មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បញ្ជាក់នៅថ្ងៃអង្គារនេះថា លោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីដែលទើបត្រូវបានព្រះមហាក្សត្រលើកលែងទោស នឹងមិនអាចវិលចូលកម្ពុជាវិញបាននោះទេ នៅពេលដែលប្រកាសស្តីពីការបណ្តេញចេញរបស់ក្រសួងមហាផ្ទៃ ចេញជាផ្លូវការ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នឹងចេញលិខិតបណ្តេញលោក James Ricketson ចេញពីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ នៅពេលនោះ លោក James Ricketson នឹងមិនអាចចូលមកប្រទេសកម្ពុជាវិញបានទេ។
លោកបញ្ជាក់ថា៖
«គាត់នឹងត្រូវរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបណ្តេញចេញតាមច្បាប់អន្តោរប្រវេសន៍ និងតាមសំណើរបស់នាយកដ្ឋានជំនាញ បើតាមពូដឹង។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកមិនទាន់បានសម្រេចនៅឡើយទេ។ បើបណ្តេញចេញមុនរដ្ឋមន្រ្តីមហាផ្ទៃចេញ វាដូចជាខុសហើយ បើរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកមិនទាន់បានចុះហត្ថលេខាផង។ ប៉ុន្តែប្រសិនបើគាត់ត្រូវបានបណ្តេញចេញដោយប្រកាសក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបណ្តេញចេញតាមច្បាប់អន្តោរប្រវេសន៍ អត់មានវាសនា ឬក៏អត់មានឱកាសដើម្បីវិលមកកម្ពុជាម្តងទៀតទេ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ពន្យល់ពីមូលហេតុនៃការបណ្តេញលោក James Ricketson ចេញពីកម្ពុជាយ៉ាងដូច្នេះ៖
«ថ្វីត្បិតតែគាត់ពោលពាក្យថាគាត់ស្រលាញ់កម្ពុជាអីឯណា នៅតែប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងអ្វីដែលគាត់បានធ្វើកន្លងមក តុលាការបានរកឃើញថាគាត់មិនមែនស្រលាញ់កម្ពុជាទាំងមូលទេ គាត់ស្រលាញ់តែបក្សប្រឆាំងកម្ពុជាហ្នឹង ជិតពាក់កណ្តាលទេ។ គាត់មិនស្រលាញ់កម្ពុជាដោយរូបារម្មណ៍ទេ ប៉ុន្តែគាត់ស្រលាញ់កម្ពុជា ដោយស្រលាញ់តែបក្សប្រឆាំងកម្ពុជាហ្នឹងឯង។ គាត់មិនមែនជាជនអព្យាក្រឹត្យ មិនមែនជាជនឯករាជ្យទេ។ អ្នកខ្លះគេស្រលាញ់កម្ពុជាទាំងមូល បក្សប្រឆាំងក៏ស្រលាញ់ បក្សណាក៏ស្រលាញ់ ប្រជាជនខ្មៅ ស។ ប៉ុន្តែគាត់ស្រលាញ់កម្ពុជាដោយរើសអើង មួយម៉ាត់ប៉ុណ្ណឹង ដូច្នេះកម្ពុជាមិនស្វាគមន៍ទេ»។
លោក James Ricketson ដែលមានអាយុ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីដើមខែមិថុនា ឆ្នាំ២០១៧ ក្រោយពីលោកបានថតពីលើអាកាស ដោយប្រើប្រាស់ឧបករណ៍ថតរូប ដែលហៅថា Drone ផ្ដិតយកទិដ្ឋភាពក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ។
ក្រោយការឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង១៤ខែ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ។
បន្ទាប់ពីការកាត់ទោសបានបីសប្តាហ៍ លោកត្រូវបានព្រះមហាក្សត្រកម្ពុជាលើកលែងទោសកាលពីសប្តាហ៍មុន ទៅតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
បន្ទាប់ពីលោកបានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពីថ្ងៃអាទិត្យ លោកបានប្រកាសតាមសារព័ត៌មានថា លោកនៅតែស្រលាញ់កម្ពុជា ហើយលោកនឹងត្រឡប់មកកម្ពុជាវិញនៅពេលឆាប់ៗ។
លោក James Ricketson បានមកប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយបានផលិតខ្សែភាពយន្តឯកសារអំពីប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។
លោក គង់ សំអុន មេធាវីការពារក្តីឲ្យលោក James Ricketson ប្រាប់ VOA ថា លោកមិនទាន់បានដឹងថា មានករណីបណ្តេញលោក James Ricketson ចេញពីកម្ពុជានៅឡើយ។ លោកបន្ថែមថា ប្រសិនជារដ្ឋាភិបាលកម្ពុជាពិតជាបណ្តេញកូនក្តីរបស់លោកចេញពីកម្ពុជាពិតមែននោះ កូនក្តីរបស់លោកនឹងសម្រេចថាត្រូវអនុវត្តតាម ឬប្តឹងមិនសុខចិត្តជាបន្ត។
លោកបញ្ជាក់ថា៖
«ខ្ញុំអត់ដឹងដែរចាំមើលខ្ញុំឃើញលិខិតហ្នឹងសិន ហើយអាហ្នឹងគឺជាសិទ្ធិរបស់លោក James Ricketson ខ្លួនឯង តើគាត់ទទួលយក ឬមិនទទួលយក បើគាត់មិនទទួលយក គាត់មានសិទ្ធិអាចប្តឹងតវ៉ាទៅតុលាការជាបន្តទៀតទាក់ទងនឹងការអនុវត្តហ្នឹង»។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា លោក James Ricketson គឺជាមនុស្សល្អដែលតែងជួយជនក្រីក្រនៅកម្ពុជា។ លោកបន្ថែមថា ជារឿងដែលគួរឲ្យសោកស្តាយដែលរដ្ឋាភិបាលកម្ពុជាហាមលោកមិនឲ្យចូលមកកម្ពុជាវិញ។
លោកសរសេរក្នុងន័យដើមជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖«បន្ទាប់ពីការចាប់លោក Ricketson ដាក់ពន្ធនាគារពាក់ព័ន្ធនឹងបទចោទប្រកាន់ក្លែងក្លាយ សេចក្តីសម្រេចនៅក្នុងការហាមឃាត់លោកមិនឲ្យចូលប្រទេសកម្ពុជា កន្លែងដែលលោកបានចំណាយពេលជាង២០ឆ្នាំមកនេះ ពិតជាធ្វើឲ្យស្ថានភាពកាន់តែដុនដាបឡើង។ វាជារឿងគួរឲ្យសោកសង្រេងដែល ជនការពាររដ្ឋាភិបាលលោកហ៊ុន សែន ដ៏ពុករលួយនិងបំពានសិទ្ធិ ដែលមានទៅដោយពួកអភិជន ចង់បង្ខាំងមនុស្សដូចលោក Ricketson ដែលបានចំណាយពេលវេលាជួយប្រជាជនទីទ័លក្រ»។
ការលើកលែងទោសលោក James Ricketson បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃមុនពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣៣ឆ្នាំ មានគម្រោងធ្វើដំណើរទៅកាន់បុរីញូវយ៉កដើម្បីចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។
ការដោះលែងនេះ ក៏ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមបន្ធូរបន្ថយកម្ដៅនយោបាយ តាមរយៈការធ្វើអន្តរាគមន៍ជាបន្តបន្ទាប់ឲ្យមានការដោះលែង និងលើកលែងទោសដល់សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លីនិងអ្នកសារព័ត៌មាន ដែលជាប់ទោសក្នុងពន្ធនាគារនាពេលកន្លងមក៕