ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជា​ជាតិ៖ រៀបចំផែនការទុកជាមុន ​​​ខណៈដែល​ប្រជាពលរដ្ឋ​កាន់​តែមាន​វ័យ​​ចំណាស់


ប្រទេស​ជប៉ុន​ មាន​ប្រជា​ពលរដ្ឋ​វ័យចាស់បំផុត​នៅក្នុង​ពិភពលោក​។​ ៣០ភាគរយ​នៃ​ជនជាតិ​ជប៉ុន​ ជាមនុស្ស​ចាស់។

មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​​៥នាក់នៅ​ក្នុង​ពិភព​លោក នឹង​មាន​អាយុ​លើ​៦០​ឆ្នាំ។

ដោយ PETER FEDYNSKY
ប្រែសម្រួលដោយ លី សុខឃាង
​វា​គឺជា​ការ​ពិត​នៃជីវិត ដែល​មនុស្ស​វ័យកាន់​តែ​ចាស់ មានភាព​យឺត ដូច្នេះ​វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដូចជាថា មនុស្ស​វ័យ​ចាស់​ទាំង​នោះត្រូវ​ការ​ពេល​យូរ​ជាង​មុន​ក្នុង​ការ​ដើរ​ឆ្លង​ផ្លូវ​។ តើ​សហគមន៍​ត្រូវ​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​វ័យ​ចាស់​របស់​ពិភពលោក ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័សដោយ​របៀប​ណា? របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជា​ជាតិ​ស្តីពី​មនុស្ស​វ័យ​ចាស់ ទទូច​សុំ​ឱ្យប្រទេស​ទាំង​ឡាយ​ឆ្លើយ​សំណួរនេះ​ ដោយសារថានៅពេល​ឆាប់ៗ​នេះ​ មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស៥នាក់នៅ​ក្នុង​ពិភព​លោក នឹង​មាន​អាយុ​លើ​៦០​ឆ្នាំ។
ប្រទេស​ជប៉ុន​ មាន​ប្រជា​ពលរដ្ឋ​វ័យចាស់បំផុត​នៅក្នុង​ពិភពលោក​។​ ៣០ភាគរយ​នៃ​ជនជាតិ​ជប៉ុន​ ជាមនុស្ស​ចាស់។ របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ថា នៅ​ត្រឹម​ពាក់កណ្តាល​នៃសតវត្សរ៍​នេះ​ ប្រទេស​ចំនួន​៦៤​ នឹង​ឈានដល់​កម្រិតនោះ​ដែរ។​
លោក ចូស៍ ម៉ៃហ្គេល ហ្គូសម៉ាន​ (Jose Miguel Guzman)​ ប្រធានអង្គភាពប្រជាពលរដ្ឋ​និង​ការ​អភិវឌ្ឍរបស់​អង្គការ​សហប្រជា​ជាតិ បានហៅ​អាយុយឺនយូរ ​ដែល​កាន់​តែ​កើន​ឡើង​ ថា​ជា​សមិទ្ធិផល​ដ៏​ធំធេង​បំផុតមួយ​របស់​មនុស្ស​ជាតិ។ អ្នកសរសេរ​របាយការណ៍ថ្មី​ស្តីពី​មនុស្ស​វ័យចាស់នេះ បាន​ចាត់​ទុកអាយុវែង​នេះ ថាបាន​មក​ដោយសារ​តែ​ភាព​ប្រសើរ​ឡើង​នៃ​អាហារូបត្ថម្ភ​ អនាម័យ ភាព​ជឿនលឿន​ខាង​វេជ្ជសាស្ត្រ​ ការ​ថែទាំសុខភាព​ល្អជាងមុន​ ការ​អប់រំ និង​សុខមាលភាព​សេដ្ឋកិច្ច។ ប៉ុន្តែ លោក ហ្គូសម៉ាន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា អាយុ​យ៉ឺនយូរ​នេះ​ក៏​បង្កបញ្ហា​ប្រឈមផង​ដែរ។
«ប្រជាពលរដ្ឋវ័យចាស់​ច្រើន​ហួស​ប្រមាណ​ ក៏មានន័យ​ថាជា​តម្រូវការ​ដែល​កាន់តែ​កើនឡើង​សម្រាប់​សន្តិសុខ​ប្រាក់ចំណូល​ សុខភាព និង​ការ​ថែ​រក្សា​យូរ​អង្វែង ដែល​បង្កជា​បញ្ហា​ប្រឈម​ខាង​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​យ៉ាង​ធំធេង ដែលត្រូវតែ​ដោះស្រាយ​ជាមួយ​នឹង​គោល​នយោបាយ​យ៉ាង​ខ្លាំង​ក្លា និង​គោលនយោបាយ​សង្គម​ដ៏​សមស្រប»។​
របាយការណ៍នេះនិយាយ​ថា​ ប្រជាពលរដ្ឋ​នឹង​មាន​វ័យ​ចាស់​នៅ​គ្រប់​តំបន់​ទាំងអស់​នៃពិភពលោក។ កំណើនវ័យ​ចាស់ដ៏​ឆាប់រហ័ស​បំផុត​ គឺ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ឥឡូវនេះ ប្រជាពលរដេ្ឋ​រស់នៅ​ជាមធ្យមដល់​វ័យ​៦៨​ឆ្នាំ​ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​រស់នៅ​រហូតដល់​វ័យ​៧៤​ឆ្នាំ​នៅ​ត្រឹម​ឆ្នាំ​២០៥០។ អាយុ​កាល​មធ្យម​ គឺ​៧៨ឆ្នាំ នៅ​តាមបណ្តា​ប្រទេស​អភិវឌ្ឍន៍ ដែល​មនុស្ស​ទើប​កើត​ថ្មីនាពេល​សព្វថ្ងៃនេះ​ អាច​រំពឹងថា​នឹង​រស់​បាន​រហូតដល់​អាយុ​៨៣​ឆ្នាំ។
លោក​ រីឆាត ប្លេ​វែត (Richard Blewett)​ ជា​ប្រធាន​មន្ត្រី​ប្រតិបត្តិ​នៃ​អង្គការ​ជួយ​មនុស្ស​ចាស់​អន្តរជាតិ (HelpAge International)​ ដែល​ជា​ដៃគូ​បោះពុម្ព​ផ្សាយរបាយការណ៍​របស់​អង្គការសហប្រជាជាតិ​នេះ។ លោក​បានថ្លែង​ថា​ មនុស្ស​វ័យ​ចាស់​នៅ​តាម​ប្រទេស​ជាច្រើន​ មិនត្រូវ​បាន​ចាត់​ទុក​ថាធនធានសេដ្ឋកិច្ច​នោះ​ទេ។
«​រដ្ឋាភិបាល​ពិតជាមិន​អាច​បំពេញ​តាម​ការ​រំពឹង​ទុក​របស់​ប្រជាពលរដ្ឋ​ចាស់ៗ​របស់​ខ្លួន​បាន​ឡើយ ហើយ​ពួកគេ​អាចធ្វើ​កិច្ចការប្រសើរ​ជាង​មួយ​។ អ្វី​ដែល​ត្រូវ​ការ​ចាំ​បាច់​នៅ​ទីនោះ​ គឺទស្សនវិស័យ​វែង​ឆ្ងាយ​និង​ឆន្ទៈនយោបាយ​យ៉ាង​ខ្លាំងក្លា និងទស្សន​អាទិភាព​ច្បាស់លាស់​មួយ»។
លោក​ ប្លេវែត មានប្រសាសន៍ថា ៦៧ភាគរយ​នៃ​មនុស្ស​ចាស់​ ដែល​ត្រូវ​បាន​ស្ទាប​ស្ទង់មតិ​សម្រាប់​របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ថា​ បញ្ហាប្រឈម​ធំ​បំផុត​របស់​ពួកគេ​ គឺ​ការ​រើសអើងក្នុងអាជីពការ​ងារ។ ប៉ុន្តែ​ លោក​បា​ន​កត់​សម្គាល់​ឃើញថា ប្រទេស​មួយ​ចំនួន​ កំពុង​ចាប់​ផ្តើម​មើល​ឃើញ​ពីគុណសម្បត្តិរបស់​មនុស្ស​ចាស់។ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ (South Africa) ផ្តល់​កម្មវិធី​ប្រាក់សោធនិវត្សរ៍សង្គម​មួយ ហើយ​ប្រទេស​ប្រេស៊ីល (Brazil) បាន​អនុម័ត​ច្បាប់​សិទ្ធិ​មនុស្ស​ តាំងនាម​ឲ្យ​មនុស្ស​ចាស់ៗ​របស់​ខ្លួន។ នៅ​ក្នុងប្រទេស​ចិន ជីដូនជីតា​នៅ​តាម​ទី​ជនបទ មើល​ថែទាំចៅៗ នៅ​ពេល​ដែល​ឪពុកម្តាយ​របស់​ពួកគេ​ ផ្លាស់​ទៅ​ទីក្រុង​ដើម្បី​ស្វែង​រកការងារ​ធ្វើ។
លោក​ ម៉ាថា ហ្វាន​ស្វត រីឆេ (Martha Farnsworth Riche) អតីត​ប្រធានការិយាល័យ​ជំរឿន​ប្រជាពលរដ្ឋ​របស់​សហរដ្ឋ​អាមេរិក បានដកស្រង់​ឧទាហរណ៍​មួយ​នៅ​ប្រទេស អូស្រ្តាលី​ (Australia) ដែល​សហគមន៍​បានពិគ្រោះ​យោបល់ជាមួយ​អ្នកចូលនិវត្ត​អំពី​សេចក្តី​ត្រូវការខាង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ស្រុក។
«រឿង​មួយ​ដ៏សាមញ្ញ​បំផុត​នោះ​ដែល​បាន​លេចឡើង​ ដោយ​សារ​ថា​ពួកគេ​មាន​អ្នក​តំណាង​ ហើយ​ដែល​ប្រជា​ពលរដ្ឋត្រូវការ​ពេល​វេលា​ច្រើនជាងមុន​ អ្នក​ដើរ​ត្រូវ​ការ​ពេលវេលា​កាន់តែ​ច្រើនដើម្បី​ឆ្លង​ផ្លូវ​។ ឥឡូវនេះ​ មានការផ្តល់​យោបល់​មួយក្នុង​ការ​គ្រប់​គ្រង​ភ្លើង​ចរាចរណ៍ ដោយ​ពេលវេលា​សម្រាប់​ភ្លើង​ពណ៌ខៀវ​មាន​រយៈពេល​យូរ​ជាងមុន»។​
វិធានការ​ដ៏​សំខាន់​ច្រើន​ថែម​ទៀត​ រាប់បញ្ចូល​ទាំង​កំណែរ​ទម្រង់ប្រព័ន្ធ​សន្តិសុខ​សង្គមនៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ប្រជា​ពលរដ្ឋវ័យ​ចាស់​ និង​ដើម្បីបង្កើត​បណ្តាញ​សុវត្ថិភាព​សង្គម​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ ដែលប្រព័ន្ធ​ទ្រទ្រង់​គ្រួសារ​ជា​ប្រពៃណី​ កំពុង​តែសាបរលាប។​ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា វិធី​ប្រកបដោយ​សេចក្តី​មេត្តានិង​ការ​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ ដែល​សង្គមមួយអាច​ធ្វើ​បាន​សម្រាប់​ប្រជាពលរដ្ឋ​វ័យ​ចាស់​របស់​ខ្លួន គឺ​ត្រូវ​វិនិយោគ​ទៅលើ​វិសយ័​សុខាភិបាលរបស់​ពួកគេ​ ដូច្នេះ​ពួកគេ​អាច​នៅតែមាន​ភាព​ក្លៀវក្លា​ដដែល៕
XS
SM
MD
LG