រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ខណៈរដ្ឋាភិបាលបាននិងកំពុងដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណា។
ការអនុម័តនេះធ្វើឡើងក្នុងសំឡេង១១៥នៃតំណាងរាស្រ្តដែលមកចូលប្រជុំទាំងអស់ ចំនួន១១៥រូប។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាតំណាងរាស្រ្តខេត្តកណ្តាល ក៏បានចូលរួមប្រជុំផងដែរ។ សេចក្តីព្រាងច្បាប់នេះមាន១២មាត្រា។
សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យអនុម័ត និងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលធម្មនុញ្ញភាព។
សេចក្តីព្រាងច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»ត្រូវបានរិះគន់ថា នឹងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងអំណាចបន្ថែមទៀតរបស់គណបក្សកាន់អំណាច។
រដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់កំហិតការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរនេះ ក្នុងនោះគោលដៅចម្បង គឺកុំឲ្យកម្មកររោងចក្រធ្វើដំណើរទៅស្រុកកំណើត ដើម្បីបញ្ចៀសលទ្ធភាពនៃការឆ្លងទៅសហគមន៍។
កាលពីថ្ងៃព្រហស្បតិ៍ ជាមួយបទបញ្ជាដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស លោក ហ៊ុន សែន មានប្រសាសន៍ថា បើមានច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន រដ្ឋាភិបាលនឹងយកច្បាប់នេះមកអនុវត្តនៅពេលនេះ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឲ្យល្អជាងការចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ»។
បើតាមសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលអាចហាមឃាត់ ឬដាក់កំហិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាការដើរហើរ ការជួបជុំប្រមូលផ្ដុំ ការប្រកបមុខរបរ ការចែកចាយព័ត៌មានដែលបង្ក«ចលាចលឬដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ»និងបើកសិទ្ធិអំណាចឲ្យរដ្ឋាភិបាលតាមដានឃ្លាំមើល«ប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព»។
សេចក្តីព្រាងច្បាប់នេះ មិនត្រូវបានដាក់ឲ្យមានការពិភាក្សាក្នុងចំណោមអង្គការសង្គមស៊ីវិល និងសាធារណជនដើម្បីចូលរួមផ្តល់យោបល់នោះទេ។
ការរៀបចំច្បាប់ថ្មីជាបន្ទាន់នេះកើតឡើង នៅចំពេលដែលកម្ពុជានិងប្រទេសនានានៅទូទាំងពិភពលោកកំពុងតែប្រឈមនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ហើយលោកហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលរបស់លោកខ្វះឧបករណ៍ផ្លូវច្បាប់ ដើម្បីអនុវត្តមាត្រា២២នៃរដ្ឋធម្មនុញ្ញស្ដីពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្នុងករណីដែលមានព្រឹត្តិការណ៍ធ្ងន់ធ្ងរណាមួយ។
បើតាមសេចក្តីព្រាងច្បាប់នេះ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រទេសប្រឈមមុខនឹងគ្រោះថ្នាក់ ជាអាទិ៍គ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ សេចក្តីព្រាងច្បាប់នេះក៏អាចផ្ដល់អំណាចពេញទីឲ្យរដ្ឋាភិបាល ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដោយរបបអាជ្ញាសឹក ក្នុងករណីចាំបាច់។
កន្លងទៅ អង្គការHuman Rights Watch បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ ដោយពួកគេថាច្បាប់នេះនឹងផ្តល់អំណាចដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងបង្រ្កាបសិទ្ធិមនុស្សជាមូលដ្ឋាន។ អង្គការដែលមានមូលដ្ឋាននៅអាមេរិក លើកឡើងទៀតថាច្បាប់នេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលកាន់តែរឹតបន្តឹងសិទ្ធិស៊ីវិល នយោបាយ និងដាក់គោលដៅបង្រ្កាបលើក្រុមសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយ។
អង្គការនេះក៏បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះមានការប្រើប្រាស់ពាក្យពេចន៍ដែលងាយស្រួលនឹងបកស្រាយ ហើយគាបសង្កត់ទៅលើសិទ្ធិសេរីភាព។
ប៉ុន្តែលោក ហ៊ុន សែន បានថ្លែងការពារថាច្បាប់នេះមិនមែនធ្វើឡើង ដើម្បីបំបិទមាត់ក្រុមប្រឆាំងនោះទេ គឺធ្វើឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលលោកសំដៅលើការទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណានៅកម្ពុជា៕