កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង ពង្រឹងការគ្រប់គ្រងច្រកព្រំដែន ដោយបិទច្រករបៀងខុសច្បាប់ បញ្ឈប់ការលក់ដូរ ឬជួលដីធ្លីស្រែចម្ការឱ្យប្រជាពលរដ្ឋប្រទេសជិតខាង ទប់ស្កាត់និងចាត់វិធានការលើជនបរទេសដែលលួចឆ្លងដែនខុសច្បាប់មកកម្ពុជាជាដើម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។
ក្រៅពីនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាឱ្យអាជ្ញាធរពង្រឹងការគ្រប់គ្រងការចេញចូល ការស្នាក់នៅ និងការធ្វើអាជីវកម្មរបស់ជនបរទេសខុសច្បាប់នៅតាមបណ្តោយព្រំដែន ដោយទប់ស្កាត់សកម្មភាពឯកតោភាគីរបស់ប្រទេសជិតខាងនៅក្នុងតំបន់ដែលគ្មានការឯកភាពខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក និងដោះស្រាយរាល់បាតុភាពដែលបានកើតឡើងនៅលើផ្ទៃសមុទ្រដោយសន្តិវិធី។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា៖ «ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា នៅមានបញ្ហាមិនប្រក្រតីមួយចំនួនបន្តកើតមានឡើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន មានជាអាទិ៍ ការធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ការលួចលាក់បើកច្រករបៀងខុសច្បាប់ លំហូរនៃជនបរទេសអន្តោប្រវេសន្តខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀនជាដើម»។
ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា បញ្ហាទាំងនោះបានជះឥទ្ធិពលមិនល្អដល់វិស័យសន្តិសុខជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ប្រភពចំណូលថវិកាជាតិ និងរបៀបរៀបរយនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលតម្រូវឱ្យមានវិធានការកែលម្អ ដើម្បីថែរក្សាការពារឧត្តមប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។
តាមរយៈសេចក្តីជូនដំណឹងនោះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា៖ «សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ជ្រាបនិងចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃចន្ទថា ក្រោយទទួលបានបទបញ្ជានេះ អាជ្ញាធរខេត្តបានចាប់ផ្តើមពង្រឹងយន្តការដែលមានស្រាប់ ដើម្បីគ្រប់គ្រងច្រកព្រំដែនឱ្យមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «គ្រាន់តែទទួលបានបទបញ្ជាភ្លាមនេះ យើងចាប់ផ្តើមពង្រឹងបន្ថែម ដោយសារយន្តការរបស់យើងមានស្រាប់ហើយ មិនមែនយើងទើបធ្វើថ្ងៃហ្នឹងទេ លោកបានដាក់យូរមកហើយ។ លោកគ្រាន់តែរំឮក ពង្រឹងបន្ថែម...។ ជាទូទៅនៅតាមបន្ទាត់ព្រំដែន គឺយើងតែងតែដើរល្បាតជារៀងរាល់ថ្ងៃ»។
លោកបន្ថែមថា តាមបន្ទាត់ព្រំប្រទល់ជាមួយប្រទេសវៀតណាម អាជ្ញាធរក៏បានពង្រឹង និងត្រួតពិនិត្យការចេញចូលរបស់ជនបរទេសនៅតាមព្រំដែន និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ប្រជាពលរដ្ឋ កុំជួលឬលក់ដីឱ្យជនបរទេសដែលមានព្រំដែនជាប់កម្ពុជា។ លោកថា អាជ្ញាធរក៏តែងប្រើទូក និងអូប័រដើម្បីល្បាត តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តតាកែវជាប្រចាំផងដែរ។
លោកថ្លែងថា៖ «នៅខាងយើងខ្ញុំនេះ មានទាំងអស់ ១១ កន្លែង ដែលអាចច្រករបៀង ដែលយើងតាមដានត្រួតពិនិត្យ គឺយើងមើលតាមហ្នឹង អត់មានឱ្យបើក[អូប័រ]ទេ។ គ្រាន់ថាកន្លែងហ្នឹង គាត់អាចបើកអូប័រ គេចវេះពីយើងបាន អ៊ីចឹងយើងពង្រឹងតាមចំណុចទាំងអស់ហ្នឹង»។
វីអូអេបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យរដ្ឋបាលខេត្តជាប់ព្រំដែនថៃ និងព្រំដែនរៀតណាមមួយចំនួនទៀត ដូចជាខេត្តមណ្ឌលគិរី ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តស្វាយរៀងជាដើម ប៉ុន្តែមិនទទួលបានការឆ្លើយតប។
លោក មាស នី អ្នកវិភាគនយោបាយនិងសង្គម គាំទ្រចំពោះការដាក់ចេញវិធានការត្រួតពិនិត្យតាមបន្ទាត់ព្រំដែននេះ។ លោកកត់សម្គាល់ថា កម្ពុជាកំពុងល្បីល្បាញថាជាប្រទេសដែលក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសនានា ដែលសកម្មភាពទាំងអស់នោះបានធ្វើឱ្យខូចកិត្តិយសប្រទេសជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិ ឬអាចរងទណ្ឌកម្មផ្សេងៗ។
លោកបន្ថែមថា ប្រទេសជិតខាងក៏បានមើលស្រាលថា ការគ្រប់គ្រងច្រកព្រំដែនកម្ពុជានៅមានភាពធូររលុង និងមិនទាន់រឹតបន្តឹងបានល្អប្រសើរនៅឡើយទេ។
លោកប្រាប់វីអូអេថា៖ «អ្វីដែលជាការសង្កេតតាំងពីដើម ទាំងខាងលិច ខាងកើត គឺវាច្រើនតែយើងធូរជាងគេ។ យើងច្រើនតែមិនសូវរឹតបន្តឹងប៉ុន្មានទេ។ វាអាចនិយាយថា មកពីអំពើពុករលួយផង មកពីខ្វះគុណតម្លៃក្នុងការអនុវត្តច្បាប់ឱ្យបានតឹងតែងផង ដល់អ៊ីចឹងទៅវាធ្វើឱ្យប្រទេសជិតខាង គេតែងតែមើលស្រាលថា ចូលទៅស្រុកខ្មែរ ឱ្យតែលុយទៅ ទៅបានហើយ។ ខ្ញុំទទួលស្គាល់ នៅខាងថៃហ្នឹង ក៏មានឱ្យលុយទៅមកបានដែរ។ ប៉ុន្តែក្នុងនាមប្រទេសមួយដែលមានអធិបតេយ្យភាពត្រឹមត្រូវហ្នឹង គឺយើងត្រូវតែមានការរឹតបន្តឹងគ្រប់ចំណុចដែលបានលើកឡើង។ ខ្ញុំក៏គាំទ្រទៅលើវិធានការហ្នឹងដែរ»។
លោកបន្ថែមថា កង្វះការវាយតម្លៃត្រឹមត្រូវ គឺជាកត្តាដែលជះឥទ្ធិពលលើប្រសិទ្ធភាពនៃគោលនយោបាយដែលបានដាក់ចេញពីមុនមក។
បើតាមលោក មាស នី កាលណាមានការរឹតបន្តឹងតាមច្រកព្រំដែន វាក៏ប៉ះពាល់ដល់សកម្មជនគណបក្សប្រឆាំងដែលរងការយាយី ហើយចង់ភៀសខ្លួនទៅប្រទេសជិតខាងផងដែរ។ ប៉ុន្តែលោកថា កម្ពុជាគួរតែរឹតបន្តឹងសកម្មភាពនានានៅតាមច្រកព្រំដែន ដើម្បីរក្សាតម្លៃនិងអធិបតេយ្យភាពកម្ពុជា ដែលមិនបណ្តែតបណ្តោយឱ្យឧក្រិដ្ឋជនធ្វើអ្វីស្រេចតែចិត្តក្នុងទឹកដីកម្ពុជា។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃចន្ទ៕
វេទិកាបញ្ចេញមតិ