ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រេសិត​សិទ្ធិមនុស្ស អ.ស.ប. ​ទទូច​ឱ្យ​ការ​បោះឆ្នោត​ខាង​មុខមាន​ភាពសុក្រឹត​ជាងមុន


លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និយាយទៅកាន់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបជាមួយប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/ VOA)

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា​​ អ្នក​ស្រី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​​​​ទៅ​លើ​ការ​បោះឆ្នោត​ដែល​អនុលោម​តាម​គោលការណ៍​តម្លា​ភាព​ ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​​ដែល​គួរឲ្យ​ជឿ​ទុក​ចិត្តបាន។​

អ្នកស្រី​ ​រ៉ូណា ស្មីត​ ​(Rhona Smith)​ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ នាថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ជាមួយ​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ​មាន​ភាពសេរី​ ​និង​យុត្តិធម៌ជាង​មុន។

ក្រោយ​ជំនួបបិទទ្វារ​ ​រយៈពេល​ជាង​២​ម៉ោង​ ​ជាមួយ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ក្នុង​កិច្ច​ពិភាក្សានោះ​ ​លោកស្រី​បាន​ជជែកពាក់ព័ន្ធ​នឹង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​កាលពី​ពេល​កន្លង​មក​ ​ព្រម​ទាំង​ពិភាក្សា​ពី​ដំណើរ​ការ​នៃការ​រៀបចំ​ការ​បោះឆ្នោត​នាពេល​ខាងមុខ។​ ​លោកស្រី​បន្ថែម​ថា​ ​អ្នក​ស្រី​ ​ស្មីត​ ​ក៏​បាន​លើកឡើង​ពីកា​រស្នើ​ឲ្យ​រៀបចំ​ទីក​ន្លែង​សម្រាប់ពលករ​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​បរទេស​ ​អាច​ចុះឈ្មោះ​ ​និង​បោះ​ឆ្នោត​បាន។​ ​ទោះ​ជា​យ៉ាងណា​លោកស្រី​ថា​ ​បញ្ហារៀបចំទីតាំង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នោះ​ ​ត្រូវ​បាន​ប្រធាន​ គ.ជ.ប​ ​ច្រាន​ចោល​ ​ដោយ​អះអាង​ថា​ ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​ច្បាប់​កម្ពុជា​មិន​បាន​តម្រូវ។​

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា អ្នក​ស្រី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បងទៅ​លើ​ការ​បោះឆ្នោត​ដែល​អនុលោម​តាម​គោលការណ៍​តម្លា​ភាព​ ច្បាប់​ជាតិ​ ​និង​អន្តរជាតិដែល​គួរឲ្យ​ជឿ​ទុក​ចិត្តបាន។​

រូបឯកសារ៖ អ្នក​ចូលរួម​បោះឆ្នោត​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​ឈ្មោះ​ ​មុនពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់ស្ទឹង​មានជ័យក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី០៤​ខែមិថុនា​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ អ្នក​ចូលរួម​បោះឆ្នោត​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​ឈ្មោះ​ ​មុនពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់ស្ទឹង​មានជ័យក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី០៤​ខែមិថុនា​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)

អ្នក​ស្រី​ រ៉ូណា ស្មីត​ បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ៖​

«ក្តី​សង្ឃឹម​របស់ខ្ញុំ​គឺថា​ ពួកគេ​នឹង​បន្ត​អនុវត្ត​ច្បាប់​ ​ហើយ​ពួកគេ​នឹង​បន្ត​កែ​លម្អ​ ​និង​ពិនិត្យ​មើល​ដំណើរ​ការ​បោះឆ្នោត​ឡើងវិញ​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទាំងស្រុង​ទៅ​រក​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ និង​មាន​តម្លាភាព​ជាង​មុន​ ​ដូច​នឹង​អ្វី​ដែល​ពួកគេ​បាន​និង​កំពុងធ្វើ»។​

​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ ​ពី​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ដើម​ខែ​មិថុនា​ ​ ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ប្រកាស​ថា​ ​ការ​បោះឆ្នោត​ដំណើរ​ការ​ទៅ​ដោយភាព​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ ​ប៉ុន្តែ​គណបក្ស​ប្រឆាំង​ ​ប្រកាស​ថា ​ការ​បោះឆ្នោត​នោះ​ធ្វើ​ឡើង​ដោយ​មាន​ភាព​លំអៀង​ទៅ​គណ​បក្ស​កាន់​អំណាច​។

នា​ពេល​នោះដែរ​ ​ក្រុម​អង្គការ​សង្គមស៊ីវិល​ជាង​៤០​ក្នុងបន្ទប់​ស្ថានការណ៍​ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បង្ហាញ​ពី​បញ្ហា​មួយ​ចំនួនដែល​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះឆ្នោត​ ​ដូច​ជា​បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ ​វិសមភាព​ហិរញ្ញវត្ថុ​ឃោសនា​បោះឆ្នោត​ ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះតម្លាភាព​ ទីលាន​ប្រជែង​នយោបាយ​ខ្វះ​សមភាព​ និង​ភាព​ចម្រូងចម្រាស​នៃ​បទ​បញ្ញត្តិ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​បោះឆ្នោត​ ​និងច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ​ជា​ដើម។​

របាយការណ៍របស់​បន្ទប់​ស្ថាន​ការណ៍បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ​និង​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃពិនិត្យ​ពីភាព​ស្រប​ច្បាប់​របស់​បន្ទប់​ស្ថានការណ៍​នាពេល​នោះ។​ ​ភ្លាមៗ​ ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា​ ​ក្រុម​អង្គការ​ក្នុង​បន្ទប់​ស្ថាន​ការណ៍​ទាំង​ជាង​៤០​ ​បាន​ធ្វើ​សកម្មភាព​ដែល​មិន​មាន​ភាព​អព្យាក្រឹត្យសម្រាប់​គណបក្ស​នយោ​បាយ។​

លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំ​ពាក្យ​ ​គ.ជ.ប​ ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា​ អ្នកស្រី​ ​រ៉ូណា ស្មីត​ ​បាន​លើក​ឡើង​នូវ​ចំណុច​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ចោទ​សួរ​ទៅ​កាន់​លោក​ ​ស៊ិក ប៊ុនហុក​ ​ដែល​ជា​ប្រធាន​ ​គ.ជ.ប​ ​ក្នុង​ជំនួប​នោះ។​ ​លោក​ថា​ ​ប្រធាន​ ​គ.ជ.ប​ ​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​លោក​ស្រី​ រ៉ូណា ស្មីត​ ​ដែល​បានសួរ​ពីជនជាតិ​វៀតណាម​ចូល​មក​បោះឆ្នោត​នៅ​កម្ពុជា​ ​ថា​ ​មាន​តែ​ប្រជា​ពលរដ្ឋ​ដែល​កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ ដែល​អាច​បោះ​ឆ្នោត​បាន។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អ្នកសារព័ត៌មាន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោកស្រី​ រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អ្នកសារព័ត៌មាន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោកស្រី​ រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ​ហង្ស ពុទ្ធា​ ​បញ្ជាក់​ថា​ ​ប្រធាន​ ​គ.ជ.ប​ ​បាន​ពន្យល់​ ​និង​ឆ្លើយ​តប​ទៅ​លោកស្រី រ៉ូណា ស្មីត គ្រប់​សំណួរ និង​បាន​អះអាង​ថា​ ​គ.ជ.ប​ ​បាន​និង​កំពុង​ធ្វើ​ការ​ងារ​របស់​ខ្លួន ប្រកប​ដោយទំនួល​ខុសត្រូវ ​និង​ពេញ​លេញ។​ ​លោក​បន្ថែម​ថា​ ​ដោយសារសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ហួស​ដែន​កំណត់ ដូច្នេះ​លោក​បាន​ស្នើ​ឲ្យអ្នកស្រី​ ​រ៉ូណា ស្មីត​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អប់រំ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​យល់ដឹង​ពីសិទ្ធិ និង​កាតព្វកិច្ច​របស់​ពួកគេ​ឲ្យ​ស្រប​តាម​ច្បាប់។

លោក​ហង្ស ពុទ្ធា ​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

«កន្លង​មក​ការ​បញ្ចេញ​មតិ​នានា​តែង​តែធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ ​គិត​តែ​ពី​សេរីភាព​ ​គិត​តែ​ពី​សិទ្ធិ ប៉ុន្តែ​អត់​បាន​គិត​អំពី​ករណីយកិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ។​ ​អញ្ចឹង​ហើយ​គឺថា​យើង​ទាំងអស់​គ្នា​ ​ទាំង​លោកស្រី​ក៏​ព្យាយាម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស បាន​យល់​អំពី​តួនាទី ​សិទ្ធិ​ ​កាតព្វកិច្ច​ ​និង​ការ​ទទួល​ខុសត្រូវ​របស់​មនុស្ស​ម្នាក់ៗ។​ ​បើ​ធ្វើ​យ៉ាង​នេះ​បាន​គឺ​ សង្គម​កម្ពុជា​នឹង​ទទួល​បាន​នូវ​សេចក្តី​សុខដុម​រមនា​ ​ទោះបីជា​មាន​ការ​បោះឆ្នោត​ ​មាន​ទស្សនៈ​នយោបាយ​ខុសគ្នា​ក៏​ដោយ​ ​ប៉ុន្តែ​បើ​ម្នាក់ៗ​គោរព​សិទ្ធិ​គ្នា នោះ​កម្ពុជា​នឹង​មាន​ភាព​សុខសាន្ត»។​

​អ្នកនាំពាក្យ​ ​គ.ជ.ប.​ ​រូប​នេះ​ ​បន្ថែម​ថា​ ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​បោះឆ្នោត​របស់​អ្នក​គ្មាន​ជម្រក​ ​ឬ​អ្នក​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​ ​អាច​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​បាន​ ​ប៉ុន្តែ​លោក​ថា ​អ្នក​ដែល​កំពុង​ជាប់​ពិរុទ្ធ​មិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ ​និង​បោះឆ្នោត​នោះ​ទេ។​ ​ចំណែក​ការ​លើកឡើង​ពាក់ព័ន្ធ​នឹង​សំណើ​ឲ្យ​មាន​ការ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​ ​និង​បោះ​ឆ្នោត​នៅ​បរទេស​ ​លោក​ ​ហង្ស ពុទ្ធា​ ​ថា​ ​គ.ជ.ប​ ​មិន​អាច​រៀបចំ​បាន​ ​ដោយ​អះអាង​ថា​ ​គ.ជ.ប​ ​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់​ប៉ុណ្ណោះ។​

ជំនួប​ជាមួយ​ប្រធាន​ ​គ.ជ.ប​ ​នេះ​ ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​១០ថ្ងៃ​ ​នៅ​កម្ពុជា​ ​និង​បន្ទាប់​ពីលោកស្រី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ​មន្ត្រី​បក្ស​ប្រឆាំង​ ​មន្ត្រី​សង្គម​ស៊ីវិល​ ​ហើយ​បាន​ចូល​សួរ​សុខទុក្ខ​អ្នកទោស​ក្នុង​ពន្ធនាគារ រួម​នឹង​ចូលរួម​ការ​ប្រារព្ធ​ខួប​១ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​ ​តំណាង​អ្នក​ភូមិ​បឹងកក់​ដូចជា​អ្នកស្រី​ ​ទេព វន្នី​ ​ជា​ដើម។

កាលពី​ថ្ងៃ​ពុធ​ ​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​បានជួប​ពិភាក្សាជាមួយ​ ​លោក​ ​វង សូត​ ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច។​ ​អ្នកស្រី​បានសម្តែងការព្រួយ​បារម្ភអំពី​មណ្ឌល​ព្រៃស្ពឺដែល​ជា​កន្លែង​ដាក់​អ្នក​សុំ​ទាន​ ​ថាមានស្ថានភាព​កាន់​តែ​អាក្រក់ជាង​មុន។​ ​អ្នកស្រីស្មីត​ ​បាន​ស្នើ​ទៅ​កាន់​លោក​ ​វង សូត​ ​ឲ្យ​ដោះ​លែង​កុមារ ស្រ្តី​មានផ្ទៃ​ពោះ​ ​និង​អ្នក​ដែល​ងាយ​រងគ្រោះ​ពីក្នុង​មណ្ឌល​ដែល​តែង​ចាក់សោ​ពួកគេ​ទុក​មួយ​កន្លែង​នោះ​។​ លោក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា​ ​ក្រសួង​បាន​ទទួល​ស្គាល់​ភាព​ខ្វះ​ចន្លោះ​របស់​ខ្លួន​ ​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែងអភិវឌ្ឍកែ​លម្អ​មណ្ឌល​មួយ​ចំនួន​ ​ដែលក្នុង​នោះ​មាន​មណ្ឌល​ ​ព្រៃស្ពឺ ​ផងដែរ៕​

XS
SM
MD
LG