ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង្វះ​ខាត​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ប្រើប្រាស់​បង្ក​ការ​គំរាមកំហែង​ជំងឺ​អាសន្ន​រោគ​នៅ​ជំរំ​ជន​ភៀស​ខ្លួន​​​​រ៉ូហ៊ីងយ៉ា


ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ឈរ​តម្រង់​ជួរ​ក្នុង​ភ្លៀង​ ដើម្បី​ទទួល​ជំនួយ​មនុស្សធម៌​ នៅ​ជំរំ Kutupalong ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដេស កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៧។

ស្រប​ពេល​ដែល​ជន​រ៉ូហ៊ីងយ៉ា​បន្ត​ចូល​ទៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន និង​ទី​វាល​ទាំង​ឡាយ​នៅ​ស្រុក Cox's Bazar ​ភាគ​ខាង​ត្បូង​ប្រទេស​បង់ក្លាដេស ការ​ព្រួយបារម្ភ​មាន​កាន់​តែ​ខ្លាំង​ឡើង​​ពី​ជំងឺ​ឆ្លង​តាម​ទឹក​ដូចជា ជំងឺ​អាសន្ន​រោគ​ ដែល​អាច​រីក​សាយភាយ​តាម​ប្រព័ន្ធ​ទឹក​ប្រើ​ប្រាស់​មិន​ស្អាត។

ដោយ​ឈរ​នៅ​ជិត​ជំរំ​តង់ទើប​ដំឡើង​ថ្មីៗ​ជា​ច្រើន​នៅ​ជម្រាល​ភ្នំ លោក​ Abdul Malek បកស្រាយ​ពី​បញ្ហា​ធំ​ជាង​គេ​បង្អស់​មួយ​ ដែល​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ជាង ៥​សែន​នាក់​ ដែល​រត់​ភៀស​ខ្លួន​ពី​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា​ដើម្បី​រក​ទី​ទួល​សុវត្ថិភាព​នៅ​ប្រទេស​បង់ក្លាដេស កំពុង​ប្រឈម​មុខ។

បញ្ហា​នោះ​គឺ បង្គន់​អនាម័យ។

«រហូត​មក​ទល់​បី​ថ្ងៃ​ចុងក្រោយ​នេះ យើង​បាន​ប្រឈម​ជាមួយ​នឹង​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បង្គន់​អនាម័យ»។ នេះ​បើ​យោង​ទៅ​តាម​សម្តី​របស់​លោក Malek ​បុរស​រ៉ូហ៊ីងយ៉ា​មក​ពីខេត្ត​ Rakhine ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា​កន្លង​ទៅ​ នៅ​ពេល​ដែល​កង​យោធា​រំដោះ​ Arakan Rohingya បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា ដោយ​បង្ក​ឲ្យ​មាន​ការ​រត់ភៀសខ្លួន​ឆ្លង​ព្រំដែន​។ ការណ៍​នេះ​ត្រូវ​បាន​មន្រ្តី​សិទ្ធិ​មនុស្ស​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ហៅ​ថា​ជា​ ឧទាហរណ៍​ជាក់ស្តែង​មួយ​នៃ​ការ​លុបបំបាត់​ជាតិសាសន៍។

តាមរយៈ​ពាក្យ​ថា «ការ​លំបាក​ជា​ច្រើន» លោក​ Malek មាន​ន័យ​ថា មិនមាន​បង្គន់​ប្រើប្រាស់ ហើយត្រូវ​ចូល​ទៅ​វាលស្រែ​ដើម្បី​បន្ទោបង់។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ កាល​ពី​សប្តាហ៍​មុន​ បង្គន់​អនាម័យ​ថ្មី​មួយ​ត្រូវ​បាន​សង់​ដោយ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

ទោះ​បី​ជា​បង្គន់​នេះបាន​បម្រើ​ដល់​តម្រូវ​ការ​របស់​មនុស្ស​រាប់​រយ​នាក់​ ដែល​នាំ​ឲ្យ​មាន​ការ​តម្រង់​ជួរ​យ៉ាង​វែង​នៅ​ពេល​ព្រឹក​ក៏​ដោយ ក៏​វា​នៅ​តែ​ប្រសើរ​ជាង​ការ​គ្មាន​បង្គន់​ប្រើប្រាស់​ទាល់តែ​សោះ​ដែរ។ លោក Malek ​បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ គឺ​គ្រាន់​បើ​ហើយ»។

ស្រប​ពេល​ដែល​ជន​រ៉ូហ៊ីងយ៉ា​បន្ត​ចូល​ទៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន និង​ទី​វាល​ទាំង​ឡាយ​នៅ​ស្រុក Cox's Bazar ​ភាគ​ខាង​ត្បូង​ប្រទេស​បង់ក្លាដេស ការ​ព្រួយបារម្ភ​មាន​កាន់​តែ​ខ្លាំង​ឡើងពី​ជំងឺ​ឆ្លង​តាម​ទឹក​ដូចជា ជំងឺ​អាសន្ន​រោគ​ ដែល​អាច​រីក​សាយភាយ​តាម​ប្រព័ន្ធ​ទឹក​ប្រើ​ប្រាស់​មិន​ស្អាត។

​បញ្ហា​នេះគួប​ផ្សំ​គ្នា ពី​ព្រោះ​ជំរំ និង​កន្លែង​ស្នាក់​អាស្រ័យថ្មីៗ ស្ថិត​នៅ​ក្នុង​តំបន់​ ដែល​មាន​មនុស្ស​កក​កុញ​ ដោយ​មាន​កុមារ​ជា​ច្រើន ដែល​មាន​ប្រព័ន្ធការពារសុខភាព​ទន់ខ្សោយ។

ដើម្បី​ជួយ​ជ្រោមជ្រែង​កុំ​ឲ្យមាន​គ្រោះអាសន្ន​ផ្នែក​សុខភាព ក្រុម​ជំនួយ​នានា​ប្រញាប់ប្រញាល់ដាក់​ដំឡើង​អណ្តូង​ស្នប់​សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រើប្រាស់ និង​បង្គន់​អនាម័យ​ជា​ច្រើន​ តាម​លទ្ធភាព​អាច​ធ្វើទៅ​បាន។

លោក Asif Saleh នាយក​ជាន់​ខ្ពស់​អង្គការ​ជំនួយ​សង្រ្គោះ​បង់ក្លាដេស BRAC បាន​និយាយ​ថា អង្គការមាន​គោលដៅ​ដាក់​ដំឡើង​បង្គន់​អនាម័យ​ចំនួន ១៥.០០០ នៅ​ត្រឹម​ថ្ងៃ​ទី១៥ ខែ​តុលា។

លោក​បាន​បន្តថា បង្គន់​បណ្តោះ​អាសន្ន​ អាច​ប្រើប្រាស់​បាន​ត្រឹមតែ​មួយ​ខែ គឺ​សំខាន់​ជាង​ការ​ សង់​បង្គន់អចិន្ត្រៃយ៍​ ដោយសារ​តែ​កន្លែង​ស្នាក់​អាស្រ័យ​បច្ចុប្បន្ន​មិន​មាន​លក្ខណៈ​អចិន្រ្តៃយ៍​នោះ​ទេ។ មក​ទល់​ពេល​នេះ បង្គន់​អនាម័យ​ចំនួន​ ៤.៦០០ ត្រូវ​បាន​ដាក់​ដំឡើង​។ លោក​ Saleh បាន​និយាយ​ថា៖

«យើង​ត្រូវ​ព្យាយាម​ឲ្យ​មនុស្ស​ប្រើប្រាស់​បង្គន់ ឲ្យ​កាន់​តែ​លឿន និង​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នេះ​គឺ​ជា គោលដៅ ជាជាង​ការ​ធ្វើ​គម្រោង​ផ្តួចផ្តើម​ក្នុង​រយៈពេល​វែង ដែល​នឹង​ត្រូវ​ការ​ពេលវេលា​យូរ​ជាង​នេះ ​ដើម្បី​សង់​បង្គន់​មួយៗ»។

លោក​បាន​បន្ត​ថា៖

«ខ្ញុំ​គិត​ថា ហានិភ័យ​បន្ទាន់​ចម្បង​ជាង​គេ​គឺ ហានិភ័យ​ផ្នែក​សុខភាព។ ហើយ​ជំងឺ​ជា​ច្រើន​បាន​រីក​សាយភាយ​តាមរយៈការ​បន្ទោបង់នៅ​ទីវាល និង​ការ​មិនមាន​លទ្ធភាព​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់។ នា​ពេល​បច្ចុប្បន្ន យើង​មាន​ហានិភ័យ​ដែល​ថា ជំងឺ​អាសន្ន​រោគ​អាច​រីក​សាយភាយ»។

បុរស​ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់ ដែល​បាន​ឆ្លង​ដែន​ពី​ប្រទេស​មីយ៉ាន់ម៉ា​ចូល​មក​ប្រទេស​បង់ក្លាដេស បាន​សង់​ជម្រក​បណ្តោះ​អាសន្ន​សម្រាប់​គ្រួសារ​របស់​លោក​នៅ​ជំរំ​ជនភៀសខ្លួន Taiy Khali ប្រទេស​បង់ក្លាដេស កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១៧។
បុរស​ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់ ដែល​បាន​ឆ្លង​ដែន​ពី​ប្រទេស​មីយ៉ាន់ម៉ា​ចូល​មក​ប្រទេស​បង់ក្លាដេស បាន​សង់​ជម្រក​បណ្តោះ​អាសន្ន​សម្រាប់​គ្រួសារ​របស់​លោក​នៅ​ជំរំ​ជនភៀសខ្លួន Taiy Khali ប្រទេស​បង់ក្លាដេស កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១៧។

​មិន​ទាន់​ឃើញ​មាន​ជំងឺ​អាសន្ន​រោគនៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​នៅ​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយបារម្ភ​ដទៃ​ទៀត​ពី​បញ្ហា​សុខភាព​ទាក់ទង​នឹង​អនាម័យ។

លោក​ Saleh បាន​និយាយ​ថា ចំនួន​អ្នក​ជំងឺ​មក​គ្លីនិក​ចល័ត​របស់​អង្គការ BRAC ជាមួយ​នឹង​ជំងឺ​រាគរូស និង​រាគមូល បាន​កើនឡើង​ពីរ​ភាគរយ​ រហូតដល់​ជិត ២០​ភាគរយ។

លោក​ស្រី Vivian Tan អ្នក​នាំ​ពាក្យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន (UNHCR) បាន​និយាយ​នៅ​ក្នុង​សារ អេឡិចត្រូនិច​មួយ​ថា មក​ទល់​ថ្ងៃ​នេះ​ អង្គការ UNHCR និង​ដៃ​គូ​បាន​ដាក់​បង្គន់​អនាម័យ​ចំនួន​ ៥០០ ដើម្បី​បម្រើ​ការ​ដល់​មនុស្ស​ប្រមាណ ២ម៉ឺន ៥ពាន់​នាក់​ ដែល​ភាគច្រើន​រស់​នៅ​ផ្នែក​ពង្រីក​បន្ថែម​នៃ​ជំរំ Kutupalong។ អង្គការ UNHCR ក៏​បាន​ជីក​អណ្តូង​ស្នប់​ ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ជន​ភៀសខ្លួន​ជិត ៣​ម៉ឺន ៧​ពាន់​នាក់។ លោក​ Tan បាន​មាន​ប្រសាសន៍​ថា៖

«ការងារ​នេះ​កំពុង​តែ​ធ្វើ​ឡើង​ ស្របពេល​ដែល​មាន​បញ្ហា​ទំហំ​ដី ហើយ​យើង​សង្ឃឹម​ថា នឹង​អាចបង្កើន​ចំនួន​បង្គន់​សម្រាប់​គ្រួសារ​នីមួយៗ​ប្រើប្រាស់​ឲ្យ​បាន​ឆាប់​រហ័ស​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

ការ​ការពារ​បន្ថែម​ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​អាសន្នរោគ​គឺ ការ​ចាក់វ៉ាក់សាំង​បង្ការ។

ដោយ​បានជំនួយ​ពី​អង្គការ​សុខភាព​ពិភពលោក និង​មូលនិធិ​កុមារ​អង្គការ​សហប្រជាជាតិ ក្រសួង​សុខាភិបាល​បង់ក្លាដេស​បាន​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​អាសន្ន​រោគ​ នៅ​តាម​កន្លែង​ស្នាក់​អាស្រ័យ​មួយ​ចំនួន​នៅ​ឃុំ Ukhia និងឃុំ​ Tekhnaf នៃ​ស្រុក Cox's Bazar។

យោង​ទៅ​តាម​អ្នក​នាំ​ពាក្យ​អង្គការ UNICEF លោក​ Jean-Jacques Simon វ៉ាក់សាំង​ចំនួន ៩សែន​ កំពុង​តែ​ត្រូវ​គេដឹក​បញ្ជូន​មក​តាមរយៈ​ក្រុម​ការងារ​ចល័ត ដែល​នេះ​ជាយុទ្ធនាការ​ចាក់​ថ្នាំវ៉ាក់សាំង​បង្ការ​ជំងឺ​អាសន្ន​រោគ​ធំជាង​គេ​បង្អស់​ទី​ពីរ​នៅ​លើ​ពិភពលោក។ យុទ្ធនាការ​ធំជាង​គេ​ទី​មួយ​ត្រូវ​បានធ្វើឡើង​នៅ​ប្រទេស​ហៃទី​ កាល​ពី​ឆ្នាំ​មុន។

លោក Simon បានកត់សម្គាល់​ថា ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍​មុន ករណី​ថ្មី​នៃ​ការ​កើត​មាន​ជំងឺ​រាគ​រូសចំនួន ១ម៉ឺន ៣រយ​ករណី​ត្រូវ​បានគេ​រាយការណ៍។

ដំណាក់កាល​ដំបូង​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នឹង​ផ្តោត​ទៅ​លើកុមារជាង ៦​សែន ៥​ម៉ឺន​នាក់ ចាប់​ពី​អាយុ​មួយ​ឆ្នាំ​ឡើង​ទៅ។ ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​នឹង​ចាប់​ផ្តើម​នៅ​ចុង​ខែ​តុលានេះ ហើយ​មាន​គោលដៅ​ផ្តល់​វ៉ាក់សាំងដល់កុមារ​ប្រមាណ ២សែន ៥ម៉ឺន​នាក់ ពី​អាយុ​រវាង ១ឆ្នាំ ដល់​៥​ឆ្នាំ។

ប៉ុន្តែ​ទំហំ​នៃ​ការ​ឆ្លើយតប​ផ្នែក​មនុស្ស​ធម៌ និង​ស្ថានការណ៍​ផ្ទាល់​ដែល​កំពុង​ប្រែប្រួល​អាចជួប​ប្រទះ​នឹង​អ្វីដែល​មិន​អាច​រំពឹង​ទុក​ជា​មុន​បាន។

សម្រាប់​លោក​ Malek និង​អ្នក​នៅ​ជំរំ​តង់ជិតខាង​លោក ការ​ដាក់​ឲ្យ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​បាន​ជួយ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​នោះ​ទេ​ដែល​កំពុង​ប្រើប្រាស់​បង្គន់​នោះ។ លោក​បាន​បកស្រាយ​ថា នា​ពេល​ថ្មីៗ​នេះ ​គ្រួសារ​នានា​ ដែល​រស់​នៅ​ក្នុង​តង់​ជុំវិញ​បង្គន់​បាន​សម្រេចថា បង្គន់​នោះ​គឺ​ សម្រាប់​តែ​ស្រ្តី​ប៉ុណ្ណោះ ពីព្រោះ​ស្រ្តី​ត្រូវ​ការ​ភាព​បិទបាំង​ជាង។

នៅ​ពេល​សួរ​ថាតើ​នៅ​ពេល​បន្ទោបង់​ បុរស​ទៅ​កន្លែង​ណា លោក Malek ​ចង្អុល​ទៅ​កាន់​ជើង​ភ្នំ និង​វាលស្រែ។ លោក​បាន​និយាយ​ថា៖

«យើង​ជា​បុរស យើង​អាច​ទៅ​កន្លែង​ណា​ក៏​បាន»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG