ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​អ.ស.ប.​​ព្រួយ​បារម្ភ​អំពី​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ


អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្

ក្នុង​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​​វិស័យយុត្តិធម៌ ​ ​អ្នកស្រី​ រ៉ូណា​ ស្មីត​ អ្នក​រាយការណ៍​របស់​​​អ.ស.ប.​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​បង្ហាញ​ក្តី​បារម្ភ​អំពី​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ។

អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​១០ថ្ងៃ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ច័ន្ទ​ ដោយ​បាន​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ពង្រឹង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​ហើយនឹង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ខាងយុត្តិ​ធម៌។ ​នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​គណនី​ហ្វេស​ប៊ុក​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter ​របស់ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​(OHCHR)។​

នេះ​គឺជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ទីប្រាំ​របស់​អ្នកស្រី​ ស្មីត​ មក​កាន់​ប្រទេស​កម្ពុជា​ គ្រា​ដែល​ប្រទេស​នេះ​កំពុង​ត្រូវ​អ្នក​វិភាគ​មើល​ឃើញ​ថា​ ជាប់​គាំង​ក្នុង​វិបត្តិ​នយោបាយ​នោះ។​

រូបឯកសារ៖ លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)

លោក​ ស៊ឹង សែនករុណា​ អ្នក​នាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​ អាដហុក​ ថ្លែង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជួប​ជាមួយ​អ្នកស្រី​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពីថ្ងៃ​ច័ន្ទម្សិល​មិញ។ ​ក្នុង​ជំនួប​នោះ​ មាន​ការ​ពិភាក្សា​អំពី​ស្ថានភាព​ចុង​ក្រោយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ការ​ជាប់​ឃុំឃាំង​របស់​អ្នកស្រី​ ទេព វន្នី​ សកម្ម​ជន​ការពារ​សិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​សហគមន៍​បឹងកក់។ ​មន្ត្រី​សិទិ្ធ​មនុស្ស​រូប​នេះ​ ថ្លែង​បន្ត​ថា ​អ្នក​ស្រី​ស្មីត​មិនទាន់​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​អ្នកស្រី​បែប​ណាៗ​ ​ទាក់​ទិន​នឹង​ការ​វិវត្ត​ចុង​ក្រោយ​នានា​នៅ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​នោះ​ទេ។​

«គាត់​គ្រាន់តែ​បានស្តាប់​អំពី​សេចក្តី​រាយ​ការណ៍​ពី​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ធ្វើ​លើ​កិច្ច​ការ​ទាំង​អស់​ហ្នឹង​ រាយ​ការណ៍​ជូនទៅ​គាត់​ទេ​ ហើយ​ត្រង់​ថា​ តើ​ចំណុច​ណា​ដែល​ជា​ការ​ចាប់​អារម្មណ៍​របស់​គាត់​ដើម្បី​យក​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​ ​អា​នោះ​យើង​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​គាត់​ទេ»។​

នៅ​មុន​ពេលផ្តើម​ទស្សនកិច្ច​របស់​អ្នកស្រី​ ស្មីត​ មកកាន់​កម្ពុជា ​ លោក​សាយម៉ឹន​ វ៉កឃើ ​(Simon Walker) ​តំណាង​ប្រចាំ​ប្រទេសកម្ពុជានៃ​ការិយាល័យ​ OHCHR ​នៅ​កម្ពុជា ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ VOA​ ដឹង​តាម​សារ​អេឡិកត្រូនិក​ (Email) ​កាលពី​សប្តាហ៍​មុនថា​ អ្នកស្រី​ ស្មីត ​នឹង​ផ្តោត​លើ​បញ្ហា​ជាច្រើន​ ដែល​រួមមាន​ការ​បោះ​ឆ្នោត​ សិទ្ធិ​នយោបាយ​ និង​សេរីភាព​ជា​មូលដ្ឋាន​ ហើយ​នឹង​ដាក់​បញ្ហា​ទាំង​នេះ​ ឲ្យ​ស្ថិត​ក្នុង​បរិការ​នៃ​បញ្ហា​នានា​ផ្សេង​ទៀត​ ​ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ​ រួមមាន​ដំណើរ​ការ​អភិវឌ្ឍ​ជាច្រើន​ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​សិទ្ធិ​សង្គម។​

នៅ​ថ្ងៃ​ទីពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រីស្មីត​នៅ​កម្ពុជា​លើក​នេះ ​អ្នកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​អង្គ វង្សវឌ្ឍនា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ និង​លោក​ យូ ប៊ុនឡេង​ ប្រធាន​សាលា​ឧទ្ធរណ៍។ ​នេះ​បើ​យោង​តាម​ព័ត៌មាន​ ដែល​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter ​របស់ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

​គណនីហ្វេសប៊ុក​ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បានសរសេរថា​ ​ក្នុង​ជំនួប​របស់​អ្នកស្រី​ ស្មីត​ជាមួយ​លោក​ អង្គ វង្សវឌ្ឍនា​ ​អ្នកស្រី​ស្មីតបាន​ពិភាក្សា​អំពី​បច្ចុប្បន្ន​ភាព​ អំពី​ជំនួយ​ផ្នែក​ច្បាប់​ ការ​គ្រប់គ្រង​យុត្តិធម៌​ ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ និង​ការ​ផ្លាស់​ ប្តូរ​ច្បាប់​ចុង​ក្រោយ​បំផុត។​

គណនី​ហ្វេសប៊ុក​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«អ្នក​រាយ​ការណ៍​ពិសេស ​រ៉ូណា ស្មីត ​បាន​សម្តែង​កង្វល់​អំពី​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ​និង​ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ ​គុណ​វិបត្តិ​ខាង​នីតិវិធី​ និង​ភាព​មិន​ស្រប​គ្នា​ជាមួយ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»។​

នៅ​ក្នុងជំនួប​របស់​អ្នកស្រី​ស្មីត​ និង​លោក​យូ ប៊ុនឡេង​ ប្រធាន​សាលា​ឧទ្ធរណ៍​ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ដដែល​នេះ​ ​អ្នក​រាយ​ការណ៍​ពិសេស​រូប​នេះ​ត្រូវ​បាន​ស្រង់​សម្តី​ និង​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​ន័យ​ដើម​ថា៖​

«ជួយ​កែ​លម្អ​ការ​យល់​ឃើញ​របស់​សាធារណជន​អំពី​យុត្តិធម៌ ​និង​ឯករាជ្យ​ភាព​តុលាការ​ តាម​រយៈ​ការ​បោះពុម្ព​ផ្សាយ​សេចក្តី​សម្រេច​របស់​តុលាការ​ដែល​មាន​ការ​បញ្ជាក់​ហេតុផល ​មាន​ភ័ស្តុតាង​រឹងមាំ​អាច​ជឿទុក​ចិត្ត​បាន»។​

ក្នុងការ​ឆ្លើយ​សំណួរ​របស់​ VOA​ ​អំពីកិច្ច​ពិភាក្សា​រវាង​អ្នក​ស្រី​ រ៉ូណា ស្មីត​ ប្រេសិត​របស់​អ.ស.ប.​ និង​លោក​អង្គ វង្សវឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​បញ្ជាក់​ប្រាប់ VOA​ ​ថា​ ជំនួប​របស់អ្នក​ទាំងពីរ​គឺផ្តោត​តែ​ទៅ​លើ​ទិដ្ឋភាព​បច្ចេកទេស​ក្នុង​ការ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌តែ​ប៉ុណ្ណោះ។​

នៅ​ពេល​ VOA ​សួរលោក​ថា​ តើមាន​ការ​ពិភាក្សាពី​បញ្ហា​នៃ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ កឹម សុខា​ និង​ការ​រំលាយគណបក្ស​ប្រឆាំង​ដោយ​តុលាការ​កំពូល​ ដែរ​ឬទេ​ ​លោក​ ជិន ម៉ាលីន​ថ្លែង​ថា៖​

«បាទ! ​ចំពោះ​ករណី​នេះ​គឺ​ជួប​ជជែក​គ្នា​ទៅ​លើ​ក្រប​ខណ្ឌ​គោល​នយោបាយច្បាប់​ និង​សុទ្ធជា​បច្ចេក​ទេស​សុទ្ធ​សាធ​ លើ​ការ​កែ​ទម្រង់​...មិន​ពាក់​ព័ន្ធ​ទៅរឿង​នយោបាយ​ ឬ​ក៏​មាន​របៀប​វារៈ​នយោបាយ​ ដែល​នៅ​ពី​ក្រោយទេ​បាទ»។​

VOA​ មិន​អាច​សុំការ​អធិប្បាយ​ពី​លោក​ ទូច ថារិទ្ធ​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

នៅ​ថ្ងៃ​ពុធស្អែក​នេះ​ អ្នកស្រី​ ស្មីត​ គ្រោង​ជួប​ពិភាក្សា​ជាមួយ​លោក​ កែវ រ៉េមី ប្រធាន​គណៈ​កម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោក​ យូរ ឧត្តរា​ អនុ​ប្រធាន​តុលាការ​កំពូល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG