អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃពុធនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធានាឲ្យបាននូវសិទ្ធិចូលរួមនយោបាយពេញលេញរបស់ប្រជាពលរដ្ឋខ្មែរ និងគោរពឆន្ទៈនយោបាយរបស់ពួកគេ ដែលបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងក្រុមប្រឹក្សាធ្វើជាតំណាងរបស់ពួកគេនៅសភា និងនៅថ្នាក់មូលដ្ឋាន។ អ្នកស្រី ស្មីត បានសង្កត់ធ្ងន់ផងដែរថា សិទ្ធិមនុស្សមិនគួរត្រូវបានលះបង់សម្រាប់សិ្ថរភាព និងការអភិវឌ្ឍនោះទេ។
ការថ្លែងរបស់អ្នកស្រី ស្មីត យ៉ាងដូច្នេះ ធ្វើឡើង ក្រោយជំនួបអស់រយៈពេលជិតពីរម៉ោងរបស់អ្នកស្រី ជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជានៅក្នុងរាជធានីភ្នំពេញ។
នៅពេលដើរចេញពីកិច្ចប្រជុំ ដែលធ្វើឡើងនៅស្នាក់ការកណ្តាលរបស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ប្រេសិតអ.ស.ប.រូបនេះបានប្រាប់ក្រុមអ្នកកាសែតថា អ្នកស្រីមិនបានពិភាក្សាជាក់លាក់ទាក់ទិនការរំលាយគណបក្សប្រឆាំងនោះទេ។ អ្នកស្រី ស្មីត ថ្លែងថា៖
«ប៉ុន្តែខ្ញុំពិតជាបានពិភាក្សាអំពីសេចក្តីត្រូវការនៃសិទ្ធិពេញលេញដើម្បីចូលរួមធ្វើនយោបាយនៅកម្ពុជា ហើយសម្រាប់ទស្សនៈនានារបស់ប្រជាពលរដ្ឋដែលចូលរួមការបោះឆ្នោត ត្រូវតែទទួលការបានគោរព និងត្រូវបានទទួលស្គាល់»។
នៅលើគណនីហ្វេសប៊ុករបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា OHCHR ក៏បានពណ៌នាសង្ខេបអំពីជំនួបរបស់ប្រសិតអ.ស.ប.រូបនេះ និងលោក កែវ រ៉េមី តំណាងភាគីកម្ពុជាទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។
អ្នករាយការណ៍ពិសេសនេះត្រូវបានស្រង់សម្តីពីជំនួបនោះ តាមន័យដើមថា៖
«សម្រាប់ប្រជាជនកម្ពុជាជាច្រើនដែលបានទៅបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ អាសនៈតំណាងរបស់ពួកគេត្រូវបានកាន់កាប់ដោយអ្នកដែលពួកគេមិនបានបោះឆ្នោតឲ្យហើយថែមទាំងមិនដែលស្គាល់ផង។ បញ្ហានេះបង្កឲ្យមានកង្វល់យ៉ាងខ្លាំងអំពីសិទ្ធិចូលរួមនយោបាយ»។
អ្នកស្រីបានបន្ថែមថា អ្នកស្រីក៏បានលើកឡើងនូវករណីបុគ្គលដែលអ្នកស្រីមានកង្វល់ជាពិសេស តែអ្នកស្រីមិនបានផ្តល់សេចក្តីលម្អិតនោះទេ។ នេះបើយោងតាមព័ត៌មានដែលបានសរសេរលើគណនីហ្វេសប៊ុករបស់ OHCHR។
ការអញ្ជើញមកទស្សនកិច្ចប្រទេសកម្ពុជារយៈពេល១០ថ្ងៃរបស់អ្នកស្រី ស្មីត លើកទីប្រាំនេះ ធ្វើឡើងនៅក្រោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់ពាក្យប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរជាង៤០ភាគរយទាំងក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧។ តុលាការកំពូលដែលបានចេញសាលដីការំលាយគណបក្សជំទាស់កាលពីឆ្នាំ២០១៧ ក៏បានហាមឃាត់មិនឲ្យមេដឹកនាំ និងក្រុមមន្ត្រីគណបក្សប្រឆាំងចំនួន១១៨នាក់ធ្វើនយោបាយផងដែរ។
នៅមុនការរំលាយគណបក្សប្រឆាំងដ៏ធំនេះ ប្រធានគណបក្សនេះគឺលោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើក្បត់ជាតិ ដោយការឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ បទចោទនេះត្រូវបានលោក កឹម សុខា និងសហរដ្ឋអាមេរិកបដិសេធ។
លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយការជួបពិភាក្សាជាមួយអ្នកស្រី ស្មីត ថា រដ្ឋាភិបាលកម្ពុជាមិនអាចទុកឲ្យបញ្ហាសិទ្ធិមនុស្សមកធ្វើឲ្យរាំងស្ទះដល់កិច្ចអភិវឌ្ឍសង្គមនោះទេ។ លោកថា ដើម្បីប្រយោជន៍ពលរដ្ឋមួយភាគធំ រដ្ឋាភិបាលត្រូវហ៊ាន អារកាត់ចំណែករាំងស្ទះណាមួយ ដែលលោកមិនបានផ្តល់សេចក្តីលម្អិតទេ។
លោក កែវ រ៉េមី មានប្រសាសន៍ថា៖
«តួនាទីរដ្ឋាភិបាល ខុសពីតួនាទី ក្នុងការការពារសិទ្ធិមនុស្សរបស់គាត់។ រដ្ឋាភិបាល ដើម្បីគ្រប់គ្រងប្រទេសមួយ បើសិនជាយើងចង់ការពារមនុស្សធំ ចំនួនធំណាមួយរាប់លាននាក់ យើងត្រូវហ៊ានអារកាត់ ប៉ះពាល់មិនខានទេ នៅជ្រុងណាមួយ។ ហើយជាពិសេសគឺយើងជំរុញឲ្យមានការអនុវត្តច្បាប់»។
លោកមានប្រសាសន៍បន្តថា៖
«ហើយការអនុវត្តច្បាប់ ប្អូនឯងដឹងហើយថា បើសិនជាមិននាំគ្នាគោរពច្បាប់ទេ ម៉េចនឹងអាចសង្គមមួយដឹកនាំទៅតាម គេហៅថា ឲ្យវាមានសន្តិភាពត្រឹមត្រូវបាន។ ប្រទេសមួយដែលដឹកនាំ អត់យកច្បាប់មកធ្វើជាគោលទេ វាអាចទៅជាអនាធិបតេយ្យហើយ អាហ្នឹង!»
ប៉ុន្តែគណនីហ្វេសប៊ុករបស់ OHCHR បានសរសេរថា អ្នករាយការណ៍ពិសេសស្តីពីកម្ពុជាបានសង្កត់ធ្ងន់ថា៖
«សិទ្ធិមនុស្ស ស្ថិរភាព និងការអភិវឌ្ឍ អាស្រ័យគ្នាទៅវិញទៅមក។ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិទ្ធិទាំងអស់នេះមានសារៈសំខាន់ស្មើៗគ្នា។ មិនគួរលះបង់សិទ្ធិមនុស្សឡើយ»។
ក្នុងការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចលើកទីបួនរបស់អ្នកស្រី ស្មីត កាលពីខែសីហា ឆ្នាំ២០១៧ អ្នកជំនាញការសិទ្ធិមនុស្សរូបនេះ បានឲ្យដឹងថា មានការកើនឡើងនៃនិន្នាការប្រើច្បាប់ជាច្រើនមកគាបសង្កត់អ្នកការពារសិទ្ធិមនុស្ស សហជីព និងសកម្មជននយោបាយ។ អ្នកស្រីថ្លែងថា រាល់ច្បាប់ទាំងអស់ត្រូវតែប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងស្មើភាពចំពោះរាល់គ្នា ដោយមិនប្រកាន់ភាពខុសប្លែកគ្នាដោយប្រការណាឡើយ។
យ៉ាងណាក៏ដោយ ក្រោយជំនួបជាមួយអ្នកស្រី ស្មីត នៅថ្ងៃពុធនេះ លោក កែវ រ៉េមី បានថ្លែងថា ពេលវេលានឹងបង្ហាញឲ្យអ្នកស្រី ស្មីត បានឃើញថា ចំណាត់ការនានារបស់រដ្ឋាភិបាលដែលបានធ្វើឡើងដើម្បីថែរក្សាការអភិវឌ្ឍ និងស្ថិរភាពនោះ គឺជាកិច្ចការត្រឹមត្រូវមួយ។
«ខ្ញុំជឿជាក់ថា ថ្ងៃណាមួយ ឥឡូវហ្នឹងគាត់យល់ខុសមកលើរដ្ឋាភិបាល ក៏ប៉ុន្តែថ្ងៃណាមួយ គាត់នឹងយល់ត្រូវ គាត់នឹងយល់ឃើញថា រដ្ឋាភិបាលធ្វើត្រូវ។ សំខាន់បំផុតថា ខ្ញុំថា សំខាន់ នៅពេលដែលកម្ពុជាធ្វើត្រូវ អ្នកឯងយល់ថា ធ្វើត្រូវ ប្រហែលជាអ្នកឯងប្តូរតួនាទី លែងទៅគ្រប់គ្រងសិទ្ធិមនុស្សហើយ ដល់ពេលហ្នឹងអ្នកឯងនឹងកោតសរសើរពីកម្ពុជាថា ពិតជាធ្វើត្រឹមត្រូវ»។
នៅថ្ងៃពុធនេះ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អ.ស.ប. ក៏បានចូលជួបពិភាក្សាជាមួយលោក យូរ ឧត្តរា អនុប្រធានតុលាការកំពូល។ ព័ត៌មានដែលបានចែករំលែកលើគណនីហ្វេសប៊ុករបស់ OHCHR បានឲ្យដឹងថា អ្នកស្រី ស្មីត បានលើកឡើងពីឯករាជ្យភាពតុលាការ ការបែងចែកអំណាច ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមប្រាមជារួម មិនឲ្យសមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូបធ្វើសកម្មភាពនយោបាយ។
ដោយឡែក ឧត្តមស្នងការសិទ្ធិមនុស្សគឺលោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន (Zeid Ra'ad Al Hussein) បានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. នៅថ្ងៃពុធនេះថា នៅប្រទេសកម្ពុជា លោកមានកង្វល់ជាខ្លាំងចំពោះការកើនឡើងនូវវិធានការបង្ក្រាបលើទស្សនៈផ្ទុយគ្នា និងការបិទលំហនយោបាយ និងសង្គមស៊ីវិល។ បទប្បញ្ញត្តិដែលមានពាក្យពេចន៍ចែងក្នុងន័យមិនជាក់លាក់ត្រូវបានគេប្រើប្រាស់ដើម្បីបំបិទមាត់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយផ្សេងៗ។ នេះបើយោងតាមព័ត៌មានដែលបានចែករំលែកលើគណនី Facebook របស់ OHCHR។
លោកអះអាងថា ចាប់តាំងពីក្រុមប្រឹក្សានេះបានជួបប្រជុំចុងក្រោយមក តុលាការកំពូលបានរំលាយគណបក្សប្រឆាំងដ៏ធំមួយ ដកហូតសិទ្ធិបោះឆ្នោតរបស់គណបក្សប្រឆាំង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ កាលពីពេលថ្មីៗ ទំនងជាកាន់តែធ្វើឲ្យថមថយបន្តិចម្តងៗនូវសិទ្ធិនយោបាយ និងសេរីភាពជាមូលដ្ឋាន។
លោកបានថ្លែងក្នុងន័យដើមថា៖
«ខ្ញុំកត់សម្គាល់ និងសូមស្វាគមន៍ការរីកចម្រើន កាលពីពេលថ្មីៗនេះលើការការពារសង្គម និងប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែខ្ញុំក៏អំពាវនាវផងដែរដល់រដ្ឋាភិបាល សូមឲ្យធានាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ គោរពសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការបង្កើតសមាគម និងសិទ្ធិជួបប្រជុំដោយសន្តិវិធី និងសូមឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស និងតួអង្គនយោបាយផ្សេងៗ»៕