ជាង ៤០ ឆ្នាំមុនគឺជាពេលដែលលោក Bula Tawan បានដាក់រាយមងចាប់ត្រីនៅទន្លេមេគង្គជាលើកដំបូងរបស់លោក នៅពេលដែលផ្លូវទឹកមួយនេះសម្បូរទិន្នផលត្រី។
ប៉ុន្តែអ្នកនេសាទភាគច្រើនដូចជាលោក Tawan ដែលធ្លាប់តែពឹងផ្អែកលើទិន្នផលត្រីដ៏ច្រើនដើម្បីរស់នៅ និងចិញ្ចឹមគ្រួសាររបស់លោក មិនអាចរកត្រីបានច្រើនទៀតនោះទេ។
ខណៈដែលលោកកំពុងក្បង់ទឹកដ៏ថ្លានៃទន្លេមេគង្គ ឪពុកវ័យ ៦៦ ឆ្នាំដែលមានរូបរាងស្ដើងរូបនេះបានពន្យល់ថា «ទឹក និងពណ៌ទន្លេបានផ្លាស់ប្តូរហើយ ដោយសារតែនៅពេលវាជាទឹកធម្មជាតិ វាមិនថ្លាអ៊ីចឹងនោះទេ។ បើវាជាទឹកធម្មជាតិ វាមានកករ និងជីវជាតិនៅក្នុងទឹកនោះ»។
លោកបានបន្ថែមថា «ទឹកឥឡូវនេះថ្លា ហើយវាមិនមានកករ និងជីវជាតិនោះទេ»។
ទស្សនៈរបស់រដ្ឋាភិបាលថៃចំពោះបញ្ហានេះមានលក្ខណៈខុសពីនេះមួយចំនួន។
លោក Tanaporn Sriyamoon នៃការិយាល័យគោលនយោបាយផែនការរបស់រដ្ឋាភិបាលថៃ និយាយថា៖ «ការប្រែប្រួលទឹកទៅជាពណ៌ខៀវនេះបានធ្វើឱ្យភ្ញៀវទេសចរកាន់តែសប្បាយរីករាយដោយសារតែពណ៌ទឹកនេះ ហើយវាកាន់តែមានភាពពេញនិយមនៅតាមបណ្តាញសង្គមតាមអ៊ីនធឺណិត និងធ្វើឱ្យអ្នកទេសចរកាន់តែច្រើនចង់មកទស្សនា»។
ការប្រែប្រួលទឹក
ពេលនៃការប្រែប្រួលទឹក រួមជាមួយនឹងការឡើងចុះខ្លាំងនៃកម្រិតទឹក កើតឡើងចំពេលដែលទំនប់ Xayaburi របស់រដ្ឋាភិបាលឡាវនៅខាងលើត្រូវបានគេសាងសង់។ ទំនប់នេះបានចាប់ផ្តើមផលិតវារីអគ្គិសនីកាលពីខែតុលា ឆ្នាំមុន។
យោងតាមគេហទំព័រ Xayaburi ទំនប់ដែលមានតម្លៃ ៣ ពាន់ ៨ រយលានដុល្លារនេះគឺជា «របាំងទឹកមួយដែលច្រោះយកកករតិចបំផុតបើប្រៀបធៀបទៅនឹងទំនប់ធម្មតា»។ ប៉ុន្តែភស្តុតាងថ្មីបង្ហាញថា ការរាំងខ្ទប់កករ និងកាកសំណល់ផ្សេងៗយ៉ាងច្រើននៅតែកើតឡើងនៅទំបន់នេះ។
នៅពេលនេះ បណ្តាញពលរដ្ឋថៃនៅខេត្តជាប់ទន្លេមេគង្គទាំង ៨ បានដាក់ពាក្យបណ្តឹងដើម្បីទាមទារឱ្យមានការកាត់ទោស និងពន្យឺតការផលិត និងការលក់ថាមពលអគ្គិសនីទៅឱ្យក្រុមហ៊ុនថៃ ដែលថាមពលអគ្គិសនីចំនួន ៩៥% នឹងត្រូវបានអាជ្ញាធរអគ្គិសនីថៃទិញយក។
លោក Ormbun Thipsuna អ្នកនាំពាក្យរបស់បណ្តាញនេះនិយាយថា៖ «អ្នកដែលកំណត់ពីកម្រិតនៃការលក់អគ្គិសនីមកឱ្យថៃគឺអាជ្ញាធរអគ្គិសនីថៃ ដូច្នេះវាមានផលប៉ះពាល់ទៅលើប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គ»។
លោក Ormbun Thipsuna និយាយថា របាយការណ៍ថ្មីៗដែលចេញផ្សាយដោយក្រសួងថាមពលបង្ហាញថា ប្រទេសថៃមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេស។
កាលពីខែកុម្ភៈ បណ្តាញនេះបានដាក់ភស្តុតាងទៅកាន់តុលាការរដ្ឋបាលកំពូលរបស់ថៃនៅក្នុងពាក្យបណ្តឹងដែលកំពុងតែដំណើរការ។ ពាក្យបណ្តឹងនោះបានលើកឡើងពីទីភ្នាក់ងាររដ្ឋថៃចំនួន ៥ ដែលរួមមានអាជ្ញាធរអគ្គិសនីថៃផងដែរ។
អាជ្ញាធរអគ្គិសនីថៃមិនបានឆ្លើយតបចំពោះសំណួរដែល VOA បានសួរនោះទេ។
ព្យួរកិច្ចសន្យាទិញថាមពល
បន្ថែមពីលើភស្តុតាងនៃការបំផ្លាញបរិស្ថានដែលបង្កដោយទំនប់នេះ ដើមបណ្តឹងក៏បានស្នើសុំតុលាការឱ្យចេញដីកាមួយដើម្បីព្យួរកិច្ចសន្យាទិញថាមពល រហូតទាល់តែព័ត៌មានថ្មីអាចត្រូវបានពិនិត្យ ទាក់ទងនឹងផលប៉ះពាល់របស់ទំនប់ទៅលើប្រព័ន្ធអេកូឡូស៊ីនៅក្នុងទន្លេមេគង្គ។
អ្នកវិភាគម្នាក់យល់ថា វិធីសាស្ត្រថ្មីរបស់បណ្តាញនេះគឺការបង្ហាញឱ្យឃើញថា «មិនមានភាពចាំបាច់ក្នុងការទិញថាមពលអគ្គិសនីចេញពីទំនប់នៅទន្លេមេគង្គនៅក្នុងប្រទេសឡាវនោះទេ ដោយសារតែការបម្រុងទុកនូវថាមពលរបស់ប្រទេសថៃត្រូវបានកំណត់យ៉ាងខ្ពស់ក្នុងកម្រិតពី ៤០% ទៅ ៥០% ខ្ពស់ជាងតម្រូវខ្ពស់បំផុតរបស់ប្រទេស»។
លោក Brian Eyler ដែលជាអ្នកជំនាញផ្នែកបញ្ហាឆ្លងប្រទេសនៅក្នុងតំបន់មេគង្គ និយាយដូច្នេះថា៖ «ប្រទេសជាច្រើនមិនមានការកំណត់លក្ខខណ្ឌតម្រូវឱ្យមានការបម្រុងទុកបែបនេះនោះទេ ប៉ុន្តែប្រទេសដែលមានលក្ខខណ្ឌបែបនេះគឺជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬមធ្យម ហើយបានកំណត់កម្រិតបម្រុងក្នុងអត្រាប្រមាណ ២០% ប៉ុណ្ណោះ»។
ប៉ុន្តែលោក Eyler មិនសូវមានសុទិដ្ឋនិយមថានឹងមានការផ្លាស់ប្តូរនោះទេ ដោយផ្អែកលើសំអាងខាងលើ។
លោកបាននិយាយដូច្នេះថា៖ «អាជ្ញាធរអគ្គិសនីថៃអាចលុបចោល ឬចរចាឡើងវិញលើកិច្ចសន្យាទិញថាមពលរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនទំនប់វារីអគ្គិសនី Xayaburi ដើម្បីផ្លាស់ប្តូរប្រតិបត្តិការនៃទំនប់វារីអគ្គិសនី Xayaburi នេះ។ ការលុបចោល ឬការចរចាឡើងវិញនេះកម្រនឹងកើតឡើងណាស់ដោយសារតែអ្នកវិនិយោគនឹងប្រើប្រាស់ធនធានទាំងអស់របស់ពួកគេដើម្បីបង្ការកុំឱ្យរឿងនេះកើតឡើង»។
បញ្ហាដ៏ចម្រូងចម្រាស់បំផុតមួយពាក់ព័ន្ធនឹងការសាងសង់ទំនប់នេះគឺកង្វះតម្លាភាពទាក់ទងនឹងរបាយការណ៍វាយតម្លៃលើផលប៉ះពាល់របស់គម្រោង។
លោក Ormbun Thipsuna ពន្យល់ដូច្នេះថា៖ «យើងមិនអាចទទួលបានព័ត៌មាន និងមិនបានចូលរួមក្នុងព្រឹត្តិការណ៍ស្តាប់មតិសាធារណជន ដែលត្រូវបានរៀបចំដោយនាយកដ្ឋានធនធានធម្មជាតិនោះទេ»។
ទឹកកាន់តែតិចសម្រាប់ដំណាំ
សម្រាប់កសិករដូចជាលោក Sanit Khun ដែលពឹងផ្អែកលើទឹកទន្លេដើម្បីស្រោចស្រពដំណាំក្នុងរដូវប្រាំង ក្តីបារម្ភនានារបស់លោកបានក្លាយជាការពិតហើយឥឡូវនេះ។
លោក Khun បាននិយាយថា «ទឹករាក់ខ្លាំងណាស់ ដែលវាពិបាកនឹងបូមដើម្បីចែកចាយឱ្យបានស្មើគ្នាទៅក្នុងស្រែ និងចម្ការពោត»។ ខណៈពេលដែលលោកកំពុងបង្វែរម៉ាស៊ីនបូមទឹកចេញពីបាតទន្លេដែលរាំងស្ងួត លោកនិយាយថា ចំនួនទឹកធ្លាក់ចុះពី ១០០% មកនៅ ៤០%។
លោកបញ្ជាក់ដូច្នេះថា៖ «ទឹកគឺជាជីវិតរបស់យើង ដោយសារតែនៅក្នុងសហគមន៍របស់យើង ៨០% គឺជាតំបន់កសិកម្ម ដែលយើងត្រូវដាំដំណាំពេញមួយឆ្នាំ»។
នៅឆ្នាំនេះ រដ្ឋាភិបាលថៃបានប្រកាសពីមហន្តរាយគ្រោះរាំងស្ងួតនៅក្នុងខេត្តចំនួន ២៣ រួមមានខេត្ត Nong Khai ដែលជាខេត្តនៅជាប់នឹងព្រំប្រទល់ឡាវ និងរងផលប៉ះពាល់ខ្លាំងដោយសារតែទំនប់ទឹកខាងលើនេះ។
កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុន Xayaburi Power Co. Ltd. បានបញ្ជាក់ថា គម្រោងនេះបានចំណាយទឹកប្រាក់ជាង ១៩ ពាន់ ៤ រយលានបាត ដែលស្មើនឹង ៦៤០ លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន ដូចជាការសាងសង់កន្លែងសម្រាប់កករឆ្លងកាត់ និងលំហូរទឹក និងកន្លែងដើម្បីឱ្យត្រីអាចធ្វើដំណើរឆ្លងកាត់បាន។
លោក Apinan Uttama ដែលជាមេភូមិ និយាយថា ការផ្លាស់ប្តូរកម្រិតទឹកអាចដោះស្រាយបានតែតាមរយៈការសហការក្នុងចំណោមប្រទេសរងផលប៉ះពាល់ប៉ុណ្ណោះ ជាពិសេសក្នុងរដូវប្រាំង ដែលកាន់តែក្តៅខ្លាំងទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មេភូមិវ័យ ៥២ ឆ្នាំរូបនេះ មានកំណើតនៅភូមិជាប់ទន្លេឈ្មោះថា Ban Maw។ លោកបាននិយាយថា៖ «យើងត្រូវរកមធ្យោបាយដើម្បីអាចរស់ជាមួយគ្នាបាន ដោយសារតែឥឡូវនេះ អ្នកភូមិមិនមានជម្រើសផ្សេងនោះទេ និងមិនដឹងថាត្រូវធ្វើអ្វីដែរ»។
លោកUttama បាននិយាយថា៖ «យើងអាចបានតែស្នើសុំការជួយពីរដ្ឋាភិបាលដើម្បីយកគំនិតរបស់យើងទៅនិយាយជាមួយនឹងស្ថាប័ននានាដែលជាប់ពាក់ព័ន្ធនឹងរឿងទំនប់វារីអគ្គិសនី និងចរចារវាងប្រទេសទាំងនោះ»។
អ្នកតំណាងនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃនិយាយថា ពួកគេនឹងជួបជាមួយនឹងបណ្តាញពលរដ្ឋថៃនៅខេត្តជាប់ទន្លេមេគង្គទាំង ៨ នៅក្នុងខេត្ត Nong Khai នៅខែមេសានេះ ដើម្បីវាយតម្លៃលើស្ថានភាពនេះ។
លោក Tanaporn Sriyamoon បាននិយាយថា៖ «ឥឡូវនេះរដ្ឋាភិបាលបានបញ្ជូនបញ្ហានេះទៅកាន់ការិយាល័យគោលនយោបាយផែនការរួចហើយដើម្បីសិក្សា និងចុះទៅទីតាំង និងធ្វើរបាយការណ៍ពេញលេញមួយដើម្បីដាក់ជូនដោយផ្ទាល់ទៅឱ្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ឥឡូវនេះយើងបានបង្កើតក្រុមការងារដើម្បីធ្វើការលើបញ្ហាទន្លេមេគង្គ ដើម្បីស្វែងរកដំណោះស្រាយ និងរៀបផែនការស្តារទន្លេមេគង្គឡើងវិញ»៕