ខណៈដែលមានសុទិដ្ឋិនិយមទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស អង្គការសហប្រជាជាតិថ្លែងថា តំបន់នេះប្រឈមនឹងឧបសគ្គធំៗមួយចំនួន ដោយរូមបញ្ចូលទាំងការកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចរបស់ចិន ដែលមានកំណើនសេដ្ឋកិច្ចមធ្យមផងដែរ។
នៅក្នុងការវាស់ស្ទង់សេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិ អង្គការនេះកំពុងតែព្យាករណ៍ថា របាយការណ៍របស់អាស៊ាននឹងមានកំណើនសេដ្ឋកិច្ចធ្លាក់ចុះជាងមុននៅក្នុងឆ្នាំ២០១៥ ប្រហែលធ្លាក់ពី៥ភាគរយក្នុងចន្លោះឆ្នាំ២០១១និង២០១៣ មកនៅត្រឹមតែ៤,៣ភាគរយប៉ុណ្ណោះ។
លោកស្រី Shamshad Akhtar អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជាលេខាប្រតិបត្តិនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមនៅអាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ផែនការលម្អិតសម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ជួបប្រទះនឹងឧបសគ្គដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ។ លោកស្រី Akhtar បានថ្លែងថា តំបន់អាស៊ានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ដែលបានទទួលរងផលប៉ះពាល់ដោយសារតែការចុះថមថយនៃពាណិជ្ជកម្មនៅបរទេស។
លោកស្រីបាននិយាយយ៉ាងដូច្នេះថា «អ្វីដែលធ្លាប់តែជាចំណុចវិជ្ជមានបានក្លាយទៅជាចំណុចអវិជ្ជមានត្រង់ថា អាស៊ានពឹងផ្អែកខ្លាំងលើប្រទេសចិន ហើយអ្វីដែលកំពុងតែកើតមានក្នុងប្រទេសចិនផ្តល់ផលប៉ះពាល់ដល់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ ដែលប្រទេសទាំងនេះពឹងផ្អែកលើពាណិជ្ជកម្មជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។ ដូច្នេះពួកគេពិតជាត្រូវមានដៃគូចម្រុះ»។
ការពង្រីកសេដ្ឋកិច្ចចិនគឺជាកត្តាចម្បងនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ផលិតផលរបស់ចិនស្មើនឹង៤០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីប៉ាស៊ីហ្វិក ហើយចិនបាននាំមុខសហរដ្ឋអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតជាមួយនឹងអាស៊ីប៉ាស៊ីហ្វិក។ កំណើនសេដ្ឋកិច្ចមធ្យមរបស់ចិននិងការចុះថមថយសេដ្ឋកិច្ចនៅទូទាំងពិភពលោក បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើផលិតផល ដូចជាប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីជាដើម៕