នៅប្រទេស នេប៉ាល់ គេមិនដឹងច្បាស់ថា តើនរណានឹងត្រួតត្រាអតីតយុទ្ឋជននិយមលទ្ឋិម៉ៅ រាប់ពាន់នាក់ នៅពេលដែលបេសកម្មសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅអាស៊ីភាគខាងត្បូងរៀបចំបញ្ចប់មុខនាទីរបស់ខ្លួននៅចុងសប្ដាហ៍នេះ។
កាតព្វកិច្ចសំខាន់មួយនៃបេសកម្មសន្ដិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេស នេប៉ាល់ គឺតាមឃ្លាំមើលអតីតយុទ្ឋជនម៉ៅនិយម ប្រមាណ ២ម៉ីននាក់ ដែលស្ថិតនៅក្នុងជំរំ ក្រោយពីក្រុមទាំងនោះឈប់ធ្វើការបះបោរ ហើយចូលរួមក្នុងដំណើរការសន្ដិភាពកាលពីឆ្នាំ២០០៦។ អាវុធរបស់គេបានត្រូវចាក់សោរទុកក្នុងឃ្លាំងដែក។
បួនឆ្នាំក្រោយមក ខណៈដែលបេសកម្មអង្គការសហប្រជាជាតិរៀបចំចាកចេញពីប្រទេសនេប៉ាល់ នៅថ្ងៃសៅរ៍ ក្រុមគណបក្សបដិបក្ខ មិនអាចធ្វើការសម្រេចចំពោះអនាគតរបស់ក្រុមអតីតយុទ្ឋជនបានឡើយ។
ក្រុមម៉ៅនិយមចង់ឲ្យគេបញ្ចូលអតីតយុទ្ឋជនទាំងនោះទៅក្នុងកងទ័ព តែគណបក្សនយោបាយជាច្រើនបានប្រឆាំង។ ក្រុមម៉ៅនិយមបានព្រមានថា ដំណើរការសន្ដិភាពអាចបរាជ័យ ប្រសិនបើក្រុមអ្នកតាមឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ចាកចេញពីប្រទេសនេប៉ាល់។ ក្រុមនោះនិយាយថា គេមិនចង់ឃើញអតីតយុទ្ធជន និងអាវុធរបស់ខ្លួន ត្រូវបានត្រួតត្រាដោយគណកម្មាធិការគ្រប់គ្រងដោយរដ្ឋាភិបាលទេ។ តែ សេចក្ដីស្នើរបស់ខ្លួនដើម្បីបន្ដបេសកម្មសន្ដិភាព បានត្រូវបដិសេធ ដោយរដ្ឋាភិបាលបណ្ដោះអាសន្ន។
នៅថ្ងៃច័ន្ទមន្ដ្រិបេសកម្ម អង្គការសហប្រជាជាតិ បានជំរុញឲ្យរដ្ឋាភិបាល និងក្រុមនិយមម៉ៅសុខចិត្ដយល់ព្រមទទួលយន្ដការតាមឃ្លាំមើលថ្មីសម្រាប់អតីតយុទ្ឋជន និងអាវុធរបស់គេ។
បណ្ណាធិការកាសែត នេប៉ាល់ ថែមស៍ (Nepal Times) លោក គុនដា នីឃិត នីកស៊ីត (Kunda Nixit) មានសុទិដ្ឋិនិយមចំពោះដំណោះស្រាយដែលនឹងអាចមានប្រសិទ្ធភាព ក្នុងពេលបុន្មានថ្ងៃខាងមុខនេះ។ លោកថ្លែងថា៖
«វានឹងមិនអាចមានការបះបោរធំដុំទេ។ ខ្ញុំយល់ថា ក្រុមម៉ៅនិយមនឹងរកឃើញការសម្រុះសម្រួលគ្នាមូយជាមិនខាន។»
បេសកម្មអង្គការសហប្រជាជាតិ បានត្រូវពន្យាពេលជាច្រើន។ តែ ក្រុមមន្ដ្រី បាននិយាយថា វាមិនមានប្រយោជន៍អ្វីច្រើនទេដើម្បីបន្ដបេសកម្មដោយគ្មានការលូតអ្វីធំដុំមកលើរឿងនយោបាយសំខាន់ៗ៕
ប្រែសម្រួលដោយ អ៊ូ ធួក