ការិយាល័យសិទ្ធិមនុស្សអ.ស.បព្រមានថា ច្បាប់ថ្មីរបស់ប្រទេសប៉ូឡូញដែលសម្រួលការបណ្តេញចៅក្រមនោះបង្កហានិភ័យដែលធ្វើឱ្យអន្តរាយដល់ឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅក្នុងប្រទេសនោះ។
ច្បាប់ដែលស្នើដោយគណបក្សកាន់អំណាចឈ្មោះគណបក្សច្បាប់និងយុត្តិធម៌របស់ប្រទេសប៉ូឡូញត្រូវបានអនុម័តកាលពីថ្ងៃសុក្រ ដោយសភាប្រទេសនេះ។
មន្ត្រីអ.ស.ប.និយាយថា ច្បាប់នេះដាក់កហិតបន្ថែមលើឯករាជ្យភាពរបស់ចៅក្រមដោយរឹតត្បិតសិទ្ធិជាមូលដ្ឋានរបស់ពួកគេទាក់ទងនឹងសេរីភាពក្នុងការបង្កើតសមាគមនិងសេរីភាពក្នុងការបញ្ចេញមតិ។
អ្នកនាំពាក្យសិទ្ធិមនុស្សអ.ស.ប.លោក Rupert Colville និយាយថា ចៅក្រមមិនគួរនៅក្រោមឥទ្ធិពលនយោបាយទេ ហើយក៏មិនគួរនាំនយោបាយចូលក្នុងតុលាការដែរ។ ទោះយ៉ាងណា លោកប្រាប់វីអូអេថា ចៅក្រមក៏ដូចជាអ្នកដទៃទៀតដែរ មានសិទ្ធិសម្រេចអំពីមតិផ្ទាល់ខ្លួន និងចូលជាសមាជិកនៅក្នុងសមាគមដែលពួកគេជ្រើសរើស។ លោកកត់សម្គាល់ថា ច្បាប់ថ្មីនេះរឹតត្បិតសកម្មភាពទាំងនេះយ៉ាងខ្លាំង។
លោក Colville បន្តថា ច្បាប់នេះក៏អាចរារាំងមិនឱ្យចៅក្រមបំពេញកាតព្វកិច្ចស្របច្បាប់របស់ពួកគេក្រោមច្បាប់សហភាពអឺរ៉ុប ហើយថែមទាំងមិនអាចអនុវត្តច្បាប់របស់សហភាពអឺរ៉ុបឱ្យបានត្រឹមត្រូវទៀតផង។ លោកបន្ថែមថា ច្បាប់នេះក៏ខុសពីច្បាប់សិទ្ធិមនុស្សអន្តរជាតិផងដែរ។
ប្រទេសប៉ូឡូញក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលមានសមាជិក៤៧ប្រទេសសម្រាប់អាណត្តិ២ឆ្នាំចាប់ពីឆ្នាំ២០២០។ លោកនិយាយថា ក្នុងនាមជាសមាជិកថ្មី ប្រទេសនេះត្រូវគេរំពឹងថា នឹងលើកស្ទួយសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានកម្រិតខ្ពស់៕