ជំនួយថវិកាបដិភាគចំនួនជាង៣លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានប្រទេសស៊ុយអែតសម្រេចផ្តល់ឲ្យកម្ពុជាតាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីគាំទ្រការអនុវត្តកម្មវិធីផ្តោតលើបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយដោយអង្គការ UNDP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរនេះ នឹងបន្តកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុឬហៅកាតថា (CCCA) ក្នុងដំណាក់កាលទី៣ សម្រាប់ឆ្នាំ២០២០ដល់២០២២។
លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដែលកំពុងតែកើតមាន ហើយទាមទារឱ្យមានការចាត់វិធានការប្រកបដោយមហិច្ឆតាឱ្យបានលឿនដើម្បីដោះស្រាយ»។
កម្មវិធី CCCA នេះ មានគោលដៅផ្តល់ការគាំទ្រសំខាន់ៗនិងផ្តល់ប្រយោជន៍ដល់ក្រុមជនងាយរងគ្រោះជាងគេក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ កម្មវិធីនេះ ក៏បានផ្តោតទៅលើវិធីសាស្ត្របន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាផងដែរ៕