ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​​​ហ៊ុន សែន​​​ព្រមាន​កាត់​ទោស​អ្នក​រិះគន់​ការ​បញ្ជា​កង​ទ័ព​ទៅ​ទល់​ដែន​ឡាវ


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​ ​លោក​​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ដាក់​បញ្ជា​តាម​ក្បាល​មេក្រូ​ជា​សាធារណៈ​​ឲ្យ​មេទ័ព​កម្ពុជា​​​ចល័ត​ទ័ព​ចូល​ខេត្ត​ស្ទឹងត្រែង​ដើម្បី​វាយ​បណ្តេញ​កង​ទ័ព​ឡាវ​ប្រមាណ​៣០នាក់​ចេញ​ពី​ទឹកដី​កម្ពុជា ​​ដែល​បាន​ចូល​មក​បោះ​ទីតាំង​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​សេកុង​ ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​តាំង​ពី​ខែ​មេសា។ ​

នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​ធ្វើ​អធិប្បាយរិះគន់​ ​ការ​បញ្ជូន​ទ័ព​ទៅព្រំ​ដែន ដើម្បី​ត្រៀម​ប្រយុទ្ធ​នឹង​កងទ័ព​ឡាវ​ដែលចូល​ទឹក​ដី​ខ្មែរថា​ ជារឿង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ ​ដើម្បី​កេង​ចំណេញសន្លឹក​ឆ្នោត​នា​ពេល​ខាង​មុខ។​

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​របស់​និសិ្សត​នៃ​សកល​វិទ្យាល័យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​លោក​ ​ហ៊ុន សែន​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ នឹង​ចាប់​កាត់​ទោស​អ្នកដែល​និយាយ​ថា​ ​ការ​បញ្ជូន​ទ័ព​ទៅ​ព្រំដែន​កម្ពុជា-ឡាវ​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​ប្រជាប្រិយ​ភាព​សម្រាប់​គណបក្ស​ប្រជាជ​នកម្ពុជា។​ ​លោក​បាន​ប្រៀបធៀប​ករណី​នេះ​ទៅ​នឹង​ជម្លោះ​ជា​មួយ​ប្រទេស​ថៃ​ ​កាល​ពី​ឆ្នាំ​២០០៨​ ​រហូត​ដល់​មាន​ការផ្ទុះអាវុធ​ ​និង​ស្លាប់​ទាហាន​ផង​ដែរ។​

លោក​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ ​មាន​ប្រសាសន៍​ថា៖​

«អ្នកណា​ធ្វើអត្ថាធិប្បាយ​លើ​រឿង​នេះ​ ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​ ​អ្នកឯង​មិន​អាច​ប្រមាថ​ជា​មួយ​នឹង​អ្វី​ដែល​គេ​ឈ្លាន​ពាន ​ហើយ​អ្នកឯង​ចាត់ទុក​ថា​ជា ​វិធី​ដើម្បីគណ​បក្ស​ប្រជាជន​យក​សំឡេង​ឆ្នោត។​ យើង​មិន​អាច​ទទួល​យក​បាន​អា​កន្លែង​នេះ។​ ​សូម​ព្រមានអ្នក​ធ្វើ​អត្ថា​ធិប្បាយ​ទាំង​ឡាយ។​ ​ហើយ ​បើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងខ្ញុំ​នឹង​ចាប់​ខ្លួន​ហើយ។​ ​ជា​បទ​ល្មើស​ជាក់ស្តែង​តែម្តង​ ​ក្នុង​ការ​ប្រមាថ​ទៅ​លើ​ជាតិ​សាសន៍​មួយ ​ដែល​មាន​ឯករាជ្យ​អធិប​តេយ្យ​ ​ហើយ​នេះ​វា​ទាក់ទង​ទៅ​នឹង​សន្តិសុខ​របស់​ជាតិ។ កុំ​ថា​ខ្ញុំ​ផ្តាច់​ការ»។​

ការ​ថ្លែង​របស់​ ​លោក​ហ៊ុន សែន​ ​ធ្វើ​ឡើង​បន្ទាប់​ពីសមត្ថកិច្ច​បាន​ចាប់​ខ្លួន​ ​លោក​ ​សួន សេរីរដ្ឋា ប្រធាន​គណ​បក្ស​អំណាច​ខ្មែរ​ ​ដែល​បាន​បង្ហោះ​លើ​គណនីហ្វេសប៊ុក​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ទ័ព​ទៅ​ព្រំដែន​កម្ពុជា-ឡាវ​ ​កាលពី​សុក្រ​សប្តាហ៍​កន្លង​ទៅ។​

អ្នក​នយោបាយ​សញ្ជាតិ​ខ្មែរ-អាមេរិកាំង​ ​លោក​ ​សួន សេរីរដ្ឋា​ ​បាន​បង្ហោះ​សារ​ក្នុង​ន័យ​ដើម​ថា៖​ ​«បើ​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​លាវ ​មែននោះ​ ​លទ្ធផល​វាហ្នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ! គឺ​កូនខ្មែរ​កងទ័ព​ជាតិ ​នឹង​ស្លាប់​ក្នុង​សមរភូមិ... ​ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យ​សក្តិ​បាន​លុយ​កាក់​សប្បាយ​ជាមួយ​ស្រីញី​យ៉ាង​គគ្រឹក​គគ្រេង!»។​

នាថ្ងៃច័ន្ទ​នេះ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហោះ​សារ​របស់​លោក​ ​សួន សេរីរដ្ឋា​ ​ថា​ ​«ជា​ការ​ប្រមាថ»​ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន។​ លោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ថា​ ​លោក​ ​សួន សេរីរដ្ឋា​ ​មាន​ទោស​ធ្ងន់ធ្ងរជាង​ការ​បង្ហោះសារ​ប្រមាថ​កង​ទ័ព​ទៅទៀត​ ​ដោយ​លោក​បញ្ជាក់​ថា​ ​ទោស​កំហុស​នោះ​អាច​ឈាន​រហូត​ដល់​រំលាយ​គណបក្ស​អំណាច​ខ្មែរ​ របស់​លោក​ ​សួន សេរីរដ្ឋា​ ​ចោល​តែម្តង។​

រូបឯកសារ៖ លោក សួន សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​ក្នុង​បន្ទប់ផ្សាយ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ លោក សួន សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​ក្នុង​បន្ទប់ផ្សាយ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា/ VOA)

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ដាក់​បញ្ជា​តាម​ក្បាល​មេក្រូ​ជា​សាធារណៈឲ្យ​មេទ័ព​កម្ពុជា​ចល័ត​ទ័ព​ចូល​ខេត្ត​ស្ទឹងត្រែង​ដើម្បី​វាយ​បណ្តេញ​កង​ទ័ព​ឡាវ​ប្រមាណ​៣០នាក់​ចេញ​ពី​ទឹកដី​កម្ពុជា ដែល​បាន​ចូល​មក​បោះ​ទីតាំង​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​សេកុង​ ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​តាំង​ពី​ខែ​មេសា។ ​

នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ ​លោក​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ​ភ្លាមៗទៅ​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ឡាវ​ ​នៅ​ទីក្រុង​វៀងចន្ទន៍។​ ​ក្នុង​ជំនួប​នោះ​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដក​ទ័ព​ចេញ​ពី​តំបន់ចម្រូង​ចម្រាសក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ជា​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ ​ដែល​លោក​ ​ហ៊ុន សែន​ ​បាន​ចាត់​ទុក​ការ​ដកទ័ព​នេះ​ថា​ ​ជា​ជោគ​ជ័យ​ដ៏​ធំ​មួយ។​

លោក​ ​ហ៊ុន សែន​ ក៏​បាន​លើក​ឡើង​ថា​ ​ការ​ទៅ​ចរចា​ជាមួយ​នាយករដ្ឋ​មន្រ្តី​ឡាវ​ ​កាល​ពី​ថ្ងៃ​ទី១២​ ​ខែ​សីហា​ ​ដើម្បី​ស្នើ​ឲ្យ​ឡាវ​ដកទ័ព​ ​គឺ​ជា​ យុទ្ធសាស្រ្ត​ការ​ទូត​ដើម្បី​ឈ្នះៗ​ មិន​មែន​ជា​ការ​ឱនក្បាល​ ​ដូច​ការ​អត្ថាធិប្បាយ​របស់​អ្នក​នយោបាយ​ ​និង​អ្នកវិភាគ​មួយ​ចំនួន​នោះ​ទេ។​

ភ្លាមៗ​ក្រោយ​លោក​ ​ហ៊ុន សែន​ ​បញ្ជា​ឲ្យ​កាត់​ទោស​លោក​ ​សួន សេរីរដ្ឋា​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ដដែល​ ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ​សួន សេរី​រដ្ឋា​ ​ចំនួន​បី​បទល្មើស​ ​គឺពីបទ​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់​បង្គាប់​តាម​បញ្ញត្តិ​មាត្រា៤៧១​ ​បទ​ធ្វើឲ្យ​ខូច​ទឹកចិត្ត​កង​ទ័ព​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤៧២ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ​តាម​បញ្ញត្តិ​មាត្រា៤៩៤​ ​និង​មាត្រា​៤៩៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

លោក​ ​លី សុផាណា​ ​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​អេឡិច​ត្រូនិច​ ​តេឡេក្រាម​ ​នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា ​បន្ទាប់ពី​បាន​សាកសួរ​ ​និង​ពិនិត្យ​សំណុំ​រឿង​ ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​ថា​ ​អង្គហេតុ​របស់​លោក​ ​សួន សេរីរដ្ឋា​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ ​និង​សន្តិសុខ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​។​ ​លោក​បន្ថែម​ថា​ ​តុលាការ​សម្រេច​លើក​ពេល​ជំនុំ​ជម្រះ​ ​ដោយ​មិន​កំណត់​ពេល​វេលា​ជាក់លាក់​ ​បន្ទាប់​ពី​លោក​ ​សួន សេរីរដ្ឋា​ ​ស្នើ​សុំ​មាន​មេធាវី។​

លោក​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

​«បន្ទាប់​ពី​បាន​សាកសួរ​ ​ពិនិត្យ​សំណុំ​រឿង​ ​និង​ប្រាប់​ពីសិទ្ធិ​របស់​ជនជាប់​ចោទ​នៅ​ក្នុង​សវនាការ​ ​ចៅ​ក្រម​ជំនុំជម្រះ​បាន​សម្រេច​បន្ត​សវនាការ​ទៅ​ថ្ងៃ​ទី២៤​ ​ខែ​សីហា​ ​ឆ្នាំ​២០១៧​ ​ដោយសារ​ជនជាប់​ចោទ​ស្នើសុំ​រក​មេធាវី​ការពារ​ក្តី​ឲ្យ​ខ្លួន​ហើយ​ចៅក្រម​បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ជនជាប់​ចោទ​ឈ្មោះ​ ​សួន សេរីរដ្ឋា​ ​ដើម្បី​រក្សា​ទុក​ជូន​តុលាកា​រជំនុំ​ជម្រះ»។​

លោក​ ​មាស នី​ ​អ្នកវិភាគ​នយោបាយ​ ​និង​ការ​អភិវឌ្ឍ​សង្គម​ ​ប្រាប់​ VOA​ ​ថា​ ​នៅ​ក្នុង​ប្រទេស​ដែលប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ ​គឺ​តែង​មាន​មនុស្ស​មួយ​ក្រុមតូច​រិះ​គន់​រដ្ឋាភិបាល។​ ​លោក​បន្ថែមថា​ ​លោក​នាយក​រដ្ឋ​មន្រ្តី​មិនគួរ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​លើការ​រិះ​គន់​របស់​បុគ្គល​មួយ​ចំនួន​តូច​នោះ​រហូត​ព្រមាន​ចាប់​ខ្លួនពួកគេ​នោះ​ទេ។​

លោក​ មាស នី បញ្ជាក់​ថា៖​

​«បើសិន​យើង​និយាយ​ពី​សង្គម​ប្រជា​ធិប​តេយ្យ​ ​វា​តែង​តែ​មាន​គំនិត​មួយចេញ​មក​ ​ឬ​វិធានការ​មួយ​ចេញ​មក​វា​តែងមាន​អ្នកប្រឆាំង​ ​និង​អ្នក​គាំទ្រ។​ ​បើ​យើង​មើល​ទៅក្នុង​ហ្វេសប៊ុក​ ​អ្នក​ដែលនិយាយ​ថា​ ​ការបញ្ជូន​កង​ទ័ព​ទៅ​ទប់​ទល់​នៅព្រំ​ប្រទល់​ឡាវ​នេះ ​វាជា​ករណី​នយោបាយ​ ​អាហ្នឹងមនុស្សមួយ​ក្រុម​តូច​ទេ​ដែលគេ​ថា​ ​ប៉ុន្តែ​ក៏​មានមនុស្ស​មួយ​ក្រុមធំ​ទៀត​ដែលគេ​គាំទ្រ​វិធាន​ការរបស់​រដ្ឋា​ភិបាលដែរ។ អញ្ចឹង​សម្រាប់​ខ្ញុំ​វិញ​ ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​មិនគួរ​មាន​ភាព​តឹងរ៉ឹង​អី​ពេក​រឿង​អស់​ហ្នឹងទេ»។​

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី /VOA)
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី /VOA)

លោក​ ​មាស នី​ ​សុំមិន​ធ្វើអត្ថា​ធិប្បាយ​លើ​ការ​បញ្ជូន​ទ័ពរបស់​កម្ពុជា​ទៅ​កាន់​ព្រំដែន​កម្ពុជា​-​ឡាវ​ កាលពី​ថ្ងៃ​សុក្រ​ដោយ​លោកគ្រាន់​តែ​លើកឡើង​ពី​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ថាហេតុអ្វី​បានជា​ ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​មាន​កម្លាំង​ទ័ពខ្សោយ​ជាង​កម្ពុជា​ ​ហ៊ានឆ្លង​ទន្លេ​មក​ឈ្លាន​ពាន​កម្ពុជា?។​

លោក​ ​សុក សំអឿន​ ​មេធាវី​ជើង​ចាស់​មួយ​រូប ប្រាប់ VOA ​ថា​ក្នុង​ពេល​ដែល​កងទ័ព​ត្រៀម​ចេញ​ប្រយុទ្ធ​ប្រជា​ពលរដ្ឋ​មិន​ត្រូវ​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​របស់​កង​ទ័ព​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​រាល់​ការ​និយាយ​ ​ឬ​បញ្ចេញ​មតិ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ភស្តុតាង​ត្រឹមត្រូវ​ ​ជៀសវាង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ណា​មួយ។​

លោក​ ​សុក សំអឿន​ ​មាន​ប្រសាសន៍​ថា៖​

​«ទី១​ ​គឺ​យើង​កុំ​និយាយ​អី​មួយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សំដៅ​ដល់​ទឹកចិត្តកងទ័ព​ ​ទាហាន​ ​ពិសេសប៉ះ​ពាល់​រវាងថ្នាក់​ដឹកនាំ​ និង​កូន​ទាហាន​របស់​គេ។​ ​មួយ​ទៀត​ ​អ្វី​ដែល​និយាយ​ ​បើសិនជា​មាន​ព័ត៌មាន​ណាមួយ​ច្បាស់​លាស់ ព្រឹត្តិការណ៍​ណាមួយ​ច្បាស់​លាស់​ យើង​លើក​អាហ្នឹង​ជាក់​ស្តែងទៅ។ កុំគ្រាន់​តែ​លើក​ឧទាហរណ៍​ថា​បើសិនជា​អញ្ចឹង​ ​យើង​នាំគ្នា​ ​Comment​ ​ចេះ​តែ​នាំគ្នា​បញ្ចេញ​មតិ​ទៅ​លើ​ព័ត៌មាន​អត់​ពិត​ផង​ក៏​វា​មិន​ត្រូវ​ដែរ»។​

អ្នក​នយោបាយ​សញ្ជាតិ​អាមេរិកកាំង​ ​សួន សេរីរដ្ឋា​ ​ដែល​ជា​ប្រធាន​បក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ធ្លាប់​ជា​អ្នក​ប្រឆំាង​ ​លោក​ ​ហ៊ុន សែន​ និង​គណបក្សកាន់​អំណាច​ ​ដោយ​និយាយ​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ពេល​លោក​រស់​នៅ​សហរដ្ឋ​អាមេរិក។​ ​លោក​ សួន សេរីរដ្ឋា​ ធ្លាប់​ត្រូវ​បាន​តុលាការ​ខ្មែរ​កាត់​ទោស​ពីបទ​ភេវរកម្ម​ ​ហើយ​ក្រោយ​មក​ត្រូវ​បាន​លើក​លែង​ទោស​ ​ដោយ​ ​ព្រះ​មហាក្សត្រ​ ​ក្រោម​ការ​ស្នើ​របស់​លោក​ ​ហ៊ុន សែន៕

XS
SM
MD
LG