទ​សិទ្ធិ ​បំបិទ​មាត់​ប្រជា​ពលរដ្ឋ​ទៅ​វិញ»។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​រដ្ឋាភិបាល​អាច​ហាម​ឃាត់ ​ឬ​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ដូច​ជា​ការ​ដើរ​ហើរ​ ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ ការ​ប្រកប​មុខ​របរ​ការ​ចែក​ចាយ​ព័ត៌មាន​ដែល​បង្ក​«ចលាចល​ឬ​ដែល​នាំឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ»​និង​បើក​សិទ្ធិ​អំណាច​ឱ្យ​រដ្ឋាភិបាល​តាម​ដាន​ឃ្លាំ​មើល​«ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព»។​

លោក​ យ៉ង សាំងកុមារ​ ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​ចោទ​សួរ​អំពី​ភាព​ចាំបាច់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ដែល​ត្រូវ​ចែង​លម្អិត​អំពី​វិធាន​ការ​ជាក់​ស្ដែង ​ឈាន​ទៅ​ដល់​ករណី​អាសន្ន​ផ្សេងៗ​ទៀត។​

«វា​អត់​ទាន់​ទាមទារ​ឱ្យ​មាន​ដាក់​អ្វី​នៅ​ក្នុង​ហ្នឹង​តាំង​ពី​បិទ​សិទ្ធិ​សេរីភាព។ ​ រឿង​ហាម​នេះ​ហាម​នោះ​ អាហ្នឹង​វា​មិន​ចាំ​បាច់ដាក់​ទៅ​ក្នុង​ហ្នឹង​ធ្វើអ្វី?​វា​រក​កន្លែង​ចាំ​បាច់​មិន​ទាន់​ឃើញ។ តើ​ធ្វើ​ក្នុង​គោល​បំណង​អ្វី ​អាហ្នឹង​ហ្អា?»​

អតីត​មេដឹកនាំ​សង្គម​ស៊ីវិល​ដែល​ក្លាយ​ជា​អ្នក​នយោបាយ​រូប​នេះ ​លើក​ឡើង​ថា​ ការ​ហាម​ឃាត់​ឬ​វិធាន​ការ​លម្អិត ​គួរ​តែ​ត្រូវដាក់​ក្នុង​ព្រះរាជ​ក្រឹត្យ​ដែល​ប្រកាស​ភាព​អាសន្ន​ក្នុង​សភាព​ជាក់​ស្ដែង ​មិន​មែន​ដាក់​ក្នុង​ច្បាប់​ជា​រួម​ទេ។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន ​បាន​ថ្លែង​ថា ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ច្បាប់​នេះ ដោយ​លោក​ថា​ កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​មួយ​ដែល​មាន​ច្បាប់​នេះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជា​បន្ទាន់​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ចន្ទ ​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ការពារ​ថាច្បាប់​នេះ​មិន​មែន​ធ្វើ​ឡើង​ ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង​នោះ​ទេ ​គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ ​ដែល​លោក​សំដៅ​លើ​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​នៅកម្ពុជា។​ លោក​បន្ត​ថា ​បើ​ទោះ​ជា​មាន​ច្បាប់​នេះ ​ក៏​មិន​មែន​មាន​ន័យ​ថា​ នឹង​មាន​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែរ៕​

រាយ​ការណ៍​បន្ថែម​ដោយ​លោក​ សុខ ខេមរា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG